loader

ស.អ.កថាឈឺចាប់រឿង EU យកពន្ធអង្ករហើយ ថែមទាំងរឿងពិចារណាដកEBAទៀត

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជាទទួចឱ្យសហភាពអឺរ៉ុបគិតឱ្យច្បាស់មុននឹងសម្រេចចិត្ត ខណៈសហភាពនេះយកពន្ធអង្ករពីកម្ពុជា ដែលការណ៍នេះធ្វើឱ្យកម្ពុជាឈឺចាប់ ហើយថែមទាំងកំពុងតែពិចារណាដកប្រពន្ធអនុគ្រោះពន្ធEBA ពីកម្ពុជាទៀត ។ ការបញ្ជាក់បែបនេះ ធ្វើឡើងក្រោយពេលដែលអ៊ឺរ៉ុបបិទបញ្ចប់ការពិនិត្យថាផ្ដល់ ឬមិនផ្ដល់ EBA ដល់កម្ពុជា បើទោះបីជាមិនទាន់មានលទ្ធផល​ផ្លូវ​ការ​ប្រកាសនៅឡើយ ។

រាយការណ៍ដោយលោក សោម លាភ

សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី ២២ សីហានេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយទទួចដល់សហភាពអឺរ៉ុបឱ្យជួយលើកកម្ពស់ជីវភាពរបស់ប្រជាកសិករកម្ពុជាជាងកន្លះលានគ្រួសារ ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះ បានរៀបរាប់ថា នៅដើមឆមាសទី១ ក្នុងឆ្នាំ២០១៩ ប្រទេសកម្ពុជា បាននាំចេញអង្ករបានជិត ៩៣,០០០តោន ទៅកាន់ទីផ្សារអឺរ៉ុប ។ សហព័ន្ធស្រូវអង្ករកម្ពុជាបន្ថែមថា ចំនួននេះគឺជាចំនួនដ៏ច្រើនមួយ ប៉ុន្តែចំនួននេះទៀតសោត គឺបានត្រឹមតែពាក់កណ្តាលតែប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ការណ៍នេះ ដោយសារតែនេះជាឆ្នាំទីមួយ ដែលអឺរ៉ុប បានកំណត់យកពន្ធលើការនាំចូលពីកម្ពុជា ។

សហព័ន្ធស្រូវអង្ករកម្ពុជាហៅកាត់ថា ស.អ​.ក បានទទួលស្គាល់ថា ការកំណត់ពន្ធនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិករកម្ពុជាជាង ៥០០,០០០ គ្រួសារ ដែលប្រឹងប្រែងចិញ្ចឹមជីវិតដោយ ការដាំដុះស្រូវក្រអូបផ្កាម្លិះ ស្រូវក្រអូបគ្រាប់វែង ។ ស្រូវប្រភេទទាំងនេះ គឺជាប្រភេទពូជស្រូវដែលបានដាំដុះនៅក្នុងតំបន់ភូមិសាស្ត្រជាក់លាក់មួយ ហើយមិនប្រកួតប្រជែងដោយផ្ទាល់ជាមួយផលិតផលដែលបានដាំដុះនៅអឺរ៉ុបនោះឡើយ ។

ស.អ.ក ថា បញ្ហាទាំងនេះធ្វើឲ្យមានឈឺចាប់ មិនទាន់គ្រប់គ្រាន់នៅឡើយទេ តែឥឡូវសហគមន៍អឺរ៉ុប កំពុងពិចារណា ដកនូវប្រព័ន្ធកម្មវិធីអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ថែមទៀតផង ។

សេចក្ដីប្រកាសព័ត៌មានដដែល ក៏បង្ហាញពីអត្ថប្រយោជន៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ គឺបានអនុញ្ញាតឲ្យនាំចូលទំនិញពីកម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត បាននាំចូលទៅកាន់ទីផ្សារអឺរ៉ុប ដោយរួចពន្ធនាំចូល និងពន្ធអាករណ៍ផ្សេងៗ ។

