en     km
en     km

គណបក្សប្រជាជនកម្ពុជាប្រារព្ធខួប៦៦ឆ្នាំរបស់ខ្លួនដោយថ្លែងសារពីកំណើតបក្សនេះ

Share

ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ គឺជាខួបលើកទី៦៦ឆ្នាំ នៃកំណើតរបស់គណបក្សប្រជាជនកម្ពុជា។ នៅថ្ងៃនេះគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចហ៊ុន សែនជាប្រធានគណបក្ស បានប្រារព្ធថ្ងៃកំណើតនេះនៅមជ្ឈមណ្ឌលកោះពេជ្រ ដោយមានការចូលរូមពីសមាជិក សមាជិកាបក្សជាច្រើនពាន់នាក់។ គណបក្សនេះដើមដំបូងមានឈ្មោះថា បក្សប្រជាជនបដិវត្តន៍កម្ពុជា។

តទៅនេះសូមស្តាប់ប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលរៀបរាប់ដោយកញ្ញា ឆេង ណាតា៖

cpp

គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍កម្ពុជា។ គណបក្សនេះបានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។

លោក សឺន ង៉ុកមិញ ហៅអាចារ្យ មៀន ដែលមានឈ្មោះជាភាសាវៀតណាម ថា ផាម យ៉ាំង ហួ (Phạm Văn Hua) គឺជាអ្នកផ្តួចផ្តើមបង្កើតបក្សនេះឡើង ក្នុងគោលបំណងបណ្ដេញអាណានិគមនិយមបារាំង ចេញឲ្យអស់ពីភូមិភាគឥណ្ឌូចិនទាំងមូល។ ចលនានេះ បានធ្វើការតស៊ូជារបៀបទ័ពព្រៃប្រឆាំងបារាំងរហូតដល់ឆ្នាំ១៩៥៤។

បន្ទាប់ពីមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងហ្សឺណែវ នៅខែកក្កដា ឆ្នាំ១៩៥៤ ដែលជាសន្ធិសញ្ញាបញ្ចប់ជាផ្លូវការ នូវអាណានិគមរបស់បារាំង ក្នុងភូមិភាគឥណ្ឌូចិន សមាជិកបក្សប្រជាជនបដិវត្តន៍កម្ពុជា ក៏បានបែកចេញជា ៣ក្រុម។

ក្រុមទី១ ដឹកនាំដោយ លោក សឺន ង៉ុកមិញ។ ក្រុមនេះមានយុទ្ធជនប្រមាណ ២៥០០នាក់ចូលរួម ក្នុងនោះក៏មាន លោក ប៉ែន សុវណ្ណផងដែរ ត្រូវបានគេបញ្ជូនទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីធ្វើការបណ្តុះបណ្តាលផ្នែកនយោបាយ។

ក្រុមទី២ ដឹកនាំដោយ លោក ទូ សាមុត លោក នួន ជា និងលោក សោ ភឹម ជាដើម នៅធ្វើចលនានៅក្នុងប្រទេសកម្ពុជាបន្តទៀត នៅក្រោមស្លាកបក្សប្រជាជនបដិវត្តន៍កម្ពុជាដដែល។

រីឯក្រុមទី៣ បានប្រមូលផ្តុំគ្នាបង្កើតជាគណបក្សនយោបាយស្របច្បាប់មួយឈ្មោះថា គណបក្សប្រជាជន ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅឆ្នាំ១៩៥៥។

មុនពេលរំដោះប្រទេសបានពីពួកខ្មែរក្រហម ចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា  ដែលរួមគ្នាបង្កើតដោយ សម្តេច ហ៊ុន សែន សម្តេចហេង សំរិន និងសម្តេចជា ស៊ីម ជាដើមនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ បានធ្វើមហាសន្និបាតបក្សដើម្បីរៀបចំស្ដារ និងកសាងនូវរចនាសម្ព័ន្ធដឹកនាំបក្សប្រជាជនបដិវត្តន៍កម្ពុជាឡើងវិញ។

ឈ្មោះបក្សប្រជាជនបដិវត្តន៍កម្ពុជា ត្រូវបានគេប្រើប្រាស់ឡើងវិញតាំងពីខែមករា ឆ្នាំ១៩៧៩ នោះ មករហូតដល់ឆ្នាំ១៩៩១ នៅពេលដែលឈ្មោះនេះ ត្រូវបានគេប្ដូរទៅជាគណបក្សប្រជាជនកម្ពុជា ដែលគេស្គាល់រហូតមកទល់ពេលបច្ចុប្បន្ន។

ក្រោយពីបក្សប្រជាជនបដិវត្តន៍កម្ពុជា ត្រូវបានគេប្រើប្រាស់ឡើងវិញតាំង១៩៧៩ វិញ លោក ប៉ែន សុវណ្ណ ត្រូវបានគណបក្សជ្រើសតាំងជាអគ្គលេខាធិការបក្ស រហូតដល់ពេលលោកត្រូវបានវៀតណាមចាប់ខ្លួននៅឆ្នាំ១៩៨១។ សម្តេច ហេង សំរិន បានដឹកនាំបន្តពីលោក ប៉ែន សុវណ្ណ ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩១។ ពីឆ្នាំ១៩៩១ សម្តេចជា ស៊ីម ធ្វើជាប្រធានគណបក្សរហូតដល់លោកទទួលមរណភាពនៅ ឆ្នាំ២០១៥។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ ម្តេច ហ៊ុន សែន បានទទួលតំណែងជាប្រធានបក្សនេះរហូតមកបច្ចុប្បន្ននេះ។

សម្តេចហ៊ុន សែន ថ្លែងក្នុងពិធីរំលឹកខួបលើកទី៦៦នៃការបង្កើតគណបក្សកុម្មុយនិស្តបដិវត្តន៍។
សម្តេចហ៊ុន សែន ថ្លែងក្នុងពិធីរំលឹកខួបលើកទី៦៦នៃការបង្កើតគណបក្សកុម្មុយនិស្តបដិវត្តន៍។

ថ្លែងក្នុងកម្មវិធីខួបគម្រប់៦៦ឆ្នាំ ថ្ងៃកំណើតបក្សនៅថ្ងៃនេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនដែលបានកាន់អំណាចជិត៤០ឆ្នាំ មានប្រសាសន៍ថា ៦៦ឆ្នាំហើយដែលគណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវសារជាតិរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ហើយបានសម្រចសមិទ្ធផលធំៗជាច្រើនជូនជាតិ។

ក្នុងខិតប័ណ្ណព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញថា ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម៕

Share

Image
Image
Image