loader

អង្គការ AVSF ព្រួយបារម្ភពីការថយចុះការចិញ្ចឹមសត្វលក្ខណៈគ្រួសារ

ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាលផ្តល់វគ្គបណ្តុះបណ្តាលដល់ភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីឲ្យចេះព្យាបាលសត្វ។ គោលបំណង ដើម្បីបង្កើនសុវត្ថិភាពចំណីអាហារ និងប្រាក់ចំណូល ។ តែបែបនេះក្ដីអង្គការនេះព្រួយបារម្ភពីការថយចុះសត្វចិញ្ចឹមនំាប៉ះពាល់ដល់ជីវភាពពេទ្យសត្វភូមិ និងកសិករ។

                                                  ពេទ្យសត្វភូមិចុះចាក់ថ្នំាសត្វគោប្រជាពលរដ្ឋ។ រូបភាព៖ ហ្វេសប៊ុកក្រសួងកសិកម្ម។

អង្គការក្រៅរដ្ឋាភិបាលបានបិទបញ្ចប់គម្រោងរយៈពេលជិត ២ ឆ្នំាក្នុងការបណ្តុះបណ្តាលដល់ភា្នក់ងារសុខភាពសត្វភូមិរាប់ពាន់នាក់ ក្រោមជំនួយថវិការបស់សហភាពអឺរ៉ុប (EU) និងទីភ្នាក់ងារអភិវឌ្ឍន៍បារំាង (AFD) តាមរយៈអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងអង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យសត្វគ្មានព្រំដែន និងអង្គការដៃគូ។

កាលពីឆ្នំាមុនការនំាចូលជ្រូកសាច់ពីប្រទេសវៀតណាមសម្រាប់តម្រូវទីផ្សារកម្ពុជា នំាឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកខ្នាតតូចប្រមាណ ៤០ ភាគរយសម្រេចបិទកសិដ្ឋាន ហើយអ្នកចិញ្ចឹមជ្រូកលក្ខណៈគ្រួសារក៏ត្រូវបានផ្អាក ព្រោះតម្លៃសាច់ជ្រូកក្នុងស្រុកធ្លាក់ថ្លៃយ៉ាងគំហុក។ នេះបើតាមប្រធានសហគមចិញ្ចឹមជ្រូក។

ការផ្ទុះជំងឺផ្តាសាយបក្សី និងជំងឺផ្តាសាយជ្រូកក៏ជាហេតុផលមួយទៀតនំាសាច់ជ្រូក មាន់ ទា ធ្លាក់ថ្លៃ រួមផ្សំទំាងកសិករក្នុងស្រុកបានបោះបង់ការចិញ្ចឹមគោ ក្របី ដើម្បីប្រើកម្លំាងអូសទាញ ងាកមកប្រើប្រាស់គ្រឿងយន្តជំនួសក្នុងវិស័យកសិកម្ម។ ប៉ុន្តែការចិញ្ចឹមគោ ក្របី ឬ មាន់ ទា សម្រាប់តម្រូវការម្ហូបអាហារនៅមានទីផ្សារនៅថេរ។

កត្តាទំាងនេះហើយនំាឲ្យ លោក លី គឹមលាង ប្រធានគម្រោងពេទ្យសត្វឆ្នើម នៃអង្គការអ្នកក្សេត្រសាស្រ្ត និងពេទ្យសត្វគ្មានព្រំដែន (AVSF) មានការព្រួយបារម្ភថា ភ្នាក់ងារសុខភាពសត្វភូមិអាចប្រឈមនឹងបាត់បង់ប្រាក់ចំណូល និងចំណេះជំនាញរបស់ពួកគាត់។ ការលើកឡើងនេះ នៅក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងហៅថា «ពេទ្យសត្វឆ្នើម» កាលពីថ្ងៃទី ៨ ខែ មិថុនា សប្តាហ៍មុន។

លោក លី គឹមលាង៖«ចំណូលមួយផ្នែកធំពីពេទ្យសត្វភូមិគឺការផ្តល់សេវាកម្មដល់អ្នកចិញ្ចឹមជ្រូក អញ្ចឹងក្រៅពីការផ្តល់ការចិញ្ចឹមជ្រូក វាមានគោ មានក្រក្រី អីអញ្ចឹងដែរ តែប្រភពចំណូលធំគឺជ្រូក អញ្ចឹកប្រសិនបើជាកសិករគាត់បោះបង់ការចិញ្ចឹមជ្រូកចោល អាសេវាកម្មរបស់គាត់ថយហើយ។ប៉ុន្តែខ្ញុំគិតថាឥឡូវតម្លៃជ្រូកវាប្រសើរឡើងវិញហើយ ប្រសិនបើរដ្ឋាភិបាលគាត់មានយន្តការក្នុង​​ការគំាទ្រឲ្យមានតម្លៃជ្រូកនឹងថេរ វាអាចជួយលើកទឹកប្រជាជនមានការចិញ្ចឹមជ្រូកឡើងវិញ អញ្ចឹកសេវាកម្មវាដើរឡើងវិញ​។​»

បើតាមរបាយការណ៍ប្រចំា ២០១៧ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថាការចិញ្ចឹមជ្រូកសម្រាប់ពាណិជ្ជកម្មមានចំនួនជាង ៧៤ ម៉ឺនក្បាល កើនឡើងជាងឆ្នំាមុន ២៤ ភាគរយ ហើយការចិញ្ចឹមមាន់ ទា កើនឡើង ៣. ៦ ភាគរយ ព្រោះការចិញ្ចឹមបែបពាណិជ្ជកម្មទទួលបានតម្រូវការទីផ្សារ និងចំណូលខ្ពស់។

