loader

នាទីប្រវត្តិសាស្រ្ត៖ ហេតុអ្វីបានជាចម្លាក់កូរសមុទ្រទឹកដោះគឺជាទីនិយមលើជញ្ជាំងប្រាសាទខ្មែរ?

កូរសមុទ្រទឹកដោះជាប្រភេទទេវកថា ដែលលិចឡើងនៅក្នុងសង្គមខ្មែរ អស់រយៈកាលជាងមួយពាន់ឆ្នាំកន្លងមកហើយ។ ការណ៏នេះបណ្តាលមកពី ការវិវត្តន៏ឡើងចុះនៃសង្គម ដូចជាមានការផ្លាស់ប្តូរនយោបាយដឹកនាំក្នុងប្រទេស ការផ្លាស់ប្តូរសាសនា អស្ថេរភាពនៅក្នុងសង្គម ការបាត់បង់អ្នកចេះដឹងនិងភាពថយចុះនៃការប្រតិបត្តិតាមប្រពៃណីពីដូនតា។
ទេវកថា កូរសមុទ្រទឹកដោះ ជាវគ្គមួយនៅក្នុងរឿងមហាភាតរៈ ដែលបាននិទានរៀបរាប់​ ពីវីរៈភាពនៃ ព្រះវិស្ណុ អាទិទេពសំខាន់នៃព្រហ្មញ្ញសាសនា ដែលមានឥទ្ធិពលយ៉ាងខ្លាំងមកលើសង្គមខ្មែរ ជាពិសេសនៅសម័យចក្រភពអង្គរ។​

ដើម្បីជ្រាបបន្ថែមពីទេវកថានេះ សូមនាងកញ្ញា លោក លោកស្រីស្តាប់ការអត្ថាធិប្បាយរបស់កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ដូចតទៅ៖

ទេវកថាកូរសមុទ្រទឹកដោះត្រូវបានគេប្រទះឃើញមានឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្ត មានបណ្តោយ ៤៩ម៉ែត្រ និងកម្ពស់២ម៉ែត្រ , ចម្លាក់នោះមានរូបក្រុមអសុរៈ (យក្ស) នៅខាងឆ្វេងដៃ ចំនួន ៩២អង្គ និងរូបក្រុមទេវៈនៅខាងស្តាំដៃ ចំនួន៨៨អង្គ ។ នៅខ្លោងទ្វារចូលអង្គរធំ ស្ថាបត្យករខ្មែរយើងបានឆ្លាក់រឿងនេះដោយផ្តោតទៅលើតួអង្គ២។ តួអង្គទី១គឺធ្វើជាអសុរៈ និងតួអង្គទី២គឺជាទេវតា។ តួអង្គម្នាក់ៗនៅក្នុងចម្លាក់នោះ ត្រូវបានគេឆ្លាក់ឡើងដោយមានមុខមាត់សំបើមៗ សុទ្ធតែប្រឹង រាងក្រអឺតៗ ទាញព្រ័តនាគនៅគ្រប់ទ្វារចូលអង្គរធំ។ កាលនោះ អសុរៈ និង ទេវតា យកនាគ វសុកិ ជាព្រ័ត្រយកភ្នំមន្ទរៈជាស្នូល យកអណ្តើកអវតានៃព្រះនរាយណ៍ជាអ្នកទ្រភ្នំមន្ទរៈ ហើយបបួលគ្នាកូរសមុទ្រទឹកដោះយកទឹកអម្រិត តាមយើងដឹងសព្វថ្ងៃថា អសុរ និង ទេវតាទាញព្រ័ត្រ។ ការកូរសមុទ្រទឹកដោះនេះ ប្រើថិរវេលាអស់វារៈកំណត់១០០០ ឆ្នាំ ទើបបានទឹកអម្រិត។

