ភ្នំពេញ ៖ កម្មការិនីរោងចក្រមួយចំនួនដែល អ្នកព័ត៌មានវិទ្យុស្ត្រីបានជួបសម្ភាស មានក្ដីព្រួយបារម្ភពីការជម្រុះបុគ្គលិក ស្របពេលពួកគេនឹងទទួលបានប្រាក់ឈ្នួលឡើងដល់ ១៧០ដុល្លារ នៅឆ្នាំ២០១៨។ តែសមាគមរោងចក្រកាត់ដេរកម្ពុជាអះអាងថា គ្មានអ្វីដែលត្រូវព្រួយបារម្ភទេ។ តែយ៉ាងណា តំណាងសហជីពសុំឲ្យរដ្ឋាភិបាល ចុះទៅដោយផ្ទាល់ដល់រោងចក្រដើម្បីសិក្សារឿងនេះ។
លោក លៀ ស៊ីណា រាយការណ៍ ៖
នៅមិនប៉ុន្មានថ្ងៃទៀតទេ កម្មករ កម្មការិនី នឹងទទួលបានប្រាក់ឈ្នួល ១៧០ដុល្លារ ក្នុងមួយខែៗ។ តែមិនទាន់ដាច់ខែធ្នូ ស្រួលបួលផង ស្រាប់តែមានពាក្យលេចឮ ពីមាត់មួយទៅមួយថា រោងចក្រនឹងជម្រុះបុគ្គលិកកាត់ដេរមួយចំនួន ដែលធ្វើការងារយឺត និងស្ដ្រីអាយុចាប់ពី ៣០ឆ្នាំឡើង។
កម្មការិនីរោងចក្រម្នាក់ នៅម្ដុំសង្កាត់ទួលសង្កែទី០១ ដែលបានផ្ដល់បទសម្ភាសន៍ឲ្យវិទ្យុស្ដ្រី ក្នុងល័ក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះបាននិយាយថា នាងបានឮកម្មការិនីក្នុងរោងចក្រជជែកគ្នាថា នៅដើមឆាំ្ន២០១៨ខាងមុខ កម្មការិនី ដែលធ្វើការយឺត ឈឺច្រើន និងអាយុចាប់ពី ៣០ឆ្នាំឡើង នឹងត្រូវស្រង់ឈ្មោះដើម្បីបញ្ឈប់ការងារ។ កម្មការិនី ៖«ឮគេថាអាយុ ៣០ជាងហ្នឹងគេបញ្ឈប់ខ្លះ ហើយអ្នកឈប់ច្រើនក៏គេអត់យកដែរ អ្នកដេរយឺត ចេះតែមួយម៉ាស៊ិនអីក៏គេអត់យក គេយកតែអ្នកចេះពីរម៉ាស៊ិន»។
មិនខុសគ្នាដែរ កម្មការិនីម្នាក់ទៀតអាយុប្រមាណជាង ៣០ឆ្នាំ ដែលកំពុងធ្វើការងារនៅរោងចក្រមួយកន្លែងម្ដុំសង្កាត់ទួលសង្កែទី០២ អ្នកស្រី សុខនី ឈ្មោះអ្នកនិពន្ធដាក់ឲ្យ បានប្រាប់ថា នៅរោងចក្ររបស់អ្នកស្រីក៏មានពាក្យលេចឮស្ដីពីការ ស្រង់ឈ្មោះកម្មករ កម្មការិនី ដែលធ្វើការយឺត ឬក៏ឈឺច្រើនជាដើម ដើម្បីបញ្ចប់កិច្ចសន្យាការងាររបស់ពួកគេត្រឹមដើមឆ្នាំ២០១៨។ ប្រការនេះ អ្នកស្រី សុខនី មានក្ដីបារម្ភជាខ្លាំងពីស្ថិរភាពសេដ្ឋកិច្ចរបស់គ្រួសារអ្នកស្រី ប្រើសិនបើមានការបញ្ឈប់ដូចពាក្យលេចឮមែន។