យ៉ាងណាសហព័ន្ធស្រូវអង្ករកម្ពុជា ចោទថាអ្នកតាក់តែងច្បាប់របស់អ៊ឺរ៉ុប ថាកំពុងគំរាមកំហែង ដែលឈានដល់ការបញ្ចប់នូវការអនុគ្រោះនេះ ដើម្បីដាក់សម្ពាធឲ្យមានការកែទម្រង់នយោបាយនៅកម្ពុជា ។ ការណ៍នេះ គឺជាការវាយបំផ្លាញមួយ ដែលនាំឲ្យឧស្សាហកម្មស្រូវអង្ករ ត្រូវខ្ទេចខ្ចី និងប៉ះពាល់ដល់ជីវភាពគ្រួសារកសិករ ។

សហព័ន្ធស្រូវអង្ករកម្ពុជាបានរំលឹកថា ចាប់តាំងពីឆ្នាំ២០០១មក ប្រព័ន្ធអនុគ្រោះពន្ធ អ្វីៗទាំងអស់លើកលែងតែអាវុធ ឬហៅកាត់ថា EBA មិនត្រឹមតែបានជួយសម្រួលនូវចរន្តទំនិញ សម្រាប់កម្ពុជាតែប៉ុណ្ណោះនោះទេ តែវាក៏បានផ្តល់គោលនយោបាយ ធានាសុវត្ថិភាពមួយលើសេដ្ឋកិច្ចកម្ពុជាទាំងមូល ដែលអាចផ្តល់លទ្ធភាពឲ្យមានកំណើនដ៏ខ្លាំងក្លា និងឧត្តមភាព នៃកំណើនតម្រូវការពីទីផ្សារពិភពលោកផងដែរ ។

មិនត្រឹមតែប៉ុណ្ណោះ សហព័ន្ធស្រូវអង្ករកម្ពុជាថា  ខ្លួនបានជួយដល់អ្នកផលិតឲ្យអនុវត្ត ស្របតាមកម្មវិធីដែលរៀបចំឡើង ដោយជំរុញឲ្យគោរពគោលការណ៍បង្កបង្កើនផលប្រកបដោយសីលធម៌ ការទទួលខុសត្រូវ និងមានចីរភាព ។ ជាគោលដៅសម្រាប់លើកកម្ពស់នូវប្រព័ន្ធមួយ ដែលមានសមធម៌ ហើយផ្តល់ផលប្រយោជន៍ជាក់លាក់ដល់ប្រជាកសិករ ។ ជាងនេះ អង្ករកម្ពុជា ត្រូវបានផលិតឡើងស្របតាមបទដ្ឋានអន្តរជាតិ ។

សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានទទូចឱ្យសហភាពអឺរ៉ុប ត្រូវគិតគូរឱ្យបានម៉ត់ចត់ មុននឹងសម្រេចធ្វើអ្វីមួយ ព្រោះបើគ្មាន EBA នោះទេ ការប្រឹងប្រែងទាំងប៉ុន្មាននឹងទៅជាក្លាយជាអសាបង់ ។

ជាចុងក្រោយនៃសេចក្ដីប្រកាសព័ត៌មាន សហព័ន្ធស្រូវអង្ករកម្ពុជា បានទទូចស្នើសុំដល់សហគមន៍អឺរ៉ុប ឲ្យជួយលើកកម្ពស់ជីវភាពប្រជាកសិករកម្ពុជា ចំនួនជាងកន្លះលានគ្រួសារ និងបន្តជួយរក្សាការងារ ដែលបាននិងកំពុងធ្វើកន្លងមក ។

កាលពីថ្ងៃទី ២១ សីហាម្សិលមិញ សហភាព​អឺរ៉ុបបាន​ផ្តល់​ជំនួយ​ចំនួន ១២៤​លាន​ដុល្លារ​ ដល់កម្ពុជាសម្រាប់គាំទ្រ​វិស័យ​កសិកម្មផ្នែកជលផល ។

ដោយឡែក ពាក់ព័ន្ធទៅនឹងពន្ធអនុគ្រោះពីសហភាពអឺរ៉ុបនេះ ចំពោះការយកពន្ធអង្ករពីកម្ពុជា ដែលសម្រេចជាផ្លូវការកាលពីដើមឆ្នាំ ២០១៩នេះ គឺមិនពាក់ព័ន្ធទៅនឹងស្ថានភាពនយោបាយ ឬការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ ពោលគឺដោយសារតែទាក់ទងទៅនឹងផលប្រយោជន៍ប្រជាជននៃប្រទេសជាសមាជិកសហភាពនេះតែប៉ុណ្ណោះ ។

បើតាមរបាយការណ៍ បន្ទាប់ពីអឺរ៉ុបយកពន្ធអង្ករពីកម្ពុជា ការនាំចូលអង្ករពីកម្ពុជាទៅទីផ្សារនៃប្រទេសទាំងនេះ មានការថយចុះ ខណៈមានការកើនឡើងការនាំចូលទៅប្រទេសវៀតណាម និងចិន ។

ដោយឡែក ការណ៍ដែលកំពុងតែដំណើរការដកEBA ពីកម្ពុជាវិញ ទើបទាក់ទងទៅនឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ ពោលគឺសហភាពអឺរ៉ុប បាននិងកំពុងតែបន្តទទួចដល់កម្ពុជាឱ្យស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ធ្វើឱ្យមានការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ។

បន្ទាប់ពីសហភាពអឺរ៉ុប បានបិទ​បញ្ចប់​ការ​ពិនិត្យ​លទ្ធភាព​ព្យួរ ​EBA ​ពី​កម្ពុជានៅ​ថ្ងៃ​ទី​១២​ខែ​សីហា ដែលសិក្សាអស់​រយៈ​ពេល​ប្រាំ​មួយ​ខែរួចមក រាជរដ្ឋាភិបាល​កម្ពុជាបាន​ផ្ញើ​របាយ​ការណ៍​លម្អិត ​ស្តីអំពី​លទ្ធផល​​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ ​ទៅ​កាន់​គណៈ​កម្មការ​អឺរ៉ុប ។ មន្ត្រីកម្ពុជាថា ការបញ្ជូនរបាយការណ៍នេះ ដើម្បីឱ្យសហភាពអឺរ៉ុបពិចារណារឿងការអនុគ្រោះពន្ធ ។

កន្លងមកថ្មីៗនេះ​ សមាគម​ថៅ​កែ​រោង​ចក្រ ឬ​ GMAC ​ព្រមានថា កម្មករ​ចំនួន​៧៥​ម៉ឺន​នាក់​អាច​នឹង​ជួប​វិបត្តិ​អត់​ការ​ងារ​ធ្វើ​ ហើយ​ក្រុម​គ្រួសារ​របស់​ពួកគេ​ចំនួន​៣​លាន​នាក់ នឹង​ទទួល​រង​ផល​ប៉ះពាល់​ ​ប្រសិន​បើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ការ​អនុ​គ្រោះ​ពន្ធ​នាំ​ទំនិញ​ពី​កម្ពុជា​មែន​នោះ ។​

អ្នករកស៊ីមួយចំនួនធំទៀត ក៏បានដាក់លិខិតទៅសហភាពអឺរ៉ុប ឱ្យពិចារណាលើកិច្ចការនេះដែរ ព្រោះនឹងប៉ះពាល់ធំជាងគេដល់ប្រជាជនកម្ពុជា ។

ប្រមុខដឹកនាំកម្ពុជា និងមន្ត្រីធំៗមួយចំនួនទៀត ធ្លាប់បានអះអាងម្ដងជាពីរដងថា ការដកការអនុគ្រោះពន្ធអង្ករ និងការដកឬមិនដកEBA មិនមែនជាបញ្ហាសម្រាប់កម្ពុជានោះទេ ព្រោះមានទីផ្សារផ្សេងទៀត ដូចជាចិន វៀតណាម និងប្រទេសផ្សេងទៀត ដែលទទួលការនាំចូលពីកម្ពុជា ដើម្បីបង្ហាញការកម្ពុជាអាចរស់ និងរីកចម្រើនទៅបាន ដោយការធ្វើពាណិជ្ជកម្មប្រកបដោយការប្រកួតប្រជែង ៕​

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាតំឡើងប្រាក់ឈ្នួលកម្មករនយោជិត ១៩០ដុល្លារ ខណៈពន្ធអនុគ្រោះប្រឈមនឹងការបាត់បង់

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារចេញផ្សាយន[...]

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អ្នកចូលរួមគាំទ្រគម្រោងជាមួយលោក សម រង្ស៊ី អាចជាប់ទោសរហូតដល់ ១០ ឆ្នាំ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា លោក សម[...]

សហរដ្ឋអាមេរិកបន្តជំរុញអោយកម្ពុជាដោះលែងសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិជាបន្ទាន់

រយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានប្រតិកម្មជាបន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត