loader

ការនាំចេញអង្ករកម្ពុជាធ្លាក់ចុះ ១,៥ ភាគរយនៅឆ្នាំ ២០១៨ តែតម្លៃល្អជាងមុន

ភ្នំពេញ៖ ការនាំអង្ករចេញរបស់កម្ពុជានៅឆ្នាំ ២០១៨ បានត្រឹមជាង ៦២ម៉ឺនតោនប៉ុណ្ណោះ ជាចំនួនដែលបានធ្លាក់ចុះ ១,៥ ភាគរយបើធៀបនឹងឆ្នាំ ២០១៧។ តែយ៉ាងណាអ្នករកស៊ីក្នុងវិស័យស្រូវឱ្យដឹងថា តម្លៃអង្ករក្នុងរដូវប្រមូលផលឆ្នាំ ២០១៨-២០១៩ មានភាពល្អប្រសើរជាងរដូវប្រមូលផលឆ្នាំកន្លងទៅ។

 

 

                                                                                                អង្កររបស់កសិករ។

 

នៅឆ្នាំ ២០១៨ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន​ជាង ៦២ម៉ឺនតោន ចំនួននេះបង្ហាញថា ការនាំចេញបានធ្លាក់ចុះ ១,៥ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ ដែលមានចំនួនជាង ៦៣ ម៉ឺនតោន។ នេះបើយោងតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ។

យោងតាមរបាយការណ៍នេះ កម្ពុជាបាននាំចេញអង្ករអង្ករក្រអូបជាង ៤៩ ម៉ឺនតោន អង្ករសគ្រាប់វែងជាង ១០ ម៉ឺនតោន និងអង្ករចំហុយគ្រាប់វែង ២,៦ ម៉ឺនតោន។ ប្រទេសដែលជាទីផ្សារទិញអង្ករកម្ពុជាច្រើនជាងគេ គឺសហគមន៍អឺរ៉ុបដែលមានចំនួនជិត ២៧ម៉ឺនតោន ស្មើនឹង៤២.៩៨ភាគរយនៃចំនួននាំចេញទសរុប។

ចំណែកប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ គឺមានប្រទេសចិន ចំនួនជាង១៧ម៉ឺនតោន ស្មើនឹង២៧.១៧ភាគរយ, ប្រទេសបារាំងចំនួនជិត ៩ ម៉ឺនតោន, ប្រទេសម៉ាឡេស៊ី ជាង ៤ម៉ឺនតោន, ប្រទេសហ្គាប៉ូង (Gabon) ជាង៣ម៉ឺនតោន។ ចំណែកប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍វិញមានប្រទេសវៀតណាមចំនួនជាង ២.៦ម៉ឺនតោន, ប្រទេសថៃ ជាង ២.៣ម៉ឺនតោន។

ងាកមកតម្លៃស្រូវអង្ករវិញ សមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់កាសែតក្នុងស្រុកថា តម្លៃ​ស្រូវ​​ក្នុង​រដូវ​​ប្រមូល​ផល​ឆ្នាំ ​២០១៨-​២០១៩ ​បាន​កើន​ឡើង​ចន្លោះ​តម្លៃ​ពី ​៩០០ ​រៀល​ ទៅ ១ ​៣០០ ​រៀល​ ក្នុង​មួយ​គីឡូ​​ក្រាម​ ជា​តម្លៃ​ដ៏​ល្អ​មួយ​សម្រាប់​​​កសិករ​បើ​ធៀប​នឹង​រដូវ​ប្រមូល​ផល​មុន​ៗ។

                                                                                        ​     អង្ករក្រអូបរបស់កម្ពុជា។

 

ពួកគេឱ្យដឹងថា ​ តម្លៃ​ស្រូវ​គុណភាព​ខ្ពស់​មាន​ចំនួន ​១៣០០ រៀល​​ក្នុង​ ១ ​គីឡូ​ក្រាម ចំណែកស្រូវ​ធម្មតា​តម្លៃ ​៩០០ ​រៀល​។ តម្លៃនេះល្អជាងឆ្នាំមុនៗដែលមានត្រឹមតែជាង ៥០០រៀល ទៅ៦០០រៀលតែប៉ុណ្ណោះ។

អ្នកជំនាញសេដ្ឋកិច្ចបាន​ឲ្យ​ដឹង​ថា ​ទីផ្សារ​ស្រូវ​កម្ពុជា​ប្រែប្រួល​តាម​​ទីផ្សារ​អន្តរជាតិ​ ដែល​គេ​មិន​អាច​ធានា​តម្លៃ​ខ្ពស់​ក្នុងរយៈ​ពេល​យូរ​ណា​មួយ​បាន​ទេ។

