en     km
en     km

ទិវា​អក្ខរកម្ម​ជាតិ​ ៨​ កញ្ញា​ ក្រោម​ប្រធានបទ​«​អក្ខរកម្ម​ឆ្ពោះទៅ​ការ​សិក្សា​ពេញ​មួយ​ជីវិត​»

Share

ភ្នំពេញ​៖​ រាជរដ្ឋាភិបាល​ នៅ​ឆ្នាំ​ ២០១៨​នេះ​ បាន​ប្រារព្ធ​ទិវា​អក្ខរកម្ម​ជាតិ​ ៨​ កញ្ញា​ លើក​ទី​ ១៨​ ក្រោម​ប្រធានបទ​ «​អក្ខរកម្ម​ឆ្ពោះទៅ​ការ​សិក្សា​ពេញ​មួយ​ជីវិត​»​ ដើម្បី​ផ្សា​ភ្ជាប់​អំពី​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​រាជរដ្ឋាភិបាល​។​


​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ពន្យល់​ថា​ ការ​រៀន​អក្ខរកម្ម​ជា​ការ​ផ្តល់​ចំណេះដឹង​ ចំណេះធ្វើ​ សម្រាប់​ជា​ស្ពាន​ចម្លង​ឆ្ពោះទៅ​រក​ជំនាញ​ជាក់លាក់​មួយ​ ដើម្បី​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​ជាតិ​ រួម​ទាំង​ជួយ​កែ​លម្អរ​គុណភាព​ជីវិត​ របស់​បុគ្គល​ម្នាក់ៗ​ផង​ដែរ​។​

​យោង​តាម​កម្មវិធី​សិក្សា​លម្អិត​អក្ខរកម្ម​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ចេញផ្សាយ​នៅ​ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​ រក​ឃើញ​ថា​ រាជរដ្ឋាភិបាល​បាន​ស​ម្រ​ច​ការ​ចុះ​ឈ្មោះ​ចូល​រៀន​របស់​កុមារ​អាយុ​ ៦​ ឆ្នាំ​ នៅ​កម្រិត​បឋម​សិក្សា​ស្ទើរ​១០០​ភាគរយ​ ក្នុង​រយៈ​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​ប៉ុន្តែ​គុណភាព​សិក្សា​របស់​សិស្សានុសិស្ស​នៅ​មាន​កម្រិត​ទាប​នៅឡើយ​។​

​ក្នុង​លទ្ធផល​នៃ​ការ​វាយតម្លៃ​ការ​សិក្សា​ សិស្ស​ថ្នាក់​ទី​៣​ និង​ ទី​៦​ របស់​ក្រសួង​អប់រំ​ រក​ឃើញ​ថា​ សិស្ស​ជាង​ ៤០​ ភាគរយ​ប្រឡង​ធ្លាក់​លើ​មុខ​វិជ្ជា​ភាសា​ខ្មែរ​ និង​គណិត​វិទ្យា​ ដែល​ពុំ​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ក្រប​ខណ្ឌ​កម្មវិធី​សិក្សា​របស់​ក្រសួង​នោះ​ទេ​។​ ក្នុង​ន័យ​នេះ​ សិស្សានុសិស្ស​ថ្នាក់​ទី​ ៣​ និង​ ៦​ ទាំងនោះ​ ពុំ​ទាន់​មាន​សមត្ថភាព​ឆ្លើយ​តប​ទៅ​នឹង​និយម​ន័យ​អក្ខរកម្ម​ ហើយ​ពូក​គេ​កំពុង​ប្រឈម​បញ្ហា​មិន​ចេះ​អាន​ សរសេរ​ និង​ប្រើប្រាស់​គ​ណី​ត​វិទ្យា​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​។​

​អក្ខរកម្ម​របស់​អង្គការសហប្រជាជាតិ​បានឱ្យ​និយម​ន័យ​ថា​ «​អក្ខរកម្ម​គឺជា​សមត្ថភាព​នៃ​ការ​កត់សម្គាល់​ យល់​ដឹង​ បកស្រាយ​ ដោះស្រាយ​ និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ជា​ទម្រង់​លាយលក្ខណ៍អក្សរ​ និង​ពាក្យ​សម្តី​ ដែល​សម​ស្រប​សម្រាប់​បរិបទ​នីមួយៗ​»​។

​បើ​តាម​សិ្ថ​តិ​របស់​ក្រសួង​អប់រំ​រក​ឃើញ​ថា​ អត្រា​សិស្ស​បញ្ចប់​សិក្សា​ថ្នាក់​ទី​ ១២​ និង​ថ្នាក់​ទី​ ៩​ មាន​កម្រិត​ទាប​បំផុត​។​ ជាក់ស្តែង​ស្ថិតិ​របស់​ក្រសួង​អប់រំ​បង្ហាញ​ថា​ អត្រា​សិស្ស​បញ្ចប់​ថ្នាក់​កម្រិត​បឋម​សិក្សា​មាន​ប្រហែល​ ៨០​ ភាគរយ​។​ អត្រា​សិស្ស​បញ្ចប់​ថ្នាក់​កម្រិត​មធ្យមសិក្សា​បឋម​ភូមិ​មាន​ប្រហែល​ ៤០​ ភាគរយ​ និង​អត្រា​បញ្ចប់​ថ្នាក់​កម្រិត​ មធ្យមសិក្សា​ទុតិយភូមិ​មាន​ប្រហែល​ ២០​ ភាគរយ​។​

​ស្ថិតិ​របស់​ក្រសួង​បង្ហាញ​ទៀត​ថា​ ក្នុង​ចំណោម​កុមារ​ប្រហែល​៦​សែន​នាក់​ចុះ​ឈ្មោះ​ចូល​រៀន​ថ្នាក់​ទី​១​ ជា​រៀង​រាល់​ឆ្នាំ​ ក្នុង​នោះ​កុមារ​ប្រហែល​១​សែន​នាក់​ប៉ុណ្ណោះ​ដែល​បាន​បន្ត​ការ​សិក្សា​រហូត​ដល់​ថ្នាក់​ទី​១២​។​

​នៅ​ឆ្នាំ​ ២០១៥​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ សហការ​ជាមួយ​អង្គការ​យូ​ណេ​ស្កូ​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ បាន​បើក​យុទ្ធ​ការ​អក្ខរកម្ម​ជាតិ​ ដើម្បី​បង្កើន​អត្រា​អក្ខរកម្ម​ ជន​ពេញវ័យ​អាយុ​ ១៥​ ឆ្នាំ​ឡើង​ទៅ​ បាន​ដល់​ ៨៤,៤​ ភាគរយ​។​ ជា​លទ្ធផល​ពេល​នោះ​ យុទ្ធនាការ​នេះ​ បាន​រំដោះ​អន​ក្ខ​រ​ជន​ចំនួន​ ៩២១២៥​ នាក់​ គេច​ផុត​ពី​ការ​មិន​ចេះអក្សរ​។​

​យោង​តាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​ធនាគារពិភពលោក​(World​ Bank)​ ចេញផ្សាយ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ទី​ ១៥​ មីនា​ ឆ្នាំ​ ២០១៨​ បាន​បង្ហាញ​ថា​ សិស្ស​ថ្នាក់​ទី​ ២​ នៅ​កម្ពុជា​ មាន​រហូត​ដល់​ ៣៣​ ភាគរយ​ មិន​ចេះ​អាន​អក្សរ​សូ​ម្បី​តែ​មួយ​ពាក្យ​ ក្រោយ​ពី​ការ​ធ្វើតេស្ត​អំណាច​។​

​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ប្រកាស​ពី​ការ​ពង្រឹង​យន្តការ​គ្រប់គ្រង​ត្រួតពិនិត្យ​វត្តមាន​បុគ្គលិក​អប់រំ​ ការ​អនុវត្ត​ពិន័យ​រដ្ឋបាល​ ឬ​វិន័យ​ការងារ​ចំពោះ​បុគ្គលិក​អប់រំ​ចូល​យឺត​ ចេញ​មុន​ម៉ោង​ជាដើម​។​

​ ការ​រឹត​បណ្តឹង​នេះ​ ក្រោយ​ពី​ក្រសួង​រក​ឃើញ​ថា​ បុគ្គលិក​អប់រំ​ខ្លះ​នៅ​តាម​គ្រឹះស្ថានសាធារណៈ​មួយ​ចំនួន​មិន​ទាន់​អនុវត្ត​ពេលវេលា​បំពេញការងារ​និង​គោរព​ម៉ោង​បង្រៀន​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​អនុវត្ត​កម្មវិធី​សិក្សា​និង​ការ​សិក្សា​របស់​សិស្ស​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​ ១៨​ ខែមករា​ ឆ្នាំ​ ២០១៨៕

Share

Image
Image
Image