en     km
en     km

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដោះលែងអ្នកគាំទ្រលោក​សម រង្ស៊ីឱ្យនៅក្រៅឃុំ ខណៈការដកEBA ជិតមកដល់

Share

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានបង្គាប់ឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា និងតុលាការ ដើម្បីឈានទៅដល់ការដាក់អ្នកគាំទ្រគម្រោងលោក សម រង្ស៊ី ហើយត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនទាំងអស់ នៅក្រៅឃុំជាបណ្តោះអាសន្ន ។ ការប្រកាសបែបនេះ ក្រោយពេលដែលសហភាពអឺរ៉ុប ចង់ឃើញកម្ពុជាទម្លាក់បទចោទប្រកាន់លើលោក កឹម សុខា ផ្ដល់សិទ្ធិនយោបាយ ដល់មន្ត្រីអតីតបក្សប្រឆាំង និងដោះលែងសកម្មជនទាំងអស់ផងដែរ ។ អ្នកវិភាគថា នេះរឹតតែបង្ហាញឱ្យច្បាស់ថា អំណាចគណបក្សប្រជាជនកម្ពុជា គឺគ្របដណ្ដប់លើទាំងអំណាចនីតិប្បញត្ត និងអំណាចតុលាការ ។  

រាយការណ៍ដោយ លោក សោម លាភ

សម្ដេច ហ៊ុន សែន ប្រកាសបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង នៅថ្ងៃទី១៤ ខែវិច្ឆិកា នៅខេត្តកំពត ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា អ្នកដែលអាចទទួលការដោះលែងនោះ គឺសម្រាប់អ្នកដែលដាក់ពាក្យស្នើសុំ ដោយសម្ដេច គិតថាអ្នកទាំងអស់នោះគឺចាញ់បោកក្រុមលោក  សម រង្ស៊ី ។

សម្ដេចបន្ថែមថា នេះមិនមែនជាការបញ្ចប់រឿងក្ដីនោះទេ ពោលគឺនៅក្រៅឃុំក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។

សម្តេច ហ៊ុន សែន ថានេះជាកិច្ចការចាំបាច់ដែលរាជរដ្ឋាភិបាលត្រូវតែធ្វើ ក្នុងគោលដៅបង្រួបបង្រួមជាតិ រក្សាសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ។

សម្ដេច ហ៊ុន សែន បញ្ជាក់ជាច្រើនដងថា ពួកគាត់ទាំងនោះចាញ់បោកលោក សម រង្ស៊ី​ ។ សម្ដេចថា លោក សម រង្ស៊ី គឺជាមនុស្សពូកែបោក ។ តែយ៉ាងណា គេសង្កេតឃើញថា សម្ដេចមិនបានថ្លែងថា លោក សម រង្ស៊ី ជាមនុស្សកំសាកនោះទេ បើទោះបីជាចូលកម្ពុជាមិនរួចនៅថ្ងៃទី ៩ វិច្ឆិកា ក៏ដោយ ។ ​

ថ្មីៗនេះ តុលាការកម្ពុជាក៏បានបន្ធូរបន្ថយលក្ខខ័ណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការ ដល់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដោយឱ្យលោកមានសេរីភាពធ្វើដំណើរបានគ្រប់ទីកន្លែង តែមិនលើសពីដែនដីនៃកម្ពុជា ។

សម្រាប់លោក កឹម សុខាពេលនេះ នៅជាប់កាតព្វកិច្ចចំនួន៣ តាមផ្លូវតុលាការ គឺទី១ មិនធ្វើសកម្មភាពនយោបាយ ទីពីរ មិនដើរហួសពីដែនដីកម្ពុជា និងចូលខ្លួនតាមការកោះហៅរបស់អាជ្ញាធរមានសមត្ថកិច្ច ។

បន្ទាប់ពីមានការបន្ថយលក្ខខ័ណ្ឌតាមផ្លូវតុលាការចំពោះលោក កឹម សុខា លោកបានជួបមន្ត្រីកាទូតនៃប្រទេសប្រជាធិបតេយ្យជាបន្តបន្ទាប់ ។

លោក ហង្ស វិទូ អ្នកវិភាគនយោបាយឯករាជ្យ មានប្រសាសន៍ថា ការបញ្ជាបែបនេះរបស់នាយករដ្ឋមន្ត្រីកម្ពុជា ជាការបង្ហាញកាន់តែច្បាស់ថា កម្ពុជាគ្មានការអនុវត្តន៍អំណាចដាច់ដោយឡែកពីគ្នា ដូចអ្វីដែលច្បាប់ចែងនោះទេ ។

លោកថា ការនេះ អាចនឹងដោយសារតែចេតនានៃការចាប់ចង ដោយមិនចាប់ឱ្យយូរ និងជាចេតនានៃការគម្រាមកំហែង ហើយណាមួយទៀតនោះគឺអាចដោយសារតែសម្ពាធអន្តរជាតិផងដែរ ។

លោកបណ្ឌិត មាស នី អ្នកវិភាគនយោបាយឯករាជ្យ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនយ៉ាងខ្លីជាន័យប្រៀបធៀបថា  «មនុស្សគិតមិនដូចទេវតាគិតទេ!!  យើងជាមនុស្សនិយាយថាចូលច្រកណាចេញវិញតាមច្រកហ្នង ! តែទេវគាត់អាចនិយាយថាចូលតាមច្បាប់តែចេញវិញតាមផ្លូវនយោបាយ ក៏បានដែរ!! »  

យ៉ាងណា ក៏មានអ្នកបញ្ចេញមតិតាមប្រអប់ខុមមិនថា «ឪតុលាការឲ្យច្បាស់ក្រឡែត»

ការទាំងនេះ គឺកើតឡើងក្រោយពេលដែលលោក សម រង្ស៊ី និងបក្សពួក ពានអះអាងនិងប្ដេជ្ញាចិត្តថា នឹងវិលចូលទឹកដីកម្ពុជានៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ។ តែយ៉ាងណា លោកមិនបានវិលចូលកម្ពុជាឡើយដោយសារតែអាជ្ញាធរថៃមិនអនុញ្ញាតឱ្យលោកចូលប្រទេសខ្លួន ។

កាលពីថ្ងៃទី ៧ វិច្ឆិកា លោក សម រង្ស៊ី បានទៅដល់ព្រលានយន្តហោះនៅប្រទេសបារាំង ដើម្បីហោះមកប្រទេសថៃ ដើម្បីចូលមកកម្ពុជា ។ ប៉ុន្តែលោកថា មានគេដូរជើងហោះហើររបស់លោក ។

ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិរូបនេះ ថាលោកបានទិញសំបុត្រហោះហើរពីរ ប៉ុន្តែដោយសារតែមិនមានការអនុញ្ញាតឱ្យលោកហោះហើរ ។ លោកថា ការដូរជើងយន្តហោះនោះ មិនមែនជាបញ្ហា ឬឧបសគ្គរារាំងលោកក្នុងដំណើរមាតុភូមិនិវត្តឡើយ ។ លោក សម រង្ស៊ី ថាការដែលលោកមិនបានចូលមកកម្ពុជានៅថ្ងៃទី ៩ វិច្ឆិកានោះ មិនមែនជាការបរាជ័យនោះទេ ព្រោះនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ពោលគឺជោគជ័យ ៧០ ភាគរយៈហើយ ។

លោក សម រង្ស៊ីថា គម្រោងមាតុភូមិនិវត្តនៅតែបន្ត ខណៈលោកនៅបន្តធ្វើសកម្មភាពកាទូតនៅបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ។

គេសង្កេតឃើញថា ការកំណត់ថ្ងៃមាតុភូមិនិវត្តន៍របស់ក្រុមលោក សម រង្ស៊ី ទៅកម្ពុជាវិញ គឺមានការដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធតាមច្រកព្រំដែនយ៉ាងច្រើន ។ ជាងនេះក៏មានការបន្តចាប់អ្នកគាំទ្រ ការវិលត្រឡប់មករបស់លោក សម រង្ស៊ី ជាបន្តបន្ទាប់ ។

ចំពោះសហរដ្ឋអាមេរិក កន្លងទៅបានបង្ហាញដោយចង់ឃើញកម្ពុជាគោរពសម្លេងនយោបាយ មកពីបណ្ដាគ្រប់និន្នាការទាំងអស់ ។

ដោយឡែកសហភាពអឺរ៉ុប ដែលមានប្រទេសជាទីផ្សារធំសម្រាប់នាំចូលទំនិញវាយនភ័ន្ត និងកាត់ដេរពីកម្ពុជា បានបញ្ជូនរបាយការណ៍មកកម្ពុជា ដែលកំណត់រយៈពេលមួយខែ ដើម្បីឱ្យកម្ពុជាឆ្លើយតប ។

ប៉ុន្តែសហភាពអឺរ៉ុប នៅតែបន្តអះអាងអំពីការព្រួយបារម្ភចំពោះស្ថានភាពនៃការគោរពសិទ្ធិមនុស្ស ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ។

សហភាពអឺរ៉ុប បានបន្តទាមទារឱ្យទម្លាក់បទចោទទៅលើលោក កឹម សុខា ដោះលែងអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ ផ្ដល់សិទ្ធិធ្វើនយោបាយដល់មន្ត្រីទាំង ១១៨ រូប រួមទាំងឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ។ យ៉ាងណា ប្រសិនបើកម្ពុជាមិនអាចធ្វើតាមការចង់បានរបស់សហភាពអឺរ៉ុប កម្ពុជាអាចនឹងប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនាំចូលទៅអឺរ៉ុប ក្រោមក្របខ័ណ្ឌគ្រប់មុខទំនិញទាំងអស់លើកលែងអាវុធ ឬ EBA នៅអំឡុងខែកុម្ភៈឆ្នាំ ២០២០ ។

Share

Image
Image
Image