ភ្នំពេញ ៖ ក្រសួងធនធានទឹកបញ្ជាក់ថា ឆ្នាំ២០១៩ ចាប់ពីខែកុម្ភៈតទៅ អាកាសធាតុនៅកម្ពុជានឹងឡើងកម្ដៅ ក្ដៅខ្លាំងជាងឆ្នាំ២០១៨ ព្រោះតែបាតុភូ អែលនីណូ (El Nino) និង ទទួលរងឥទ្ធិពលពីបាតុភូតអន្ដរកាល ដែលជាបាតុភូតនៅចន្លោះ អែលនីណូ និង ឡានីណា (La Nina)។ មន្ដ្រីនាំពាក្យ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ អំពាវនាវឲ្យពលរដ្ឋរៀបចំស្ដុកទឹកទុក ព្រោះកម្ពុជាប្រឈមនឹងគ្រោះរាំងស្ងួតដូចកាលពីឆ្នាំ២០១៦។
មន្ដ្រីនាំពាក្យ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បង្ហាញពីក្ដីព្រួយបារម្ភពីគ្រោះរាំងស្ងួត ដែលអាចនឹងកើតមានឡើងជាថ្មីទៀតនៅកម្ពុជា ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៩។ ការព្រួយបារម្ភនេះ គឺបន្ទាប់ពីក្រសួងធនធានទឹក បានជូនដំណឹងស្ដីពីការព្យាករណ៍អាកាសធាតុលើកទី១ ប្រចាំឆ្នាំ២០១៩។
លោក កែវ វី មន្ដ្រីនាំពាក្យ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយការណ៍ មានប្រសាសន៍ប្រាប់វិទ្យុស្ដ្រីថា យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក បង្ហាញឲ្យឃើញថា ស្ថានភាពអាកាសធាតុនៅក្នុងឆ្នាំ២០១៩ អំឡុងខែកុម្ភៈតទៅ កម្ពុជាអាចប្រឈមនិងគ្រោះរាំងស្ងួតដូចកាលពីឆ្នាំ២០១៦។ លោកបន្ដថា តាំងពីខែវិច្ឆិកាមក មន្ដ្រីរបស់ក្រសួងធនធានទឹក បានចុះតាមមូលដ្ឋានក្នុងខេត្ដគោលដៅសំខាន់ៗមួយចំនួន ដើម្បីប្រាប់ពួកគាត់ឲ្យមានការគ្រប់គ្រងទឹក និងកុំបន្ដដាំស្រូវបន្ថែមលើសផែនការ ៖«ដល់ឥឡូវហ្នឹងគឺមានលើសផែនការច្រើនហើយនៅក្នុងខេត្ដបាត់ដំបង នៅក្នុងខេត្ដបន្ទាយមានជ័យអី យើងកំពុងតែទប់ស្កាត់ករសិករកុំឲ្យគាត់ធ្វើលើសច្រើនពេក គ្រែងវាគ្មានទឹកផ្គត់ផ្គង់ដូចឆ្នាំ២០១៦»។
លោកបន្ដថា ចំពោះស្រូវដែលកសិករ បានដាំដុះលើសផែនការទៅហើយ ក្រសួងធនធានទឹក នឹងធ្វើយ៉ាងណារិះរកមធ្យោបាយផ្ដល់ទឹក ដើម្បីស្រោចស្របរបស់រហូតដល់ទទួលផល។ ក៏ប៉ុន្ដែលោកស្នើសុំថា កសិករកុំបន្ដដាំស្រូវបន្ថែមទៀត ព្រោះអាចប្រឈមនឹងការខាតបង់។ ជាងនេះលោកថា នៅឆ្នាំ២០១៩ កម្ដៅក៏កើនខ្លាំង ហើយភ្លៀងកក់ខែក៏មានតិចតូចថែមទៀត។
