en     km
en     km

កម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ពិភពលោកនៅតំបន់ឆ្នេរដើមឆ្នាំ២០២០

Share

ភ្នំពេញ៖ កម្ពុជាបង្ហាញជំហរគាំទ្រការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ពិភពលោកលើកទី១ នៅតំបន់ឆ្នេរនាដើមឆ្នាំ២០២០នេះ។ ជំហរគាំទ្រនេះ កើតឡើងក្នុងជំនួបរវាងរដ្ឋមន្រ្តីក្រសួងទេសកម្ពុជា និងគណៈប្រតិភូក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកកាលពីថ្ងៃទី០៦ មិថុនាម្សិលមិញ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍នៅថ្ងៃនេះ។

                ជំនួបរវាងរដ្ឋមន្រ្តីក្រសួងទេសកម្ពុជា និងគណៈប្រតិភូក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោក។រូបភាពក្រសួងទេសចរណ៍

 

លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក​ឱ្យដឹងថា ក្លឹបឆ្នេរសមុទ្រនឹងគាំទ្រសម្រាប់ដំណើរការរៀបចំនូវព្រឹត្ដការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ នេះ លើផ្នែកបច្ចេកទេស  ការងារសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្ដរជាតិផងដែរ។

ចំណែកលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ព្រឹត្ដិការណ៍នេះ នឹងក្លាយជាផលិតផលទេសចរណ៍ដ៏ធំថ្មីមួយប្រចាំឆ្នាំសម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា​។ លោកបន្ថែមថា តាមរយៈព្រឹត្ដិការណ៍ប្រណាំងកង់លំដាប់ពិភពលោកនេះ កម្ពុជានឹងមានឳកាសផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានា តាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗ ឱ្យភ្ញៀវទេសចរណ៍កាន់តែស្គាល់ច្បាស់ និងមកលេងកម្សាន្តកាន់តែច្រើនឡើង។

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិ ឱ្យដឹងថា កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ៦,២​លាន​នាក់ ក្នុង​ឆ្នាំ​២០១៨​។ ចំនួន​នេះ បាន​កើនឡើង​១១​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែលមាន​ប្រមាណ​៥,៦​លាន​នាក់​។

កម្ពុជា​ព្យាករណ៍​ថា ក្នុង​ឆ្នាំ​២០២០ នឹង​ទទួល​ទេសចរ​ចិន​បាន ៣​លាន​នាក់ ក្នុង​ចំនួន​ទេសចរ​សរុប ៧​លាន​នាក់ ហើយ​ឆ្នាំ​២០២៥ ទទួល​ទេសចរ​ចិន​បាន ៥​លាន​នាក់ ក្នុង​ចំនួន​ទេសចរ​សរុប​១១​លាន​នាក់ និង​ឆ្នាំ​២០៣០ ទទួល​ទេសចរ​ចិន​បាន ៨​លាន​នាក់ ក្នុង​ចំនួន​ទេសចរ​សរុប ១៥​លាន​នាក់​៕

Share

Image
Image
Image