en     km
en     km

កម្ពុជាគាំទ្រចិនលើគម្រោងសាងសង់ឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករ ១០ម៉ឺនតោនក្នុងមួយថ្ងៃ

Share

(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានគាំទ្រគម្រោងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករ​ ដោយក្រុមហ៊ុនចិន ដែលមានសមត្ថភាពសម្ងួតស្រូវសើមចំនួន ១០ម៉ឺនតោនក្នុងមួយថ្ងៃ និងអាចស្តុកស្រូវ-អង្ករស្ងួតបានដល់ទៅ ១លានតោន នៅតាមខេត្តដែលមានសក្តានុពលក្នុងប្រទេសកម្ពុជា។

                                                                                                       ​ប្រភេទអង្ករកម្ពុជា។

 

ការគាំទ្ររបស់រដ្ឋមន្រ្តីកម្ពុជា ធ្វើឡើង​កំឡុងពេលជួបពិភាក្សាការងារជាមួយលោក ប៊ី គង់មីន (BI GUANGMIN) ប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុន Henan Yuguang International Economic & Technical Cooperation នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។

នៅក្នុងឱកាសនោះ លោក ប៊ី គង់មីន បានគូសបញ្ជាក់​ថា​ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករនេះ​ នឹងនាំមកនូវប្រាក់ចំណូលក្នុងវិស័យស្រូវ-អង្ករកម្ពុជា​ តាមរយ:ការជំរុញនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ​ ក្នុងមួយឆ្នាំ ៥០ម៉ឺនតោន។ ជាងនេះឡសម្ងួតក៏កាត់បន្ថយការហូរចេញស្រូវទៅប្រទេសជិតខាង​ ជួយពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ស្រូវ និងបង្កើនការបញ្ជាទិញសម្រាប់ការនាំចេញ ជាពិសេសធ្វើឱ្យតម្លៃស្រូវ-អង្ករកម្ពុជា មានស្ថិរភាពសម្រាប់កសិករ​ និងភាគីពាក់ព័ន្ធ។

លោករដ្ឋមន្ត្រី​ ក៏បានស្នើឱ្យភាគីចិនសហការជាមួយក្រុមហ៊ុនហ្គ្រីនត្រេដ ខិតខំធ្វើការសិក្សារៀបចំគំនូរប្លង់សាងសង់សម្រាប់ទីតាំងនីមួយៗ ព្រមទាំងធ្វើបញ្ជីចំណាយលម្អិតសម្រាប់ការងារសាងសង់ និងការបំពាក់សម្ភារៈបរិក្ខាផ្សេងៗ ស្របតាមទំហំទឹកប្រាក់ដែលរដ្ឋាភិបាលបានកំណត់ និងមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយ ដើម្បីជំរុញកិច្ចការនេះទៅមុខបានរលូន និងទទួលបានជោគជ័យ។

គួររម្លឹកផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាស្តីពីគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ​ ជាមួយវិស័យឯកជននៃប្រទេសចិន។ នៅក្នុងនោះ ភាគីកម្ពុជា​ តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម​ ហើយភាគីចិន​ តំណាងដោយក្រុមហ៊ុនចំនួនបី​ គឺ៖ Henan Yuguang International Economic & Technical Cooperation, ធនាគារនីហរ័ណ-អាហរ័ណចិន (the Export-Import Bank of China) និងក្រុមហ៊ុនស៊ីទីកហ្គ្រុប (CITIC Group Corporation)។

យោងតាមអនុស្សរណៈ​ ក្រុមហ៊ុនចិន​ Henan Yuguang International Economic & Technical Cooperation មានកាតព្វកិច្ចទទួលការងារសាងសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវ-អង្ករ​ នៅក្នុងប្រទេសកម្ពុជា៕

Share

Image
Image
Image