en     km
en     km

រយៈពេល​ពីរ​ថ្ងៃ​មកនេះ​ កម្មការិនី​ជិត​ ១៥០​នាក់​ ដួល​សន្លប់​

Share

ភ្នំពេញ​ ៖​ រយៈពេល​ ២​ថ្ងៃ​ ចន្លោះ​ថ្ងៃ​ទី​១២-១៣​ ខែវិច្ឆិកា​ កម្មការិនី​ជិត​ ១៥០​នាក់​ បាន​ដួល​សន្លប់​ជា​បន្ដបន្ទាប់​ នៅ​រោងចក្រ​ចំនួន​ពីរ​។​ រោងចក្រ​មួយ​ស្ថិត​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​ និង​មួយទៀត​ស្ថិត​ក្នុង​ខណ្ឌដង្កោ​។​ កម្មការិនី​សន្លប់​នៅ​ថ្ងៃ​ទី​១២​ វិច្ឆិកា​ ត្រូវ​បាន​ក្រសួង​ការងារ​តម្រូវ​ឲ្យ​ឈប់​សម្រាក​បី​ថ្ងៃ​ដោយ​មិន​កាត់​ប្រាក់ខែ​។​ ដោយឡែក​កម្មករ​ កម្មការិនី​ សន្លប់​នៅ​ថ្ងៃ​ទី​១៣​ វិច្ឆិកា​នេះ​ ក្រសួង​កំពុង​ស៊ើបអង្កេត​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​កម្មការិនី​ធ្វើការ​នៅ​រោងចក្រ​ ញូ​វេស​ សង្កាត់​ទូល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​ បាន​ដួល​សន្លប់​ជា​បន្ដបន្ទាប់​កាលពី​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ម្សិលមិញ​។​ កម្មការិនី​ ទាំងអស់​គឺ​មាន​ចំនួន​ ១៦​នាក់​។​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ ប៉ុក​ វណ្ណ​ថា​ត​ ប្រធាន​ក្រុមការងារ​ទប់ស្កាត់​ករណី​ដួល​សន្លប់​ របស់​ក្រសួង​ការងារ​។​

​ប្រធាន​ក្រុមការងារ​ទប់ស្កាត់​ករណី​ដួល​សន្លប់​ បាន​បញ្ជាក់​ថា​ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កម្មការិនី​ទាំង​ ១៦​នាក់​ ដួល​សន្លប់​គឺ​បណ្ដាល​មក​ពី​ក្លិនស្អុយ​លូ​ ដែល​រោងចក្រ​ទឹកកក​នៅ​ក្បែរ​នោះ​ បាន​កាយ​កាក​យក​សំណល់​ ចេញពី​ក្នុង​លូ​សាធារណៈ​ ហើយ​យក​មក​ដាក់​ហាលថ្ងៃ​នៅ​ក្បែរ​រោងចក្រ​នោះ​។​ លោក​បន្ថែម​ថា​ ក្រោយ​សន្លប់​អាជ្ញាធរ​បាន​បញ្ជូន​ពួក​គាត់​ទៅ​កាន់​មន្ទីរពេទ្យ​ ហើយ​ពេល​នេះ​កម្មការិនី​ សន្លប់​ទាំងអស់​មាន​អាការ​ធូរស្រាល​វិញ​ហើយ​។​ តែ​យ៉ាងណា​សង្កត់ធ្ងន់​ថា​ ក្រសួង​ការងារ​តម្រូវ​ឲ្យ​រោងចក្រ​នោះ​ អនុញ្ញាត​ឲ្យ​កម្មការិនី​ ដែល​សន្លប់​ឈប់​សម្រាក​ដោយ​មិន​ត្រូវ​កាត់​ប្រាក់ខែ​រយៈពេល​បី​ថ្ងៃ​ ៖«​ឥឡូវ​ហ្នឹង​ជា​បាន​ស្រួល​ហើយ​នៅ​កាល​ម៉ែត្រ​នៅ​អីហ្នឹង​ យើង​បាន​ព្យាបាល​ជា​ហើយ​ ហើយ​មួយ​ចំនួន​ដែល​សន្លប់​ហ្នឹង​ថ្ងៃ​ព្រ​ហ​ស្បត​ចូល​ធ្វើការ​។​ ចំពោះ​អ្នក​ដែល​អត់​សន្លប់​ហ្នឹង​យើង​ឲ្យ​ចូល​ធ្វើការ​ធម្មតា​»​។​

​ចំណែក​រោងចក្រ​ទឹកកក​ដែល​បាន​ប្រមូល​កាក​សំណល់​ពី​ក្នុង​លូ​សាធារណៈ​ យក​មក​ហាលថ្ងៃ​នោះ​ ក្រសួង​ការងារ​តម្រូវ​ឲ្យ​យក​កាក​សំណល់​នោះ​ចេញ​ ហើយ​បោសសម្អាត​ឲ្យ​ស្អាត​ ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​បាត់​ក្លិន​ ដែល​អាច​បង្ក​ឲ្យ​មានការ​ដួល​សន្លប់​ទៀត​។​ លើស​ពី​នេះ​ក្រសួង​ការងារ​ ក៏​តម្រូវ​ឲ្យ​រោងចក្រ​រោងចក្រ​កាត់ដេរ​ បើក​កង្ហារ​បឺត​ខ្យល់​ចេញ​ដើម្បី​បំបាត់​ក្លិន​ និង​មួយវិញទៀត​ ត្រូវ​យក​ក្រណាត់​ណា​ដែល​ជាប់​ក្លិន​ទៅ​ហាលថ្ងៃ​។​ រោងចក្រ​ ញូ​វេស​ គឺ​មាន​កម្មករ​ កម្មការិនី​ សរុប​ចំនួន​ ៦៦៤​នាក់​។​

​ដោយឡែក​ករណី​កម្មការិនី​ដួល​សន្លប់​នៅ​ខណ្ឌដង្កោ​ឯណោះ​វិញ​ គឺ​កើតឡើង​នៅ​រោងចក្រ​ ហ្គ្រី​ន​ មី​ដូ​វ​ ឌី​វេឡុ​ប​មេន​ ស្ថិត​ក្នុងភូមិ​ ត្រាំ​ដោក​ សង្កាត់​ ពងទឹក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​ លោក​ ប៉ុក​ វណ្ណ​ថា​ត​ បញ្ជាក់​ថា​ គឺ​បណ្ដាល​មក​ពី​ការ​បញ្ចេញ​អាកប្បកិរិយា​មិន​សមរម្យ​ របស់​អ្នកបកប្រែ​ជនជាតិ​ខ្មែរ​ និយាយ​ស្ដី​ទៅ​កាន់​កម្មការិនី​ ៖«​បាទ​នៅ​ខណ្ឌដង្កោ​ហ្នឹង​ គឺ​អ្នកបកប្រែ​ខ្មែរ​យើង​ចិន​ហ្នឹង​បកប្រែ​។​ បកប្រែ​ហ្នឹង​គឺ​គាត់​មាន​សីលធម៌​មិនល្អ​ គាត់​កៀកក​ ក្មួយៗ​ស្រីៗ​ហ្នឹង​ ដែល​គេ​មិន​ពេញចិត្ដ​ ហើយ​គាត់​បី​នាក់​ហ្នឹង​ក៏​បាន​ទៅ​ប្ដឹង​រដ្ឋបាល​រោងចក្រ​។​ រដ្ឋបាល​រោងចក្រ​ហៅ​គាត់​មក​ព្រមាន​មិន​ឲ្យ​គាត់​ធ្វើ​អ​ញ្ចឹ​ង​ទេ​។​ ប៉ុន្ដែ​ពេល​គាត់​ចូល​ទៅ​វិញ​គាត់​ស្រែ​ឡូឡា​ គំរាម​បងប្អូន​កម្មករ​ហ្នឹង​ ធ្វើ​ឲ្យ​គាត់​ភ័យ​ខ្លាច​ទៅ​សន្លប់​បណ្ដោយ​»​។​

​តាម​លោក​ ប៉ុក​ វណ្ណ​ថា​ត​ អ្នកបកប្រែ​ភាសា​រូប​នោះ​ ប្រឈម​នឹង​ការ​ប្ដឹង​ឡើង​តុលាការ​ ពី​បទ​ “​បង្ក​ឲ្យ​មាន​ហានិភ័យ​ដួល​សន្លប់​”​។​ តែ​យ៉ាងណា​ពេល​នេះ​ ភាគី​រោងចក្រ​កំពុង​តែ​ពិចារណា​ ជាមួយ​មេធាវី​ប្រចាំ​រោងចក្រ​។​ កម្មការិនី​ដែល​សន្លប់​ទាំងអស់​ មាន​ចំនួន​ ៦៦​នាក់​។​ ក្រសួង​ការងារ​ ឲ្យ​រោងចក្រ​បន្ដ​ប្រតិបត្ដិការ​របស់​ខ្លួន​ ហើយ​កម្មករ​ កម្មការិនី​ ដែល​សុខភាព​ធម្មតា​ ចូល​ធ្វើការ​វិញ​ធម្មតា​ លើកលែងតែ​កម្មការិនី​ ទាំង​ ៦៦​នាក់​នោះ​ គឺ​ត្រូវ​ឈប់​សម្រាក​ដោយ​មិន​កាត់​ប្រាក់ខែ​ នឹង​ចូល​ធ្វើការ​វិញ​ថ្ងៃ​ព្រ​ហ​ស្បត​ ទី​១៥​ ខែវិច្ឆិកា​។​

​ប្រធាន​ក្រុមការងារ​ទប់ស្កាត់​ករណី​ដួល​សន្លប់​ សង្កត់ធ្ងន់​ថា​ អំឡុង​ប៉ុន្មាន​ថ្ងៃនេះ​ ក្រសួង​ការងារ​ បាន​បញ្ជូន​មន្ដ្រី​របស់​ខ្លួន​ សហការ​ជាមួយ​មន្ដ្រី​ បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ (​បស​ស​)​ និង​អាជ្ញាធរ​នៅ​ខណ្ឌដង្កោ​ កំពុង​តែ​ឃ្លាំមើល​រោងចក្រ​នោះ​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ នឹង​គ្មាន​ជន​បង្ក​ នាំ​ឲ្យ​កើត​មានការ​ដួល​សន្លប់​កើតឡើង​ដដែល​ទៀត​។​

​តែ​យ៉ាងណា​ជាមួយ​គ្នា​នេះ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​នេះ​ កម្មការិនី​ប្រមាណ​ជា​ ៦០​នាក់​បន្ថែម​ទៀត​បាន​ដួល​សន្លប់​បន្តបន្ទាប់​គ្នា​ជា​ថ្មី​ម្តងទៀត​ នៅ​រោងចក្រ​ដដែល​ គឺ​រោងចក្រ​ ហ្គ្រី​ន​ មី​ដូ​វ​ ឌី​វេឡុ​ប​មេន​ ដែល​លោក​ ហាន់​ នព្វគុណ​ អនុប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ​ នៅ​ក្រសួង​ការងារ​ សង្ស័យ​ថា​ ជា​ការ​ធ្វើ​សន្លប់​តាម​គ្នា​ដោយសារ​តែ​ពួក​គេ​ដឹង​ថា​ រោងចក្រ​ឲ្យ​សម្រាក​ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ដដែល​។​ មន្ត្រី​ដដែល​នេះ​ថា​ ក្រសួង​ការងារ​ អាជ្ញាធរ​ និង​រោងចក្រ​ នឹង​ធ្វើការ​ស៊ើបអង្កេត​លើ​ចំណុច​នេះ​ ហើយ​អាច​នឹង​មាន​វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ ប្រសិនបើ​រក​ឃើញ​ដូច​ការ​សង្ស័យ​មែន​។​

​សូម​ជម្រាប​ថា​ យោង​តាម​ទិន្នន័យ​ពី​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ (​ប​.​ស​.​ស​)​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ៧​ខែ​ដើមឆ្នាំ​២០១៨​នេះ​ មាន​កម្មករ​ កម្មការិនី​ចំនួន​ ១៦៦៥​នាក់​បាន​សន្លប់​ ខណៈ​ដែល​កាលពី​ឆ្នាំ​២០១៧​ ពេញ​រយៈពេល​ ១២​ខែ​ មាន​កម្មករ​ កម្មការិនី​ សន្លប់​ត្រឹមតែ​ ១៦០៣​នាក់​តែ​ប៉ុណ្ណោះ​៕

Share

Image
Image
Image