en     km
en     km

រដ្ឋមន្ដ្រី​អប់រំ​ ៖​ តាម​រយៈ​មូលនិធិ​ CDPF​ កុមារ​កម្ពុជា​គ្រប់​រូប​អាច​ទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព​

Share

​ភ្នំពេញ​ ៖​ រដ្ឋមន្ដ្រីក្រសួង​អប់រំ​ បាន​បញ្ជាក់​ថា​ តាម​រយៈ​មូលនិធិ​កម្មវិធី​ CDPF​ កុមារ​កម្ពុជា​គ្រប់​រូប​អាច​ទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព​។​ ស្រប​ពេល​នេះ​ដែរ​ប្រធាន​ស្ដីទី​របស់​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ការ​កែប្រែ​មុខមាត់​នៃ​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា​ គឺជា​សមិទ្ធផល​មួយ​ដ៏​វិសេសវិសាល​។​ ក្នុង​ន័យ​នេះ​អង្គការ​យូ​នី​សេ​ហ្វ​ រំពឹង​ថា​ កម្មវិធី​នេះ​នឹង​អាច​អនុវត្ដ​ទៅ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​រយៈពេល​វែង​។​

​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ នៅ​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​នេះ​ នៅ​ក្នុង​ឱកាស​ប្រកាស​ចាប់ផ្ដើម​អនុវត្ដ​ដំណាក់កាល​ថ្មី​ និង​ជា​ដំណាក់កាល​ចុង​ក្រោយ​ នៃ​កម្មវិធី​ភាព​ជា​ដៃគូ​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​វិស័យ​អប់រំ​ ដែល​ជា​កម្មវិធី​អនុវត្ដ​រួម​គ្នា​ ដោយ​ស្ថាប័ន​ជា​ច្រើន​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ ក្នុង​គោលបំណង​ពង្រឹង​វិស័យ​អប់រំ​ ក្នុង​ប្រទេស​កម្ពុជា​ រដ្ឋមន្ដ្រីក្រសួង​អប់រំ​ បង្ហាញ​ការ​ស្វាគមន៍​ នឹង​អះអាង​ថា​ក្រសួង​ នឹង​បន្ដ​ពង្រឹងសមត្ថភាព​ជំនាញ​អប់រំ​ ដើម្បី​ឲ្យ​កុមារ​គ្រប់​រូប​អាច​ទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព​។​

​លោក​ ហង់​ ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ដ្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ មាន​ប្រសាសន៍​ថា​ ការ​ពង្រឹង​ភាព​ជា​ដៃគូ​នេះ​ នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​កម្មវិធី​នេះ​ ក្នុង​ដំណាក់កាល​ចុង​ក្រោយ​។​ លោក​បន្ដ​ថា​ សក​កម្ម​ភាព​ដែល​បាន​អនុវត្ដ​ក្រោម​កម្មវិធី​ CDPF​ ផ្ដោត​លើ​ការ​បង្កើន​សមត្ថភាព​របស់​ក្រសួង​ ក្នុង​ការ​ផ្ដល់​សេវា​អប់រំ​ប្រកបដោយ​បរិ​យា​បន្ន​ និង​សមធម៌​ដល់​កុមារ​គ្រប់​រូប​ និង​ធានា​ប្រសិទ្ធភាព​ នៃ​ការ​ដឹកនាំ​ និង​ការ​គ្រប់គ្រង​បុគ្គលិក​អប់រំ​នៅ​គ្រប់​ជាន់ថ្នាក់​ ៖«​យើង​នឹង​បន្ដ​ពង្រឹងសមត្ថភាព​អ្នកជំនាញ​អប់រំ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ឲ្យ​កុមារ​គ្រប់​រូប​ក្នុង​ប្រទេស​នេះ​ អាច​ទទួល​បានការ​អប់រំ​ប្រកបដោយ​បរិ​យា​បន្ន​ និង​គុណភាព​»​។​

​មូលនិធិ​ភាព​ជា​ដៃគូ​សម្រាប​អភិវឌ្ឍន៍​សមត្ថភាព​វិស័យ​អប់រំ​ CDPF​ គឺជា​កម្មវិធី​អនុវត្ដ​ក្រោម​ការ​ដឹកនាំ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដោយ​មានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​ពី​សហភាព​អឺរ៉ុប​ (EU)​ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្ដរជាតិ​ស៊ុ​យ​អែ​ត​ (SIDA)​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្ដរជាតិ​ (USAID)​ ភាព​ជា​ដៃគូ​សកល​សម្រាប់​ការ​អប់រំ​ (GPE)​ និង​អង្គការ​ យូ​នី​សេ​ហ្វ​។​

​កម្មវិធី​នេះ​ បាន​អនុវត្ដ​ដោយ​បែងចែក​ជា​ដំណាក់កាល​ ពោល​គឺ​ចាប់ពី​ឆ្នាំ​ ២០១១-២០១៤​ ជា​ដំណាក់កាល​ទី​១​ និង​ដំណាក់កាល​ទី​២​ ចាប់ពី​ឆ្នាំ​២០១៥​ ដល់​ឆ្នាំ​ ២០១៧​។​ ដោយឡែក​ចាប់ពី​ឆ្នាំ​២០១៨​ ដល់​ឆ្នាំ​ ២០២១​នេះ​ គឺជា​ដំណាក់កាល​ចុង​ក្រោយ​របស់​កម្មវិធី​នេះ​។​ ការ​បង្កើត​ឲ្យ​មានកម្ម​វិធី​នេះ​ឡើង​ ក្រោយ​ពី​អង្គការ​ជា​ដៃគូ​មើលឃើញ​ថា​ បើ​ទោះជា​មានការ​សម្រេច​បាន​នូវ​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​វិស័យ​អប់រំ​ក្នុង​ប្រទេស​កម្ពុជា​ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​ដោយ​ ក៏​ប៉ុន្ដែ​គឺ​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​នៅ​តែ​កើត​មាន​។​ ពិសេស​គឺ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​គុណភាព​ និង​ភាព​មាន​ប្រយោជន៍​ នៃ​ការ​អប់រំ​ អត្រា​ត្រួតថ្នាក់​ខ្ពស់​ ជា​ពិសេស​នៅ​ថ្នាក់ដំបូងៗ​ និង​ការ​បោះបង់​ចោលការ​សិក្សា​។​ គោលបំណង​ជា​រួម​ នៃ​កម្មវិធី​នេះ​ គឺ​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ នៃ​ការ​ដឹកនាំ​ និង​ការ​គ្រប់គ្រង​វិស័យ​អប់រំ​នៅ​គ្រប់​កម្រិត​ថ្នាក់​ តាម​រយៈ​ការ​អភិវឌ្ឍ​សមត្ថភាព​ក្នុង​លក្ខណៈ​ជា​ប្រព័ន្ធ​ ដល់​អ្នកជំនាញ​អប់រំ​ ក៏​ដូច​ជា​ការ​បង្កើន​ការ​ចូលរួម​របស់​សហគមន៍​ ក្នុង​វិស័យ​អប់រំ​។​

​លោកស្រី​ Natascha​ Paddison​ ប្រធាន​ស្ដីទី​របស់​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​ធ្លាប់​ឆ្លងកាត់​នូវ​ប្រវត្ដិសាស្ដ្រ​មួយ​លំបាក​ ដូច្នេះ​ការ​កែប្រែ​មុខមាត់​ នៃ​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​នេះ​ គឺជា​សមិទ្ធផល​មួយ​ដ៏​វិសេសវិសាល​ ៖«​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ យើង​ត្រូវ​បន្ដ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់​ជា​ពិសេស​ប​ញ្ហ​ប្រឈម​របស់​សិស្ស​ក្នុង​សហគមន៍​ងាយ​រង​គ្រោះ​ និង​ជួប​ការ​លំបាក​»​។​

​លោកស្រី​បន្ដ​ថា​ កម្មវិធី​ CDPF​ មាន​សារសំខាន់​ ព្រោះ​វា​ជំរុញ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ នៃ​សង្គម​កម្ពុជា​ ក្នុង​កំណែ​ទម្រង់ការ​អប់រំ​ ចាប់ពី​មន្ដ្រី​រដ្ឋាភិបាល​ រហូត​ដល់​នាយក​សាលា​ គ្រូបង្រៀន​ មាតាបិតា​សិស្ស​។​ លើស​ពី​នេះ​ យូ​នី​សេ​ហ្វ​ សង្ឃឹមថា​ កម្មវិធី​នេះ​នឹង​អាច​ផ្ដល់​ភាព​អង់អាច​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ដើម្បី​វិនិយោគ​លើ​ការ​អប់រំ​ សម្រាប់​កូនៗ​របស់​ពួក​គេ​អាច​ទទួល​បាន​ប្រយោជន៍​ក្នុង​រយៈពេល​វែង​។​

​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​កម្មវិធី​នេះ​លោក​ ណាត​ ប៊ុ​ន​រឿ​ន​ រដ្ឋលេខាធិការ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ មាន​ប្រសាសន៍​ថា​ មូលនិធិ​ ដំណាក់កាល​ទី​៣​ នេះ​ គឺ​ទទួល​បាន​ថវិការ​សរុប​ចំនួន​ ២៧​លាន​ដុល្លារ​ ដែល​ក្រសួង​អប់រំ​ នឹង​ផ្ដោត​សំខាន់​ទៅ​លើ​សមត្ថភាព​គ្រូបង្រៀន​ និង​នាយក​សាលា​ នៅ​ទូ​ទាំង​ប្រទេស​ ៖«​ភាគច្រើន​គឺ​យើង​បំប៉ន​សមត្ថភាព​គ្រូ​យើង​ ជា​ពិសេស​នៅ​តាម​សាលា​គរុកោសល្យ​ហើយ​មួយ​ចំនួន​ទៀត​ គឺ​យើង​ផ្ដោត​ទៅ​លើរៀន​ថ្នាក់ដំបូង​។​ ជា​ពិសេស​ការ​រៀន​ភាសារ​ និង​គណិត​វិទ្យា​នៅ​ថ្នាក់ដំបូង​ គឺ​ថ្នាក់​ទី​១​ ទី​២​ ទី​៣​ ហ្នឹង​គឺ​ទី​១​ ហើយ​ទី​២​ ទៀត​គឺ​យើង​ឃើញ​ថា​ សមត្ថភាព​គ្រូបង្រៀន​យើង​សព្វថ្ងៃ​យើង​ឃើញ​មាន​កម្រិត​ អ​ញ្ចឹ​ង​យើង​បង្កើន​សមត្ថភាព​គាត់​បន្ថែម​ទៀត​ តាម​រយៈ​វគ្គ​វិ​ក្រិត​ការ​ ហើយ​មួយវិញទៀត​ ដូច​បានឃើញ​ហើយ​ រូប​នាយិកា​សាលា​មិ​ញ​គាត់​ថា​ គាត់​នៅ​ខ្វះ​បច្ចេកទេស​ សមត្ថភាព​មួយ​ចំនួន​យើង​នឹង​បំប៉ន​គាត់​បន្ថែម​ទៀត​ ជា​ពិសេស​គឺ​ផ្នែក​បច្ចេកវិទ្យា​ ព័ត៌មាន​»​។​

​បើ​ទោះបីជា​នេះ​ គឺជា​ដំណាក់កាល​ចុង​ក្រោយ​ក៏​ពិតមែន​ ប៉ុន្ដែ​រដ្ឋលេខាធិការ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ មាន​ក្ដី​រំពឹង​ថា​ កម្មវិធី​នេះ​នឹង​នៅ​តែ​បន្ដដំណើរ​ បន្ទាប់​ពី​បាន​អនុវត្ដ​សកម្មភាព​ការងារ​ ទទួល​បាន​ជោគជ័យ​ទាំង​ដំណាក់កាល​ទី​១​ និង​ដំណាក់កាល​ទី​២​ ៖«​កាល​មុន​មាន​តែ​ម្ដង​ហ្នឹង​យើង​នឹកឃើញ​ថា​ ប្រហែល​ចប់​ហើយ​ ប៉ុន្ដែ​បាន​២​ ដល់​បាន​២​ ឥឡូវ​បាន​ទី​៣​ ហើយ​គាត់​ថា​ ទី​៣​នេះ​ចុង​ក្រោយ​ហើយ​ ប៉ុន្ដែ​បើ​យើង​ធ្វើ​ល្អ​យើង​ខិតខំ​ទៅ​អាច​គេ​មើលឃើញ​គេ​ជួប​ន្ដ​ទៅ​ទៀត​»​។​

​ម្ចាស់​ជំនួយ​វាយតម្លៃ​ថា​ មាន​សមិទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​ដែល​សម្រេច​បាន​ ក្នុង​ដំណាក់កាល​ទី​១​ និង​ទី​២​ ដែល​មាន​ដូច​ជា​ សមធម៌​ និង​បរិ​យា​បន្ន​នៅ​ថ្នាក់​ក្រោម​ជាតិ​ ជា​ពិសេស​នៅ​តាម​សាលារៀន​ មាន​ភាពល្អ​ប្រសើរ​ជាង​មុន​។​ ក្រសួង​អប់រំ​ បាន​បង្ហាញ​ភាព​ជា​ម្ចាស់​ក្នុង​កម្រិត​ខ្ពស់​លើ​មូលនិធិ​ CDPF​ តាម​រយៈ​ការ​ដឹកនាំ​គណៈកម្មាធិការ​ដឹកនាំ​មូលនិធិ​នេះ​ និង​វិ​ភោជន៍​ថវិកា​របស់​ក្រសួង​ ដើម្បី​បំពេញបន្ថែម​លើ​សកម្មភាព​ដែល​ទទួល​បាន​ហិរញ្ញប្បទាន​ពី​ CDPF​។​ បច្ចុប្បន្ន​នេះ​ ក្រសួង​អប់រំ​ អាច​ផ្ដល់​អាទិភាព​លើ​អន្ដរាគមន៍​លើ​សមធម៌​ និង​ព​ន្លឿ​ន​កិច្ច​ខិតខំ​ប្រឹងប្រែង​ ដើម្បី​ផ្ដល់​សេវា​ដល់​កុមារ​ ដែល​ងាយ​រង​គ្រោះ​ជាងគេ​ និង​ពុំ​បាន​រាប់​ប​ញ្ជូ​លតា​មរយៈ​ការ​អនុវត្ដ​អន្ដរាគមន៍​ដែល​ទទួល​បាន​ពី​ការ​គាំទ្រ​ពី​ CDPF​ ដូច​ជាតា​មរយៈ​ការ​ផ្ដល់​អាហារូបករណ៍​ដល់​កុមារ​ជួយ​ការ​លំបាក​ និង​ការ​ផ្ដល់​ការ​អប់រំ​បរិ​យា​បន្ន​ដល់​កុមារ​ពិការ​ជាដើម​។​

​លើស​ពី​នេះ​ អ្នកជំនាញ​ផ្នែក​អប់រំ​កាន់តែ​មាន​សមត្ថភាព​គ្រប់គ្រង​សាលារៀន​របស់​ខ្លួន​ ប្រកបដោយ​ប្រសិទ្ធភាព​ តាម​រយៈ​គម្រោង​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ គាំទ្រ​ដោយ​ CDPF​។​ ការ​បណ្ដាល​ទាំងនេះ​ មាន​គោលបំណង​លើកកម្ពស់​សមត្ថភាព​ និង​គុណវុឌ្ឍិ​បុគ្គលិក​សំខាន់ៗ​ ដែល​កំពុង​បំពេញ​តួនាទី​ដឹកនាំ​ និង​គ្រប់គ្រង​ការងារ​អប់រំ​ ដើម្បី​ឲ្យ​គុណភាព​សេវា​អប់រំ​ និង​បរិយាកាស​ក្នុង​សាលារៀន​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​។​ បន្ថែម​ពី​នេះ​ កម្មវិធី​ CDPF​ បាន​បង្កើន​ការ​ចូលរួម​របស់​សមាជិក​សហគមន៍​ក្នុង​សកម្មភាព​កំណែទម្រង់​វិស័យ​អប់រំ​ តាម​រយៈ​អន្ដរាគមន៍​ ដែល​ទទួល​បានការ​គាំទ្រ​ពី​ CDPF​ ដូច​ជា​ការ​បង្កើត​គណៈកម្មការ​ទ្រទ្រង់​សាលារៀន​ ដែល​មានការ​ចូលរួម​ពី​មាតាបិតា​សិស្ស​ អ្នកដឹកនាំ​សហគមន៍​តាម​មូលដ្ឋាន​ គ្រូបង្រៀន​ និង​នាយក​សាលា​។​

​គណៈកម្មការ​ទាំងនេះ​ បាន​ជួប​ប្រជុំ​គ្នា​មួយ​ខែ​ម្ដង​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​សំខាន់ៗ​ ពាក់ព័ន្ធ​នឹង​ការ​អប់រំ​ ចាត់វិធានការ​ជា​បន្ទាន់​ដើម្បី​ដោះស្រាយ​ពាក់ព័ន្ធ​ នឹង​សាលារៀន​ និង​រៀបចំ​យុទ្ធនាការ​បង្កើន​ការ​យល់​ដឹង​អំពី​ការ​អប់រំ​ ដើម្បី​លើកទឹកចិត្ដ​ឲ្យ​ប្រជាពលរដ្ឋ​យក​កូន​មក​ចុះ​ឈ្មោះ​ចូល​រៀន​ និង​ឲ្យ​កូន​រៀន​បន្ដ​ទៀត​។​ ការ​បង្កើត​គណៈកម្មការ​ទាំងនេះ​អាច​បង្កើន​លទ្ធភាព​ទទួល​បានការ​អប់រំ​ និង​ការ​បញ្ចប់​ការ​សិក្សា​ ក៏​ដូច​ជា​បង្កើន​វត្ដមាន​របស់​គ្រូ​ និង​គណនេយ្យ​ភាព​របស់​សាលារៀន​ផង​ដែរ​។​ ជាង​នេះ​ ភាព​ជា​ដៃគូ​ជាមួយនឹង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​កំពុង​អនុវត្ដ​សកម្មភាព​នៅ​តាម​មូលដ្ឋាន​បាន​ជួយ​ឲ្យ​មានការ​ផ្ដល់​ការ​ហ្វឹកហ្វឺន​ និង​ការ​ណែនាំ​នៅ​នឹង​កន្លែងធ្វើការ​ផ្ទាល់​នៅ​តាម​ខេត្ដ​ និង​ស្រុក​ជួប​ការ​លំបាក​ និង​បាន​ជួយ​ឲ្យ​សកម្មភាព​នានា​របស់​ CDPF​ កាន់តែ​សាយភាយ​ដល់​ជនបទ​ដាច់​ស្រយាល​ផង​ដែរ​៕

Share

Image
Image
Image