en     km
en     km

កាណូតដឹកអ្នកដំណើរសាធារណៈដាក់ដំណើរការផ្លូវការដោយឥតគិតថ្លៃដល់ឆ្នាំ២០១៩

Share

ភ្នំពេញ៖ កាណូតដឹកអ្នកដំណើរសាធារណៈចំនួន ៤ គ្រឿងបានដាក់សម្ពោធប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី០១ សីហា ឆ្នាំ២០១៨នេះ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្រ្តីនៅចំណតផែខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ការដាក់សម្ពោធឱ្យប្រើប្រាស់នូវសេវាដឹកអ្នកដំណើរតាមផ្លូវទឹកពីព្រែកព្នៅ-ភ្នំពេញ-ក្រុងតាខ្មៅនេះ ជាផ្នែកមួយដែលរដ្ឋមន្រ្តីក្រសួងសាធារណៈបញ្ជាក់ថា ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

 

               កាណូតដឹកអ្នកដំណើរសាធារណៈដែលត្រូវដឹកអ្នកដំណើរដោយមិនគិតថ្លៃដល់ឆ្នាំ២០១៩។រូបភាពហ្វេសប៊ុកសម្តេច ហ៊ុន សែន

 

ម៉ោងប្រមាណ ៧ព្រឹកថ្ងៃទី០១ សីហាឆ្នាំ២០១៨នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកាណូតដឹកអ្នកដំណើរតាមផ្លូវទឹក នៅចំណតក្នុងខ័ណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ក្នុងពិធីនេះដែរ សម្តេចនិងភរិយាព្រមជាមួយមន្រ្តីពាក់ព័ន្ធមួយចំនួនបានជិះសាកល្បងពីចំណតក្នុងខ័ណ្ឌឫស្សីកែវ ឆ្ពោះទៅកាន់ចំណតក្រុងតាខ្មៅ ខេត្តកណ្តាល។

ជិះលើកាណូតពណ៌ខៀវ រាងស្តើងតូចច្រឡឹងដែលមានបណ្តោយជិត ២០ម៉ែត និងទទឹងប្រមាណ ៤ម៉ែតសម្តេច ហ៊ុន សែន បានកត់សម្គាល់ឃើញថា លោកបានឃើញទិដ្ឋភាពដ៏ស្រស់បំព្រងនៅតាមដងទន្លេ ពិសេសបានឃើញការវិវឌ្ឍរីកចម្រើននៃសហគមរស់នៅតាមទីក្រុងភ្នំពេញផងដែរ។

ឆ្លៀតក្នុងឳកាសនោះដែរសម្តេច ហ៊ុន សែន បានអនុញ្ញាតឲ្យប្រជាពលរដ្ឋប្រើប្រាស់មធ្យោបាយដឹកអ្នកដំណើរតាមផ្លូវទឹកនេះ និងការជិះរថភ្លើងពីខេត្តប៉ោយប៉ែត-ភ្នំពេញ ភ្នំពេញ-ប៉ោយប៉ែត រហូតដល់ដំណាច់ឆ្នាំ២០១៨។

ប្រសាសន៍សម្តេច ហ៊ុន សែន៖

 

                                                                 ​សម្តេច ហ៊ុន សែន កំពុងជិះកាណូតសាធារណៈទៅក្រុងតាខ្មៅ។

 

បច្ចុប្បន្ននេះរដ្ឋាភិបាលកំពុងជំរុញការប្រើប្រាស់សេវាដឹកអ្នកដំណើរសាធារណៈដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះរាជរដ្ឋាភិបាលបានដាក់ឲ្យមានសេវារថយន្តក្រុងដឹកជញ្ជូនសាធារណៈ និងរថភ្លើងពីស្ថានីយរាជាយស្ម័យយានភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញជាដើម។​

ថ្លែងក្នុងឳកាសសម្ពោធដាក់ឱ្យប្រើប្រាស់កាណូតដឹកអ្នកដំណើរជាផ្លូវការនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា ការបង្កើតឱ្យមានសេវានេះឡើង មានគោលបំណងដើម្បីពង្រីកវិស័យដឹកជញ្ជូនឱ្យមានច្រើនជម្រើស ពន្លឿនការដឹកជញ្ជូន កាត់បន្ថយការកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ និងប្រើឱ្យអស់លទ្ធភាព សក្ដានុពលនៃទន្លេនៅក្នុងប្រទេស។

លោករដ្ឋមន្ត្រីគូសបញ្ជាក់ទៀតថា នាវាដឹកជញ្ជូនអ្នកដំណើរសាធារណៈពីព្រែកព្នៅ-ភ្នំពេញ-ក្រុងតាខ្មៅ នេះនឹងត្រូវឆ្លងកាត់ចំណតនាវាចំនួនប្រាំ រួមមាន៖ ចំណតឫស្សីកែវ ចំណតផ្សារចាស់ ចំណតចតុមុខ ចំណតច្បារអំពៅ និងចំណតក្រុងតាខ្មៅ។

