loader

កម្ពុជាបន្តទាត់ចោលការរិះគន់ថាកម្ពុជាជារដ្ឋរំលោភសិទ្ធិមនុស្ស(មានសំឡេង)

ភ្នំពេញ៖  លោក ណី សំអុល ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងស៊ឺណែវបានធ្វើសេចក្ដីថ្លែងថា ដោយសំដែងការខកចិត្តយ៉ាងខ្លាំងចំពោះការវាយតម្លៃ និងលាបពណ៌របស់អង្គការអន្តរជាតិមួយចំនួនមកលើកម្ពុជាដែលមើលមកកម្ពុជា ជារដ្ឋរំលោភសិទ្ធិមនុស្ស ។

ប្រតិកម្មរបស់កម្ពុជាដូចនេះ បន្ទាប់ពីឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសិទ្ធិមនុស្ស Human Rights Watch អង្គការAmnesty International និងសមាជិកសភាអាស៊ានដើម្បីសិទិ្ធមនុស្ស បន្តចាត់ទុកកម្ពុជាជារដ្ឋរំលោភសិទ្ធិមនុស្ស ករណីកាត់ទោសអ្នកនយោបាយ បក្សប្រឆាំង។

លោក សោម លាភ ជូនសេចក្ដីរាយការណ៍!

 

សេចក្ដីថ្លែងការរបស់លោក ណី សំអុល ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ ថ្ងៃនេះ គឺជាការឆ្លើយតបទៅនឹងកិច្ចពិភាក្សាទូទៅ ក្នុងសម័យប្រជុំលើកទី៣៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីថ្ងៃទី ១១ កញ្ញា ដែលស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា ដាក់ជារបៀបវារៈ នៃសម័យប្រជុំនេះ ។

លោក ណី សំអុល បានសម្ដែងការខកចិត្តចំពោះលោកស្រី Michelle ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងគណប្រតិភូមួយចំនួនទៀត ដែលបានលើកឡើងអំពីសិទ្ធិមនុស្សនៅកម្ពុជា ដែលតំណាងកម្ពុជា រូបនេះថា ជាការមួលបង្កាច់ ព្រោះតែផ្អែកលើប្រភពព័ត៌មាន មានលក្ខណៈនយោបាយហើយលាបពណ៌ប្រទេសកម្ពុជា។ លោកបន្ថែមថា ការលាបពណ៌របស់អន្តរជាតិទាំងនោះ ធ្វើឱ្យកម្ពុជាខ្មៅងងឹតផ្នែកសិទ្ធិមនុស្ស សិទ្ធិនយោបាយ នៅកម្ពុជាដែលផ្ទុយពីអ្វីដែលកម្ពុជាមាន និងខំប្រឹងកន្លងមក។

លោក ណី សំអុល បានយកព្រឹត្តិការណ៍បោះឆ្នោតថ្ងៃទី ២៩កក្កដា ដោយអះអាងថា កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួនតាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទៀងទាត់តាមការកំណត់។ ជាក់ស្ដែង នៅក្នុងព្រឹត្តិការណ៍នៃការបោះឆ្នោតសភានីតិកាលទី ៦ កាលពីថ្ងៃទី ២៩ កក្កដា កន្លងមកនេះ ដោយមានគណបក្សចូលរួមប្រកួតប្រជែងដណ្ដើមយកអាសន្នៈរបូតដល់ទៅ ២០​ បក្ សដែលមាននិន្នាការនយោបាយផ្សេងៗគ្នា។

យ៉ាងណាមិញ​នៅក្នុងការបោះឆ្នោតនោះទៀតសោត មាននាក់សង្កេតការជាតិចំនួន ៨ម៉ឺន នាក់ អ្នកសង្កេតការណ៍អន្តរជាតិ ៥០០ នាក់  និងទីភ្នាក់ងារនយោបាយមកពីគណបក្សនានាចំនួន ៩ម៉ឺននាក់។ ការណ៍នេះ បញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយសេរី និងតម្លាភាព។

