en     km
en     km

កម្មការិនី​ ២៧​នាក់​នៅ​រោងចក្រ​ JUHUI​ FOOTWEAR​ ដួល​សន្លប់​

Share

ភ្នំពេញ​ ៖​ កម្មការិនី​ចំនួន​ ២៧​នាក់​ ដួល​សន្លប់​ជា​បន្ដបន្ទាប់​ ក្រោយ​ពី​មានកម្ម​ការិនី​ម្នាក់​ បាន​ដួល​សន្លប់​។​ ហេតុការណ៍​នេះ​ កើតឡើង​កាលពី​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ នៅ​រោងចក្រ​ JUHUI​ FOOTWEAR​ ស្ថិត​ក្នុងភូមិ​កប្បាស​ ឃុំ​ខ្វិត​ធំ​ ស្រុក​ព្រៃឈរ​ ខេត្ដកំពង់ចាម​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ ប​.​ស​.​ស​ ផ្សព្វផ្សាយ​កាលពី​រសៀល​ថ្ងៃ​ទី​១៨​ កញ្ញា​ បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ព្រឹក​ម៉ោង​ ៧​ និង​ ៤០​នាទី​ មានកម្ម​ការិនី​ចំនួន​ ២៧​នាក់​បាន​ដួល​ស​ន្លា​ប់​ជា​បន្ដបន្ទាប់​។​ ក្រោយ​ពី​មានកម្ម​ការិនី​ម្នាក់​ មាន​ជំងឺ​គ្រុនផ្ដាសាយ​មាន​អាការ​ រងា​ ស្រៀវស្រាញ​ និង​វិលមុខ​ ហើយ​ក៏​ដួល​សន្លប់​។​ មន្ដ្រី​ការងារ​ ហៅ​ករណី​នេះ​ថា​ ជា​ “​ជំងឺ​ស្នេហ៍​ហ្វូង​”​។​

​រហូត​មក​ដល់​ពេល​នេះ​កម្មការិនី​ទាំង​ ២៧​នាក់​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ​ ខេត្ដកំពង់ចាម​។​ តែ​យ៉ាង​អាការ​ របស់​ពួក​គាត់​ត្រូវ​បាន​មន្ដ្រី​ការងារ​ បញ្ជាក់​ថា​ បាន​ធូរស្រាល​ឡើង​វិញ​ហើយ​។​ រាល់​ថ្លៃ​ចំណាយ​លើ​សេវា​ដឹក​ជញ្ជូន​ និង​ថ្លៃ​សេវា​ព្យាបាល​ គឺជា​បន្ទុក​របស់​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ ប​.​ស​.​ស​។​

​ជា​និច្ចកាល​កម្មក​ តែងតែ​ដួល​សន្លប់​ ពិសេស​ កម្មការិនី​ បើ​ទោះជា​រដ្ឋមន្ដ្រីក្រសួង​ការងារ​ បាន​បង្កើត​ក្រុមការងារ​ជា​បន្ដបន្ទាប់​ ដើម្បី​សិក្សា​ស្រាវជ្រាវ​ រក​មូលហេតុ​ជាក់លាក់​ ពី​កត្ដា​ដែល​នាំ​ឲ្យ​កម្មករ​ កម្មការិនី​ ដួល​សន្លប់​នេះ​ក៏​ដោយ​។​ ប៉ុន្ដែ​កម្មករ​ កម្មការិនី​ នៅ​តែ​ជួប​ប្រទះ​បញ្ហា​ដួល​សន្លប់​នេះ​ដដែល​។​

​រដ្ឋមន្ដ្រីក្រសួង​ការងារ​ លោក​ អ៊ិ​ត​ សំ​ហេង​ កាលពី​ចុងឆ្នាំ​២០១៧​ ធ្លាប់​បាន​ព្រមាន​ធ្ងន់ៗ​ទៅ​លើ​រោងចក្រ​ដែល​បណ្ដោយ​ឲ្យ​មាន​កម្មករ​ដួល​សន្លប់​ច្រើន​ ហើយ​មិន​រក​ដំណោះស្រាយ​ នឹង​ប្រឈម​ការ​ផាកពិន័យ​ ឬ​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ ៖«​ក្រសួង​នឹង​ចាត់ការ​ម៉ឺងម៉ាត់​តាម​ច្បាប់​ ចំពោះ​កន្លែង​ណា​ដែល​បណ្ដោយ​ឲ្យ​មា​នក​បញ្ហា​សន្លប់​ ហើយ​សហគ្រាស​ រោងចក្រ​ នឹង​ទទួលខុសត្រូវ​»​។​

​ជុំវិញ​បញ្ហា​នៃ​ការ​ដួល​សន្លប់​នេះ​ លោក​ ឡេ​ង​ តុង​ ប្រធាន​នាយកដ្ឋាន​ពេទ្យ​ នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ មាន​ប្រសាសន៍​រំ​ឮ​កថា​ កម្មករ​ កម្មការិនី​ រក្សា​សុខភាព​ដោយ​ការ​ហាត់ប្រាណ​ខ្លះៗ​ និង​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​។​ លោក​បន្ដ​ថា​ ប្រសិនបើ​មាន​អាការ​ មិន​ស្រួលខ្លួន​ ត្រូវ​តែ​ប្រញាប់​ទៅ​ពិនិត្យ​សុខភាព​ កុំ​បណ្ដោយ​ឲ្យ​ជំងឺ​រាលដាល​រហូត​ដល់​សន្លប់​ ៖«​រឿង​សុវត្ថិភាព​ហ្នឹងឯង​ និង​រឿង​សុខភាព​ គាត់​ត្រូវ​យកចិត្ដទុកដាក់​ជា​ចម្បង​តែ​ម្ដង​ អ​ញ្ចឹ​ង​គឺ​កើត​ពី​ខ្លួនឯង​ គឺ​ត្រូវ​គិត​ពី​សុវត្ថិភាព​ទាំងអស់​ហ្នឹង​»​។​

​លើស​ពី​នេះ​ លោក​ក៏​ស្នើ​ឲ្យ​ក្រុម​ថៅកែ​ និយោជក​ ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​ពី​ស្ថានភាព​និង​ បរិយាកាស​ ក្នុង​អាគារ​រោងចក្រ​របស់​ខ្លួន​ ឲ្យ​ស្រប​ទៅ​នឹង​សេចក្ដីណែនាំ​ និង​សេចក្ដី​ប្រកាស​របស់​របស់​ក្រសួង​ការងារ​ ស្ដី​ពី​ការ​ទប់ស្កាត់​ករណី​ដួល​សន្លប់​៕

Share

Image
Image
Image