លោកបន្តថា ក្រសួងបានសិក្សាពីគម្រោងសេវាដឹកអ្នកដំណើរតាមនាវាជាច្រើនបន្ថែមទៀត ដែលនឹងត្រូវចាប់បដិសន្ធិឡើង ក្នុងនោះរួមមាន៖ ការសិក្សាផែនការមេដឹកអ្នកដំណើរតាមនាវាពីភ្នំពេញទៅខេត្តក្រចេះត្រូវបានបញ្ចប់ និងកំពុងសិក្សាគម្រោងសេវាដឹកអ្នកដំណើរជាបន្តទៀតគឺ គម្រោងទន្លេសាបនៅ(ព្រែកព្នៅ ពញ្ញាឭ) គម្រោងទន្លេបាសាក់នៅ(ស្អាង) គម្រោងទន្លេមេគង្គលើនៅ(ស្ពានព្រែកតាមាក់) និងគម្រោងទន្លេមេគង្គក្រោមនៅ(ដីឥដ្ឋ)ជាដើម។

សម្រាប់ចំណតនាវាឫស្សីកែវ ដែលបានសម្ពោធនៅព្រឹកនេះ មានផ្ទៃក្រឡាបេតុង ៩៦៨ម៉ែត្រការ៉េ ផែដែកបណ្តែតមានទំហំ ៣៦៦ម៉ែត្រការ៉េ អាចផ្ទុកបានទម្ងន់អតិបរិមា ១៨០តោន។ រីឯស្ពានដែកមានប្រវែង ៣០ម៉ែត្រ និងអគាររង់ចំាមានទំហំ ៨៤ម៉ែត្រការ៉េ ព្រមទាំងមានបំពាក់ឧបករណ៍សម្ភារៈគ្រប់គ្រាន់ ដោយប្រើប្រាស់ថវិកាជាតិប្រមាណជិត ៥៩ម៉ឺនដុល្លារអាមេរិក។

ក្រៅពីចំណតនាវាឫស្សីកែវ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសាងសង់ចំណតនាវាចំនួន ៤ផ្សេងទៀតរួមមាន៖ ចំណតនាវាផ្សារចាស់, ចំណតនាវាចតុមុខ, ចំណតនាវាច្បារអំពៅ និង ចំណតនាវាតាខ្មៅ។ ទីតាំងចំណតនាវាដឹកអ្នកដំណើរនីមួយៗ មានភ្ជាប់ជាមួយស្ថានីយ៍រថយន្តក្រុងដែលបង្កលក្ខណៈងាយស្រួលសម្រាប់ការប្តូរ ឬតភ្ជាប់គ្នានូវការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវគោក។

លោក ស៊ុន ចាន់ថុល គូសបញ្ជាក់ថា ក្រសួងសាធារណការនឹងប្រគល់ជូនសេវាដឹកអ្នកដំណើរតាមផ្លូវទឹកនេះ ទៅសាលារាជធានីភ្នំពេញដើម្បីគ្រប់គ្រង និងប្រតិបត្តិការសេវានេះ។ លោកក៏បានអំណាវនាវឱ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់សេវានេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ចំណេញពេលវេលា ព្រោះគ្រប់ចំណតទាំងអស់បានតភ្ជាប់ទៅនឹងស្ថានីយ៍រថយន្តក្រុងដែលបង្កភាពងាយស្រួលក្នុងការប្ដូរមធ្យោបាយធ្វើដំណើរ។

សូមបញ្ជាក់ថា បច្ចុប្បន្នមានកាណូតចំនួន ៤គ្រឿងបានកំពុងប្រតិបត្តិការ ដែលកាណូតនីមួយៗអាចផ្ទុកអ្នកដំណើរចន្លោះពី ៥៤នាក់ ទៅ៦០នាក់ បើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រ។ ពេលវេលានៃការធ្វើដំណើរចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ៦:៣០ នាទីល្ងាច ជារៀងរាល់ថ្ងៃ ហើយការធ្វើដំណើរពីចំ​ណតដើមដល់ចំណតចុងប្រើរយៈពេលតិចជាង ១ម៉ោង។

គួររំឭកថា ចាប់តាំងពីថ្ងៃដាក់ឱ្យប្រតិបត្តិការជាបណ្ដោះអាសន្នកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៣ ខែកក្កដា មានអ្នកប្រើប្រាស់សេវានេះចំនួនប្រមាណ ៣ម៉ឺននាក់ គិតជាមធ្យមមានពលរដ្ឋជិត ២០០នាក់ក្នុង១ថ្ងៃមកប្រើប្រាស់សេវានេះ។ លោក ស៊ុន ចាន់ថុល ធ្លាប់គូសបញ្ជាក់ថា នៅពេលកាណូតដឹកអ្នកដំណើរសាធាណៈនេះដាក់ដំណើរការជាផ្លូវការ នោះតម្លៃសំបុត្រសម្រាប់អ្នកដំណើរអាចមានចន្លោះត្រឹម៥០០០ពាន់រៀលតែប៉ុណ្ណោះ៕

Share

Image
Image
Image