ទាក់ទងទៅនឹងអក្សរសិល្ប៍ទេវកថាកូរសមុទ្រទឹកដោះនេះ មានដំណើររឿងយ៉ាងដូច្នេះថា៖

ក្នុងកាលមួយនោះ ពួកអសុរៈ (មេយក្ស) បានដើរសាងបាបកម្មកាចសាហាវ ព្រៃផ្សៃ និង រាតត្បាតជាទីបំផុត ទៅលើពួកទេវៈ (ពួកទេវតា) ធ្វើអោយ ពួកទេវៈមួយចំនួននាំគ្នាចេញទៅធ្វើសឹកសង្គ្រាមប្រយុទ្ធប្រឆាំង តបតនឹងពួកអសុរៈវិញ អស់រយៈពេលជាច្រើនឆ្នាំ ។ ការប្រយុទ្ធចេះតែបន្ត កក្រើកទឹក រញ្ជួយដី តែពុំមានអ្នកចាញ់ឈ្នះ។ សង្គ្រាមបានធ្វើអោយអង្គទេពនីមួយៗ ត្រូវទ្រុឌទ្រោមនឿយហត់ជាខ្លាំង ក៏នាំគ្នាផ្អាកចំបាំង ហើយក៏ហោះហើរកាត់ផ្ទៃពពក សំដៅទៅឋានលើ ទៅប្តឹងព្រះឥន្ទ្រាធិរាជ ឱ្យជួយដោះស្រាយបញ្ហា ផ្សះផ្សាគំនុំសងសឹករវាង ពួកអសុរៈ និងពួកទេវៈ ។

ក្រោយពីពួកទេវៈ និងពួកអសុរៈរ៉ាយរ៉ាប់ទូលថ្វាយ អំពីដំណើរហេតុការណ៍វិបត្តិទាំងឡាយ រួចហើយ ព្រះឥន្ទ្រក៏ត្រិះរិះពិចារណាជ្រាលជ្រៅ ក្រោយមក ទើបមានព្រះរាជបន្ទូលទៅកាន់ពួកទេវៈ និងពួកអសុរៈថា៖
– ម្នាល!! អង្គទេវៈអសុរៈ ទាំងអស់គ្នា! ដើម្បីសេចក្តីស្ងប់ស្ងៀម តាមពូជពង្សដំណក់លោហិតរៀងៗខ្លួន និង ដើម្បីរស់នៅលើពិភពរស់នៅផ្សេងៗគ្នា ឱ្យមានសេរីភាពសុខសាន្តនោះ, យើងមានមធ្យោបាយមួយអោយអ្នកគិត គឺថា អ្នកត្រូវនាំគ្នា កូរសមុទ្រទឹកដោះ” ដើម្បីស្វែងរកទឹកអម្រឹតជីវិតអមតៈ!!

រាត្រីកាលក៏ចូលមកដល់។ ពួកទេវៈក៏ប្រមូលផ្តុំគ្នីគ្នា ត្រិះពិចារណ៍ រកមធ្យោបាយ ដើម្បីដណ្តើមយកជ័យជម្នះទៅលើពួកអសុរៈ ព្រោះថា បើតាមការប៉ាន់ប្រមាណមើលទៅ ពួកទេវៈ ប្រហែលជាពុំមាន សមត្ថភាពគ្រប់គ្រាន់យកជ័យជំនះ លើហ្វូងអសុរៈ បានយ៉ាងងាយៗឡើយ។ មធ្យោបាយល្អ មានតែម្យ៉ាងគត់ គឺប្រើល្បិច ។

