en     km
en     km

កម្មករ​រោងចក្រ​ចំនួន​ ០២​ ក្នុង​ខេត្ដកំពង់ចាម​ បាន​ដូ​ល​សន្លប់​ជា​បន្ដបន្ទាប់​

Share

​ភ្នំពេញ​ ៖​ មាន​កម្មករ​ កម្មការិនី​ ជាង​ ១០០​នាក់​ បាន​ដួល​សន្លប់​ជា​បន្ដបន្ទាប់​ កាលពី​ថ្ងៃ​ទី​១២​ និង​ទី​ ១៣​ ខែកក្កដា​ នៅ​រោងចក្រ​ចំនួន​ ០២​ ស្ថិត​ក​ក្នុង​ខេត្ដកំពង់ចាម​។​ មន្ដ្រី​របស់​មន្ទីរ​ការងារ​ខេត្ដកំពង់ចាម​ បាន​ឲ្យ​ដឹង​ថា​ កម្មករ​ ទាំង​ពីរ​រោងចក្រ​នោះ​ គឺ​មាន​បញ្ហា​ប្រព័ន្ធ​បច្ចេក​នៅ​រោងចក្រ​មួយ​ និង​រោងចក្រ​មួយទៀត​កម្មករ​ សន្លប់​ព្រោះតែ​ភ័យ​ត​គ្នា​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ព័ត៌មាន​នេះ​៖

 

​មន្ដ្រី​មន្ទីរ​ការងារ​ខេត្ដកំពង់ចាម​ បាន​ឲ្យ​ដឹង​ថា​ កម្មករ​ កម្មការិនី​ បាន​ដួល​សន្លប់​ភ្លាមៗ​នៅ​រោងចក្រ​ស្បែកជើង​ ជូ​ ហួយ​ ប្រមាណ​ជិត​ ៥០​នាក់​ ហើយ​ក្នុង​នោះ​មាន​ស្ដ្រី​មាន​ផ្ទៃពោះ​ចំនួន​ ០៤​នាក់​។​ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ក្រុម​កម្មករ​ កម្មការិនី​ ដួល​សន្លប់​ដូច្នេះ​ គឺ​បណ្ដាល​មក​ពី​រោងចក្រ​ ជូ​ ហួយ​ ខ្វះ​ប្រព័ន្ធ​ខ្យល់​ចូល​ក្នុង​រោងចក្រ​។​

​លោក​ ចេ​ង​ ហ៊ា​ង​ ប្រធាន​នាយកដ្ឋាន​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ កំពង់ចាម​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​ ១៤​ ខែកក្កដា​ នេះ​ថា​ កាលពី​ថ្ងៃ​ទី​១២​ ខែកក្កដា​ កម្មករ​ កម្មការិនី​ ចំនួន​ ៤៦​ នាក់​ក្នុង​ចំណោម​ ១០០០​នាក់​ របស់​រោងចក្រ​ ជូ​ ហួយ​ បាន​ដួល​សន្លប់​ជា​បន្ដបន្ទាប់​។​ លោក​បន្ដ​ថា​ ក្រោយ​ពី​កើតហេតុ​ការណ៍​ លោក​ក៏​ដូច​ជាម​ន្ដ្រី​ជំនាញ​របស់​មន្ទីរ​ការងារ​ខេត្ដ​បាន​ចុះ​ទៅ​ភ្លាមៗ​ ដើម្បី​ស្វែងរក​មូលហេតុ​ និង​ជួយ​សង្គ្រោះ​កម្មករ​។​ មន្ដ្រី​ជំនាញ​រក​ឃើញ​ថា​ រោងចក្រ​ ជូ​ ហួយ​ ខ្វះ​ខ្យល់​ចូល​ក្នុង​រោងចក្រ​ ដែល​ហេតុ​នាំ​ឲ្យ​ហប់​ ពិបាក​ដកដង្ហើម​ ទើប​សន្លប់​ដូច្នេះ​។​

​លុះដល់​ថ្ងៃ​ទី​១៣​ ខែកក្កដា​ កម្មករ​ កម្មការិនី​ នៅ​រោងចក្រ​ សាន់​ ស៊ូ​ហ្គា​មិន​ ដែល​ជា​រោងចក្រ​មួយ​នៅ​ទល់មុខ​ និង​រោងចក្រ​ ជូ​ ហួយ​ ក៏​បាន​បាន​ដួល​សន្លប់​ដែរ​ ប៉ុន្ដែ​មូលហេតុ​គឺ​បណ្ដាល​មក​ពី​ ពួក​គេ​ភិតភ័យ​នៅ​ពេល​ដែល​ ឮ​ ថា​ មិត្ដ​រួមការ​ងារ​របស់​ពួក​គេ​ ត្រូវ​ខ្មោច​ចូល​។​ តែ​យ៉ាង​លោក​ ចេ​ង​ ហ៊ា​ង​ បញ្ជាក់​ថា​ រោងចក្រ​ សាន់​ ស៊ូ​ហ្គា​មិន​ មិន​មាន​បញ្ហា​ខុស​ប្រព័ន្ធ​បច្ចេកទេស​ឡើយ​ ៖«​ដើមហេតុ​ដំបូង​ចេញពី​រោងចក្រ​ ជូ​ ហួយ​ រោងចក្រ​ហ្នឹង​គឺ​ប្រព័ន្ធ​ខ្យល់​ចេញ​-​ចូល​វា​អត់​គ្រប់​ ដល់​អ​ញ្ចឹ​ង​ទៅ​គាត់​ឮ​ត​គ្នា​ទៅ​ ទូរស័ព្ទ​ប្រាប់​គ្នា​តៗ​គ្នា​ទៅ​ ទៅ​ជា​ឆ្លង​មក​មួយទៀត​មក​ និង​មួយទៀត​ គឺ​មាន​អ្នក​ចូល​រូប​ ខ្មោច​ចូល​ អី​ណា​ ប្រាប់​គ្នី​ប្រាប់​គ្នា​ទៅ​ ក៏​ផ្អើល​»​។​

