en     km
en     km

ពលរដ្ឋបុរីកីឡាដាក់សំណើជាថ្មី ឈានទៅបញ្ចប់បញ្ហាតវ៉ារុំារ៉ៃជិត ២០ឆ្នាំ

Share

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ សីហានេះ ពលរដ្ឋបុរីកីឡានៅសេសសល់ប្រមាណ ១៤ គ្រួសារបានចូលទៅសាលារាជធានីភ្នំពេញ ដើម្បីដាក់សំណើថ្មី ឈានទៅដោះស្រាយលើបញ្ហាចេញតវ៉ារុំារ៉ៃជិត ២០ឆ្នាំមកហើយនោះ។

អ្នកស្រី សរ ស៊ន និងពលរដ្ឋបុរីកីឡាផ្សេងទៀតចូលទៅសាលាក្រុងកំណត់តម្លៃថ្មី ជាការចរចារកដំណោះស្រាយ។

ការចូលខ្លួនរបស់ពលរដ្ឋបុរីកីឡាពេលនេះ បន្ទាប់ពីសាលាក្រុងភ្នំពេញទើបចេញសេចក្តី ជូនដំណឹងម្តងទៀត ដោយដាក់ឱសានវាទ​ឲ្យ​ពលរដ្ឋទាំង ១៤ គ្រួសារត្រូវទៅដោះស្រាយសំណងត្រឹមចុងខែសីហានេះ បើពុំនោះសោតទេ អាជ្ញាធរមិនទទួលខុសត្រូវចំពោះការខូចខាតពេលអនុវត្តវិធានការរដ្ឋបាល។​

អ្នកស្រី សរ ស៊ន ពលរដ្ឋបុរីកីឡាមួយរូបដែលបានចូលទៅដាក់សំណើនៅសាលារាជធានីភ្នំពេញកាលពីព្រឹកមិញប្រាប់វិទ្យុស្រ្តីថា អ្នកស្រីបានទៅកំណត់តម្លៃជាថ្មីតាមការអញ្ជើញរបស់សាលាក្រុង ដើម្បីឈានទៅរកដំណោះស្រាយជាថ្នូរនៃការចាកចេញពីអគារចាស់នោះ។​ អ្នកស្រីឱ្យដឹងថា អ្នកស្រីនិងពលរដ្ឋផ្សេងទៀតបានកំណត់តម្លៃថ្មីទាបជាងមុន ព្រោះមិនចង់កើតបញ្ហាច្រើនឈានទៅការប៉ះទង្គិចគ្នា។

អ្នកស្រីឱ្យដឹងថា ពលរដ្ឋបុរីកីឡាធ្លាប់បានចរចាជាមួយភាគីខាងសាលាក្រុងជាច្រើនលើកច្រើនសាមកហើយប៉ុន្តែមិនទាន់ត្រូវរូវគ្នា។ អ្នកស្រីបន្តថា​ ខាងសាលាក្រុងមានគោលការណ៍សំណងចំនួនពីរជម្រើសទី១ ការដោះដូរលំនៅឋានទៅភូមិអណ្តូងដែលនៅដាច់ឆ្ងាយពីរាជធានីភ្នំពេញ។ មួយទៀត គឺទទួលសំណងជាថវិកាចំនួនខ្ទង់ ២ម៉ឺន ៥ពាន់ដុល្លារ តែពលរដ្ឋបុរីកីឡាសុំ ៣ម៉ឺនដុល្លារដើម្បីអាចទិញផ្ទះលើអគារបុរីកីឡារស់នៅបាន។ យ៉ាងណាគោលការណ៍ទាំងពីរខាងលើមិនត្រូវគ្នាទេ។

អ្នកស្រី សរ ស៊ន បានរំលឹកប្រាប់ថាក្នុងកិច្ចប្រជុំជាមួយពលរដ្ឋកាលពីលើកមុន លោក ឃួន ស្រេង ធ្លាប់ពោលថា៖«អាជ្ញាធរក្រុងប្រៀបដូចម៉ែឳ ចំណែកពលរដ្ឋប្រៀបដូចកូនចៅ ខណៈនេះ ម៉ែឳក្រមានលទ្ធភាពទិញត្រឹមកង់ឱ្យកូនជិះ ដូច្នេះសុំកូនកុំទាមទារដល់ឡាន»។  

សេចក្តីជូនដំណឹងរបស់សាលាក្រុងភ្នំពេញ។

អ្នកស្រីបញ្ជាក់ថា កាលពីព្រឹកមិញអ្នកស្រី និងពលរដ្ឋផ្សេងទៀត ភាគច្រើនបានកំណត់តម្លៃទាបជាង ៣ម៉ឺនដុល្លារ ដើម្បីងាយចចារឆាប់ត្រូវរូវគ្នា។

ចំណែកអ្នកស្រី សោម សុម៉ាលី បានគូសបញ្ជាក់ប្រាប់វិទ្យុស្រ្តីថា អ្នកស្រីមិនបានដាក់តម្លៃខ្ពស់ជាងលើកមុននោះទេ ដើម្បីចង់បានដំណោះស្រាយឆាប់រហ័ស។ ប៉ុន្តែអ្នកស្រីបន្តថា បើសាលាក្រុងនៅតែមិនយល់ស្របហើយមានវិធានការបណ្តេញចេញ នោះអ្នកស្រីនឹងនៅតែចេញតវ៉ាដូចលើកមុនទៀតដោយមិនខ្លាចនោះទេ។

អ្នកស្រីឱ្យដឹងថា អ្នកស្រីជាពលរដ្ឋបុរីកីឡារស់នៅជាង ៤០ឆ្នាំមកហើយ និងមានឯកសារបញ្ជាក់ត្រឹមត្រូវប៉ុន្តែអាជ្ញាធរមិនព្រមផ្តល់ផ្ទះលើអគារបុរីកីឡា បែរជាឱ្យទៅរស់នៅភូមិអណ្តូង។ អ្នកស្រីបន្តថា ទង្វើរបស់អាជ្ញាធរនេះ ព្រោះអាជ្ញាធរយល់ថាអ្នកស្រីជាមនុស្សមាននិន្នាការទៅរកបក្សប្រឆាំង។

សូមបញ្ជាក់ថា ការកំណត់តម្លៃជាថ្មីនេះនឹងត្រូវចរចាដោះស្រាយនាពេលខាងមុខឆាប់ៗ។

គួរ​រំឭក​ថា ជម្លោះ​ដ៏​រ៉ាំរ៉ៃ​នៅ​សហគមន៍​បុរី​កីឡា​កើត​មាន​តាំងពី​ឆ្នាំ​២០០៣​មក​ម្ល៉េះ ដែល​មាន​សហគមន៍​ចំនួន​៨ និង​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​ជិត ២ពាន់គ្រួសារ។ រហូត​មក​ដល់​បច្ចុប្បន្ន នៅ​សល់​១៤​គ្រួសារ​ដែល​អាជ្ញាធរ អង្គការ ក្រុមហ៊ុន និង​សហគមន៍​កំពុង​រួម​គ្នា​រក​ដំណោះស្រាយ​បញ្ចប់​ក្នុង​ពេល​នេះ៕

Share

Image
Image
Image