ពួកទេវៈក៏ចូលទៅគាល់ព្រះវិស្ណុ សុំស្នើដល់ព្រះអង្គឱ្យជួយ។ ព្រះវិស្ណុក៏យល់ព្រម។ ពេលរាត្រីកាលក៏កន្លងផុតទៅ ពួកអាទិទេព ពួកទេវៈ និងពួកអសុរៈជាច្រើន ក៏បានមកប្រាកដកាយជួបជុំគ្នា នៅភ្នំមន្ទរៈ តាមពាក្យពេចន៍សន្យា ដោយយកភ្នំមន្ទរៈ ធ្វើជាស្នូល ហើយយកពស់នាគរាជឈ្មោះ “វ៉ាសុគី” ធ្វើជាខ្សែព្រ័ត្រ សម្រាប់ទាញកូរចុះ កូរឡើង។ ពួកអសុរៈជាអ្នកកាន់នៅខាងក្បាលពស់នាគរាជ (ខាងឆ្វេង) និងពួកទេវៈកាន់នៅខាងកន្ទុយពស់នាគរាជ (ខាងស្តាំ) ។ ពួកទេវៈនិងអសុរៈ ក៏ចាប់ផ្តើម កូរចុះកូរឡើង អស់រយៈពេលយ៉ាងយូរ ធ្វើឱ្យភ្នំមន្ទរៈ ចាប់ផ្តើមបាក់ស្រុតចុះទៅបាតសមុទ្របន្តិចម្តងៗ។ ដោយមើលឃើញនូវស្ថានភាពបែបនេះហើយ ព្រះវិស្ណុក៏និម្មិតកាយ ក្រឡាខ្លួន ជាសត្វអណ្តើកមួយយ៉ាងធំ ឈ្មោះ “កុមិ” មកជួយទ្រភ្នំមន្ទរៈឱ្យខ្ពស់ឡើងមកលើផ្ទៃទឹក។

នៅចុងបំផុត ថូទឹកអម្រឹតក៏បានផុសឡើង ហើយពួកអសុរៈក៏ដណ្តើមយកបានមុន។ ព្រះវិស្ណុឃើញដូច្នោះ ក៏ក្រឡាខ្លួនភ្លាមធ្វើជាព្រះនាងទេពធីតាឋានសួគ៌ឯកដ៏ស្រស់ប្រិមប្រិយ ចូលទៅលួងលោមប្រលោម អសុរៈ អោយបោះបង់ថូទឹកអម្រឹតជីវិតអមតៈ នោះចោល។ ដោយចាញ់សម្រស់ និងល្បិចលួងលោមរបស់ព្រះនាងទេពធីតាក្លែងក្លាយនោះ មេអសុរៈក៏គ្រវែងថូទឹកអម្រឹតជីវិតអមតៈចោលទៅ ។ ពពួកទេវៈឃើញហើយ ក៏នាំគ្នារើសយកមកចែកគ្នាក្រេប បានគ្រប់ៗអង្គពុំមានខាន ។

នៅខ្លោងទ្វារចូលអង្គរធំ ឬខ្លោងទ្វារ ចូលទៅកាន់ប្រាសាទព្រះខ័ន គេក៏សង្កេតឃើញមានរូបបដិមាជាច្រើន មានមាឌធំៗ តម្រៀបគ្នាជាជួរ ទាញដងខ្លួនពស់នាគរាជវ៉ាសុគី ឈរនៅអមសងខាងផ្លូវ ក្នុងភាពជានិមិត្តរូបមួយនៃអាទិទេព ក្នុងរឿង កូរសមុទ្រទឹកដោះ នោះដែរ។

រឿង «កូរសមុទ្រទឹកដោះ» ជានិមិត្តរូបនៃការប្រកួតប្រជែងខាងមហិទ្ធិប្ញទ្ធិវេទមន្ត ដណ្តើមយកទឹកអម្រឹតជីវិតអមតៈ នៅឯភ្នំមន្ទរៈ ដើម្បីស្វែងរកភាពក្សេមក្សាន្ត សុខដុមរមនា សម្បូរសប្បាយ រុងរឿង ជូនប្រទេសជាតិមាតុភូមិ។ ក៏ប៉ុន្តែមានចំណោទមួយចោទថា ហេតុអ្វីបានជាខ្មែរបុរាណ​មានការនិយមទៅលើអក្សរសិល្ប៍ទេវកថាកូរសមុទ្រទឹកដោះ រហូតដល់មានចម្លាក់ជាហូរហែរទាក់ទងទៅនឹងអក្សរសិល្ប៍នេះ ពាសពេញជព្ជាំងប្រាសាទដ៏ធំមហិមាយ៉ាងដូច្នេះ?