បន្ថែមលើនេះ លោក កែវ វី សំណូមពរដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ត្រូវតែរៀបចំស្ដុកទឹកទុក ដើម្បីប្រើប្រាស់ ពីព្រោះកម្ពុជាធ្លាប់ជួបម្ដងមកហើយ កាលពីឆ្នាំ២០១៦ ដែលកាលនោះអាកាសធាតុក្ដៅខ្លាំង ហើយប្រជាពលរដ្ឋជាច្រើនបានជួបកង្វះខាតទឹកដើម្បីប្រើប្រាស់។
កាលពីថ្ងៃទី២៤ ខែធ្នូ ក្រសួងធនធានទឹក បញ្ជាក់ថា ឆ្នាំ២០១៩ ចាប់ពីខែកុម្ភៈ ដល់ខែឧសភា សីតុណ្ហភាពនឹងឡើងកម្ដៅខ្លាំង ហើយបាតុភូតខ្យល់កន្ដ្រាក់ក៏នឹងច្រើនជាងឆ្នាំ២០១៨ដែរ។ ក្រសួងសង្កត់ធ្ងន់ថា កម្ដៅអាចមានពី ៣៦អង្សាសេ ដល់ ៤១អង្សាសេ ដែលជាកម្រិតកម្ដៅមួយក្ដៅខ្លាំង ព្រោះតែឥទ្ធិពលបាតុភូតអែលនីណូ (El Nino) ក្នុងកម្រិតពីមធ្យមទៅបង្គួរ ៦៥ភាគរយ និង ៣៥ភាគរយទៀត ទទួលរងឥទ្ធិពលពីបាតុភូតអន្ដរកាល ដែលជាបាតុភូតនៅចន្លោះ អែលនីណូ និង ឡានីណា (La Nina)។
កាលពីឆ្នាំ២០១៦ ប្រទេសកម្ពុជា បានជួបគ្រោះរាំងស្ងួត ក្ដៅហួតហែងខ្លាំងរយៈពេល ០៦ខែ ចាប់ពីខែកុម្ភៈ ដល់ខែកក្កដា ដែលជាគ្រោះរាំងស្ងួតមួយដ៏ធ្ងន់ធ្ងរសម្រាប់កម្ពុជា ហើយបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជាង ៥ម៉ឺនគ្រួសារនៅទូទាំងប្រទេស។ គ្រោះរាំងស្ងួតកាលនោះ គឺបណ្ដាលមកពីរលកកម្ដៅបាតុភូតអែលនីណូ (El Nino)។ លោក ចាន់ យុត្ថា មន្ដ្រីនាំពាក្យ ក្រសួងធនធានទឹក បានបញ្ជាក់កាលពីពេលនោះថា ពលរដ្ឋបានខ្វះទឹកប្រើប្រាស់ស្ទើរទូទាំងប្រទេស។ ក៏ប៉ុន្ដែខេត្ដដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺខេត្ដកំពង់ធំ និងខេត្ដឧត្ដរមានជ័យ។
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ស្ដីពីហានិភ័យឆ្នាំ២០១៥ បានប្រាប់ថា ប្រទេសកម្ពុជា គឺជាប្រទេសទី០៩ ដែលងាយរងគ្រោះជាងគេ ដោយសារតែគ្រោះមហន្ដរាយនៅលើពិភពលោក ដែលជាឧបសគ្គដល់ដំណើរការអភិវឌ្ឍសម្រាប់ប្រទេស។
បន្ថែមពីនេះ យោងតាមការព្យាករណ៍របស់អង្គការសុខភាពពិភពលោក WHO នៅចន្លោះឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ការប្រែប្រួលអាកាសធាតុ នឹងអាចបង្កឲ្យមានមនុស្សស្លាប់បន្ថែមប្រមាណ ២៥ម៉ឺននាក់ ក្នុងមួយឆ្នាំៗ។ ក្នុងនោះមនុស្សជិត ៤ម៉ឺននាក់ អាចនឹងស្លាប់ដោយសារការឡើងកម្កៅខ្លាំង កុមារជិត ១០ម៉ឺននាក់ អាចស្លាប់ដោយសារកង្វះចំណីអាហារ មនុស្សជិត ៥ម៉ឺននាក់ ស្លាប់ដោយសារការរាករូស និងមនុស្សចំនួនជិត ៦ម៉ឺននាក់ អាចនឹងស្លាប់ដោយសារជំងឺគ្រុនចាញ់៕