en     km
en     km

មន្រ្តីកសិកម្មនិងធនាគារពិភពលោក ពិភាក្សាគម្រោង LASED II​ ស្តីពីការកែប្រែកម្រិតជីវភាពជនក្រីក្រ

Share

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម និងនាយកប្រតិបត្តិនៃធនាគារពិភព បានពិភាក្សា និងរាយការណ៍ពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន ២ ឬ(LASED II)​ ដែលជាគម្រោងជួយលើកស្ទួយកម្រិតជីវភាពជនក្រីក្រ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម ដែលបានបង្ហោះពីជំនួបរវាងរដ្ឋមន្រ្តីក្រសួងកសិកម្ម និងលោក Nathan M. Belete នាយកប្រតិបត្តិនៃធនាគារពិភព ប្រចាំតំបន់អាស៊ីបូព៌ានៅថ្ងៃទី០៦ មិថុនានេះ។

លោក Nathan M. Belete លើកឡើងថា គម្រោង LASED II នេះមានបំណង ជួយលើកកម្ពស់ជីវភាពរបស់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ។ គម្រោងនេះបានជួយគាំទ្រដល់គម្រោងសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការចែកដីឲ្យកសិករគ្មាន និងមានដីតិចតួចដើម្បីប្រកបរបបកសិកម្មចិញ្ចឹមជីវិត។

គម្រោង LASED II បានអនុវត្តលើខេត្តគោលដៅចំនួន ០៥ មានខេត្តត្បូងឃ្មុំ ក្រចេះ កំពង់ឆ្នាំ កំពង់ស្ពឺ និងកំពង់ធំ ដោយបានផ្តល់ប្រយោជន៍ដល់ប្រជាជនក្រីក្រចំនួន ៤,៤៤១ គ្រួសារ តាមរយ:ការរៀបចំប្រព័ន្ធធារាសាស្រ្តខ្នាតតូច និងផ្តល់សេវាគាំទ្របច្ចេកទេសកសិកម្មមូលដ្ឋាន ដើម្បីកែលម្អកម្រិតជីវភាពបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។

លោកបានបញ្ជាក់ថា គម្រោងនេះមានរយ:ពេល ០៥ឆ្នាំ ពីឆ្នាំ២០១៧-២០២២ ដែលត្រូវចំណាយថវិកាសរុប ២៥លានដុល្លារ។

លោក Nathan M. Belete នាយកប្រតិបត្តិនៃធនាគារពិភព ប្រចាំតំបន់អាស៊ីបូព៌ាជឿជាក់ថា ធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ទាំងអស់នឹងបន្តផ្តល់ការគាំទ្រ ជាពិសេសលើការធ្វើប្រពលវប្បកម្មដំណាំ បន្លែ វារីវប្បកម្ម និងការចិញ្ចឹមសត្វ។ ការគាំទ្រនេះ ដើម្បីបង្កើនតម្លៃបន្ថែមដល់កសិផល ពង្រីកនិងពង្រឹងការកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឡសម្ងួត ការរក្សាទុកដាក់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ធានាគុណភាព សុវត្តិភាពទាំងអនាម័យ និងភូតគាមអនាម័យ ក្នុងគោលបំណងបំពេញខ្សែច្រវាក់ផលិតកម្ម និងកាត់បន្ថយការនាំចេញវត្ថុធាតុដើម៕

Share

Image
Image
Image