អ្នកស្រី សុខនី៖«និយាយពីព្រួយបារម្ភនោះ គឺរាល់ថ្ងៃគិតនោះគិត មួយជំហ៊ានគិត អង្គុយគិត ដេកក៏គិតខ្លាចអត់លុយបង់រដ្ឋអញ្ចឹង ព្រោះអីយើងកូន ពីរ បី ព្រោះអីម្នាក់ៗសុទ្ធតែជំពាក់អង្គការ យកលុយមកចាក់ដីទៅ អ្នកខ្លះយកលុយមកធ្វើផ្ទះទៅ ខ្លះយកលុយមកទិញម៉ូតូឲ្យប្ដីរត់អញ្ចឹងទៅ»។
ចំណែកម្មការិនីម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ប្រសិនជាអ្នកស្រីត្រូវបានរោងចក្របញ្ឈប់ពីការងារ ព្រោះតែអាយុកាលមែន អ្នកស្រីច្បាស់ជា ជួបការលំបាកខ្លាំងជាក់ជាពុំខាន ព្រោះអ្នកស្រី និង ស្វាមីសុទ្ធតែជាកម្មករ ដែលរកប្រាក់ចំណូលបានតិចតូប៉ុណ្ណោះ ហើយស្ទើរតែមិនគ្រប់សម្រាប់ការចំណាយថ្លៃអាហារ និងកូនៗរៀនសូត្រផង។
កម្មការិនី៖«ខ្វះខាតខ្លះដែរ វាមិនសូវដូចថា គ្រប់គ្រាន់ប៉ុន្មានព្រោះអីវារកអត់សូវបាន ដល់អញ្ចឹងវាអត់សូវគ្រប់គ្រាន់ ព្រោះណាមួយត្រូវចំណាយទៅកូនផង ចំណាយចាយហូបចុកខ្លួនឯងផង វាមិនសូវគ្រាន់ បើថាខ្ញុំគេបញ្ឈប់ទៀត ខ្ញុំមិនដឹងសង្ឃឹមអីទេចិញ្ចឹមកូន»។
តែយ៉ាងណាដំណឹងនេះមិនទាន់ត្រូវបានប្រធានក្រុម ឬក៏ប្រធានផ្នែករោងចក្រចេញមុខបញ្ជាក់ប្រាប់ កម្មករ កម្មការិនីក្នុងរោងចក្រនោះទេ។
ជុំវិញរឿងនេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា មានប្រសាសន៍ថា លោកមិនទាន់បានឮដំណឹងនេះ នៅឡើយទេ។ បន្ថែមពីនេះ អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា ចាត់ទុកថា នេះត្រឹមតែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។
លោក កាំង ម៉ូនីកា ៖«ដោយារពេលខ្លះ ពាក្យចចាមអារ៉ាមវាហោះហើរលឿនណាស់ អញ្ចឹងសូមជម្រាបថា បើសិនជាមានបញ្ហាត្រូវទៅសួររកប្រភព ឬបញ្ជាក់អីឲ្យបានត្រឹមត្រូវ កុំចេះតែផ្អើលតាមគ្នា»។
តែយ៉ាងណាអ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានអះអាងថា អ្នកស្រីក៏បានទទួលដំណឹងលេចឮពីគម្រោងរបស់ថៅកែ រោងចក្រដែលចង់បញ្ឈប់កម្មការិនី មួយចំនួននៅក្នុងរោងចក្ររបស់ពួកគេ នៅដើមឆ្នាំ២០១៨ ក្រោមហេតុផលធ្វើការយឺត ឧស្សាហ៍ឈឺ ឬក៏អាយុច្រើនជាដើម។ ករណីនេះអ្នកស្រី យ៉ាង សោភ័ណ្ឌ បានសង្កេតឃើញថា មិនមែនមានតែឆ្នាំនេះនោះទេ ដែលក្រុមថៅកែរោងចក្របានប្រើលេសដូចនេះ ដើម្បីបណ្ដេញកម្មការិនី ចេញពីការងារ ពោលគឺកន្លងមកក៏មានរឿងដូចគ្នានេះបានកើតឡើងដែរ។