ចម្លាក់​តាម​ប្រាង្គ​ប្រាសាទ​នា​សម័យ​អង្គរ​គេ​តែង​បាន​ប្រទះ​ឃើញ​ចម្លាក់​ដ៏​មាន​ប្រជា​ប្រិយ​ និង​ពេញ​និយម​មួយ​គឺ​ចម្លាក់​ស្តី​ពី​ការ​កូរ​សមុទ្រ​ទឹក​ដោះ។ ទោះ​ជា​មាន​ទ្រង់​ទ្រាយ​ប្លែក​គ្នា​ទៅ​តាម​សមត្ថ​ភាព​ជំនាញ​របស់​សិល្ប​ករ​នោះ​ក៏​គេ​បាន​យល់​ច្បាស់​ថា ជា​ចម្លាក់​ស្តី​ពី​ទេវ​កថា​នៃ​មហា​បេសក​កម្ម​កូរ​សមុទ្រ​ទឹក​ដោះយ៉ាង​ពិត​ប្រាកដ។

ចំពោះ​ខ្លឹម​សារ​ដើម​នៃ​ការ​កូរ​សមុទ្រ​ទឹក​ដោះ​រវាង​ពួក​អសុរៈ​និង​ពួក​ទេវ​តា​ ​គឺ​មាន​ព្រះ​នារាយណ៍​ ឬ​ព្រះ​វិស្ណុ​ជា​អ្នក​ដឹក​នាំ​ និង​ជា​អធិបតី​នៃ​ភាគី​ទាំង​សង​ខាង​ក្នុង​បំណង​ដ៏​សំខាន់​មួយ​គឺ​ទឹក​អម្រឹត។ តើ​អ្វី​ទៅ​ជា​ទឹក​អម្រឹត? ហេតុ​អ្វី​ក៏​ទឹក​អម្រឹត​ផុស​ឡើង​ពី​សមុទ្រ​ទឹក​ដោះ?​តើ​សមុទ្រ​ទឹក​ដោះ​ខុស​ពី​សមុទ្រ​ទឹក​ប្រៃ​សព្វ​ថ្ងៃ​យ៉ាងដូចម្តេច? ទាំង​អស់​នេះ​សុទ្ធ​តែជា​ចម្ងល់​​តាម​រយៈ​ការ​ពិនិត្យ​ចម្លាក់នៃ​ការ​កូរ​សមុទ្រ​ទឹក​ដោះ​នៅ​តាម​ប្រាង្គ​ប្រាសាទ​នានា​ ជា​ពិសេស​ប្រាសាទ​សម័យ​អង្គរ​តែ​ម្តង។ ជាក់​ស្តែង​នៅ​ប្រាសាទ​អង្គរ​វត្ត​ជា​​ប្រាសាទ​ធំ​ជាង​គេ​ និង​មាន​សោភណភាព​ល្អ​ឯក​ឥតខ្ចោះ ​ក៏ត្រូវបាន​បុព្វ​បុរស​បខ្មែរឆ្លាក់​រឿង​កូរ​សមុទ្រ​ទឹកដោះ​នៅ​លើជញ្ជាំង​ថ្ម​ដ៏​ធំមហិមា​​នៅ​ចំហៀង​ខាង​កើត​ឆៀង​ខាង​ត្បូង។

