loader

សម្ដេច ហ៊ុន សែន ថា ពិរុទ្ធជនកឹមសុខាមិនអាចលើកលែងទោសឡើយតែអ្នកវិភាគថាករណីនយោបាយអាចធ្វើបាន

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លើយតបទៅនឹងលោក សម រង្ស៊ី ដែលថា លោក កឹម សុខា នឹងត្រូវបានដោះលែងឆាប់ៗនេះ តែសម្ដេចថា មិនមានសិទ្ធិស្នើទៅព្រះមហាក្សត្រដើម្បីឱ្យដោះលែងពិរុទ្ធជនដែលមិនទាន់មានសាលក្រម ឬសាលដីកា ផ្ដន្ទាទោសជាស្ថាពរនោះទេ។យ៉ាងណា អ្នកវិភាគថា ការដោះលែងលោក កឹម សុខា អាចធ្វើទៅបានអាស្រ័យទៅលើការត្រូវស្ថានភាពនយោបាយ ព្រោះករណីនេះជាករណីនយោបាយ។ លោក សោម លាភ ជូនសេចក្ដីរាយការណ៍! 

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ ក្នុងឱកាសជួបកម្មករ កម្មការិនី នៅខេត្តតាកែវ នៅថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ ២០១៨នេះ។

យ៉ាងណា ការថ្លែងនេះ ជាការឆ្លើយតបចំពោះលោក សម រង្ស៊ី អតីតប្រធានកណបក្សសង្រ្គោះជាតិដែលបានផ្សព្វផ្សាយសំណេរនៅលើទំព័រហ្វេសបុករបស់ខ្លួនកាលពីម្សិលមិញករណីលោក កឹម សុខា។  

លោក សម រង្ស៊ី សរសេរថា លោកបានទទួលព័ត៌មានពីផ្ទៃក្នុងរបស់គណបក្សកម្ពុជា ថា សម្ដេច ហ៊ុន សែន នឹងដោះលែងលោក កឹម សុខា នៅចុងឆ្នាំ ២០១៨ ខាងមុខនេះ ក្នុងឱកាសខួបទី២០នៃនយោបាយឈ្នះៗរបស់នាយករដ្ឋមន្ត្រីកម្ពុជា។

បើទោះបីជាអតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិរូបនេះទទួលបានព័ត៌មានផ្ទៃក្នុងពីបក្សកាន់អំណាចបែបនេះក្ដី ក៏លោក សម រង្ស៊ី នៅតែឱ្យដឹងថា ការដោះលែងលោក កឹម សុខា គឺដោយសារតែមានសម្ពាធពីអន្តរជាតិ។

ក្នុងនោះផងដែរ លោក សម រង្ស៊ីថា សហគមន៍អន្តរជាតិមិនមានជំនឿឡើយ ចំពោះការចោទប្រកាន់លោក កឹម សុខា បែបនេះ។ យ៉ាងណា សហគមន៍អន្តរជាតិមិនឱ្យតុលាការកម្ពុជា កាត់ទោសលោក កឹម សុខា ពីបទក្បត់ជាតិបានទេ បើតុលាការនោះមិនចោទប្រកាន់រូបលោកពីបទនេះដូចគ្នា។

ជាការឆ្លើយតប  សម្ដេច ហ៊ុន សែន បញ្ចេញប្រតិកម្មដោយបញ្ជាក់ច្បាស់ៗថា សម្ដច មិនមានសិទ្ធិស្នើឱ្យព្រះមហាក្សត្រចេញព្រះរាជ្យក្រឹត្យយលើកលែងទោសឱ្យនរណាម្នាក់នោះទេ ខណៈដែលមិនទាន់មានការផ្ដន្ទាទោសជាស្ថាពរ ឬសាលក្រម ឬសាលដីកាស្ថាពរឡើយ។

យ៉ាងណាមិញ សម្ដេច ហ៊ុន សែន ហៅការថ្លែងរបស់លោក សម រង្ស៊ីនេះថា ជាការបោកចិញ្ចឹមឆ្នាំង។ សម្ដេច ជម្រុញឱ្យមនុស្សមួយចំនួនដែលតែង តែជឿសម្ដីរបស់លោក សម រង្ស៊ី ឱ្យបន្តជឿទៀតចុះ។

យ៉ាងណា អ្នកវិភាគសង្គម និងនយោបាយបញ្ជាក់ថា តាមប្រសាសន៍របស់សម្ដេច ហ៊ុន សែនបែបនេះគឺជាការត្រឹមត្រូវ។  ប៉ុន្តែរឿងក្ដីពាក់ព័ន្ធនឹងសំណុំរឿងលោក កឹម សុខា មានចរិកលក្ខណៈនយោបាយច្រើនជាងច្បាប់តាំងពីដំបូង។​

កញ្ញា លី​ ស្រីស្រស់ ប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី ៧ វិច្ឆិកា នេះថា ប្រសិនបើសម្ដេចនាយករដ្ឋមន្ត្រីចង់ដោះលែងលោក កឹម សុខា គឺសម្ដេចនឹងអាចធ្វើទៅបានបើសិនជាការដោះស្រាយនយោបាយត្រូវគ្នា។កញ្ញាបញ្ជាក់ថា ប្រសិនបើតុលាការកម្ពុជាឯករាជ្យ នោះរឿងក្ដីលោក កឹម សុខា មិនអាចឈានដល់ដំណាក់កាលស៊ើបសួរនោះទេ។

កាលពីថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៧ នៅម៉ោងប្រមាណ ១២ និង៣៥ នាទីយប់ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន។

យ៉ាងណា ការចាប់ខ្លួនលោក កឹម សុខា នេះ ក្រោមបទចោទថា ក្បត់ជាតិ ដោយធ្វើតាមបញ្ជារបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកគំរូតាមប្រទេសយូហ្គោស្លាវី និងសើប៊ី។

ការចាប់ខ្លួនលោក កឹម សុខា គឺផ្អែកទៅលើវីដេអូមួយ ដែលលោក កឹម សុខា បាន ថ្លែងនៅចំពោះមុខអ្នកគាំទ្រនៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ២០១៣។លោក កឹម សុខា ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នកាលពីថ្ងៃទី ១០ កញ្ញា ឆ្នាំ ២០១៨ ខណៈលោក ត្រូវបានតុលាការឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុងអស់រយៈពេល ជាងមួយឆ្នាំ ដោយមិនទាន់មានសាលក្រម ឬសាលដីកាស្ថាពរផ្ដន្ទាទោសឡើយ៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោក សម រង្ស៊ី ប្រាប់ទៅសម្ដេច ហ៊ុន ​សែន ពុំចាំបាច់ផ្ដល់សិទិ្ធដល់១១៨រូបទេ តែមន្ត្រីកាន់អំណាចថាលោកសមរង្ស៊ីគ្មានសិទ្ធិទេ

ភ្នំពេញ៖  លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្[...]

មន្រ្តីសិទ្ធិមនុស្ស៖អ្វីរដ្ឋាភិបាលសន្យាការលំហសេរីភាព គឺគ្រាន់តែប្រកាសឲ្យល្អមើលប៉ុណ្ណោះ

ក្រុងភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញ គឺជាទិវាសិទ្ធ[...]

សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលអនុវត្តជាក់ស្តែងលើការបន្ថូរបន្ថយស្ថានការណ៍នយោបាយ

ភ្នំពេញ៖ មន្រ្តីអង្គការផ្នែកសិទ្ធិមនុស្សមួយរូ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត