en     km
en     km

លោកត្រាំជាន់មូលដ្ឋានទ័ពអាមេរិកនៅអតីតសមរភូមិអ៊ីរ៉ាក់ដ៏ភ្ញាក់​ផ្អើល

Share

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានទៅ​ធ្វើទស្សនកិច្ចដ៏ភ្ញាក់​ផ្អើលមួយ ដើម្បីសួរសុខទុក្ខ​កងទ័ព​អាមេរិកប្រចាំ​ប្រទេស​អ៊ីរ៉ាក់ កាលពីថ្ងៃពុធ ទី ២៦ធ្នូ គឺ​ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ​​ បន្ទាប់ពីលោកបាន​ប្រកាសដកទ័ពចេញពី​ប្រទេស​ស៊ីរី។

នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ នេះគឺជាដំណើរ​ទស្សនកិច្ចជាលើក​ដំបូងរបស់លោក ដូណាល់ត្រាំ មកកាន់​ប្រទេស​អ៊ីរ៉ាក់បន្ទាប់ពី រយៈពេលជា ០២ឆ្នាំមកនេះនៃអាណត្តិជាប្រធានាធិបតី​របស់លោក។

អ្នកខ្លះថា លោក ត្រាំ មានបំណងប្រើបា្រស់​ដំណើរទស្សនកិច្ច​នេះ ដើម្បីស្ដារប្រជាប្រិយភាព​ឡើងវិញក្រោយបាន​បង្កភាពចម្រូងចម្រាស់​ ជុំវិញការសម្រេចចិត្ត​ដកកងទ័ព​អាមេរិកជាង ២,០០០នាក់ ចេញពី​​ប្រទេស​ស៊ីរី និងបន្ទាប់ពី​លោកបានបង្ខំឱ្យរដ្ឋមន្ត្រី​ការពារជាតិ​លោក  James Mattis ​លាលែងពីតំណែងនៅមុនកាលកំណត់។

លោក ដូណាល់ត្រាំ បានធ្វើដំណើរ​ទៅកាន់ប្រទេសអ៊ីរ៉ាក់​ជាមួយជំទាវទីមួយគឺ ​លោកស្រី  Melania Trump។

ក្នុងដំណើរទស្សនកិច្ចនេះ លោកបានបង្ហាញវត្តមានរបស់លោកនៅឯ​មូលដ្ឋានទ័ព​អាកាសអាមេរិកនៅ Al Asad ស្ថិតនៅខាងលិច​បន្តិចនៃរដ្ឋធានីបាកដាត។ ក្នុងសុន្ទរកថា ទៅកាន់កងទ័ពអាមេរិក លោកត្រាំ នៅតែការពារ​សេចក្ដីសម្រេច របស់លោក ចំពោះការដកកងទ័ព​ចេញអាមេរិកពី​ស៊ីរី​ដោយ​សំអាងថា ក្រុមប្រដាប់អាវុធ ISIS ត្រូវបាន​កម្ចាត់អស់ហើយ។

តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters លោក​ ដូណាល់ ត្រាំ បានចំណាយ​ពេលបីម៉ោង​ជួបសំណេះសំណាល​ជាមួយកងទ័ពអាមេរិក ​ហើយបាន​បន្តដំណើរទៅសួរសុខទុក្ខ​កងទ័ពអាមេរិកក្នុង​ប្រទេស​អាល្លឺម៉ង់តែម្ដង។

អាមេរិកបានចូលលុកលុយ  ប្រទេសអ៊ីរ៉ាក់ដោយទម្លាក់ជនផ្ដាច់ការ សាដាមហូសេន នៅឆ្នាំ ២០០៣។ ការលុកលុយនេះ ក្រោមហេតុផលថា អ៊ីរាក់ មានអាវុធគីមី ដែលជាការ​បំពាន​លើច្បាប់អន្តរជាតិ។ អាមេរិកបានឈ្នះសង្រ្គាមនៅអ៊ីរ៉ាក ដោយបញ្ចប់របប​សាដាម​ហូ​សេន​បាន​ទាំងស្រុកគឺបន្ទាប់ពីធ្វើសង្រ្គាមជិតមួយខែ។ រដ្ឋាភិបាលសព្វថ្ងៃបាដាត គឺជារដ្ឋាភិបាលប្រជាធុបតេយ្យកើតចេញពីការបោះឆ្នោត៕

អត្ថបទ៖ លោក នួន បូរិន្ទ

Share

Image
Image
Image