loader

ព្រះបាទសូរ្យវរ្ម័នទី២ ជាស្ដេចវាយបង្រ្កាបអ្នកបំបែកទឹកដីហើយបង្រួបបង្រួមនគរឡើងវិញ

ព្រះមហាក្សត្រ​ខ្មែរ​មួយ​អង្គ​ដែល​ជា​អ្នក​ផ្ដួចផ្ដើម​សំណង់​ស្ថាបត្យកម្ម​អង្គរដ៏ល្បីល្បាញ ហើយបានក្លាយជា​​និមិត្ត​រូប​នៃ​ប្រទេស​កម្ពុជា គឺ​ព្រះបាទ​សូរ្យវរ្ម័នទី២។ ស្ដេចអង្គនេះ បាន​ឡើង​គ្រងរាជ្យ​ បន្ទាប់​ពី​បាន​ធ្វើ​គត់​ព្រះរាជា​ពីរ​អង្គ ដែលបែកចែកនគរខ្មែរជាពីរ។ ស្ដេចអង្គនេះ ហើយបានទាញនគរឱ្យស្ថិតក្នុងការ គ្រប់គ្រងតែមួយ កាលពីសម័យអង្គរ។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូនសេចក្ដី អត្ថាធិប្បាយ ៖

ព្រះបាទ​សូរ្យវរ្ម័នទី២ (ឆ្នាំ​១១១៣-ឆ្នាំ​១១៥០)

សិលាចារិកវត្តភូ បានបញ្ជាក់ថា ព្រះបាទ​សូរ្យវរ្ម័នទី២ ទ្រង់បានឡើងសោយរាជ្យដោយ បង្រួបបង្រួម​អាណាចក្រពីរចូលគ្នាវិញ។ យ៉ាង​ណា​ក៏ដោយ ការ​ដណ្ដើម​អំណាច​ឡើង​គ្រងរាជ្យ​របស់​ព្រះអង្គ ពោរពេញ​ទៅ​ដោយ​ការ​បង្ហូរ​ឈាម។ បើតាម សីលាចារិក គឺអាណាចក្រទី១ ស្ថិតក្រោមការគ្រប់គ្រងរបស់ ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១ដែលគេមិនស្គាល់រាជធានីពិទប្រាកដ ។ចំណែកអាណាចក្រទី២ គ្រប់​គ្រង​ដោយ ព្រះបាទ​នឫទិន្ទ្រវរ្ម័នដែលបានសោយរាជ្យនៅអង្គរតាំងពី១០៨០ម្លេះ។

ដំបូង ព្រះបាទ​សូរ្យវរ្ម័នទី២ ធ្វើ​គត់​ព្រះបាទ​ធរណិន្ទ្រវរ្ម័នទី១ ជា​ឪពុក​មា​របស់​ខ្លួន ហើយបន្ទាប់​មក ព្រះអង្គ​ក៏​បាន​លើក​ទ័ព​ទៅ​ច្បាំង​ជាមួយ​ព្រះបាទ​នឫទិន្ទ្រវរ្ម័ន ស្ដេច​សោយរាជ្យ​នៅ​រាជធានី​អង្គរ ហើយ​ធ្វើ​គត់​ព្រះអង្គ​បាននៅទីនោះតែម្ដង។ នេះជាសង្រ្គាមមួយ ផ្ទុះក្នុងនគរពីរដាច់ដោយឡែកពីគ្នា។

ការ​ធ្វើ​គត់​ព្រះរាជា​ទាំង​ពីរ​ដែល​ចែក​ដី​គ្នា​គ្រងរាជ្យ​  ក្នុង​ពេល​តែ​មួយ​នេះ បាន​ធ្វើ​អោយ​ព្រះបាទ​សូរ្យវរ្ម័នទី២ ឈ្វេងយល់ពីការចង់ទាញនគរមកតែមួយចូលគ្នាវិញ។

ក្រោយ​ពី​ធ្វើ​គត់​ព្រះរាជា​ទាំង​ពីរ​បាន​ហើយ ព្រះអង្គ​ក៏​ទ្រង់​ឡើង​សោយរាជ្យ​នៅ​រាជធានី​អង្គរ។

លុះ​ទ្រង់​បាន​ឡើង​សោយរាជ្យ​ហើយ ព្រះអង្គ​ទ្រង់​បាន​ភ្ជាប់​ចំណង​មិត្តភាព​ជាមួយ​នគរចិន ឡើង​វិញ គឺនៅពេលនោះ​ព្រះអង្គ​បាន​បញ្ជូន​គណៈ​បេសកកម្ម​ការទូត​ពីររូប​ទៅ​នគរចិន​ចិន គឺ​មួយ​នៅ​ឆ្នាំ​១១១៦ និង​មួយ​ទៀត​នៅ​ឆ្នាំ​១១២០ ។

ព្រះអង្គជាស្ដេចសឹក

តាមសៀវភៅ ប្រវត្តិសាស្ត្ររបស់អ្នកនិពន្ធត្រឹងងា គឺព្រះបាទ​សូរ្យវរ្ម័នទី២ ជា​ស្ដេច​សឹក​ដ៏​អង់អាច​ក្លាហាន។ ព្រះអង្គ​បាន​ធ្វើ​សង្គ្រាម​ជា​ញឹកញាប់ ច្រើនណាស់ ។ នៅភាគខាងកើតនគរ ព្រះអង្គបានដឹកនាំទ័ព ចម្បាំង ជាមួយនឹងនគរចាម្ប៉ា។ បុព្វហេតុនៃសង្រ្គាមគឺដោយសារតែ ​នគរ​ចាម្ប៉ា ​បាន​បញ្ជូន​ទ័ព​មក​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​តាំង​ពី​មុន​រាជ្យ​របស់​ព្រះអង្គ គឺ​ពេល​ដែល​នគរខ្មែរបែក​បាក់​គ្នា ហើយ​មាន​ស្ដេច​សោយរាជ្យ​ដល់​ទៅ​ពីរ​អង្គ​ក្នុង​ពេល​តែ​មួយ​នោះ គឺក្នុងរជ្ជកាលរបស់ ស្ដេចពីរអង្គដែលព្រះបាទ​សូរ្យវរ្ម័នទី២ បានដណ្ដើមរាជ្យ និងធ្វើគត់។

 សង្គ្រាម​ជាមួយ​ណគរ​ចម្ប៉ានេះគឺព្រះអង្គ​បាន​ទទួល​ជោគជ័យ ហើយ​ខ្មែរ​បាន​កាន់​កាប់​រាជធានី​វិជ័យគឺ​ពី​ឆ្នាំ​១១៤៥ ដល់​ឆ្នាំ​១១៤៩ ហើយ​ដាក់​ប្អូន​ថ្លៃ​ព្រះអង្គ​ឈ្មោះ ហរិទេវៈ អោយ​សោយរាជ្យ​នៅ​នគរ​នោះ​។

ចំណែ​កច្បាំង​នឹង​យួន​ដៃ​វៀតវិញ ក៏ព្រោះតែ នគរនេះ ​ចេះ​តែ​ឃុបឃិត​គាំទ្រ​ពួក​ក្បត់ ហើយ​អនុញ្ញាត​អោយ​ពួក​នេះ​ជ្រក​កោន។

នៅប៉ែកខាងលិចវិញ គឺចម្បាំងជាមួយនឹង ​ក្សត្រ​បុរី​ថៃ ដែល​ក្រោក​បះបោរ​នៅ​វាល​ទំនាប​ខាង​លើ​នៃ​ទន្លេ​មេណាម ហើយទន្ទឹមនឹងនេះ ព្រះអង្គក៏ធ្វើចម្បាំង​​ជាមួយ​ពួក​មន នៅ​នគរហរិបុញ្ជ័យ ។

ក្នុង​រជ្ជកាល​របស់​ព្រះអង្គ ​ គឺនគរ​ខ្មែរ​មាន​វិសាលភាព​ធំ​ទូលាយ​ណាស់ គឺ​ខាង​ជើង​ទល់​នឹង​នគរ ចិន ខាង​ត្បូង​ទល់​នឹង​សមុទ្រ​ចិន រហូត​ដល់​ឈូង​សមុទ្រ​បានឌុង នៅ​ម៉ាឡេស៊ី។ ខាង​លិច​ទល់​នឹង​នគរ ភូមា ហើយ​ព្រំប្រទល់​ខាង​កើត​ទល់​នឹង​នគរចាម្ប៉ា។

វិស័យសាសនា

ព្រះបាទ​សូរ្យវរ្ម័នទី២ ទ្រង់​ជា​មគ្គុទ្ទេសក៍​ដ៏​ឆ្លាត​វាង​វៃ​ក្នុង​ការ​ដឹក​នាំ​នគរ។ ព្រះអង្គ​ជា​ព្រះមហាក្សត្រ​ខ្មែរ​ដំបូង​បំផុត ដែល​មាន​ជំនឿ​ស៊ប់​លើ​សាសនា​ព្រាហ្មណ៍​គណៈ​ព្រះវិស្ណុ ដែល​ក្នុង​សម័យ​នោះ​មាន​ប្រជាប្រិយភាព​ធំធេង​នៅ​ ​ឥណ្ឌា ។

