en     km
en     km

រដ្ឋមន្ដ្រីក្រសួង​ការងារ​ ប្រាប់​ឲ្យ​សមាគម​ថៅកែ​កៅស៊ូ​វៀតណាម​នៅ​កម្ពុជា​ ចុះបញ្ជី​នៅ​ក្រសួង​ការងារ​

Share

ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​នេះ​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ បាន​ប្រាប់​ ឲ្យ​សមាគម​ថៅកែ​កៅស៊ូ​វៀតណាម​នៅ​កម្ពុជា​ រៀបចំ​ឯកសារ​មក​ចុះបញ្ជី​នៅ​ក្រសួង​ការងារ​ ឲ្យ​ស្រប​តាម​ច្បាប់​។​ ប្រសាសន៍​រដ្ឋមន្ដ្រី​ដូចនេះ​ ធ្វើ​ឡើង​ខណៈ​លោក​ជួប​ជាមួយ​ សមាគម​ថៅកែ​កៅស៊ូ​វៀតណាម​នៅ​កម្ពុជា​ នៅ​ទីស្ដីការក្រសួង​ការងារ​។​ តំណាង​និយោជក​ចម្ការ​កៅស៊ូ​វៀតណាម​នៅ​កម្ពុជា​ អះអាង​ថា​ ពួក​គេ​នឹង​រៀបចំ​ឯកសារ​ដើម្បី​ចុះបញ្ជី​នៅ​ក្រសួង​ការងារ​ឲ្យ​ស្រប​តាម​ច្បាប់​។​

លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​រដ្ឋមន្ដ្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ លោក​ អ៊ិ​ត​ សំ​ហេង​ មាន​ប្រសាសន៍​ក្នុង​ជំនួប​ជាមួយ​លោក​ Truong​ Minh​ Trung​ អគ្គនាយករង​ សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម​ ហៅ​កាត់​ថា​ VRG​ ដោយ​បាន​បញ្ជាក់​ថា​ គិត​មក​ដល់​ពេល​នេះ​ ច្បាប់​ការងារ​កម្ពុជា​មានការ​កែប្រែ​ខ្លះ​ ដែល​តម្រូវ​ជា​ចាំបាច់​ឲ្យ​ក្រុម​ម្ចាស់​ ឬ​នាយក​ គ្រឹះស្ថាន​ សហគ្រាស​ ក្រុមហ៊ុន​ ទាំងអស់​នៅ​កម្ពុជា​ ត្រូវ​តែ​ស្វែង​យល់​បន្ថែម​។​

​លោក​រដ្ឋមន្ដ្រី​បន្ដ​ថា​ កន្លង​មក​កម្ពុជា​ ក៏​ធ្លាប់​បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រុមហ៊ុន​វៀតណាម​មួយ​ចំនួន​ដែរ​។​ តាម​រយៈ​កិច្ច​សហប្រតិបត្ដិការ​នេះ​ គឺជា​ការ​សម្រួល​ឲ្យ​ក្រុម​កម្មករ​ជំនាញ​ របស់​វៀតណាម​ អាច​ចូល​មក​ធ្វើការ​នៅ​ប្រទេស​កម្ពុជា​បាន​ ក៏​ប៉ុន្ដែ​ត្រូវ​តែ​បំពេញ​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​លក្ខខណ្ឌ​ការងារ​របស់​កម្ពុជា​។​

​ក្រោយ​បញ្ចប់​ជំនួប​នេះ​ លោក​ ហ៊ូ​ វុ​ឌ្ឍី​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ បាន​ផ្ដល់​បទ​សម្ភាស​ដល់​អ្នក​សារព័ត៌មាន​ថា​ មូលហេតុ​ដែល​ សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម​ មក​ជូ​ប​រដ្ឋមន្ដ្រីក្រសួង​ការងារ​នេះ​ ពីព្រោះ​តែ​ពួក​គេ​ មាន​ក្ដី​បារម្ភ​ពី​ការ​អនុវត្ដ​ច្បាប់​ការងារ​ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ដ​នានា​ចំពោះ​កម្មករ​ ចម្ការ​កៅស៊ូ​នៅ​កម្ពុជា​ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​មានការ​អភិវឌ្ឍ​លើ​វិស័យ​ការងារ​ ហើយ​មានការ​ប្រែប្រួល​ការ​អនុវត្ដ​មួយ​ចំនួន​។​