ត្រង់ចំណុចនេះ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ទទូចថា ប្រមុខដឹកនាំរាជរដ្ឋាភិបាល គួរតែចុះទៅពិនិត្យស្ថានភាពជាក់ស្ដែងតាមរោងចក្រដោយផ្ទាល់ ជុំវិញការលើកឡើងរបស់ពួក។ អ្នកស្រីបន្ដថា ប្រសិនបើមានករណីដូចការលើកឡើងមែន រដ្ឋអំណាចគួរតែមានវិធានការជាក់លាក់ដាក់ទណ្ឌកម្មទៅលើរោងចក្រនោះ ដើម្បីជាការព្រមានដល់រោងចក្រដទៃទៀត។
អ្នកស្រី យ៉ាង សុភ័ណ្ឌ៖«អញ្ចឹងខ្ញុំស្នើសុំថា នៅពេលដែលមានការដំឡើងប្រាក់ឈ្នួលនៅឆ្នាំ២០១៨ ខាងមុខនេះ ស្នើសុំឲ្យរដ្ឋាភិបាលពិនិត្យមើលចំណុចហ្នឹងឡើងវិញ តើតាមបណ្ដារោងចក្រនីមួយៗបានធ្វើទុក្ខបុកម្នេញទៅលើកម្មករ ត្រង់ចំណុចហ្នឹងឬអត់! ហើយបើមានសុំឲ្យក្រសួងមានវិធានការទៅលើរោងចក្រហ្នឹង»។
ជាការឆ្លើយតបលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា លោកមិនបានដឹងព័ត៌មានស្ដីពីការជម្រុះកម្មករ កម្មការិនីតាមរោងចក្រនោះទេ។ តែយ៉ាងណាលោកសង្កត់ធ្ងន់ថា ប្រសិនបើមានករណីដូចនេះមែនក្រសួងនឹងដោះស្រាយជូនកម្មករ កម្មការិនី ស្របទៅតាមច្បាប់ស្ដីពីការងារដែលមានចែង។
លោក ហេង សួរ៖«ច្បាប់ការងារ គឺរាល់កិច្ចសន្យា គឺមានតែពីរប្រភេទទេ កិច្ចសន្យាមានថេរវេលាកំណត់ និងកិច្ចសន្យាគ្មានថេរវេលាកំណត់ ចំពោះកិច្ចសន្យាគ្មានថេរវេលាកំណត់គឺពេលចូលធ្វើការហើយ ធ្វើការបានមួយជីវិត លើកលែងតែក្រុមហ៊ុន រោងចក្រនោះក្ស័យធន់»។
គួរជម្រាបថា វិស័យឧស្សាហកម្មកាត់ដេរ គឺជាឆ្អឹងខ្នងសេដ្ឋដ៏ធំរបស់កម្ពុជា ក្នុងចំណោមវិស័យអាទិភាពដទៃទៀត។
វិស័យមួយនេះ បានផ្ដល់ការងារដល់កម្មករ កម្មការិនី កម្ពុជា ប្រមាណជាង ៨០ម៉ឺននាក់ ដែលមានស្ដ្រីជាង ៧០ម៉ឺន។
បច្ចុប្បន្នកម្មករ កម្មការិនីកម្ពុជា ទទួលបានប្រាក់ឈ្នួលចំនួន ១៥៣ដុល្លារ ក្នុងមួយខែៗ ដែលប្រាក់ឈ្នួលនេះ នឹងកើនដល់ ១៧០ដុល្លារនៅឆ្នាំ២០១៨៕