មាន​ហេតុ​ផល​ដែលជា​ភស្តុ​តាង​គួរ​ផ្តោត​ទៅ​លើ​ការ​ចាប់​អារម្មណ៍​ខ្លាំ​ង​ជាង​គេ គឺ​បញ្ហា “​ទឹក”​ដូច​ជា​ទឹក​អម្រឹត​ និង​”​ទឹកដោះ”​ជា​មូល​ដ្ឋាន​នៃ​ការ​ពិចារណា​អំពី​រឿង​នេះ។ ដំបូងសូម​សាកល្បង​គិត​អំពី​បញ្ហា​ទឹក​អម្រឹត​ ដែល​ជា​គោល​បំណង​ ឬ​ជា​ទិស​ដៅ​នៃ​ពល​ករ​ក្នុង​ការ​បំពេញ​ពល​កម្ម​នៃ​ការ​កូរ​សមុទ្រ​ទឹក​ដោះ​រហូត​ដល់​រយៈ​ពេល​ជាង​១​ពាន់​ឆ្នាំ​​ទើប​រក​ឃើញ និង​បាន​ទទួល​ទឹក​អម្រឹត​សំរេច​ទៅ​តាម​គោល​ដៅ​ប្រាកដ​មែន។ គេ​បាន​បញ្ជាក់​ក្នុង​ទេវកថា​ឲ្យ​ដឹង​ទៀត​ថា អ្នក​ដែល​បាន​ផឹក​ទឹក​អម្រឹត​នោះហើយ​រមែង​មិន​ចេះ​ស្លាប់​ ឬ​ហៅ​ថា​មាន​ជីវិត​អមតៈ។ ជាក់​ស្តែង​ក្រុម​ខាង​ទេវតា​បាន​ទទួល​ផឹក​ទឹក​អម្រឹត​នោះ​ ទើប​គេ​យល់​ថា ទេវតា​គង់​នៅ​ឋាន​សួគ៌​តែងមាន​ជីវិត​នៅ​គង់​វង្ស​ជា​អមតៈ។

ពេលនេះសូម​​សាកល្បង​ពិចារណា​ទៅ​លើ​សមុទ្រ​ទឹក​ដោះ​​វិញម្តង តើ​សមុទ្រ​ទាំង​ឡាយ​នៅ​លើ​ផែន​ដី​នេះ​មាន​សមុទ្រ​ណា​ដែល​ជា​សមុទ្រ​ទឹក​ដោះ? ជា​ធម្ម​តា​សមុទ្រ​តែង​មាន​រស​ជាតិ​ប្រៃ​ ហើយ​សមុទ្រ​ជា​ទី​កន្លែង​សំរាប់​ទទួល​ផ្ទុក​ទឹក​ពី​ទឹក​ទន្លេ​បឹង​ស្ទឹង​ ព្រែក​ហូរ​ចាក់​បំពេញ​ដែល​មិន​ចេះ​ពេញ​នោះ​ឡើយ។ ប៉ុន្តែ​បើ​​ពិនិត្យ​អំពី​ទឹក​ដោះ​គឺ​មាន​តែ​ទឹក​ដោះ​ម្តាយ​ និង​មេ​របស់​មនុស្ស​ សត្វ​ប៉ុណ្ណោះ។ រីឯដំណាំ​ខ្លះ​ក៏​មាន​ឈ្មោះ​ថា ទឹក​ដោះ​ដែរ​ដូច​ជា​ផ្លែ​ទឹក​ដោះ​គោ និង​ស្រូវ​ដែល​ដេញ​ផ្លែ​នៅ​ខ្ចី​គេ​ហៅថា ទើប​តែ​ដាក់​ទឹក​ដោះ​ ព្រោះ​នៅ​ក្នុង​គ្រាប់​ស្រូវ​មិន​ទាន់​រឹង​ក្លាយ​ជា​អង្ករ​នៅ​ឡើយ។ មក​ដល់​ចំណុច​នេះ​យើង​កាន់​តែ​មាន​ទុន​ក្នុង​ការ​ឈ្វេង​យល់ ឬ​កាន់​តែ​មាន​ពន្លឺ​ដើម្បី​បាន​កាន់​តែ​ឃើញ​ច្បាស់​អំពី​ទស្សន​វិជ្ជា​នៃ​ការ​កូរ​សមុទ្រ​ទឹក​ដោះ​នោះកាន់តែច្រើន។ ​ ជាការ​សំយោគមូលគំនិតឃើញថាសមុទ្រ​ទឹក​ដោះ​ គឺ​ជា​ចំណុច​កំពូល​នៃ​ជីវិត​របស់​មនុស្ស​ ព្រោះ​មនុស្ស​ម្នាក់ៗ​តែង​កើត​មក​កាល​ពី​នៅ​ជា​ទារក​នោះ​មិន​អាច​កន្លង​ផុត​ពី​ការ​បៅ​ដោះ​ម្តាយ​នោះ​ទេ។ បាន​សេចក្តី​ថា ទឹក​ដោះ​ម្តាយ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​រូប​មាន​ការ​រស់​រាន​ធំ​ធាត់​ប្រកប​ដោយ​កម្លាំង​មាំ​មួន​ទាំង​បញ្ញា​ពល​កម្ម​ និង​កាយពលកម្ម ​មាន​ន័យ​ថា ជា​ការ​ចូល​រួម​របស់​មនុស្ស​ក្នុង​ការ​បំពេញ​ភារ​កិច្ច​នេះ​ហើយ​ ដែល​​ជា​សមុទ្រ​ទឹក​ដោះ។ មាន​ន័យ​បន្ត​ទៀត​ថា ទឹក​អម្រឹត​ដែល​គេ​រក​ឃើញ​ពី​ការ​កូរ​សមុទ្រ​ទឹក​ដោះ​នោះ​វា​ជា​សារ​មួយ​ក្នុង​ន័យ​អត្ថ​ប្បដិរូប​ដែល​បង្ហាញ​ឲ្យ​ដឹង​ថា ការ​ងារ​ពល​កម្ម​នេះ​ហើយ​ដែល​ផ្តល់​ផល​ប្រយោជន៍​​ដល់​មនុស្ស។ ដោយ​សារ​ពាក្យ​ថា ទឹក​អម្រឹត​នេះ​បាននាំឲ្យមាន​បំព្រួញ​ខ្លី​នៅ​ត្រឹម​តែ​ជា​ផល​ប្រយោជន៍​​ប្រកប​ដោយ​ភាព​ក្សេម​ក្សាន្ត​នា​លោកិយ​នេះ ដែលវា​មាន​ប្រភព​បាន​មក​ពី​ការ​ងារ។ ជា​ពិសេស​ការ​ងារ​កាល​ពី​បុរាណ​ព្រេង​នាយ​ នៅ​ក្នុង​សង្គម​ខ្មែរ​ គឺ​ការ​ងារ​ស្រែ​ចំការ​ដែល​កសិករ​បាន​ប្រើ​ប្រាស់​ទឹក​ជា​ចម្បង​ដូច​ពាក្យ​ចាស់​ពោល​ថា “​ធ្វើ​ស្រែ​នឹង​ទឹក​ ធ្វើ​សឹក​នឹង​បាយ”។