មិនត្រឹមតែប៉ុណ្ណោះនោះទេ តំណាងកម្ពុជាក៏បានលើកឡើងថា ការបោះឆ្នោតកន្លងមក មានសណ្ដាប់ធ្នាប់ល្អប្រសើរ គ្មានគម្រាមកំហែង និងមិនមានការប្រើអំពើហឹង្សារឡើយហើយ ប្រជាពលរដ្ឋចូលរួមបោះឆ្នោតរហូតដល់ទៅ ៨៣,០២% ដែលនេះបង្ហាញថា ប្រជាពលរដ្ឋបានប្រើប្រាស់នូវសិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសតំណាងដើម្បីបម្រើពួកគាត់។

លោក ណី សំអុលសង្កត់ធ្ងន់ថា ប្រតិភូមួយចំនួនបានវាយតម្លៃការបោះឆ្នោតកាលពីខែកក្កដា ថាជាការបោះឆ្នោតក្លែងក្លាយ ដោយសារតែមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិនោះ ជាការមើលរំលងនូវការខិតខំប្រឹងប្រែងរបស់គណបក្សចំនួន២០ ផ្សេងទៀតចូលរួមបោះឆ្នោត។

ដូចគ្នានេះ លោកអះអាង ថា កម្ពុជាមិនមានការបំបិទសិទ្ធិក្នុងការបញ្ចេញមតិនោះទេ។ លោកបន្ថែមថា តុលាការនៅកម្ពុជា ជាស្ថាប័នឯករាជ្យ ហើយអ្នកដែលត្រូវបានផ្ដន្ទាទោសនោះមកពីពួកគេប្រព្រឹត្តបទល្មើស។ យ៉ាងណាក្ដី ចំពោះការដោះលែងលោក កឹម សុខាក្រោមលក្ខខ័ណ្ឌតុលាការ ធ្វើឡើងដោយគោលការណ៍មនុស្សធម៌ និងតាមឆន្ទានុសិទ្ធិរបស់តុលាការ។

ទោះបីជាយ៉ាងណាក៏ដោយ កន្លងមក ប្រទេសមួយចំនួនដែលភាគច្រើនជាប្រទេសសេរីធំៗ មិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា រហូតដល់មិនទទួលសា្គល់ការបង្កើតរដ្ឋាភិបាល និងសភាថ្មី ដែលជាសភាឯកបក្សរបស់គណបក្សប្រជាជនកម្ពុជានោះទេ។

បើទោះបីជាក្រោយការបោះឆ្នោត គេឃើញមានការដោះលែងសកម្មជន អ្នកទោសនយោបាយ អ្នកទោសមនសិការ រួមទាំងលោក កឹម សុខាក៏ដោយក៏នៅមិនទាន់គ្រប់គ្រាន់ដើម្បីឱ្យអន្តរជាតិបញ្ឈប់ការគាបសង្កត់នោះទេ។

កាលពីថ្ងៃម្សិលមិញ អន្តរជាតិរួមមាន ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អង្គការAmnesty international អង្គការHuman Rights Watchនិងអង្គការនៃសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាតែមានខ្លឹមសារប្រហាក់ ប្រហែលគ្នាជុំវិញស្ថានការណ៍នយោបាយនៅក្នុងកម្ពុជា នៅរយៈពេលចុងក្រោយនេះ។

អង្គការទាំងនេះទាមទារឱ្យកម្ពុជា គោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញហើយត្រូវទំលាក់ចោលរាល់បទចោទ ដែលកាត់ទោស អ្នកនយោបាយបក្សប្រឆាំង ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សម្ដេច ស ខេង ៖កម្ពុជាសព្វថ្ងៃនៅសល់ព្រៃឈើច្រើន តែបើមិនមានវិធានការការពារនឹងអស់

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា[...]

ពន្ធដាកម្ពុជា-ចិន សហការពង្រឹងនិងចែករំលែកបទពិសោធន៍ទបស្កាត់ការបន្លំពន្ធ

ក្រុងភ្នំពេញ៖ លោក គង់ វិបុល ប្រតិភូរដ្ឋាភិបាល[...]

​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​សុំ​ឱ្យ​រដ្ឋាភិបាល​ជំរុញ​ការ​ផ្សះផ្សា​ជាតិ​និង​បើកចំហ​នយោបាយ​

ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ចប់​អាណត្តិ​ លោក​ Wi[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត