en     km
en     km

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តម្រូវ​ឱ្យ​គណបក្ស​ហ្វ៊ុ​ស​ស៊ិ​ន​ប៉ិច​ធ្វើ​សមាជ​ជ្រើសរើស​ប្រធាន​ស្តីទី​

Share

​ភ្នំពេញ​៖​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​តម្រូវ​ឱ្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ធ្វើ​សមាជ​ជ្រើសរើស​ប្រធាន​ស្តីទី​ឱ្យ​ស្រប​ទៅ​តាម​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​តម្កល់​នៅ​ក្រសួង​។​អ្នកនាំពាក្យ​គណបក្ស​នេះ​ពុំ​ទាន់​អាច​បញ្ជាក់​អំពី​ការ​ធ្វើ​សមាជ​ជាក់លាក់​បាន​ទេ​ ព្រោះ​រង​ចាំ​សេ​ក្តី​សម្រេច​ពី​សម្តេចក្រុមព្រះ​ ព្រះប្រធាន​គណបក្ស​។​

លោក​ ធូ​ វិ​រៈ​ រាយការណ៍​លម្អិត​

កាលពីថ្ងៃទី ៨ ខែ សីហា ឆ្នំា ២០១៨ គណបក្សហ៊្វុន​ស៊ិនប៉ិចបានប្រកាសតែងតំាងព្រះរាជបុត្រារបស់សម្តេច ក្រុមព្រះ គឺ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាប្រធានស្តីទីគណបក្ស។

​ក្រសួងមហាផ្ទៃ​ពុំ​ទាន់​ទទួលស្គាល់​ព្រះរាជ​បុត្រា​សម្តេចក្រុមព្រះ​ជា​ប្រធាន​ស្តីទី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​នៅឡើយ​ទេ​ ដោយ​ត​ម្រូ​វ​គណបក្ស​នេះ​ពិនិត្យ​មើល​ និង​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​បាន​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​តម្កល់​នៅ​ក្រសួង​។​

​ក្រោយ​ពី​ប្រកាស​តែងតាំង​ប្រធាន​ស្តីទី​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​កាលពី​ខែ​មុន​ គណបក្ស​នេះ​បាន​ដាក់​លិខិតស្នើ​ឱ្យ​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​ប្រធាន​ស្តីទី​ថ្មី​របស់​ខ្លួន​។​

​ជា​ឆ្លើយ​តប​នៅ​ព្រឹក​ថ្ងៃ​ទី​ ១២​ ខែ​ កញ្ញា​នេះ​ ក្រសួងមហាផ្ទៃ​ស្នើ​ឱ្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ពិនិត្យ​ និង​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខ​ន្និ​តកៈ​របស់​គណបក្ស​នយោបាយ​បាន​តម្កល់​ទុក​នៅ​ក្រសួងមហាផ្ទៃ​។​

​ក្នុង​កម្មវិធី​ផ្ទេរតំណែង​ និង​ ដំឡើង​ឋានន្តរស័ក្តិ​មន្ត្រីជាន់ខ្ពស់​នគរបាល​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ ពុធ​ ទី​ ១២​ ខែកញ្ញា​នេះ​ សម្តេច​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថ្លែង​ពុំ​ចំ​ឈ្មោះ​គណបក្ស​នយោបាយ​ណា​តែ​ ទំនងជា​ចង់​សំដៅ​មក​គណបក្ស​បក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ថា​ ចំពោះ​ការ​ចង់​ផ្លាស់​ប្តូរ​ប្រធាន​ស្តីទី​គណបក្ស​ត្រូវ​តែ​ធ្វើ​សមាជ​ឬ​មហាសន្និបាត​ ដើម្បី​ស្រប​ទៅ​តាម​លក្ខន្តិកៈ​របស់​គណបក្ស​នយោបាយ​ដែល​តម្កល់​នៅ​ក្រសួង​។​

​សម្តេច​ ស​ ខេ​ង​៖«​ឧបមារ​ដូរ​អ្នកដឹកនាំ​ ឧ​ទារ​ហណ៍​ថា​ កាលណា​ចង់​ដូរ​ប្រធាន​បក្ស​ត្រូវ​តែ​មាន​សមាជ​ ឬ​មហាសន្និបាត​ ហើយ​មហា​សន្តិ​បាត​ធ្វើ​របៀប​ម្ត៉េ​ច​ អ្នក​កោះហៅ​ បោះ​ឆ្នោត​លើកដៃ​ ឬ​បោះ​ឆ្នោត​ជា​សម្ងាត់​ ឧ​ទារ​ណ៍​ ប៉ុន​ដល់​គាត់​ធ្វើ​ គាត់​អត់​ធ្វើ​អ​ញ្ចឹ​ង​ គាត់​ចេញ​ក្រដាស​មួយ​តឹក​ឡឹ​កៗ​ គាត់​អត់​ធ្វើ​សមាជ​ដូរ​ប្រធាន​​បក្ស​អាហ្នឹង​គេ​ហៅ​ប្រហារ​ហើយ​ ប្រហារ​បក្ស​ ថ្មី​នេះ​មាន​គណបក្ស​មួយ​ដែល​ខ្ញុំ​មិន​បញ្ចេញ​ឈ្មោះ​ទេ​»​។

​កាលពី​ថ្ងៃ​ទី​ ៨​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បាន​ប្រកាស​តែងតាំង​ព្រះរាជ​បុត្រា​របស់​សម្តេច​ ក្រុមព្រះ​ គឺ​ ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ ច​ក្រា​វុ​ឌ្ឍ​ ជា​ប្រធាន​ស្តីទី​គណបក្ស​។​

​ការ​តែងតាំង​ប្រធាន​ស្តីទី​របស់​គណបក្ស​នេះ​ ក្រោយ​ពី​សម្តេច​ ក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ធ្លាក់​ព្រះ​កាយ​ប្រឈួន​ បន្ទាប់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រងរ​បូស​ធ្ងន់ធ្ងរ​កំពុង​សម្រាក​ព្យាបាល​ព្រះ​រោគ​នៅ​ប្រទេស​ថៃ​។​

​លោក​ ណុ​ប​ សុធា​ រិ​ទ្ធិ​ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ មាន​ប្រសាសន៍​ថា​ លោក​បាន​ទទួល​លិខិត​ឆ្លើយ​ពី​ក្រសួងមហាផ្ទៃ​ហើយ​នៅ​ព្រឹក​ថ្ងៃ​ ពុធ​ នេះ​។​ ប៉ុន្តែ​លោក​ពុំ​ទាន់​អាច​បញ្ជាក់​ថា​គណបក្ស​របស់​លោក​នឹង​ធ្វើ​សមាជ​ជ្រើសរើស​ប្រធាន​ស្តីទី​នៅឡើយ​ទេ​ ព្រោះ​លោក​រង​ចាំ​សេចក្តីសម្រេច​ពី​សម្តេចក្រុមព្រះ​ ព្រះប្រធាន​គណបក្ស​។​

​លោក​ ណុ​ប​ សុធា​ រិ​ទ្ធិ​៖«​លិខិត​នឹង​ខ្ញុំ​បាន​ទទួល​ហើយ​ ខ្ញុំ​បាន​យក​ទៅ​ថ្វាយ​សម្តេចក្រុមព្រះ​ហើយ​ ចាំ​មើល​លោក​មាន​ព្រះរាជ​តម្រិះ​យ៉ាង​ដូ​ម្តេច​ បើសិនជា​មាន​ចំណុច​ខ្វះខាត​ខ្ញុំ​នឹង​បំពេញបន្ថែម​តាម​អ្វី​ដែល​ក្រសួងមហាផ្ទៃ​ចង់បាន​»​។​

​ក្រោយ​ពី​មានការ​តែងតាំង​ប្រធាន​ស្តីទី​គណបក្ស​នេះ​បាន​បណ្តេញ​អតីតមន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​នេះ​ជា​ច្រើន​រូប​ចេញពី​តំណែង​ តែ​អតីតមន្ត្រី​ជាន់​គណបក្ស​នេះ​ទាមទារ​ឱ្យ​មានការ​ពន្យល់​ឱ្យ​បាន​ច្បាស់​ពី​ការ​បណ្តេញចេញ​នេះ​៕​

Share

Image
Image
Image