en     km
en     km

នាយករដ្ឋមន្ត្រីមោទនភាពដោយពលករខ្មែរច្រើនធ្វើការនៅក្រៅប្រទេស ខណៈអ្នកជំនាញថាកម្ពុជាមិនទាន់ធានាសុវត្តិភាពជូនពួកគាត់បាន

Share

ភ្នំពេញ៖ សម្ដេ​ចនាយករដ្ឋមន្ត្រីកម្ពុជាបង្ហាញមោទភាពដែលមានពលករកម្ពុជាបានទៅធ្វើការនៅក្រៅប្រទេសជាច្រើន ។ អ្នកធ្វើការលើការចំណាកស្រុករបស់ពលករកម្ពុជា ថាកម្ពុជាមិនបានអនុវត្តន៍នូវកាតព្វកិច្ចបានល្អនៅឡើយនោះទេ ពោលគឺពលករខ្មែរ នៅមានហានីភ័យខ្លាំង ដោយទទួលការធ្វើបាប មិនបើកលុយ ធ្វើការលើសលក្ខខ័ណ្ឌការងារជាដើម ។

រាយការណ៍ដោយលោក សោម លាភ

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តសៀមរាប  មានសន្និសីទថ្នាក់រដ្ឋមន្រ្តីការងារលើកទី៣ ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងកិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ការងារលើកទី៥ ក្នុងក្របខណ្ឌក្រុមប្រទេស CLMTV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម) ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បច្ចុប្បន្ន ប្រជាជនកម្ពុជាងាយស្រួលរកការងារធ្វើនៅតាមបណ្តាប្រទេសជាច្រើន ។

ក្នុងន័យនោះ សម្ដេចក៏សាទរចំពោះការដែលកម្ពុជាបានបញ្ជូនពលករទៅធ្វើការនៅបណ្ដាប្រទេសជាច្រើន ហើយសម្ដេចក៏គាំទ្រចំពោះការដាក់ចេញបទដ្ឋានគតិយុត្តទាំងឡាយ ដែលគាំទ្រដល់ពលករផងដែរ ។  សម្រាប់ពលករខ្មែរដែលមានឱកាសធ្វើការងារនៅក្រៅប្រទេសក៏ដោយសារតែសមាហរណកម្ម ។

សម្ដេច ហ៊ុន សែនបន្តថា ប្រទេសថៃមានពលករពីកម្ពុជាច្រើន រួមទាំងមីយ៉ាន់ម៉ា និងឡាវផងដែរ ។ យ៉ាងណា ប្រសិនបើថៃបណ្ដេញពលករប្រទេសទាំងនេះចេញ នោះ សេដ្ឋកិច្ចថៃនឹងធ្លាក់ចុះធ្ងន់ ដោយសារកង្វះកម្លាំងពលកម្ម ។

សម្ដេច ហ៊ុន សែន ថ្លែងថា ការងារមាននៅក្នុង និងក្រៅប្រទេស ដែលកម្ពុជាខិតខំសម្រាប់ពលរដ្ឋកម្ពុជា ។ សម្ដេចហួសចិត្តចំពោះក្រុមប្រឆាំងដែលរិះគន់លើកិច្ចការនេះ ។

សម្ដេចនាយករដ្ឋមន្ត្រីថា ប្រទេសដែលមានពលករច្រើនជាងគេបង្អស់ដែលបញ្ជូទៅធ្វើការនៅបរទេស គឺប្រទេសហ្វីលីពីន ។

យ៉ាងណាកម្ពុជាកំពុងតែធ្វើការពិភាក្សា ដើម្បីរៀបចំរក្សាទុកអតីតភាពការងាជូនពលករកម្ពុជា ដែលធ្វើការនៅនៅប្រទេសថៃ ពេលពួកគាត់មកធ្វើការនៅប្រទេសកម្ពុជាវិញ ។

នាយករដ្ឋមន្ត្រីកម្ពុជាក៏បានរំលេចរឿងរបស់លោកស្រីអោង សាន ស៊ូជី អំពីការបរាជ័យរបស់លោកស្រីក្នុងការហៅពលករនៃប្រទេសមីយ៉ាន់ម៉ា ទៅប្រទេសខ្លួនវិញ ព្រោះដោយសារតែត​ម្លៃតបស្នងពីកម្លាំងពលកម្មមានកម្រិតទាប ។  

តែយ៉ាងណាសម្ដេច ហ៊ុន សែន ជំរុញឱ្យ ប្រទេសក្នុងក្របខ័ណ្ឌ CLMTV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម)  សិក្សាធ្វើយ៉ាងណាឱ្យពលករនៅក្រៅប្រទេស ទទួលបានរបបសន្តិសុខសង្គម អតីតភាពការងារ ពេលផ្លាស់ប្តូរទៅប្រទេសផ្សេង ។

ជាងនេះទៅទៀត សម្ដេចនាយករដ្ឋមន្ត្រីថា បច្ចុប្បន្ននេះ មិនមែនការបញ្ជូនពលករទៅធ្វើការក្រៅប្រទេសស្ថិតនៅតែក្នុងក្របខ័ណ្ឌអាស៊ានតែប៉ុណ្ណោះនោះទេ តែថែមទាំងបញ្ជូនពលករទៅធ្វើដល់ប្រទេសមជ្ឈិមបូព៌ាទៀតផង ។

សម្រាប់ពលករបរទេសដែលមកធ្វើការនៅកម្ពុជា សម្ដេចថានឹងទទួលបាននូវការព្យាបាលដោយឥតគិតថ្លៃ ហើយកម្ពុជា ក៏ចង់ឱ្យប្រទេសដទៃ ធ្វើបែបនេះចំពោះពលករខ្មែរដូចគ្នា ។

លោក សម រង្ស៊ី ប្រធានស្ដីទីនៃអតីតគណបក្សសង្គ្រោះជាតិ ថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ គឺសម្ដេច ហ៊ុន សែន មាននយោបាយទុច្ចរិត ដោយបញ្ជូនពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេស ហើយឱ្យចិនចូលមកកម្ពុជាកាន់តែច្រើនឡើងៗ ដើម្បីការពារអំណាចរបស់ខ្លួន ។

គេហទំព័រព័ត៌មានបរទេសមួយ មានឈ្មោះឆ្នា  UCANEWS បានចុះផ្សាយព័ត៌មានកាលពីថ្ងៃទី ២៨ ខែ វិច្ឆិកា ថា ពលករតាមផ្ទះនៃប្រទេសកម្ពុជានៅគុយវែត ឬមជ្ឈឹមបូព៌ា ជាក្រុមងាយទទួលភាពអយុត្តិធម៌ និងលក្ខខ័ណ្ឌការងារអាក្រក់បំផុត ។ តាមការចុះផ្សាយរបស់សារព័ត៌មាននេះ កាលពីឆ្នាំ ២០១៦  យ៉ាងតិចណាស់មានស្ត្រីចំនួន ៦នាក់ ដែលបានត្រឡប់មកផ្ទះវិញជាមួយនឹងរឿងរ៉ាវរំលោភ និងកេងប្រវ័ញ្ចគ្រប់រូបភាពយ៉ាងខ្លាំង ។

លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គម និងនយោបាយបានសរសេរលើទំព័រហ្វេសបុករបស់លោកថា ការបញ្ជូនពលករទៅបរទេសជាដំណឹងល្អសម្រាប់រាជរដ្ឋាភិបាល។

លោកបណ្ឌិតមាស នីធ្លាប់មានប្រសាសន៍ប្រាប់មណ្ឌលព័ត៌មានស្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះថា កម្ពុជាជាប្រទេសដែលមានកម្លាំងពលកម្មច្រើនជាងគេនៅតំបន់អាស៊ី ។លោ​ក បន្ថែមថា រដ្ឋាភិបាលកម្ពុជា​មិនទាន់មានការយកចិត្តទុកដាក់ដល់ពលករដែលបានបញ្ជូនទៅបរទេសឱ្យបានច្រើននៅឡើយទេ ។

ជាងនេះទៅទៀត លោកបានបញ្ជាក់ថា ប្រទេសណាក៏មានពលរដ្ឋទៅធ្វើការនៅបរទេសដែរ ប៉ុន្តែខុសគ្នាត្រង់ថា ពលករកម្ពុជាដែលទៅធ្វើការនៅបរទេស ជាការធ្វើការដោយកម្លាំង និងគ្មានជំនាញ ព្រមទាំងទទួលបានប្រាក់ឈ្នួលតិចជាដើម ។

លោក បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវតាមដានលើសុវត្តិភាព សិទ្ធិការងារ ដែលនេះ គឺជាកត្តាសំខាន់បំផុត។

លោក ឌី ថេហូយ៉ា មន្ត្រីជាន់ខ្ពស់កម្មវិធីពលករចំណាកស្រុករបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា Central បង្ហាញតាមរយៈវីដេអូបង្ហោះលើទំព័រហ្វេសបុករបស់របស់មជ្ឈមណ្ឌលនេះថា រហូតមកដល់ពេលនេះមានពលករខ្មែរធ្វើការនៅប្រទេសថៃប្រមាណ ១ លាន ៨ សែននាក់ ។

លោក ឌីថេ ហូយ៉ា ប្រាប់មណ្ឌលព័ត៌មានស្ត្រីកម្ពុជានារសៀលថ្ងៃទី ១៧ កញ្ញានេះថា រដ្ឋមានកាតព្វកិច្ចរកការងារឱ្យពលរដ្ឋធ្វើទាំងក្នុង និងក្រៅប្រទេស ។ តែទន្ទឹមនឹងនេះរដ្ឋក៏មានកាតព្វកិច្ចក្នុងការការពារសុវត្តិភាព ធ្វើឱ្យមានភាពងាយស្រួលសម្រាប់ពលករទាំងនោះ ។

យ៉ាងណាលោក ឌីថេ ហូយ៉ាមើលឃើញថា កម្ពុជាមិនទាន់អនុវត្តន៍កាតព្វកិច្ចនៃការធានាភាពប្រសើររបស់ពលករកម្ពុជានៅឡើយនោះទេ ។

លោកថា ការដែលកម្ពុជាបញ្ជូនពលករទៅប្រទេសក្រៅ គឺអាចធ្វើឱ្យពលករកម្ពុជាទាំងនោះ ទទួលបានប្រាក់ឈ្នួលច្រើន ។

លោក ង៉ែត ម៉ៅ ពលករកម្ពុជាដែលទៅធ្វើការនៅប្រទេសជប៉ុនអស់រយៈពេល ១ ឆ្នាំ មានប្រសាសន៍ថា ការដែលលោកសម្រេចចិត្តទៅធ្វើការនៅប្រទេសជប៉ុន ដោយសារតែនៅកម្ពុជាមានការងារដែរ ប៉ុន្តែប្រាក់ឈ្នួកទាប ។

លោកថា ការងារនៅទីនោះមានសម្ពាធខ្លាំង ។

របាយការណ៍​រវាងអង្គការ​ពលកម្ម​អន្តរជាតិ ​(ILO) ​និង​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ ​(IOM) ចែញផ្សាយថា ​ពលករ​ខ្មែរធ្វើការនៅបរទេស មួយចំនួន ​៨​នាក់ ក្នុង​ចំណោម ​១០​នាក់ ​ត្រូវ​បាន​រំលោភ​បំពាន​សិទ្ធិ​ការងារ ​ដែលស្មើនឹង ​៨០​ភាគរយ ។ ជាងនេះ ពលករ​ខ្មែរ ៧​នាក់ ​ក្នុង​ចំណោម​១០​នាក់ ​មាន​បញ្ហា​ជំងឺផ្លូវចិត្ត ដែល​ស្មើនឹង ​៦៦​ភាគរយ ។

បើតាមរបាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា នៅឆ្នាំ២០១៨ ចំនួនពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេសបានកើនដល់ជាង ១លាន ២សែននាក់ ក្នុងនោះថៃមានជាង ១លាននាក់ កូរ៉េខាងត្បូង ជិត ៥ម៉ឺននាក់ ជប៉ុនមានជាង៩ពាន់នាក់ ម៉ាឡេស៊ី ជាង៣ម៉ឺននាក់ និងសិង្ហបុរីជិត ១ពាន់នាក់ ហុងកុងមាន​ជាង ៥០ នាក់ និង​នៅ​អារ៉ាប់ប៊ីសាអូឌីត​ចំនួន ១៦ នាក់​ ។

របាយការណ៍ ក្រសួងការងា​​​​​​​រ និងបណ្តុះ​​​​​​បណ្តាលវិជ្ជាជីវៈ បានឱ្យដឹ​ងថា គិតត្រឹមខែសី​​​​​ហា ឆ្នាំ២០១​​​​​​​៩នេះ កម្ពុជាមានពលករប្រមាណជិត ៥៥ពាន់នាក់ ( ៥៤,៣១៩នាក់ ) ដែលកំពុងធ្វើកា​រងារនៅប្រទេស​​​​​​​​កូរ៉េខា​​​​​​​​​​​​​​ងត្បូង ក្នុងនោះ​​​​​​​​​​​​មានស្រ្តី ជាង១ម៉ឺនាក់ ( ១១,៧២​​​​​​​​​​​​០នាក់) ៕

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបង្ហាញថា ពលករទាំងនោះ បានផ្ញើប្រាក់ត្រឡប់មកប្រទេសកម្ពុជាវិញ ជាង២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ក្នុងនោះពលករធ្វើការនៅថៃ មានចំនួនប្រមាណ ៦៨ភាគរយ កូរ៉េខាងត្បូងប្រមាណ ២១ភាគរយ ជប៉ុនប្រមាណ ៣ភាគរយ និងម៉ាឡេស៊ីប្រមាណ ២ភាគរយ ៕

អត្តបទដោយសោម លាភ

Share

Image
Image
Image