​រដ្ឋលេខាធិការ​ក្រសួង​ការងារ​ បាន​បញ្ជាក់​ថា​ ជា​ការ​ឆ្លើយ​តប​នឹង​ក្ដី​ព្រួយបារម្ភ​នេះ​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ បាន​អះអាង​ថា​ ការ​អនុវត្ដ​ច្បាប់​ស្ដី​ពី​ការងារ​ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ដ​នានា​ ចំពោះ​កម្មករ​ក្នុង​ចម្ការ​កៅស៊ូ​នៅ​ប្រទេស​កម្ពុជា​ គឺ​ស្រប​ទៅ​នឹង​ការ​អនុវត្ដ​ចំពោះ​កម្មករ​ និយោជិត​ក្នុង​រោងចក្រ​ សហគ្រាស​ដូច​គ្នា​ដែរ​ ៖«​បាទ​ច្បាប់​ការងារ​យើង​តែ​មួយ​ហើយ​អនុវត្ដ​កម្មករ​យើង​ទាំងអស់​នៅ​កម្ពុជា​ និង​វិស័យ​ឯកជន​ទាំងអស់​។​ អ្វី​ដែល​យើង​ចេញ​ប្រកាស​ថ្មី​ ដើម្បី​អនុវត្ដ​ច្បាប់​ ដែល​យើង​ធ្វើ​វិសោធនកម្ម​ថ្មី​ហ្នឹង​ គឺ​នៅ​គ្រប់​វិស័យ​ទាំងអស់​ដែរ​។​ ឧទាហរណ៍​ដូច​ជា​បញ្ហា​ដែល​យើង​ត្រូវ​អនុវត្ដ​ការ​បើកប្រាក់​ឈ្នួល​១​ខែ​ពីរ​ដង​គឺ​ត្រូវ​អនុវត្ដ​ទាំងអស់​»​។​

​បន្ថែម​លើ​នេះ​លោក​រដ្ឋមន្ដ្រីក្រសួង​ការងារ​ បញ្ជាក់​ថា​ ដើម្បី​ឲ្យ​សមាគម​ថៅកែ​កៅស៊ូ​វៀតណាម​នៅ​កម្ពុជា​ មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ការងារ​នៅ​កម្ពុជា​ស្រប​តាម​ច្បាប់​ សមាគម​ត្រូវ​តែ​រៀបចំ​ឯកសារ​ឲ្យ​បាន​គ្រប់គ្រាន់​ ហើយ​មក​ចុះបញ្ជី​ស្របច្បាប់​នៅ​ក្រសួង​ការងារ​។​ លោក​ ហ៊ូ​ វុ​ឌ្ឍី​ បាន​ប្រាប់​ថា​ កន្លង​មក​ សមាគម​ថៅកែ​កៅស៊ូ​វៀតណាម​នៅ​កម្ពុជា​ គឺ​បាន​បង្កើត​ហើយ​ ប៉ុន្ដែ​មិន​ទាន់​បាន​រៀបចំ​ឯកសារ​ដើម្បី​ចុះបញ្ជី​ស្របច្បាប់​នៅ​ក្រសួង​ការងារ​ ៖«​កន្លង​មក​យើង​មាន​សមាគម​មួយ​គឺ​ សមាគម​ថៅកែ​កៅស៊ូ​វៀតណាម​នៅ​កម្ពុជា​ ហើយ​សមាគម​គាត់​ហ្នឹង​មិន​ទាន់​ដឹង​ផ្លូវច្បាប់​ពេញលេញ​ ហើយ​ដើម្បី​ទៅ​ជា​សមាគម​ពេញលេញ​នៅ​កម្ពុជា​យើង​ សមាគម​ និយោជក​ ហ្នឹង​គាត់​ត្រូវ​រៀបចំ​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ​មក​ចុះបញ្ជី​នៅ​ក្រសួង​ការងារ​។​ ឥឡូវ​គាត់​បាន​ឯកភាព​ថា​រៀបចំ​ដើម្បី​មក​សហការ​ ដើម្បី​ចុះបញ្ជី​ឲ្យ​ទៅ​ជា​សមាគម​។​ ដល់​មាន​សមាគម​ហើយ​ សមាគម​គាត់​នឹង​ការពារ​សមាជិក​ ទី​១​ ហើយ​ទី​២​ ដើម្បី​យើង​ងាយ​អនុវត្ដ​ច្បាប់​»​។​

​យ៉ាងណា​ក្រោយ​ពី​ទទួល​បានការ​ណែនាំ​ពី​រដ្ឋមន្ដ្រីក្រសួង​ការងារ​ហើយ​ តំណាង​និយោជក​ចម្ការ​កៅស៊ូ​វៀតណាម​នៅ​កម្ពុជា​ បាន​បញ្ជាក់​ថា​ ពួក​គេ​នឹង​រៀបចំ​ឲ្យ​សមាគម​របស់​ពួក​គេ​ ដែល​កំពុង​មាន​វត្ដ​មាននៅ​កម្ពុជា​ ឲ្យ​ក្លាយទៅជា​សមាគម​ស្របច្បាប់​ ពិសេស​គឺ​ការ​រៀបចំ​បែបបទ​ចុះបញ្ជី​នៅ​ក្រសួង​ការងារ​ ដើម្បី​ងាយស្រួល​ក្នុង​ការ​អនុវត្ដ​ច្បាប់​ជាមួយ​ភាគី​កម្ពុជា​៕

Share

Image
Image
Image