en     km
en     km

កម្ពុជា-ចិនបង្កើនទំហំទេសចរណ៍តាមរយៈ«ឆ្នាំទេសចរណ៍ និងវប្បធម៌»

Share

កម្ពុជា-ចិនបានរៀបចំទិវា «ឆ្នាំទេសចរណ៍ និងវប្បធម៌ដំបូង» នៅសាលមហោ​ស្រពចតុម្មុខ រាជធានីភ្នំពេញ នារាត្រីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ដែលមន្ត្រី​ជាន់​ខ្ពស់​ទាំងពីរប្រទេសមកចូលរួមបើកកម្មវិធី។

ភាគីកម្ពុជា តំណាងដោយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងនិងភាគីចិន តំណាងដោយលោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងកម្មវីធីនេះ សម្ដេច ហ៊ុន សែនដែលតាមរយៈសារលិខិត បានបង្ហាញសុទិដ្ឋិនិយមថា ទិវា «ឆ្នាំទេសចរណ៍ និងវប្បធម៌ដំបូង» នៅឆ្នាំ២០១៩នេះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរក្នុងការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងបណ្ដាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា។

ក្នុងព្រឹត្តិការណ៍នេះដែរ លោកឡ ស៊ូកាង ក៏បានឡើងអានសារលិខិតរបស់លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។  តាមរយៈសារលិខិតនេះ លោកលី ខឺឈាង បានបង្ហាញការរំពឹងទុកថា ប្រទេសទាំងពីរ កម្ពុជា-ចិន នឹងយកឆ្នាំទេសចរណ៍-វប្បធម៌រវាងកម្ពុជា និងចិននេះ ជាឱកាសល្អក្នុងការបង្កើនការផ្លាស់ប្ដូរវិស័យវប្ប​ធម៌ នៃប្រទេសទាំងពីរ។

តាមរយៈទិវានេះ នាយករដ្ឋចិន បញ្ជាក់ថាគេត្រូវពង្រីកការផ្លាស់ប្ដូរមនុស្ស និងមនុស្សរវាងប្រទេសទាំងពីរ ជំរុញការយោគយល់ និងរៀនសូត្រពីគ្នាទៅវិញទៅមក ខាងផ្នែកអរិយធម៌ និងការផ្សារភ្ជាប់ដួងចិត្តប្រជាជនប្រទេសទាំងពីរ រក្សាពូជ្រុំឫសគល់មនោសញ្ចេតនាមេត្រីភាពប្រជាជន និងសង្គមកាន់តែជ្រៅជ្រះ និងរឹងមាំ ដើម្បីបង្កើតសមាគមរួមដែលមានវាសនាតែមួយ។

សូមជម្រាបថា ក្នុងកម្មវិធីនេះ ក៏មានការសម្ដែងសិល្បៈរួមគ្នា រវាងក្រុមសិល្បករ-សិល្បការិនីកម្ពុជា-ចិន ក្នុងនោះរួមមាន របាំចិន របាំបុរាណខ្មែរ «អប្សរា» ។

តាមរបាយការណ៍​របស់​ក្រសួង​ទេសចរណ៍​កម្ពុជា ចំនួនភ្ញៀវ​ទេសចរ​អន្តរ​ជាតិដែល​បាន​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨​ ​មាន​ចំនួន​៦.២​ ​លាន​នាក់​ ​គឺ​កើន​ជាង​១១​ ​ភាគ​រយ​ ​បើ​ធៀប​នឹង​ឆ្នាំ​២០១៧។​ ​ភ្ញៀវទេសចរ​ជនជាតិ​ចិន​ ​ឈរ​លំដាប់​មុខ​គេ​បង្អស់​ ​ដែល​មាន​ចំនួន​ប្រមាណ​១​លាន​៩សែន​នាក់​ដែលជា​ការ​កើន​ឡើង​ជាង​៧០​ភាគ​រយ៕

 

 

Share

Image
Image
Image