តាម​ការ​សន្និដ្ឋាន​ជា​ចុង​ក្រោយ​មួយ​បែប​ទៀត​ដែល​កាន់​តែ​ចូល​កៀក​ និង​ការ​ងារ​ស្រែ​ចំការ​នោះ​ គឺ​សមុទ្រ​ទឹក​ដោះ​មាន​ន័យ​ថា ជា​ស្រូវ​អង្ករ​តែ​ម្តង ព្រោះ​គ្រាប់​អង្ករ​នេះ​វា​មាន​ការ​វិវត្ត​ហៅ​ថា​ស្រូវ​ពេញ​ទឹក​តាមរយៈ​ការ​ដាក់​ទឹក​ដោះ​ក្នុង​គ្រាប់​ស្រូវ​ជា​គ្រា​ដំបូង​មក​ម្ល៉េះ។ ចំពោះ​ទឹក​អម្រឹត​ដែល​រក​ឃើញ​ពី​សមុទ្រ​ទឹកដោះ​នោះ​មាន​ន័យ​ជា​អង្ករ​ ឬ​បាយ​នេះ​ជា​អាហារ​ដ៏​ចាំ​បាច់​របស់​ខ្មែរ​តាំង​ពី​បុរាណ​បន្ត​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ។ ចាស់ៗ​តែង​និយាយ​ថា អ្នក​ណា​ហូប​បាយ​បាន​ច្រើន​តែង​មាន​កម្លាំង​មាំ​មួន។ ផ្ទុយ​ទៅ​វិញ​ចំពោះ​អ្នក​ជំងឺ​ដែល​ដាច់​បាយ​នោះ​ និង​មាន​កម្លាំង​ថមថយ​រហូត​ដល់​ស្លាប់​ជា​មិន​ខាន។

