en     km
en     km

នាយករដ្ឋមន្រ្តីបង្ហើបពីគម្រោងអភិវឌ្ឍន៍តំបន់ដែលមិនសូវមានប្រជាពលរដ្ឋរស់នៅ

Share

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី ១៥ មករា នេះបានលើកឡើងពីគំនិតចង់អភិវឌ្ឍន៍តំបន់ពុំសូវមានប្រជាពលរដ្ឋរស់នៅ ដែលជាយុទ្ធសាស្រ្តមួយដើម្បីដោះស្រាយវិបត្តិពលរដ្ឋដែលសម្រុកមករស់នៅទីក្រុង និងទីប្រជុំជនយ៉ាងកកកុញនោះ។

                                                                     ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលជំងឺមហារីក និងសម្ភពនៅមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ។​

តាមសម្តេច ហ៊ុន សែន ដើម្បីឱ្យប្រជាពលរដ្ឋអាចមករស់នៅតំបន់ថ្មីមួយបាន លុះត្រាតំបន់នោះមានហេដ្ឋានរចនាសម្ព័ន្ធគ្រប់គ្រាន់ ពោលគឺមានផ្លូវគមនាគមន៍ ទឹកស្អាត សាលារៀន និងមន្ទីរពេទ្យ ដែលជាតម្រូវការចំបាច់របស់ប្រជាពលរដ្ឋ។ សម្រាប់នាយករដ្ឋមន្រ្តី ដើម្បីសម្រេចឱ្យបាននូវមហិច្ឆិតានេះ រដ្ឋាភិបាលត្រូវការជាចាំបាច់នូវដៃគូរអភិវឌ្ឍន៍ និងអ្នកវិនិយោគទុនចូលរួមសហការ។

សូមស្តាប់ប្រសាសន៍របស់សម្តេច ហ៊ុន សែន

តែយ៉ាងណានាយករដ្ឋមន្រ្តីមិនបានបញ្ជាក់ឱ្យច្បាស់លាស់ពីតំបន់ណាមួយក្នុងប្រទេសកម្ពុជាដែលត្រូវអភិវឌ្ឍន៍ទាក់ទាញប្រជាពលរដ្ឋទៅរស់នៅនោះទេ។

ជាការកត់សម្គាល់ ប្រជាពលរដ្ឋពិសេសយុវជនពេញកម្លាំង បានសម្រុកមករស់នៅទីក្រុង និងទីប្រជុំជននានាក្នុងរាជធានីភ្នំពេញ ដើម្បីប្រកបរបបរកស៊ី និងស្វែងរកការងារល្អប្រសើរ។ ប្រការនេះធ្វើឱ្យកំណើនប្រជាជនរស់នៅរាជធានីភ្នំពេញមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

យោងតាមការសិក្សារបស់ក្រុមហ៊ុន Urban Living Solution បានរកឃើញថា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញនៅឆ្នាំ២០១៧ មានប្រមាណ ២លាននាក់។ ចំនួននេះនឹងកើនឡើងដល់ ៤លាននាក់ ឬច្រើនជាងនេះនៅឆ្នាំ ២០៣០៕

Share

Image
Image
Image