loader

ទស្សនៈចម្រុះមុនជំនុំជម្រះរឿងក្ដីលោក កឹម សុខា

ភ្នំពេញ៖ ដំណាក់កាលចុងក្រោយថ្មីៗនេះ កម្ពុជាមានការបន្ធូរបន្ថយលក្ខខ័ណ្ឌតុលាការដល់មន្ត្រីនិងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ។ ក្នុងនោះ គេក៏ឃើញមានឃើញមានការបន្ធូរការត្រួតពិនិត្យតាមផ្លូវតុលាការ រួមទាំងបិទបញ្ចប់ការស៊ើបសួរ និងបញ្ជូនសំណុំរឿងលោក កឹម សុខា ទៅជំនុំជម្រះ ។ ជំវិញករណីនេះ មានមតិចម្រុះបានលើកឡើងមុនពេលថ្ងៃជំនុំជម្រះក្ដីលោក កឹម សុខា ស្រដៀងៗគ្នា ។ តើទស្សនៈទាំងនោះ មានអ្វីខ្លះ ?

រាយការណ៍ដោយលោក សោម លាភ

កម្ពុជា បានបន្ធូរបន្ថយលក្ខខ័ណ្ឌ ដល់មន្ត្រី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិ រួមទាំងលោក កឹម សុខាផងដែរ ខណៈពេលនេះចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី នៅថ្ងៃទី០២ ខែធ្នូ បានសម្រេចបញ្ជូនសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ទៅជំនុំជម្រះហើយ បន្ទាប់ពីបានបិទការស៊ើបសួរ កាលពីពាក់កណ្តាលខែវិច្ឆិកា ។

នៅថ្ងៃទី ៣ ធ្នូ លោក សម រង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនម្ដងទៀតថា បើនាយករដ្ឋមន្ត្រីកម្ពុជា មានះយកលោក កឹម សុខា ទៅកាត់ទោស ទោះបីលោក កឹម សុខា មិនបានធ្វើខុសអ្វីឡើយ ហើយក្រោយពីការកាត់ទោស បើ ហ៊ុន សែន ស្នើឲ្យព្រះមហាក្សត្រលើកលែងទោសក្លែងក្លាយ ឲ្យលោក កឹម សុខា យ៉ាងណាក៏ដោយ ក៏សហភាពអឺរ៉ុប មិនអាចទទួលយកដំណោះស្រាយសម្រាប់បុគ្គលម្នាក់ ដែលលោកហៅថាជាបាយឡុកបាយឡបែបនេះបានទេ ។ លោកថានេះ ក៏ព្រោះតែមិននាំមកនូវការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញឡើយ ។

លោក សម រង្ស៊ី តែងតែអះអាងថា បើលោក កឹម សុខា ត្រូវបានគេទិញបាន នោះលោកកឹម សុខា នឹងត្រូវដោះលែងឱ្យមានសេរីភាពភ្លាមៗ ។

កញ្ញាស៊ិនចាន់ពៅរ៉ូហ្សិត អតីតចៅសង្កាត់អូរចា ជូនចំពោះលោកប្រធាន កឹម សុខា កញ្ញា និងអតីតសកម្មជនជាច្រើនរូបទៀតនៅតែគោរពលោក កឹម សុខាក្នុងនាមជាអតីតប្រធានរបស់ខ្លួន ។

កញ្ញាថា ខ្លួន និងអតីតសកម្មជនជាច្រើនរូបទៀតដែលធ្លាប់មានតួនាទីជាក្រុមប្រឹក្សាខេត្ត-ក្រុង ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ តាំងពីគណបក្សត្រូវបានរំលាយមក មិនបានចុះចាញ់ ចុះចូល ខ្លាច ឬទិញបានឡើយ ព្រមទាំងគោរពស្មារតីរបស់លោកកឹម សុខា ដែលជានិច្ចកាលតែងតែក្រើនរំលឹកដាស់ស្មារតីថា “ទិញមិនលក់ សម្លុតមិនខ្លាច បំបែកមិនបាន”

អតីតចៅសង្កាត់អូចាររូបនេះបង្ហាញក្ដីសង្ឃឹមថា លោក កឹម សុខា នឹងនៅតែគោរពស្មារតីដើមនេះដដែល ហើយមិនធ្វើអ្វីឱ្យអតីតសកម្មជន និងពលរដ្ឋអស់សង្ឃឹម រួមទាំង រក្សាបាននូវកិត្តិយសដែលពលរដ្ឋផ្តល់ជូនឱ្យបានស្ថិតស្ថេរមិនប្រែប្រួលជាដាច់ខាតផងដែរ ។

តែយ៉ាងណា លោកព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា សរសេរលើទំព័រហ្វេសបុករបស់ខ្លួន នៅថ្ងៃទី ៣ ធ្នូថា លោក កឹម សុខា អាចនឹងត្រូវតុលាការកាត់ក្ដី ហើយអាចនឹងត្រូវដោះលែងឲ្យមានសេរីភាពវិញ ដោយការប្រោសព្រះរាជទានទោសដោយព្រះមហាក្សត្រ ។

លោកថា បន្ទាប់ពីមានការឱ្យលោក កឹម សុខា មានសេរីភាពឡើងវិញ នឹងមាន​ចរន្តនយោបាយនៅកម្ពុជា និងនៅក្រៅប្រទេស ដែលដឹកនាំដោយ លោក កឹម សុខា និងមន្ត្រីបក្សដែលស្ម័គ្រស្មោះជាមួយលោក ដើម្បីស្វែងរកការរៀបចំដំណើរការនយោបាយឡើងវិញ ។

លោកព្រាបកុលបន្ថែមថា ចំពោះលោក សម រង្ស៊ី វិញ អាចនឹងត្រូវបានរារាំងមិនឱ្យមានតួនាទីណាមួយនៅក្នុងគណបក្សដែលដឹកនាំដោយលោក កឹម សុខា ឡើយ ។ យ៉ាងណា លោក កឹម សុខា នឹងព្យាយាមនៅឆ្ងាយ ពីលោក សម រង្សី ប៉ុន្តែមិនប្រកាសចែកផ្លូវគ្នាទេ ខណៈលោកកឹម សុខា នៅមើលការគាំទ្រលោក ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ។

លោកព្រាបកុលបន្ថែមថា ប្រសិនបើមានការគាំទ្រគ្រប់គ្រាន់ លោក កឹម សុខា អាចនឹងត្រូវបានគេជម្រុញឲ្យពិចារណាផាត់ លោក សម រង្សីចេញពីសង្វៀននយោបាយរបស់បក្សតែម្តង ។ រវាងអ្នកនយោបាយដែលជាសហស្ថាបនិកនៃអតីតគណបក្សសង្គ្រោះជាតិ ប្រសិនបើមានភាគីណាមួយប្រកាសចែកផ្លូវ នឹងរងការថ្កោលទោសពីពលរដ្ឋដែលគាំទ្រជាក់ជាមិនខាន ។

បើទោះបីជាបែបនេះក្ដី លោកបន្តថា លោកសម រង្ស៊ី អាចនឹងប្រថុយគ្រោះថ្នាក់វិលចូលកម្ពុជា ខណៈជាជីវិតនយោបាយចុងក្រោយ ខណៈពេលដែលឥទ្ធិពលលោកនៅមានទៅលើអ្នកស្មោះត្រង់ទាំងក្នុងនិងក្រៅប្រទេស ។

មិនត្រឹមតែប៉ុណ្ណោះ លោកថា អតីតថ្នាក់ដឹកនាំនៃបក្សសង្គ្រោះជាតិ ៩៧% នឹងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ រួមទាំងមានការដោះស្រាយបញ្ហាដែលគេមើលឃើញថា ជាមូលហេតុបណ្ដាលឱ្យមានវិបត្តិនយោបាយនៅកម្ពុជា ឈានទៅរកការចរចា និងដោះស្រាយជាមួយសហភាពអឺរ៉ុប ។

 លោក ណាំ ឈួយ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកម្នាក់ បានចូលបញ្ចេញមតិក្នុងប្រអប់ខុមមិន ក្រោមអត្តបទរបស់កញ្ញាស៊ិន ចាន់ពៅរូហ្សិតថា សង្ឃឹមថាលោកប្រធាន គាត់មិនប្រែប្រួលទៅចុះ។

អ្នកបើប្រាស់បណ្ដាញសង្គមម្នាក់ទៀត ឈ្មោះ  និច តាវ៉ាន់ សរសេរថា បើលោកប្រធានដើរខុសនឹងធ្លាក់ជ្រោះហើយ ។

អ្នកម្នាក់ទៀតឈ្មោះថា  Bro TS នៅតែរំលឹកថា កឹម​សុខា​+សមរង្ស៊ី​ ជាមនុស្សតែមួយ ។

ដោយឡែក ឈ្មោះ Bunna kh ថា ត្រូវតែរួបរួមសាមគ្គីគ្នា ទើបជាក្តីប្រាថ្នារបស់ពលរដ្ឋម្ចាស់ឆ្នោត ។

ខណៈពេលនេះ លោក​ កឹម សុខា ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមិនឱ្យនិយាយរឿងនយោបាយ សហការណ៍ជាមួយអាជ្ញាធរ និងមិនត្រូវចេញពីដែនដីកម្ពុជា ។

យ៉ាងណា លោក កឹម សុខា នៅបន្តរក្សាការស្ងៀមស្តាត់ ដោយមិនបញ្ចេញជំហរបែបណារឿងគណបក្ស ឬជំហរនយោបាយយ៉ាងណានោះទេ ។

យ៉ាងណាក្រុមលោក កឹម សុខាតែងតែលើកឡើងថានយោបាយក្រុមលោក សម រង្ស៊ី​បច្ចុប្បន្ន គឺប្រាសចាកទៅនឹងគោលការណ៍អតីតគណបក្សសង្គ្រោះជាតិ ដែលប្រកាន់យកការផ្លាស់ប្ដូរដោយអហឹង្សានិយម ។

លោកប៊ុង ដេត សមាជិកក្រុមអ្នកវិភាគវ័យក្មេងសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា អ្នក​នយោបាយ​មួយ​ចំនួន​តែងតែ​ប្រើ​ពាក្យ​ អហិង្សា​ មិន​ឈ្លោះ​ប្រកែក​ មិន​ប្រាកដ​ថា​ ក្នុង​ចិត្ត​ ស្អាត​ស្អំ​ ហើយ​អហិង្សា​នោះ​ទេ​ ។ លោកបន្ថែមថា ពេល​ខ្លះ​ ក្នុង​នាម​ជា​មេ​ដឹកនាំ​ មើល​ឃើញ​សាច់​ស្អុយ​ គួរ​តែ​ចេះ​ ដុសលាង​ មិន​មែន​បណ្ដាល​ឲ្យ​ស្អុយ​រីក​រាលដាល​ទេ​ ក្នុង​ចិត្ត​អាច​រិះ​គិត​មធ្យោបាយ​ស្អុយ​រលួយ​ ទាញយក​ប្រជាប្រិយភាព​បែប​ថា​ខ្លួន​ឯង​ស្អាត​ស្អំ​ ហើយ​អហិង្សា​ ។
កន្លងទៅអាមេរិក មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ទទួចម្ដងហើយម្ដងទៀត ឱ្យកម្ពុជាទម្លាក់ចោលនូវបទចោទប្រកាន់ទាំងអស់ទៅលើមន្ត្រី និងសកម្មជនរបស់អតីតគណបក្សសង្រ្គោះជាតិ ។

កាលពីថ្ងៃទី ១ វិច្ឆិកា លោកប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញលិខិតមួយច្បាប់ផ្ញើជូននាយករដ្ឋមន្ត្រីកម្ពុជា ក្នុងលិខិតនោះបញ្ជាក់ថា អាមេរិកសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា និងពិនិត្យឡើងវិញនូវការសម្រេចមួយចំនួនដែលរដ្ឋាភិបាលប្រកាន់យក ខណៈអាមេរិកថាការសម្រេចទាំងនោះ អាចនឹងនាំឱ្យការអភិវឌ្ឍសេដ្ឋកិច្ច ស្ថេរភាព និងអធិបតេយ្យភាពយូរអង្វែងរបស់កម្ពុជាធ្លាក់ក្នុងគ្រោះថ្នាក់យ៉ាងខ្លាំង ។

លិខិតលោក ត្រាំបញ្ជាក់ទៀតថា អាមេរិកអាចណែនាំឱ្យក្រុមទទួលបន្ទុកនយោបាយការបរទេសរវាងរបស់ខ្លួន ចាប់ផ្ដើមចរចាជាមួយកម្ពុជា ។

ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា កម្ពុជារីករាយឱ្យក្រុមការងាររបស់កិច្ចការបរទេសរបស់ខ្លួន ធ្វើការជាមួយក្រុមការងារកិច្ចការបរទេសរបស់អាមេរិក ដើម្បីស្ដារទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ រួមទាំងកសាងឡើងវិញនូវចំណងមិត្តភាពរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ។

លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា រឿងក្ដីលោក កឹម សុខា ស្ថិតក្នុងដៃតុលាការ ហើយតុលាការសម្រេចយ៉ាងណា ជាសមត្ថកិច្ចរបស់ស្ថាប័ននេះ ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

សម្ដេច ស ខេងថានគរបាលជាតិមិនមែននគរបាលបក្សទេ ត្រូវអនុវត្តន៍ច្បាប់មិនរើសមុខ

ភ្នំពេញ៖ សម្ដេច ស ខេង ថ្លែងថានគរបាលជាតិ ជានគរ[...]

លោក សម រង្ស៊ី ប្រកាសបន្តសកម្មភាពនយោបាយខណៈលោក កឹម​សុខា មិនទាន់មានសេរីភាព

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រកាសបន្តសកម្មភាពនយោប[...]

ជំងឺសួត៖ វីរុសCoronaសម្លាប់ មនុស្ស៤១នាក់វាយលុក១១ប្រទេសខណៈកម្ពុជាប្រកាសទប់ស្កាត់ខ្លាំងក្លា

ក្នុងមួយថ្ងៃជំងឺសួតកូរុណាវីរុសសម្លាប់មនុស្ស១៥[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត