loader

សភាអាស៊ានដើម្បីសិទិ្ធមនុស្ស ថា ការបោះឆ្នោតនៅកម្ពុជាស្ថិតក្រោមបរិយាកាសគំរាមកំហែង(មានសំឡេង)

ក្រុមសមាជិកសភាអាស៊ានដើម្បីសិទិ្ធមនុស្សបានចេញសេចក្ដីថ្លែងការណ៍ដោយចាត់ទុកការបោះឆ្នោតនៅចុងខែកក្កដាខាងមុខនេះ ស្ថិតក្រោមការគំរាមកំហែងជាការធ្វើអោយប៉ះពាល់ជាខ្លាំងសិទ្ធិជាមូលដ្ឋានរបស់អ្នកបោះឆ្នោត។ ស្របពេលជាមួយគ្នា សមាជិកសភា អាស៊ាន មួយក្រុមនេះ បានសម្ដែងការព្រួយបារម្ភករណីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បង្គាប់អោយរដ្ឋអាជ្ញាផ្ដើមប្ដឹងលោកសមរង្ស៊ីករណីប្រមាថព្រះមហាក្សត្រ។ តែបែបនេះក្ដី មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចឮចាត់ទុកសេចក្ដីថ្លែងការណ៍នេះថា ជាឧបករណ៍របស់បក្សប្រឆាំង។

 លោក សោម លាភ ជូនសេចក្ដីលំអិត ៖

សេចក្ដីថ្លែងការណ៍របស់សមាជិកសភាអាសានដើម្បីសិទ្ធិមនុស្ស(APHR)  ធ្វើឡើងពីរដ្ឋធានីចាកាតានៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃ ទី១២ មិថុនា។ សេចក្ដីថ្លែងការណ៍នេះ បានលើកឡើងជាច្រើនអំពីស្ថានការណ៍នយោបាយនៅកម្ពុជាដោយបានហៅបរិយាកាសនាពេលនេះថា ធ្វើអោយអ្នកបោះ ឆ្នោតភ័យខ្លាចដោយសារមន្ត្រីមួយចំនួនរបស់បក្សកាន់អំណាច និងស្ថាប័នខ្លះ ប្រើប្រាស់វិធានច្បាប់គំរាមកំហែងអ្នកបោះឆ្នោតដែលពួកគេមិនចង់ទៅបោះឆ្នោត។  សេចក្ដីថ្លែងការណ៍ក៏បានទាមទារអោយដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត។

លោក Charles Santiago ប្រធាន សមាជិកសភាអាស៊ានដើម្បីសិទិ្ធមនុស្ស  និងជាសមាជិកសភានៃប្រទេសម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍នេះថា វិធានការរបស់រដ្ឋាភិបាលនៅពេលនេះ គឺជាការដាក់សម្ពាធ និងគំរាមកំហែង អ្នកបោះឆ្នោតហើយមិនឆ្លុះពីឆន្ទៈរបស់ប្រជាជននោះទេ។​

យ៉ាងណាក៏ដោយអ្នកនាំពាក្យបក្សកាន់អំណាចមិនចាប់អារម្មណ៍នឹងសេចក្ដីថ្លែងការណ៍នេះទេ។ លោក សុខ ឥសាន្ត ចាត់ទុកលោក Charles Santiago ជាអ្នកនយោបាយម៉ាឡេស៊ីលម្អៀងទៅរកគណបក្សប្រឆាំងនៅកម្ពុជា។ លោក ថាក្រុមនេះ កំពុងបំពានគោលការណ៍អាស៊ាន។

តែជាមួយគ្នានេះ  ក្រុមសមាជិកសភា អាស៊ាន ដែលបានចេញសេចក្ដីថ្លែងការណ៍នេះ  បានដាក់ការព្រួយបារម្ភអំពីចំណាត់ការរបស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដែលបង្គាប់អោយ ព្រះរាជអាជ្ញានៃតុលាការរាជធានីភ្នំពេញ កសាងសំណុំរឿងប្ដឹងលោក សម រង្ស៊ី ពីបទប្រមាថព្រះមហាក្សត្រ  បន្ទាប់ពីប្រធានអតីតប្រធានគណបក្សសង្រ្គោះជាតិចាត់ទុកលិខិតរបស់ព្រះករុណា​ដែលទទូចអោយពលរដ្ឋទៅបោះឆ្នោតជាលិខិតក្លែងក្លាយ។

ទាក់ទិននឹងការព្រួយបារម្ភរបស់ក្រុមសមាជិកសភាអាស៊ានមួយក្រុមនេះ  អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មិនបានចាត់ទុកក្រុមចេញសេចក្ដីថ្លែងការណ៍នេះ តំណាងអោយអង្គការអាស៊ានជាផ្លូវការនោះទេ។ លោកថា ករណីរបស់លោកសមរង្ស៊ីគឺត្រូវអនុត្តក្រោមទិដ្ឋភាពច្បាប់ របស់កម្ពុជាដែលក្រសួងយុត្តិធម៌ មានដែនសមត្ថកិច្ចចំពោះករណីបែបនេះ។

កម្ពុជានឹងមានការបោះឆ្នោតសភានីតិកាលទី ៦នៅថ្ងៃទី ២៩កក្កដា ។ តែការបោះឆ្នោតនេះស្ថិតក្នុងភាពប្រទាញប្រទង់ជាខ្លាំងរវាងក្រុមមួយចង់ទៅបោះឆ្នោតនឹងក្រុមមួយទៀតដែលធ្លាប់គាំទ្រ គណបក្ស សង្រ្គោះជាតិ មិនចង់ទៅបោះឆ្នោត។ ការណ៍នេះ នាំអោយមានការព្រួយបារម្ភពីតម្លៃនៃការបោះឆ្នោត ខណៈបក្សនយោបាយចំនួន ២០បានចុះឈ្មោះបោះឆ្នោត កំពុងអូសទាញអ្នកចេញទៅបោះឆ្នោតអោយបានច្រើន ៕  

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រុមបាល់ទាត់អាល្លឺម៉ង់៖ ពួកយើងនឹងត្រឡប់មកជាជើងខ្លាំងវិញជាថ្មី 

World Cup៖ ក្រុមការពារតំណែងជើងឯក អាល្លឺម៉ង់ ប[...]

Ronaldoបំបែកកំណត់ត្រា World Cup ក្លាយជាកីឡាករវ័យចំណាស់ជាងគេសុតបាល់ Hat-Trick

World Cup ៖ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញរវា[...]

យុវជន​ និង​ក្មេងៗ​នៅ​វៀតណាម​ ចាម​ផ្ដើម​វក់វី​ នឹង​ព្រឹ​ត្ដិ​ការណ៍​បាល់ទាត់​ពិភពលោក​នៅ​រុ​ស្ស៊ី​

​គេហទំព័រ ​វៀតណាម​ Vietnam Net ​ បាន​ចុះ​ផ្សា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត