loader

​ថៅកែ​ហាង​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ស្រី​ម្នាក់​ត្រូវ​បាន​បញ្ជូន​ឡើង​តុលាការ​

​ភ្នំពេញ​៖​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សម្រេច​បញ្ជូន​ថៅកែ​ហាង​លក់​សម្លៀក​បំពាក់​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ស្រី​អាយុ​១៦​ ឆ្នាំ​ជា​កូនឈ្នួល​ទៅ​តុលាការ​ក្រោម​បទ​ចោទ​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​។​ ករណី​នេះ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ថ្កោលទោស​ការ​ប្រើ​អំពើ​ហិង្សា​នេះ​ដោយ​ទាមទារ​ឲ្យ​តុលាការ​ដាក់ទោស​ធ្ងន់ធ្ងរ​។​

                  ក្មេងស្រីរងគ្រោះអាយុ ១៦ ឆ្នំា ត្រូវបានអាជ្ញធរ និងក្រុមការងារវិទ្យុABC ជួយសង្រ្គោះ។ រូបភាព៖ facebook វិទ្យុ ABC



​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៩​ ខែ​ ឧសភា​នេះ​ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សម្រេច​បញ្ជូន​សំណុំ​រៀង​ថៅកែ​ហាង​លក់​សម្លៀក​បំពាក់​ធ្វើ​ទារុណកម្ម​លើ​កូនឈ្នួល​ជា​ជំនួយការ​មេផ្ទះ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​។​

​ជនសង្ស័យ​ឈ្មោះ​ ម៉េ​ង​ រ័​ត្ន​ពិសី​ អាយុ​ ៣៣​ ឆ្នាំ​ ជា​ម្ចាស់​ហាង​លក់​សម្លៀក​បំពាក់​នៅ​សង្កាត់​ចោម​ចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

​លោក​ ជា​ សុវណ្ណ​ អធិការរង​នគរបាល​ខណ្ឌ​ ពន្យល់​ថា​ ជនសង្ស័យ​ឈ្មោះ​ រ័​ត្ន​ពិសី​ បាន​ប្រើ​អំពើ​ហិង្សា​លើ​ក្មេង​ស្រី​ជា​កូនឈ្នួល​តាំងពី​មាន​អាយុ​ ១២​ ឆ្នាំ​ ពោល​គឺ​ រយៈពេល​ ៤​ ឆ្នាំ​មក​គិត​មក​ដល់​ពេល​នេះ​។​

​លោក​ ជា​ សុវណ្ណ​ អធិការរង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ឲ្យ​ដឹង​ថា​ អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​ចោទប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​លើ​ក្មេង​ស្រី​អនីតិជន​។​

​លោក​ ជា​ សុវណ្ណ​៖​ «​ហិង្សា​ដោយ​ចេតនា​វាយ​ទៅ​លើ​ក្មេង​អនីតិជន​។​យក​គ្នា​បម្រើ​តាំងពី​អាយុ​ ១២​ ឆ្នាំ​ វាយ​ធ្វើបាប​គ្នារ​ហូ​ង​អ​ញ្ចឹ​ង​។​ប្រើ​អំណាច​អាង​ជា​ថៅកែ​ ប្រើ​គ្នា​ទៅ​ ជួនកាល​គ្នា​ធ្វើការ​ងារ​ហត់​ពេក​ អាច​អស់កម្លាំង​ គ្នា​ធ្វើ​មិន​ទាន់​សភាព​ការ​វាយ​គ្នា​ដែរ​។​»

​ក្មេង​ស្រី​អាយុ​ ១៦​ ឆ្នាំ​ ជា​ជន​រង​គ្រោះ​ឈ្មោះ​ ជា​ ស្រី​នូ​ ហៅ​ ស្រី​ពៅ​ មានស្រុក​កំណើត​ភូមិ​ទំនប់​ថ្មី​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ បាន​ចាប់ផ្តើម​ធ្វើ​ជា​អ្នកបម្រើ​នៅផ្ទះ​ជនសង្ស័យ​រ័​ត្ន​ពិសី​ចាប់តាំងពី​មាន​អាយុ​ ១២​ ឆ្នាំ​។​ ចាប់ពី​ពេល​នោះ​ហើយ​ ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​រង​ការ​ប្រើ​អំពើ​ហិង្សា​យ៉ាងធ្ងន់ធ្ងរ​។​

​ក្មេង​ស្រី​រង​គ្រោះ​ អះអាង​ថា​ ថៅកែ​ស្រី​បាន​យក​ដែក​វា​យក​ដំ​ជាំ​ពេញ​រាង​កាយ​ស្ទើរ​រាល់ថ្ងៃ​ក្នុង​រយៈពេល​ ៤​ ឆ្នាំ​កន្លង​មកនេះ​។​ ស្រី​នូ​ថា​ ពេល​ខ្លះ​ម្ចាស់ផ្ទះ​រូប​នេះ​ បាន​យក​ម្ជុលដេរ​ខោអាវ​ចាក់​ពោះ​ និង​ភ្លៅនាង​ថែម​ទៀត​ផង​។

​ជុំវិញ​ករណី​នេះ​ សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​(IDEA)​ ដែល​ជា​បណ្តាញ​ការពារ​សិទ្ធិ​ការងារ​អ្នកធ្វើការ​តាម​ផ្ទះ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ ចំពោះ​ម្ចាស់ផ្ទះ​ប្រើ​អំពើ​ហិង្សា​លើ​ក្មេង​ស្រី​ជា​ការ​រំលោភសិទ្ធិ​របស់​កុមារ​យ៉ាងធ្ងន់ធ្ងរ​។​

​សមាគម​នេះ​អំពាវនាវ​ឲ្យ​តុលាការ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ឲ្យ​តឹង​រឹង​បំផុត​ ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ដល់​កុមារ​រង​គ្រោះ​និង​ក្រុម​គ្រួសារ​ និង​ដើម្បី​ជា​គំរូ​សម្រាប់​ម្ចាស់​មួយ​ចំនួន​ទៀត​កុំ​ឲ្យ​យក​គំរូ​តាម​ករណី​នេះ​។​

​លោក​ អំ​ សំអាត​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​របស់​អង្គការ​លី​កាដូ​ ពន្យល់​ថា​ ករណី​ប្រើ​អំពើ​ហិង្សា​ជា​ប្រចាំ​អាច​ប្រឈម​មុខ​នឹង​បទ​ចោទ​អំពើ​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ស្រី​អនីតិជន​។​

​លោក​ អំ​ សំអាត​៖​ «​បើសិនជា​គេ​រង​ឃើញ​ថា​ វាយ​ជា​ប្រចាំ​ មិនមែន​ជា​ទើបនឹង​វាយ​ បាន​ន័យ​ថា​ជា​ប្រចាំ​ជាប់លាប់​បន្តបន្ទាប់​មក​អាហ្នឹង​វា​ចូល​ករណី​ទារុណកម្ម​ គាត់​នឹង​ទទួលទោស​អំពី​បទ​ទារុណកម្ម​។​»

​យោង​តាម​ក្រមព្រហ្មទណ្ឌ​ត្រង់​មាត្រា​ ២១៧​ ចែង​ថា​ អំពើ​ហិង្សា​ដោយ​ចេតនា​លើ​អ្នក​ដទៃ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១​ ឆ្នាំទៅ​ ៣​ ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ ២​ លាន​រៀល​ ទៅ​ ៦​ លាន​រៀល​។​

​បើ​តាម​ មាត្រា​ ២១០​ នៃ​ក្រមព្រហ្មទណ្ឌ​ ចែង​ថា​ អំពើ​ទារុណកម្ម​ ឬ​អំពើ​ឃោ​ឃៅ​ដែល​ប្រព្រឹត្តិ​ទៅ​លើ​បុគ្គល​ណាមួយ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៧​ ឆ្នាំ​ ដល់​ ១៥​ ឆ្នាំ​។​ ចំណែង​ស្ថាន​ទម្ងន់ទោស​នៃ​អំពើ​ទារុណកម្ម​ ត្រង់​មាត្រា​ ២១១​ ចែង​ថា​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១០​ ឆ្នាំ​ ទៅ​ ២០​ ឆ្នាំ​ បើ​ប្រព្រឹត្តិ​ទៅ​លើ​បុគ្គល​ដែល​ទន់ខ្សោយ​ពិសេស​ ដោយ​មូលហេតុ​អាយុ​នៃ​បុគ្គល​នោះ​៕

ព័ត៌មានទាក់ទង

ស្រ្តីពុំទាន់ទទួលបានភាពស្មើគ្នាក្នុងការជំនុំជម្រះក្តី

ភ្នំពេញ ៖របាយការណ៍អង្កេតរបស់មជ្ឈមណ្ឌលសិទ្ធិមន[...]

ស្ត្រី​នៅ​តែ​ងាយ​រង​គ្រោះ​នៃ​ការ​ជួញដូរ​កម្លាំង​ពលកម្ម​និង​ផ្លូវភេទ​

អង្គការ​សង្គម​ស៊ី​វិល​មានការ​ព្រួយបារម្ភ​ថា ​[...]

ទំនៀមទំលាប់«​នំ​មិនធំ​ជាង​នាលិ​»

ទំនៀមទំលាប់«​នំ​មិនធំ​ជាង​នាលិ​»

ថ្ងៃអង្គារ ទី៧ ខែសីហា ឆ្នាំ២០១៨

ភ្នំពេញ​៖​ កាលពីដើម​ឡើយ​នៅ​ក្នុង​សង្គម​ខ្មែរ​[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត