en     km
en     km

កម្ពុជានិងទទួលរងឥទ្ធិពលព្យុះទី៩ដែលបក់បោកពីប្រទេសវៀតណាម

Share

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងជាថ្មីទៀត ស្ដីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដែលក្រសួងបានបញ្ជាក់ថា ឥទ្ធិពលព្យុះ ទី៩ ឈ្មោះ សុនទីញ នឹងជះឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងដែលចុះនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៨នេះ​ បញ្ជាក់ថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ព្យុះទី៩ ឈ្មោះ សុនទីញ បាននិងកំពុងស្ថិតនៅភាគខាងកើតកោះហៃណាំ។ ព្យុះនេះ នឹងធ្វើដំណើរកាត់កោះហៃណាំ រួចទៅដល់ឆ្នេរតុងកឹង (ប្រទេសវៀតណាម) នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨។នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។

តាមសេចក្ដីជូនដំណឹងនេះ ឥទ្ធិពលរបស់ព្យុះខាងលើ នឹងធ្វើឲ្យខ្យល់មូសុងនិរតីខ្លាំងបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា  បង្កឲ្យផ្ទៃមេឃមានសភាពអាប់អួ មានពពកច្រើន និងមានភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌទូទាំងប្រទេសពិសេសចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងបណ្ដាខេត្តដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។ ទន្ទឹមនឹងនេះ នៅលើផ្ទៃសមុទ្រមានភ្លៀងធ្លាក់ជោកជាំ លាយឡំនឹងខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ។

ក្រសួងក៏បានក្រើនរំលឹកដល់ប្រជានេសាទ អ្នកធ្វើដំណើរតាមសមុទ្រ និងប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទំនាបជាប់ផ្លូវទឹកនាំនាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

Share

Image
Image
Image