ដូច្នេះ​តាម​រយៈ​ចម្លាក់​ស្តីពី​ការ​កូរ​សមុទ្រ​ទឹក​ដោះ​ពី​បុរាណ​នោះ​វា​ជា​ប្រភព​នៃ​គំនិត​ដូន​តា​បញ្ជាក់​អំពី​ការ​ងារ​កសិករ​ ដែល​ត្រូវ​ការ​ទឹក​ជា​ចាំ​បាច់​ដូច​មាន​នាគ​វ៉ាសុគី​ជា​តំណាង​ទឹក​នោះ​ស្រាប់។ ដូច្នេះរឿងកូរសមុទ្រទឹកដោះនេះគឺមានជាប់ពាក់ព័ទ្ធទៅនឹងកសិកម្មខ្មែរនៅសម័យអង្គរ តែផ្អែកទៅលើគោលបំណងតែមួយមុខនេះគឺមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយនោះទេ។ វាអាចមានជាចំណោទផ្សេងទៀតថា ហេតុអ្វីបានជា ព្រះបាទសូរិយាវរ្ម័នទី ២ បានឆ្លាក់ទេវកថា កូរសមុទ្រទឹកដោះនេះនៅលើ ជញ្ជាំងប្រាសាទអង្គរវត្តដែលជាប្រាសាទថ្មធំជាងគេបង្អស់ដើម្បីអ្វី? ជាវណ្ណកម្មរួមចុងក្រោយ ការឆ្លាក់រឿងកូរសមុទ្រទឹកដោះនៅលើជញ្ជាំងប្រាសាទអង្គរក្រោមការបង្គាប់បញ្ជារបស់ព្រះបាទសូរិយា វរ្ម័នទី ២ នាសតវត្សរ៍ទី ១២ នៃគ្រិស្តសករាជ គឺជាការលើកតម្តើងនូវសម្មិទ្ធិផលរបស់ព្រះមហាក្សត្រ អង្គនេះផ្ទាល់ដែលបានស្ថាបនានូវខឿន អារ្យធម៌ – វប្បធម៌ខ្មែរនាសម័យអង្គរ ។ បើគេនិយាយ ម្យ៉ាងទៀត ចម្លាក់កូរសមុទ្រទឹកដោះ គឺជាការរំលឹក គុណបំណាច់របស់ព្រះរាជាដែលបានបំពេញ នូវតួនាទី ចម្បងបំផុតនៃផ្ទៃក្រោមហាក់បីដូចជាព្រះអាទិទេពនៅលើឋានសួគ៌ គឺជាការផ្តល់នូវទឹកអម្រឹត ដែលជាប្រភពនៃជីវិតអមតៈ ដើម្បីទ្រទ្រង់ជីវិត ឬក៏ផ្តល់នូវស្ថេរភាពចំពោះសង្គមខ្មែរ ទូទាំងអតីត ព្រះរាជាណាចក្រ៕

អត្ថបទដោយ កញ្ញា អ៊ុំ ច័ន្ទលក្ខិណា

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

វិភាគ៖ តើអាមេរិក និង ចិនកំពុងប្រលែងលេងនឹងសង្គ្រាមត្រជាក់ឬយ៉ាងណា?

ក្រុងវ៉ាស៊ីនតោន៖ សង្គ្រាមពាក្យសំដីរវាងសហរដ្ឋអ[...]

យុវតី និត្តា ពង្រឹងវិន័យផ្ទាល់ខ្លួន ដើម្បីទទួលយកការសិក្សាe-learning

ក្នុងស្ថានភាពពិភពលោកធ្លាក់ចូលក្នុងវិបត្តិកូវី[...]

ទិវានៃការចងចាំរបបខ្មែរក្រហម   សម្ដេចហ៊ុនសែនអំពាវនាវសុំអោយបន្តជួយរក្សាសន្តិភាព

ថ្ងៃទី២០ឧសភានេះ គឺជាទិវានៃការចងចាំដែលរបបកម្ពុ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត