en     km
en     km

រដ្ឋមន្ដ្រី​សុខាភិបាល​ ប្រាប់​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ជំងឺ​រាតត្បាត​

Share

​ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល​ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ឲ្យ​ប្រុង​ប្រយ័ត្ន​ជំងឺ​រាតត្បាត​ផ្សេងៗ​ ដែល​អាច​កើត​មាន​ក្រោយ​ពេល​ដែល​ទឹកជំនន់​ស្រក​។​ ក្នុង​ករណី​ដែល​បញ្ហា​សុខភាព​ ត្រូវ​រូស​រាន់​នាំ​អ្នកជំងឺ​ទៅ​មណ្ឌល​សុខភាព​ ហើយ​បើសិនជា​សង្ស័យ​មាន​ជំងឺឆ្លង​ ត្រូវ​ផ្ដល់​ដំណឹង​ទៅ​សមត្ថកិច្ច​ ឬ​ហៅ​ទូរស័ព្ទ​ទៅ​លេខ​ ១១៥​។​ នេះ​បើ​តាម​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល​កាលពីដើម​ស​ប្ដា​ហ៍​នេះ​។​

​ជំនន់​ទន្លេមេគង្គ​បាន​ស្រក​ចុះ​ខ្លះៗ​ នៅ​តាម​ខេត្ដ​មួយ​ចំនួន​ ក្រោយ​ទឹក​ស្រក​អាច​នឹង​មាន​ជំងឺ​រាតត្បាត​ផ្សេងៗ​ ដូច​ជា​ ជំងឺរាក​ ជំងឺគ្រុនឈាម​ ជំងឺ​កមរមាស់​ និង​ជំងឺ​ព្រួ​ន​ ជាដើម​។​ ដើម្បី​ទប់ស្កាត់​ការ​កើត​ជំងឺ​ទាំង​អស់នេះ​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ ស្នើ​ឲ្យ​ពលរដ្ឋ​ ចម្អិន​ម្ហូបអាហារ​ឲ្យ​មាន​អនាម័យ​ និង​ឆ្អិន​ល្អ​។​ បរិភោគ​ទឹក​ស្អាត​ អនាម័យ​ខ្លួនប្រាណ​ជាប់​ជា​និច្ច​ លាងដៃ​និង​សាប៊ូ​ ទាំង​មុន​ និង​ក្រោយ​ពេលបាយ​ ពិសេស​គឺ​ក្រោយ​ពេល​បន្ទោ​របង់​រួច​។​

​ជាង​នេះ​ ត្រូវ​សម្រាន្ដ​ក្នុង​មុង​ សម្អាត​ខាងក្នុង​និង​ជុំវិញ​ផ្ទះ​ លុបថ្លុក​ដែល​មាន​ដក់​ទឹក​ ស្ដារ​ និង​សម្អាត​អណ្ដូងទឹក​ឡើង​វិញ​មុន​ នឹង​ប្រើប្រាស់​ ហើយ​ជា​ពិសេស​គឺ​ត្រូវ​សាងសង់​បង្គន់​ឡើង​វិញ​។​ បន្ថែម​ពី​នេះ​ ប្រជាពលរដ្ឋ​ មិន​ត្រូវ​ទៅ​ជួសជុល​ខ្សែ​ង​ភ្លើង​ ដែល​បាន​ធ្លាក់​មក​ ដោយ​ខ្លួន​នោះ​ទេ​។​

​តាម​រយៈ​សេចក្ដីជូនដំណឹង​នេះ​ រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ទៅ​ពិនិត្យ​ និង​ព្យាបាល​ភ្លាម​ ដោយ​មិន​ត្រូវ​ទុក​យូរ​នោះ​ទេ​ ប្រើ​សិន​ជា​មាន​បញ្ហា​សុខភាព​។​ លើស​ពី​នេះ​បើសិនជា​សង្ស័យ​ថា​ មាន​ជំងឺឆ្លង​ត្រូវ​ប្រញាប់​ផ្ដល់​ដំណឹង​ទៅ​អាជ្ញាធរ​ ឬ​ទូរស័ព្ទ​ទៅ​លេខ​ ១១៥៕

Share

Image
Image
Image