en     km
en     km

ក្រសួងពាណិជ្ជកម្ម៖ អឺរ៉ុបយកពន្ធអង្ករពីកម្ពុជាប្រៀបដូចសម្លាប់កសិករក្រីក្រ

Share

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ពុជានៅថ្ងៃទី១៧ មករា ម្សិលមិញបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងវិធានការណ៍របស់សហ ភាពអឺរ៉ុប ដែលបានសម្រេចតម្រូវឱ្យកម្ពុជាពន្ធលើការនាំចូលអង្ករចូលទីផ្សារអឺរ៉ុប ជាអ្វីដែលក្រសួងចាត់ទុកថា ប្រៀបបីដូចយកអាវុធមកសម្លាប់ប្រជាកសិករខ្មែរក្រីក្រយ៉ាងដូច្នោះដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចេញផ្សាយកាលពីយប់មិញ។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាន)

 

ភ្លាមៗបន្ទាប់ពីគណៈកម្មការអឺរ៉ុប បានចេញសេចក្តីសម្រេចដោយតម្រូវឱ្យប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ត្រូវបង់ពន្ធលើការនាំចូលអង្ករទៅកាន់ទីផ្សារអឺរ៉ុបនោះ កម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម បានឆ្លើយតបវិញដែលថា វិធានការណ៍របស់សហភាពអឺរ៉ុបនេះ ប្រៀបដូចជាអាវុធមកធ្វើឃាតកសិករក្រីក្រកម្ពុជាដូច្នេះដែរ។ ​ក្រសួងពាណិជ្ជកម្មចាត់ទុកការសម្រេចរបស់សហភាពអឺរ៉ុបនេះ មិនបានឆ្លុះបញ្ចាំងលើទិដ្ឋភាពច្បាប់ពាណិជ្ជកម្មអន្តរជាតិ បទដ្ឋានបច្ចេកទេស និងសច្ចភាព ស្របតាមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងវិស័យឯកជនរបស់កម្ពុជាជាមួយសហគមន៍អឺរ៉ុបដែលមានកាលពីគ្រាកន្លងមកនោះឡើយ។

ក្រសួងពាណិជ្ជកម្មកម្ពុជាសង្កត់ធ្ងន់ថា ការសម្រេចដាក់ចុះនូវវិធានការការពារទីផ្សារអង្ករអឺរ៉ុបដោយយកពន្ធអង្ករ(Indica) របស់កម្ពុជានេះ នឹងមានឥទ្ធិពលគ្រប់គ្រាន់ សម្រាប់ដកហូតចំណូលរបស់ប្រជាកសិករក្រីក្រកម្ពុជា ដែលកំពុងជំពាក់បំណុលធនាគារ។

                                                                                                                 រូបតំណាង។

 

នៅចំពោះមុខបញ្ហានេះក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្រសួងកំពុងពិនិត្យផ្ទៀតផ្ទាត់សេចក្តីសម្រេចនេះ ដោយផ្អែកលើទិដ្ឋភាពច្បាប់ និងវិធានការពាណិជ្ជកម្មអន្តរជាតិ ដើម្បីបន្តតវ៉ាជាមួយនឹងសហគមន៍អឺរ៉ុបឱ្យទម្លាក់ចោលវិធានការនេះ។

កាលពីថ្ងៃម្សិលមិញគណៈកម្មការអឺរ៉ុប បានចេញសេចក្តីសម្រេចដោយតម្រូវឱ្យកម្ពុជា និងមីយ៉ាន់ម៉ាត្រូវបង់ពន្ធរយៈពេល ៣ ដំបូងក្នុងអត្រា ១៧៥អឺរ៉ូ ឬស្មើប្រមាណ ២០០ដុល្លារអាមេរិកក្នុងអង្ករមួយតោនចំពោះការនាំចូលអង្ករទៅអឺរ៉ុប។ អត្រាបង់ពន្ធលើការនាំអង្ករចូលរបស់កម្ពុជានិងមីយ៉ាន់ម៉ានេះ នឹងត្រូវធ្លាក់ចុះមកត្រឹម ១៧៣ ដុល្លារ​នៅ​​ឆ្នាំ​ទី ២ ហើយ ១៤៤ដុល្លារ​នៅ​ឆ្នាំ​បន្ទាប់។

តាមរយៈសេចក្តីសម្រេចរបស់គណៈ​កម្មការ​អឺរ៉ុប​បាន​ឲ្យ​ដឹង​​៖ «​ការ​ស៊ើប​អង្កេត​បានរកឃើញ​ពី​ការ​កើន​ឡើង​​​យ៉ាង​ខ្លាំង​នៃ​ការ​នាំចូល​អង្ករ​ Indica ​គ្រាប់វែងពី​​​កម្ពុជា និង​មី​យ៉ាន់​ម៉ា​​ ទៅ​ក្នុង​សហភាព​អឺរ៉ុប​ (EU) ​ដែល​បញ្ហានេះបាន​បណ្ដាល​ឲ្យ​ខូចខាត​សេដ្ឋកិច្ច​​ប្រទេស​ផលិត​អង្ករក្នុងសហភាព​អឺរ៉ុប»។​ សេចក្តីសម្រេចបន្តថា៖«​គណៈ​កម្មការ​អឺរ៉ុប​ សម្រេច​​​​​អនុវត្ត​​ការ​ដក​ហូត​ពន្ធ​គយ​ឡើង​វិញ ​ដែល​នឹង​​ត្រូវ​បាន​កាត់​បន្ថយ​ជា​បន្ត​បន្ទាប់​ក្នុង​អំឡុង​ពេល ​៣ ឆ្នាំ​»​។​

យ៉ាងណាក្រសួងពាណិជ្ជកម្មកម្ពុជា សូមអំពាវនាវឱ្យគណៈកម្មការអឺរ៉ុបពិនិត្យឡើងវិញនូវការសម្រេចរបស់ខ្លួន ដោយផ្អែកលើវិធានការពាណិជ្ជកម្មអន្តរជាតិ និងចំណងកិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជានិងសហភាពអឺរ៉ុប។

សហភាព​អឺរ៉ុប​ គឺ​ជា​ទីផ្សារ​នាំចេញ​អង្ករ​សំខាន់​មួយ​របស់​ប្រទេស​ កម្ពុជា​។​ តាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ បង្ហាញថាក្នុងឆ្នាំ ២០១៨ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន​ជាង ៦២ម៉ឺនតោន ធ្លាក់ចុះ១,៥%បើធៀបនឹងឆ្នាំ២០១៧។ ទីផ្សារអឺរ៉ុបបានស្រូបយកអង្ករកម្ពុជា២៧ម៉ឺនតោន ស្មើនឹង៤២.៩៨ភាគរយនៃចំនួននាំចេញសរុប។​ តាមតួលេខនេះកម្ពុជានឹងអាចខាតបង់ទឹកប្រាក់ប្រមាណ ៥៤លានដុល្លារក្នុងមួយឆ្នាំលើការនាំអង្ករចេញទៅអឺរ៉ុប។

                                                កម្មករច្រកអង្ករចូលបាវ និងលីអង្ករដាក់ក្នុងឃ្លំាង។ រូបភាព៖ សហព័ន្ធស្រូវអង្ករកម្ពុជា

 

អ្នកជំនាញផ្នែកស្រូវអង្ករ និងសេដ្ឋកិច្ច បានបង្ហាញយោបល់ថា​ ការយកពន្ធលើអង្ករកម្ពុជានេះ នឹងធ្វើឱ្យប៉ះពាល់វិស័យស្រូវអង្ករ និងសេដ្ឋកិច្ចកម្ពុជាពុំខាន ពិសេសកសិករក្រក្រីកម្ពុជានឹងប្រឈមការប្រកួតប្រជែងកានតែខ្លាំង។ ពួកគេសុំឱ្យរដ្ឋាភិបាលត្រូវមានគោលនយោបាយសមស្របក្នុងកាលៈទេសៈនេះ ដោយរដ្ឋាភិបាល​គួរ​ពិចារណា​កាត់​បន្ថយ​តម្លៃ​អគ្គិសនី និង​កម្រៃ​សេវា​កំពង់ផែជាដើម។

ស្របពេលគ្នានេះ​ កសិករក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ បានត្អូញត្អែរថា តម្លៃស្រូវរបស់ពួកគេនៅឆ្នាំនេះបានធ្លាក់ចុះខ្លាំងដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។ ពួកគេថា តម្លៃស្រូវប្រភេទ៤៩ នៅឆ្នាំនេះលក់បានថ្លៃត្រឹមតែ ៧៧០ រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ដោយឆ្នាំមុនស្រូវប្រភេទនេះលក់បានតម្លៃ១០៤០រៀល។ ពួកគេសុំឱ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផ្តល់កិច្ចអន្តរាគមន៍លើរឿងនេះ។

យ៉ាងណាក្រុមអ្នករកស៊ីក្នុងវិស័យស្រូវអង្ករ បានគូសបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុកថា ទីផ្សារអឺរ៉ុបនៅតែដើរតួសំខាន់ជាងគេជានិច្ចសម្រាប់ការនាំអង្ករ ដូច្នេះពួកគេនឹងខិតខំរិះរកមធ្យោបាយដើម្បីរក្សាការនាំចេញទៅកាន់ទីផ្សារនេះ។ ទន្ទឹមគ្នានេះ​ក្រុមអ្នករកស៊ីស្រូវអង្ករបង្ហើបថា កម្ពុជាត្រូវតែបង្កើនគុណភាពប្រកូតប្រជែង និងស្វែងរកទីផ្សារថ្មីផ្សេងទៀត ដើម្បីកាត់បន្ថយការនាំចូលតែក្នុងទីផ្សារតែមួយ។

អ្នកនាំពាក្យក្រសួងកសិកម្មធ្លាប់គូសបញ្ជាក់ប្រាប់វិទ្យុស្រ្តីថា បើសិនសហភាពអឺរ៉ុបពិតជារឹតបណ្តឹងការនាចូលអង្ករកម្ពុជាតាមរយៈការយកពន្ធនេះមែន កម្ពុជាក៏អាចបង្កើនការនាំចេញទៅកាន់ទីផ្សារចិនជំនួសវិញ ដែលលោកថា កម្ពុជាគ្មានអ្វីគួរឱ្យបារម្ភច្រើនឡើយលើបញ្ហានេះ៕

 

Share

Image
Image
Image