​កម្មករ​ កម្មការិនី​ ដែល​សន្លប់​ទាំងអស់​ មន្ដ្រី​មន្ទីរ​ការងារ​ខេត្ដ​បញ្ជាក់​ថា​ មាន​ជាង​ ១០០​នាក់​ ក៏​ប៉ុន្ដែ​លោក​មិន​ចាំ​តួលេខ​នោះ​ទេ​។​ យ៉ាងណា​គិត​មក​ដល់​ថ្ងៃ​ទី​១៤​ ខែកក្កដា​នេះ​ កម្មករ​ កម្មការិនី​ ដែល​ដួល​សន្លប់​ទាំង​អស់នោះ​ បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​។​ ចំពោះ​រោងចក្រ​ ជូ​ ហួយ​ មន្ទីរ​ការងារ​ខេត្ដ​ បាន​ព្រមាន​ឲ្យ​ថៅកែ​ រៀបចំ​កែ​លម្អ​ប្រព័ន្ធ​បច្ចេក​របស់​ខ្លួន​ឡើង​វិញ​ ហើយ​តម្រូវ​ឲ្យ​កម្មករ​ កម្មការិនី​ ទាំងអស់​ មិន​ថា​ អ្នក​សន្លប់​ ឬ​មិន​សន្លប់​នោះ​ទេ​ បាន​ឈប់​សម្រាក​ដោយ​មិន​ត្រូវ​កាត់​ប្រាក់ខែ​ រហូត​ដល់​រោងចក្រ​នេះ​ បាន​រៀបចំ​ប្រព័ន្ធ​បច្ចេកទេស​ ស្រប​ទៅ​តាម​លក្ខខណ្ឌ​សុវត្ថិភាព​ ដូច​សេចក្ដីណែនាំ​របស់​ក្រសួង​ការងារ​។​ ដោយឡែក​សម្រាប់​រោងចក្រ​ សាន់​ ស៊ូ​ហ្គា​មិន​ កម្មករ​ កម្មការិនី​ ត្រូវ​ចូល​ធ្វើការ​វិញ​ធម្មតា​ ព្រោះ​រោងចក្រ​នេះ​មិន​មាន​បញ្ហា​ខុស​បច្ចេកទេស​អ្វី​ឡើយ​។​

​ជុំវិញ​បញ្ហា​នៃ​ការ​ដួល​សន្លប់​នេះ​ លោក​ ឡេ​ង​ តុង​ ប្រធាន​នាយកដ្ឋាន​ពេទ្យ​ នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ មាន​ប្រសាសន៍​រំ​ឮ​កថា​ កម្មករ​ កម្មការិនី​ ប្រសិនបើ​មាន​អាការ​ មិន​ស្រួលខ្លួន​ ត្រូវ​តែ​ប្រញាប់​ទៅ​ពិនិត្យ​សុខភាព​ កុំ​បណ្ដោយ​ឲ្យ​ជំងឺ​រាលដាល​រហូត​ដល់​សន្លប់​។​ លើស​ពី​នេះ​ លោក​ក៏​ស្នើ​ឲ្យ​ក្រុម​ថៅកែ​ និយោជក​ ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​ពី​ស្ថានភាព​ បរិយាកាស​ ក្នុង​អាគារ​រោងចក្រ​របស់​ខ្លួន​ ឲ្យ​ស្រប​ទៅ​នឹង​សេចក្ដីណែនាំ​ និង​សេចក្ដី​ប្រកាស​របស់​របស់​ក្រសួង​ការងារ​ ស្ដី​ពី​ការ​ទប់ស្កាត់​ករណី​ដួល​សន្លប់​។​

​សូម​ជម្រាប​ថា​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ធ្លាប់​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ ប្រាប់​ទៅ​កាន់​ម្ចាស់​ និង​នាយក​សហគ្រាស់​ គ្រឹះស្ថាន​ នូវ​គោលការណ៍​ចំនួន​ ១១​ចំណុច​ ដែល​ក្រសួង​ការងារ​ បញ្ជា​ ឲ្យ​ក្រុម​និយោជក​ អនុវត្ដ​តាម​ឲ្យ​បាន​ហ្មត់ចត់​ ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​គ្រោះថ្នាក់​ការងារ​ ព្រមទាំង​បង្ការ​ ការ​កើត​មាន​ករណី​ដួល​សន្លប់​ជា​ យថាហេតុ​ ដែល​បណ្ដាល​មក​ពី​បរិយាកាស​ទាំង​ក្នុង​ និង​ក្រៅ​អាគារ​ផលិតកម្ម​ ។​ ក្នុង​សេចក្ដីជូនដំណឹង​នោះ​ ក្រសួង​ការងារ​ក៏​បាន​ព្រមាន​ទុកជា​មុន​ផង​ដែរ​ ចំពោះ​ម្ចាស់​ និង​នាយក​សហគ្រាស​ គ្រឹះស្ថាន​ ដែល​ប្រព្រឹត្ដ​ល្មើស​ ផ្ទុយ​នឹង​សេចក្ដីជូនដំណឹង​នេះ​ គឺ​ក្រសួង​នឹង​ចាត់វិធានការ​តឹង​រឹង​បំផុត​ ស្រប​ទៅ​តាម​ច្បាប់​ស្ដី​ពី​ការងារ​ និង​លិខិត​បទដ្ឋាន​នានា​ដែល​មាន​ជា​ធរមាន​៕​

Share

Image
Image
Image