គេនៅចាំបានថា កាល​ពី​​ឆ្នាំ ​២០១៦ ​កសិករ​ដាំដុះ​ស្រូវ​នៅ​​​ខេត្ត​បាត់ដំបង​ ដែល​ជា​ខេត្ត​ផលិត​ស្រូវ​ដ៏​សំខាន់​មួយ​របស់​​កម្ពុជា​ បាន​ចេញ​មក​តវ៉ា​នៅ​តាម​ផ្លូវដើម្បី​ប្រឆាំង​នឹង​ការ​ធ្លាក់​ចុះ​តម្លៃ ​តាម​រយៈ​ការ​បិទ​ផ្លូវ​ ដើម្បី​ឲ្យ​មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល​។​ គ្រានោះរដ្ឋាភិបាលក៏បានបញ្ចេញសាច់ប្រាក់ប្រមាណជាង ២៧លានដុល្លារ ដើម្បីជួយទិញស្រូវពីកសិករទាំងនោះ។

កាលពីពេលថ្មីៗនេះ អង្គការកសិករ និង សហករណ៍កសិកម្មអឺរ៉ុប (Copa Cogeca) បានជំរុញឲ្យមានការអនុវត្តជាបន្ទាន់នូវវិធានការការពារលើការនាំចូលអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ា ស្របពេលកសិករ អ៊ីតាលី និង អេស្ប៉ាញ ត្អូញត្អែរពីផលប៉ះពាល់ដល់ទីផ្សាររបស់ពួកគេ។   កិច្ចប្រជុំថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពាណិជ្ជកម្មបានដាក់ឲ្យមានការបោះឆ្នោត ផ្ទៃក្នុងនៃគណៈកម្មាធិការអនុគ្រោះពន្ធ នូវសំណើមួយដើម្បីអនុវត្តវិធានការការពារ ស្តីពីការនាំចូលអង្ករពីប្រទេសកម្ពុជា និង មីយ៉ានម៉ា ដោយគណៈកម្មាធិការនេះ អាចនឹងចាត់វិធានការលើបញ្ហានេះ។

យ៉ាងណាបើ​សេចក្តី​សម្រេច​នេះ​​ត្រូវ​អនុវត្តមែន​ ​អង្ករ​របស់​​កម្ពុជា​​នឹង​ប្រឈម​​ការ​យក​ពន្ធ​ ​១៩៨ ដុល្លារ​អាមេរិក​ក្នុង​ ១ ​​តោន​​នៅ​ឆ្នាំ​ដំបូង ​និង ១៧៣ដុល្លារ​នៅ​​ ឆ្នាំ​ទី ២ ហើយ ១៤៤ដុល្លារ​នៅ​ឆ្នាំ​បន្ទាប់។

លោក មូល សារិទ្ធ អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជាធ្លាប់បានផ្តល់បទសម្ភាសជាមួយវិទ្យុស្រ្តីថា សហព័ន្ធស្រូវអង្ករកម្ពុជាបានអន្តរាគមន៍លើរឿងនេះ ជាច្រើនលើកជាច្រើនសារលើឯកសារផ្លូវច្បាប់ ក្នុងការដោះស្រាយបញ្ហា។

លោកសង្កត់ធ្ងន់ថា ការទាមទារឲ្យពិចារណាលើអង្ករកម្ពុជា ជារឿងមិនត្រឹមត្រូវ ព្រោះអង្ករកម្ពុជាជាអង្ករក្រអូបនិងអង្ករប្រណីត ចំណែកពូជស្រូវអង្ករអឺរ៉ុបគឺពូជអង្ករយីប៉ុននីការ និងអង្ករធម្មតា។

យ៉ាងណាអ្នកនាំពាក្យក្រសួងកសិកម្មឱ្យដឹងថា កម្ពុជាកំពុងសំឡឹងមើលទីផ្សារនាំអង្ករទៅប្រទេសចិនធំជាងគេ ប្រសិនសហ ភាពអឺរ៉ុបពិតជាយកពន្ធលើអង្ករកម្ពុជាមែននោះ៕

 

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

តើកម្ពុជាទទួលបានសមិទ្ធផលអ្វីខ្លះក្រោយនាយករដ្ឋមន្រ្តីទៅបំពេញទស្សនកិច្ចនៅចិន?

ភ្នំពេញ៖ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋ[...]

កម្ពុជានាំចេញចេកអំបូងលឿង​ក្រោយបោះទុនវិនិយោគជាង ៨ លានដុល្លារ

ភ្នំពេញ៖ ក្រុមហ៊ុនកៅស៊ូបឹងកេតបានវេចខ្ចប់ចេកអំ[...]

សហភាពអឺរ៉ុបសម្រេចយកពន្ធអង្ករកម្ពុជាជាង២០០ដុល្លារក្នុងមួយតោននៅជំហានដំបូង

ភ្នំពេញ៖ សហភាពអឺរ៉ុបបានសម្រេចតម្រូវឱ្យកម្ពុជា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត