en     km
en     km

លោក កឹម សុខា សូមអធ្យាស្រ័យការមិនទាន់ចេញមុខជាសាធារណៈខណៈត្រូវកំហិតមិនជួបថ្នាក់ដឹកនាំ

Share

ភ្នំពេញ៖ តាមរយៈមេធាវីរបស់ខ្លួន លោក​ កឹម សុខា អតីតប្រធានគណបក្សបានផ្តាំផ្ញើដោយសូមការអធ្យាស្រ័យពីអ្នកគាំទ្រ និងសារព័ត៌មានដែលលោកមិនទាន់អាចចេញមុខជាសាធារណៈ ក្រោយពីតុលាការអនុញ្ញាតឱ្យលោក កឹម សុខា នៅក្រៅឃុំបណ្តោះអាសន្ន។  

យ៉ាងណាក្រុមមេធាវីរបស់លោក កឹម សុខា ថាការឱ្យនៅក្រៅឃុំដោយភ្ជាប់លក្ខខណ្ឌមិនឱ្យដើរហើរនិងជួបអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ប្រៀបបានដាក់គុកលោក កឹម សុខា នៅក្នុងផ្ទះយ៉ាងដូច្នេះដែរ។ តាមដីកាមួយលើកទៀត បានដាក់លក្ខខណ្ឌច្រើនចំណុចហាមធ្វើសកម្មភាព។

 

                                    លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលយុទ្ធនាការបោះឆ្នោត។

 

នេះជាប្រសាសន៍ផ្តាំផ្ញើរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ​ តាមរយៈមេធាវីគឺលោក ចាន់ ចេន ដែលបានប្រាប់អ្នកសារព័ត៌មានក្រោយចូលសួរសុខទុក្ខលោក កឹម សុខា ក្នុងគេហដ្ឋានស្ថិតនៅសង្កាត់បឹងកក់២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។លោកមេធាវី ចាន់ ចេន បន្តថា លោក កឹម សុខា​ ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្តុះអាសន្នដើម្បីព្យាបាលជំងឺ។ ជុំវិញស្ថានភាពជំងឺរបស់លោក កឹម សុខា នេះដែរលោក មេធាវីចាន់ ចេន លើកឡើងថា លោក កឹម សុខា កំពុងមានបញ្ហាឆ្អឹងគាប់សរសៃដែលគ្រូពេទ្យប្រទេសសិង្ហបុរីតម្រូវឱ្យទៅវះកាត់។ តែយ៉ាងណាលទ្ធភាពក្នុងការសុំឱ្យកូនក្តីរបស់ខ្លួន គឺលោក កឹម សុខា ចេញទៅព្យាបាលនៅក្រៅប្រទេសបានឬមិនបាន គឺអាស្រ័យលើតុលាការ។

ជុំវិញការដោះលែងលោក កឹម សុខា ឱ្យនៅក្រៅឃុំជាបណ្តុះអាសន្ននេះលោកស្រី ម៉េង សុធារី មេធាវីការពារក្តីឱ្យលោក កឹម សុខា មួយរូបទៀតនោះនិយាយថា លោក កឹម សុខា ពិតជាបាននៅក្រៅឃុំមែន តែលោកត្រូវបានតុលាការភ្ជាប់នូវលក្ខខណ្ឌតម្រូវមួយចំនួនពីតុលាការ។ លក្ខខណ្ឌទាំងនោះរួមមាន ហាមជួបជុំថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិ ហាមជួបជនបរទេសដែលពាក់ព័ន្ធក្នុងសំណុំរឿង ហាមជួបជុំនយោបាយជាសាធារណផ្សេងៗ ហើយតុលាការកំណត់ព្រំប្រទល់មិនឱ្យលោក កឹម សុខា ដើរហើរដោយសេរីចេញបរិវេណគេហដ្ឋាននោះឡើយ។

សម្រាប់ក្រុមមេធាវីការពារក្តីលោក​ កឹម សុខា ការដោះលែងដោយភ្ជាប់លក្ខខណ្ឌឬបំរាមមួយចំនួនដូច្នេះ គឺប្រៀបបានដាក់គុកលោក កឹម សុខា នៅក្នុងផ្ទះយ៉ាងដូច្នេះដែរ។

វិទ្យុស្ត្រីមិនទាន់អាចសុំការពន្យល់ពី អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានទេនៅរសៀលថ្ងៃនេះ។

ជាការកត់សម្គាល់ គេសង្កេតឃើញ តុលាការ រាជធានីភ្នំពេញ បានចេញដីកាបង្គាប់អោយដោះលែងមួយ ដីកាសម្រេចដាក់ជនត្រូវចោទអោយស្ថិតនៅក្រោមតួ្រតពិនិត្យរបស់តុលាការ និង សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញជុំវិញ ការចេញដីកាបង្គាប់អោយដោះលែង។

តាមការឱ្យដឹងពីមេធាវីលោក កឹម សុខា ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ហើយលោក កឹម សុខា ត្រូវបានរថយន្តដឹកមកដល់គេហដ្ឋាននៅម៉ោង៣ រំលងអាធ្រាតឈានចូលថ្ងៃទី១០ កញ្ញានេះ។ ក្រុមប្រជាពលរដ្ឋ អ្នកគាំទ្រ មន្រ្តី និងសកម្មជនគណបក្សសង្គ្រោះជាតិ ព្រមជាមួយអ្នកសារព័ត៌មានប្រមាណ ៣០០នាក់បានមកជុំជួបនៅពីមុខគេហដ្ឋានរបស់លោក កឹម សុខា ស្ថិតក្នុងសង្កាត់បឹងកក់២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រុមអ្នកគាំទ្រនិងអតីតមន្រ្តីគណបក្សសង្គ្រោះជាតិបានបង្ហាញអារម្មណ៍សប្បាយរីករាយ បើទោះបីមិនទាន់បានឃើញមុខលោក កឹម សុខា ក្តី។

លោក ថាច់ សេដ្ឋាមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិដែលបានមកសាទរការដោះលែងលោក កឹម សុខា នៅមុខផ្ទះនោះមានប្រសាសន៍ថា លោកមានសេចក្តីរីករាយដែលលោក កឹម សុខា ត្រូវបានដោះលែងឱ្យមានសេរីភាពជាបណ្តោះអាសន្ន។ លោកបន្តថា ការដោះលែងលោក កឹម សុខា នេះគឺជាសញ្ញាវិជ្ជមាននៃការផ្សះផ្សាជាតិរវាងបក្សទាំងពីរ ហើយលោកជឿថា គណបក្សសង្គ្រោះជាតិនឹងរស់ឡើងវិញតាមរយៈដំណោះស្រាយនយោបាយ។

ចំណែក អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិក្នុងពិធីជួបជុំសមាជិកបក្សក្នុងប្រទេសកាណាដា លោក សម រង្ស៊ី តាម រយៈទំព័រហ្វេសប៊ុកបានសម្តែងការសាទរចំពោះការដោះលែងលោក កឹម សុខា នេះដោយលោកសន្យាថា លោកនឹងទាមទារឱ្យរដ្ឋាភិបាលក្រុងភ្នំពេញបើកផ្លូវឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ និងជំរុញឱ្យរដ្ឋាភិបាលបើកផ្លូវឱ្យមន្រ្តីគណបក្សសង្គ្រោះជាតិទាំ១១៨អាចធ្វើនយោបាយឡើងវិញ។ ជាងនេះទៀតលោក សម រង្ស៊ី ក៏នឹងទាមទារឱ្យរដ្ឋាភិបាលផ្តល់តំណែងឱ្យសមាជិកក្រុមប្រឹក្សានៃគណបក្សសង្គ្រោះជាតិជាង៥ពាន់នាក់ឡើងវិញ ជាមួយនឹងការរៀបចំការបោះឆ្នោតឡើងវិញផងដែរ។

សូមបញ្ជាក់ថា ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពីយប់អាធ្រាត្រឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ ​«ក្បត់​ជាតិ»​។ លោកត្រូវបានតុលាការ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ​ខេត្ត​ត្បូងឃ្មុំ ក្រោមការចោទ​ប្រកាន់​ពីបទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ។តាមរយៈបទចោទនេះលោក កឹម សុខា ត្រូវបានតុលាការឃុំខ្លួនរយៈពេលជាងមួយឆ្នាំ៕

 

Share

Image
Image
Image