en     km
en     km

ក្រុម​សិទ្ធិ​មនុស្ស​ទាមទារ​ឱ្យ​ដោះ​លែង​មេដឹកនាំ​សហជីព​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផលិត​វី​ដេ​អូ​ម្តាយ​លក់​ព្រហ្មចារី​កូនស្រី​

Share

ភ្នំពេញ​៖​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​(​ Human​ Right​ Watch​ )​ និង​ សហភាព​សហជីព​កម្ពុជា​ទាមទារ​ឱ្យ​ទម្លាក់​ចោលការ​ចោទប្រកាន់​លោក​ រ៉ាត់​ រ័​ត្ន​មុនី​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា​ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចោទ​ពី​បទ​ញុះញង់​នាំ​ឱ្យ​មានការ​រើសអើង​ ក្រោយ​រក​ឃើញ​ថា​លោក​ រ័​ត្ន​មុនី​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផលិត​វី​ដេ​អូ​ឯកសារ​ឈ្មោះ​«​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​»​។​
​លោក​ ធូ​ វិ​រៈ​ រាយការណ៍​

លោក​ រ៉ាត់​ រ័​ត្ន​មុនី​ មាន​វ័យ​ ៤៧​ ឆ្នាំ​ ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា​(CCTUF)​ ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​ ៧​ ធ្នូ​ ឆ្នាំ​ ២០១៨។ រូបភាពៈ កាសែតខ្មែរថាមស៍

​លោក​ រ៉ាត់​ រ័​ត្ន​មុនី​ មាន​វ័យ​ ៤៧​ ឆ្នាំ​ ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា​(CCTUF)​ ត្រូវ​បាន​ប៉ូលិស​ថៃ​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​ ៧​ ធ្នូ​ ឆ្នាំ​ ២០១៨​ នៅ​ក្នុង​ទីក្រុង​បាងកក​តាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​ រ័​ត្ន​មុនី​ ត្រូវ​បាន​អាជ្ញារ​កម្ពុជា​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​មានការ​ស្អប់ខ្ពើម​ និង​រើសអើង​ ក្រោយ​ពី​លោក​បាន​រួមចំណែក​ផលិត​វី​ដេ​អូ​និយាយ​ពី​ម្តាយ​លក់​ព្រហ្មចារី​កូនស្រី​បង្កើត​នៅ​រាជធានី​ភ្នំពេញ​ ជាមួយ​ទូរទស្សន៍​រុ​ស្ស៊ី​ កាលពី​ថ្មី​នេះ​។​ លោក​ មុនី​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ឃុំ​ខ្លូ​ន​នៅ​មណ្ឌល​ឃុំឃាំង​អន្តោប្រវេសន៍​ថៃ​។​

​នៅ​អំឡុង​ខែ​ តុលា​ ទូរទស្សន៍​ Russia​ Today​ បាន​ផ្សាយ​ភាពយន្ត​ឯកសារ​ឈ្មោះ​ថា​«​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​»​ រាយការណ៍​អំពី​គ្រួសារ​ក្រីក្រ​លក់​ព្រហ្មចារី​កូនស្រី​បង្កើត​ក្នុង​តម្លៃ​ប្រហែល​ ៤០០​ ដុល្លារ​ ហើយ​ពេល​កូនស្រី​អស់​ព្រហ្មចារី​ នាង​នឹង​ត្រូវ​បង្ខំ​ឱ្យ​លក់ខ្លួន​ទៀត​។​

​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (HRW)​ បញ្ជាក់​ថា​ រដ្ឋាភិបាល​ថៃ​មិន​គួ​បញ្ជូន​លោក​ រ៉ាត់​ រ័​ត្ន​មុនី​ មក​ឱ្យ​អាជ្ញាធរ​កម្ពុជា​នោះ​ទេ​ ព្រោះ​លោក​ រ៉ាត់​ រ័​ត្ន​មុនី​ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា​នឹង​ប្រឈម​មុខកាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ក្រោម​ហេតុផល​នយោបាយ​។​

​លោក​ Brad​ Adams​ នាយក​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​(HRW) ទាមទារ​ឱ្យ​អាជ្ញាធរ​ថៃ​ ដោះ​លែង​ លោក​ រ៉ាត់​ រ័​ត្ន​មុនី​ ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ និង​ផ្តល់​សិទ្ធិ​ឱ្យ​ ប្រធាន​សហជីព​រូប​នេះ​ដើម្បី​ស្វែងរក​សិទ្ធិ​ជ្រកកោន​ពី​អង្គការសហប្រជាជាតិ​។​

​លោក​ Brad​ Adams៖ «​ប្រទេស​ថៃ​មិន​គួរ​ស្តាប់​បញ្ជា​របស់​អាជ្ញាធរ​កម្ពុជា​ដោយ​បញ្ជូន​ទាំំ​ង​បង្ខំ​សកម្មជន​បញ្ចេញមតិ​ ដែល​បង្ហាញ​ពី​ការ​បរាជ័យ​របស់​ប៉ូលិស​ក្នុង​ការ​បញ្ឈប់​ការ​រំលោភ​បំពាន​ និង​ការ​ជួញដូរ​ផ្លូវភេទ​កុមារ​»​។​ អាជ្ញាធរ​ថៃ​គួរតែ​ដោះ​លែង​ លោក​ រ៉ាត់​ រ័​ត្ន​មុនី​ជា​បន្ទាន់​ និង​អនុញ្ញាត​ឱ្យ​គាត់​ស្វែងរក​ការពារ​ពី​ភ្នាក់ងារ​ជនភៀសខ្លួន​ពី​អង្គការសហប្រជាជាតិ​(UN)​។​

​លោក​បន្ថែម​ថា​ ប្រទេស​ថៃ​មិន​គួរ​បញ្ជូន​លោក​ រ័​ត្ន​មុនី​ត្រឡប់​មក​កម្ពុជា​ដោយ​បង្ខំ​នោះ​ទេ​ ព្រោះ​ជា​ការ​រំលោភ​នឹង​អនុសញ្ញា​ប្រឆាំង​ទារុណកម្ម​មាត្រា​៣​ដែល​ប្រទេស​ថៃ​ផ្តល់​សច្ចាប័ន​រួច​ទៅ​ហើយ​។​

​ទាក់ទិន​រឿង​នេះ​ សហភាព​សហជីព​កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​ ១១​ ម្សិលមិញ​ អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោលការ​ចោទប្រកាន់​លើ​ លោក​ រ៉ាត់​ រ័​ត្ន​មុនី​ ហើយ​ដោះ​លែង​គាត់​ឱ្យ​មាន​ សេរីភាព​ឡើង​វិញ​។​

​បើ​តាម​ការ​សែត​ខ្មែរ​ថា​ម​ស៍​ បាន​ដកស្រង​សំដី​លោកនាយ​ឧត្តមសេនីយ៍​ ខៀវ​ សុ​ភ័​ក្រ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ អះអាង​ថា​ លោក​ រ័​ត្ន​មុនី​ នឹង​អាជ្ញាធរ​ថៃ​បញ្ជូន​មក​កម្ពុជា​ឆាប់ៗ​នេះ​ ព្រោះ​លោ​មុនី​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ និង​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា​។​

​តែបើ​តាម​ សហភាព​សហជីព​កម្ពុជា​ យល់​ឃើញ​ថា​ ការ​ចោទប្រកាន់​មក​លើ​លោក​ រ័​ត្ន​មុនី​ មិន​ត្រឹមត្រូវ​នោះ​ទេ​ ព្រោះ​លោក​គ្រាន់តែ​ជា​អ្នកបកប្រែ​ភាសា​ឱ្យ​អ្នក​ផលិត​វី​ដេ​អូ​ឯកសារ​ ឱ្យ​ទូរទស្សន៍​ Russia​ Today​ ប៉ុណ្ណោះ​។​

​សហភាព​សហជីព​កម្ពុជា​បង្ហាញ​ក្តី​សង្ឃឹមថា​ អាជ្ញាធរ​កម្ពុជា​នឹង​ទម្លាក់​ចោលការ​ចោទប្រកាន់​ មក​លើ​ លោក​ រ័​ត្ន​មុនី​៕

Share

Image
Image
Image