នៅ​ក្នុង​រាជ្យ​របស់​ព្រះអង្គ បដិមា​តំណាង​ព្រះរាជា​ដែល​​តម្កល់​ក្នុង​ប្រាសាទ​ធំៗ លែង​ជា​សិវលិង្គ​របស់​ព្រះ​ឥសូរ តែ​ជា​ព្រះវិស្ណុ​បដិមា​វិញ។ ព្រះអង្គ​បាន​លើក​តម្កើង​សាសនា​ព្រាហ្មណ៍​គណៈ​វិស្ណុ នេះ​អោយ​ទៅ​ជា​សាសនា​របស់​រដ្ឋ។

វិស័យ​សំណង់

 ព្រះបាទ​សូរ្យវរ្ម័នទី២ ទ្រង់​ជា​ព្រះមហាក្សត្រ​មួយ​អង្គ​ដែល​មាន​ស្នា​ព្រះហស្ត​យ៉ាង​ច្រើន​សម្បើម ដោយ​ព្រះអង្គ​បាន​បន្ត​ការ​ស្ថាបនា​ប្រាសាទ​ភ្នំ​ជីសូរ ប្រាសាទ​ភ្នំ​សណ្ដក ប្រាសាទ​វត្ត​ភូ និង​ប្រាសាទ​ព្រះវិហារ។

ទាំងនេះ ជាសំណង់ នៃរចនាបទមុនៗ ។ ចំណែកសំណង់​ថ្មី​មាន​ប្រាសាទ​ព្រះពិធូរ ប្រាសាទ​ចៅសាយទេវតា ប្រាសាទ​ធម្មនន្ទ ប្រាសាទ​បន្ទាយសំរ៉ែ និង​ប្រាសាទ​អង្គរវត្ត

ប្រាសាទ​អង្គរវត្ត  ​ទី​ដែល​​តម្កល់​បដិមា​ព្រះវិស្ណុ ហើយគិតថា​អាច​ជា​ទី​បញ្ចុះ​ព្រះ​ធាតុ​របស់​ព្រះអង្គ នៅពេល​ព្រះអង្គ​សោយ​ទិវង្គត​នៅទិនោះ។

ព្រះបាទ​សូរ្យវរ្ម័នទី២ ទ្រង់​ឡើង​គ្រងរាជ្យ​ពី​ឆ្នាំ​១១១៣ ហើយ​ប្រហែល​ជា​ទ្រង់​សោយ​ទិវង្គត នៅ​ឆ្នាំ​១១៤៩ ឬ​ឆ្នាំ​១១៥០ ដោយ​មាន​ព្រះ​មរណនាម​ថា បរមវិស្ណុលោក។

បន្ទាប់ពីព្រះអង្គ សោយ​ទិវង្គតទៅ គឺព្រះបាទ ធរណីន្ទ្រវរ្ម័នទី២ ត្រូវបានលើកអោយឡើង​សោយ​រាជ្យបន្ត។ ព្រះបាទ ធរណីន្ទ្រវរ្ម័នទី២ គឺប្អូនជីដូនមួយរបស់ព្រះបាទ​សូរ្យវរ្ម័នទី២។ ព្រះបាទ ធរណី​ន្ទ្រវរ្ម័នទី២​គឺជាព្រះបិតា នៃព្រះបាទជ័យវរ្ម័នទី៧ ដែលជាស្ដេចសឹងនៃសម័យអង្គរផងដែរ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

បទវិភាគ៖តើស្ថានភាពនេះកម្ពុជាគួរធ្វើតាមឱវាទរបស់ប្រធានាធិបតីត្រាំថាដាក់ប្រជាធិបតេយ្យលើផ្លូវត្រឹមត្រូវវិញ

ចាប់តាំងពីសហរដ្ឋអាមេរិកមានឯកអគ្គរដ្ឋទូតថ្មីប្[...]

អ្នកជំនាញភូមិសាស្រ្ដនយោបាយអន្ដរជាតិ៖យុវជនកម្ពុជាស្ថិតលើវិថីនៃការផ្លាស់ប្ដូរផ្នត់គំនិតខណៈពួកគេសម្លឹងមើលការវិលមកវិញរបស់លោកសមរង្ស៊ី

កញ្ញា ពៅនិកាជូនសេចក្ដីប្រែសម្រួល៖ ក្នុងដំណើរម[...]

វិភាគ៖អាស៊ានក្លាយជាសមរភូមិការទូតដ៏ស្វិតស្វាញចុងក្រោយរវាងក្រុមលោកសមរង្ស៊ីនិងបក្សកាន់អំណាច

ក្រុមលោកសមរង្ស៊ី ដែលត្រូវបានពណ៌នាថា ជាក្រុមប្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត