en     km
en     km

ទូក​ជិត​ ៣០០​ ត្រៀម​ប្រកួត​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

Share

​ភ្នំពេញ​ ៖​ មាន​ទូក​ “​ង​”​ ចំនួន​ជិត​ ៣០០​ទូក​ បាន​ចុះ​ឈ្មោះ​ត្រៀម​ចូលរួម​អុំ​ប្រណាំង​ នៅ​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​។​ ចំនួន​នេះ​ គឺ​មានការ​កើនឡើង​ច្រើន​ជាង​ឆ្នាំ​២០១៧​ ស្រប​នឹង​ការ​រំពឹង​ទុក​ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ពិធីបុណ្យ​ជាតិ​ និង​អន្ដរជាតិ​។​ គណៈកម្មាធិការ​ជាតិ​ អំពាវនាវ​ឲ្យ​មានការ​ឧបត្ថម្ភ​ដល់​អ្នក​អុំទូក​ឲ្យ​បាន​ច្រើន​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​អនុប្រធាន​អចិន្ត្រៃយ៍​ នៃ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ពិធីបុណ្យ​ជាតិ​ និង​អន្ដរជាតិ​ លោក​ ប៊ូ​ ជុំ​សេរី​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​នេះ​ថា​ គណៈកម្មាធិការ​ជាតិ​ បាន​បិទ​បញ្ជី​ នៃ​ការ​ទទួល​ចុះ​ឈ្មោះ​ទូក​ “​ង​”​ ដែល​មាន​បំណង​ចូលរួម​អុំ​ប្រណាំង​ នៅ​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ហើយ​ ត្រឹម​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​នេះ​។​ លោក​ថា​ ចំនួន​ទូក​មាន​ជាង​ ២៩៨​ទូក​ មានអ្នកអុំចំនួន ១៩២១៩នាក់។

​ទូក​ “​ង​”​ ដែល​ចូលរួម​ឆ្នាំ​២០១៨​នេះ​ គឺ​ច្រើន​ជាង​កាលពី​ឆ្នាំ​២០១៧​។​ ទូក​ “​ង​”​ ដែល​បាន​ចូលរួម​អុំ​ប្រណាំង​ កាលពី​ឆ្នាំ​២០១៧​មាន​ចំនួន​ ជាង​ ២៧០​ទូក​។​ តែ​យ៉ាងណា​លោក​ ប៊ូ​ ជុំ​សេរី​ មាន​ប្រសាសន៍​ថា​ អំឡុង​បី​ឆ្នាំ​ជាប់ៗ​គ្នា​មកនេះ​ ចំនួន​ទូក​ គឺ​មានការ​កើន​ឡើងជា​លំដាប់​។​ ដោយឡែក​កម្ពស់​ទឹក​ នៅ​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាង​មុខ​ គឺ​មាន​ជាង​៥​ម៉ែត្រ​ ដែល​ទឹក​ហាក់​ទាប​ជាង​ឆ្នាំ​មុន​បន្ដិច​។​ ប៉ុន្ដែ​គឺ​មិន​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការ​ប្រារព្ធ​ពិធី​នេះ​ឡើយ​ ៖«​កម្ពស់​ទឹក​តាម​ការ​ទស្ស​ទាយ​ទៅ​ដូច​ជា​ ៥​ម៉ែត្រ​ជាង​ដល់​ថ្ងៃ​អុំ​។​ វា​ទាប​ជាង​ឆ្នាំ​មុន​បន្ដិច​ដោយសារ​តែ​យើង​អុំ​ទៅ​ចុងខែ​ កាលពីមុន​យើង​អុំ​នៅ​ដើមខែ​ ហើយ​ឥឡូវ​ចុងខែ​១១​ ដូច្នេះ​ទឹក​វា​ទាប​ជាង​ឆ្នាំ​មុន​បន្ដិច​ ប៉ុន្ដែ​មិន​ប៉ះពាល់​អី​ទៅ​ដល់​ការងារ​បច្ចេកទេស​អុំ​អី​ទេ​»​។​

​យ៉ាងណា​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំ​ ឆ្នាំ​២០១៨​នេះ​ ក៏​មាន​កីឡាការិនី​ ចូលរួម​ប្រកួត​ចំនួន​ ០៦​ទូក​ផង​ដែរ​។​ ចំនួន​ទូក​នារី​ឆ្នាំ​នេះ​ គឺ​ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​២០១៧​។​ លោក​ ប៊ូ​ ជុំ​សេរី​ អំពាវនាវ​ដល់​អ្នកមាន​ធនធាន​ឲ្យ​ចូលរួម​ឧបត្ថម្ភ​ ដល់​កីឡាករ​ កីឡាការិនី​ឲ្យ​បាន​ច្រើន​ដើម្បី​ជា​ការ​លើកទឹកចិត្ដ​ពួក​គាត់​។​

​អនុប្រធាន​អចិន្ត្រៃយ៍​ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ពិធីបុណ្យ​ជាតិ​ និង​អន្ដរជាតិ​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ពិធី​នេះ​ឲ្យ​បាន​ច្រើន​ ដើម្បី​ចូលរួម​អបអរ​ពិធីបុណ្យ​ប្រពៃណី​ជាតិ​។​ ជាង​នេះ​លោក​ក៏​ស្នើ​ផង​ដែរ​ ដល់​អ្នកចូលរួម​ ត្រូវធ្វើ​យ៉ាងណា​រក្សា​សណ្ដាប់ធ្នាប់​ និង​អនាម័យ​ឲ្យ​បាន​ល្អ​។​

​រយៈពេល​ ៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​ យោង​តាម​ក្រសួង​ព័ត៌មាន​ លោក​វេជ្ជបណ្ឌិត​ ងី​ មាន​ហេង​ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ ក្រសួងសុខាភិបាល​ នឹង​បោះ​ស្ដង់​សម្រាប់​ពិនិត្យ​ និង​សង្គ្រោះ​បឋម​ចំនួន​ ៨​ស្ដង់​ មាន​រថយន្ដ​សង្គ្រោះ​ប្រចាំការ​ចំនួន​ ១៥​ក្រុម​ និង​ក្រុម​គ្រួ​ពេទ្យ​ចល័ត​ចំនួន​ ១៦​ក្រុម​ ដែល​មាន​ក្រុម​គ្រូពេទ្យ​សរុប​ជិត​ ៨០០​នាក់​។​ ស្ដង់​ទាំង​៨​នោះ​ ទី​១​ ស្ថិត​នៅ​កោះ​ពេជ្រ​ ទី​២​ ស្ថិត​នៅ​ស្តូប​មិត្ដភាព​កម្ពុជា​-​វៀតណាម​ ទី​៣​ ស្ថិត​ក្នុង​បរិវេណ​រណ​សិ​រ្យ​ផ្នែក​ខាងកើត​ ទី​៤​ ស្ថិត​នៅ​មុខ​ព្រះ​គម្លង់​ ទី​៥​ ស្ថិត​នៅ​ផែ​ថ្ន​ខាងជើង​ភោជនីយដ្ឋាន​ទី​តា​និក​ ទី​៦​ ស្ថិត​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ទល់មុខ​ឃ្លាំង​សាំង​សូ​គី​មិច​ ទី​៧​ ស្ថិត​នៅ​ត្រើយ​ខាងកើត​ទន្លេសាប​ ខាងជើង​គល់​ស្ពាន​ជ្រោយចង្វារ​ និង​ទី​៨​ ស្ថិត​នៅ​រង្វង់​មូល​នាង​មច្ឆា​គល់​ស្ពាន​បេ​ឡេ​។​

​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ អកអំបុក​ ឆ្នាំ​២០១៨​នេះ​ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២១​ ដល់​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​។​ ក្នុងអំឡុងពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​នេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ជូនដំណឹង​កាលពី​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ ដោយ​ប្រាប់​ឲ្យ​ រដ្ឋបាល​គ្រប់​ខណ្ឌ​ មន្ទីរ​-​អង្គភាព​ជំនាញ​ ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ត្រូវ​រៀបចំ​តុ​ប​តែ​លម្អ​ទង់ជាតិ​ ទង់សាសនា​ ទង់​ក្អែប​ បដា​ពាក្យស្លោក​ និង​បំភ្លឺ​ភ្លើងពណ៌​ តាម​មន្ទីរ​-​អង្គភាព​ សាលារៀន​ រោងចក្រ​ សហគ្រាស​ និង​លំនៅ​ឋាន​ប្រជាពលរដ្ឋ​ ដើម្បី​អបអរសាទរ​ នៅ​ក្នុង​ឱកាស​នេះ​។​ លើស​ពី​នេះ​រដ្ឋបាល​រាជធានី​ ណែនាំ​ឲ្យ​មន្ទីរ​ប្ប​ធម៌​ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ​ ត្រូវ​ចាត់តាំង​កម្មវិធី​សិល្បៈ​សម្ដែង​ជូន​ពលរដ្ឋ​ទស្សនា​ នៅ​មុខ​វត្ដ​បទុម​វ​តី​ រមណីយដ្ឋាន​វត្ដ​ភ្នំ​ សួនច្បារ​សម្ដេច​ ហ៊ុន​ សែន​ ត្រើយម្ខាង​ជ្រោយចង្វារ​ ត្រង់​រូបសំណាក​ព្រះ​នាង​ប្រាជ្ញា​បារមី​ និង​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិ​ព័ណ៌​កោះ​ពេជ្រ​។​

​ដោយឡែក​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ និង​រដ្ឋបាល​ខណ្ឌ​ទាំង​ ១២​ ត្រូវ​រៀបចំ​ផែនការ​ ការពារ​ជាក់ស្ដែង​ សម្រាប់​បង្កើន​កិច្ច​ការពារ​សុវត្ថិភាព​ សន្ដិសុខ​ សណ្ដាប់ធ្នាប់​សាធារណៈ​ របៀបរៀបរយ​ និង​ចរាចរណ៍​ មុន​/​ក្នុង​ និង​ក្រោយ​ប្រារព្ធ​ព្រះរាជ​ពិធី​។​

​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ គឺជា​ពិធីបុណ្យ​ ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ​ តាំងពី​សម័យ​មុន​អង្គរ​ និង​ក្រោយ​អង្គរ​មក​ម្លេះ​។​ កម្ពុជា​តែងតែ​ប្រារព្ធ​ព្រះរាជ​ពិធី​នេះ​មិន​ដែល​អាក់ខាន​ឡើយ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​។​ ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ប្រកាស​រក​កងពល​ និង​កងទ័ពជើងទឹក​ដែល​មាន​សមត្ថភាព​ និង​មួយវិញទៀត​ ដើម្បី​រំ​ឮ​ក​ដល់​ជ័យជម្នះ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​០៧​ និង​ស្ដេច​អង្គ​មុនៗ​ ដែល​មាន​កងទ័ពជើងទឹក​ខ្លាំងពូកែ​។​

​កម្ពុជា​ ធ្លាប់​បាន​ផ្អាក​ការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​ អស់​រយៈពេល​ ៣​ឆ្នាំ​ជាប់ៗ​គ្នា​ កាលពី​ឆ្នាំ​២០១១​ ដល់​ឆ្នាំ​២០១៣​។​ កាលពី​ឆ្នាំ​ ២០១១​ កម្ពុជា​បាន​ផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ដោយសារ​តែ​ទឹកធំ​ ជន់​លិច​ស្ទើរ​គ្រប់​បណ្តា​ខេត្ត​ ចំណែក​ឆ្នាំ​២០១២​ គឺជា​ការ​យាង​សោយ​ទិវង្គត​ របស់​ព្រះ​បរម​តន​កោដ្ឋ​ សម្ដេច​ សីហ​នុ​ ព្រះ​មហា​វីរក្សត្រ​។​ ដោយឡែក​ក្នុង​ឆ្នាំ​២០១៣​ ការ​ផ្អាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ គឺ​ព្រោះតែ​ស្ថានភាព​នយោបាយ​ នៅ​មាន​ភាព​វឹកវរ​ ក្រោយ​ការ​បោះ​ឆ្នោត​៕

Share

Image
Image
Image