លោកស្រី ឧក សាវិន អគ្គនាយករងនាយកដ្ឋានសុខភាពសត្វ ផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងនៅក្នុងសិក្ខាសាលានេះថា តម្លៃសាច់ជ្រូក និងបក្សីមានការងើបឡើងវិញបន្តិចនៅប៉ុន្មានខែដើមឆ្នំា ២០១៨នេះ។

លោក លី គឹមលាង បញ្ជាក់ថា គម្រោងពេទ្យសត្វឆ្នើមបានផ្តល់វគ្គបណ្តុះបណ្តាលដល់ភ្នាក់ងារសុខភាពសត្វភូមិ ចាស់ចំនួន ១៩០០ នាក់ និងភ្នាក់ងារសុខភាពសត្វភូមិថ្មី ២០០នាក់ នៅក្នុងខេត្តគោលដៅចំនួន ៦ ។ ខេត្តទំាងនោះ រួមមាន ខេត្តកំពងស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ឆ្នំាង ពោធិ៍សាត់ ហើយគម្រោងនេះជួយបង្កើតសហគមន៍ ភ្នាក់ងារសុខភាពភូមិចំនួន ១២ ផងដែរ។

របាយការណ៍នេះរកឃើញថា សត្វចិញ្ចឹមសរុបមានការកើនឡើង ៤២, ១៨ លានក្បាល នៅឆ្នំា ២០១៦ ដល់ ៤២, ៨៣ លានក្បាល នៅឆ្នំា ២០១៧។ ក្នុងនោះ គោកើនឡើង ១, ៧៦ ភាគរយ ជ្រូកកើនឡើង ៣,៤៩ ភាគរយ ហើយបក្សីកើនឡើង ១, ៤៣ ភាគរយ ប៉ុន្តែក្របីថយចុះ ២, ៨៤ ភាគរយ។

បើតាម លោក គឹមលាង ប្រធានគម្រោងពេទ្យសត្វឆ្នើមពន្យល់ថា ក្រោយពីបញ្ចប់គម្រោងនេះ ភ្នាក់ងារសុខភាពសត្វភូមិបានព្យាបាលសត្វគោ ក្របី ជ្រូក មាន់ សត្វសុនខ និងពពែ បានប្រមាណ ៣ម៉ឺនក្បាល។ ពេទ្យសត្វទំាងនោះព្យាបាលដោយផ្តល់ទម្លាក់ព្រូន ចាក់វ៉ាក់សំាង គ្រៀវ និងបង្កើនកូន ដោយទទួលបានចំណូលប្រមាណ ៦០ ម៉ឺនរៀលក្នុងមួយខែ។

របាការណ៍ក្រសួងឲ្យដឹងថា សហគមន៍កសិកម្មត្រូវបានបង្កើតឡើងចំនួន ៨៨០ ដែល មានសមាជិក ៩ ម៉ឺននាក់ គិតត្រឹមឆ្នំា ២០១៧។

បើតាមលោកស្រី ឧក សាវិន អគ្គនាយករងនាយកដ្ឋានសុខភាពសត្វ ផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងបន្តថា ដើម្បីរក្សាតម្លៃសាច់សត្វរស់នៅតម្លៃថេររាជរដ្ឋាភិបាលសម្រេចលុបមិនឲ្យមានការផ្តាច់សត្វឃាត់ដ្ឋានទៀតនោះទេ។

លោកស្រីថា ក្រសួងកសិកម្មនឹងផ្តល់សិទ្ធិឲ្យពេទ្យសត្វភូមិមានតួនាទីក្នុងត្រួតពិនិត្យអនាម័យនៅក្នុងសត្វឃាត់ដ្ឋាននៅក្នុងមូលដ្ឋានរបស់គាត់ ដោយផ្តល់វគ្គបណ្តុះបណ្តាលពេទ្យសត្វភូមិបន្ថែមទៀត។ បច្ចុប្បន្នសត្វឃាត់ដ្ឋានបានចុះបញ្ជីត្រឹមត្រូវមានចំនួន ១០០ កន្លែង។ លោកស្រីបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងខ្វះពេទ្យសត្វភូមិជាង២ពាន់ភូមិ ក្នុងចំណោមភូមិជាង ១ ម៉ឺន ទូទំាំងប្រទេស៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ពេញមួយខែឧសភា៖ រោងចក្របើកថ្មីចំនួន ៧ ផ្តល់ការងារដល់កម្មករជិត ៦ពាន់នាក់

ភ្នំពេញ៖ រយៈពេលពេញ​ ១​ខែ​ក្នុង​ខែ​ឧសភា ឆ្នាំ​[...]

តម្លៃ​ប្រេងសាំង​ លើ​ទីផ្សារ​ចុះថ្លៃ​តិច​តូច​

តម្លៃ​ប្រេងសាំង​ លើ​ទីផ្សារ​ចុះថ្លៃ​តិច​តូច​

ថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨

តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​ ចាប់ពី​ថ្ងៃ​[...]

សេដ្ឋកិច្ច ៖ តើធ្វើយ៉ាងណាទិញដីពុះឡូតិ៍ មិនចាញ់បោកគេ?

សេដ្ឋកិច្ច ៖ តើធ្វើយ៉ាងណាទិញដីពុះឡូតិ៍ មិនចាញ់បោកគេ?

ថ្ងៃព្រហស្បតិ៍ ទី៧ ខែមិថុនា ឆ្នាំ២០១៨

ក្រុងភ្នំពេញ៖ ស្របពេលដែល កំណើនប្រជាជនកំពុងកើន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត