ភ្នំពេញ៖នាយករដ្ឋមន្ត្រីសម្តេច ហ៊ុន សែន ប្រកាសភ្នាល់ដាក់ជីវិត ប្រសិនបើគណបក្សសង្គ្រោះជាតិមិនត្រូវបានរំលាយដោយអំណាចសាលដីការបស់តុលាការកំពូល ខណៈសម្តេច ហ៊ុន សែន ព្រមានថា គណៈកម្មាធិការអចិន្ត្រៃយ៍និងគណៈកម្មានាយករបស់គណបក្សសង្គ្រោះជាតិជាង១០០នាក់នឹងត្រូវបានហាមធ្វើនយោបាយរយៈពេល៥ឆ្នាំ។
ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកសម្តេច ហ៊ុន សែន បានផ្ញើសារនយោបាយនៅក្នុងវីដេអូមានរយៈពេល២៦នាទីបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី ៤ ខែវិច្ឆិកានេះ ដោយសម្តេច ហ៊ុន សែន បានអំពាវនាវជាថ្មីឲ្យក្រុមប្រឹក្សាឃុំសង្គាត់របស់គណបក្សសង្គ្រោះជាតិចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាមុនគណបក្សប្រឆាំងត្រូវបានរំលាយនៅថ្ងៃទី១៦វិច្ឆិកា។
ជាមួយគ្នានេះសម្តេច ហ៊ុន សែន បានបដិសេធចំពោះការលើកឡើងថា គណបក្សប្រឆាំងមិនត្រូវអាចរំលាយដែលទំនងជាសម្តេចចង់សំដៅទៅលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលលើឡើងថាគណបក្សសង្គ្រោះជាតិមិនអាចរំលាយបានឡើយ។
ដោយសាររឿងនេះហើយមើលទៅដែល សម្តេច ហ៊ុន សែន ហ៊ានភ្នាល់ដាក់ជិវីតប្រសិនបើគណបក្សសង្គ្រោះជាតិមិនត្រូវរំលាយបាន។សម្តេច បន្ថែមថា មេធាវីទាំងប្រាំរូបរបស់ក្រសួងមហាផ្ទៃនឹងប្តឹងដកសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ចំពោះគណៈកម្មាធិការអចិន្ត្រៃយ៍និងគណៈកម្មានាយករបស់គណបក្សសង្គ្រោះជាតិជាង១០០រូប។
«ខ្ញុំអាចហ៊ានដាក់ ដើម្បីជំនួស តើកម្រិតដល់ថ្នាក់ចាប់មេបក្សម៉ោង១២យប់ ដើម្បីវាយខ្នោះហើយនោះ? តើសភាពការណ៍ធ្ងន់ធ្ងរដ៏ប៉ុណ្ណា។ឧន្ទាមទីក្រុងមិនត្រូវបានលើកលែងទោសនិងអត់ឱនទោសនោះទេ។គេបានធ្វើបដិវត្តន៍ព័ណ៌ គេបានធ្វើច្រើនណាស់ហើយ ច្រើនលើកច្រើនសារហើយ ក៏ប៉ុន្តែធ្វើមិនជោគជ័យ ហើយគេកំពុងបន្តធ្វើតទៅទៀត ដូច្នេះយើងមិនផ្តល់ឱកាសឲ្យឧន្ទាមទីក្រុងបានរួចខ្លួននោះទេ។»
ស្របពេលតុលាការកំពូលគ្រោងបើកសវនាការក្នុងសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដោយរងការចោទប្រកាន់ពីអំពើក្បត់ជាតិឃុំឃិតជាមួយបរទេសដើម្បីផ្តួលរលំរដ្ឋាភិបាលសហគមន៍អន្តរជាតិក៏បានដាក់គាបសង្កត់លើរដ្ឋាភិបាលកុំអោយរំលាយបក្សសង្គ្រោះជាតិដ៏ធំនេះដោយគំរាមព្យួរសហប្រតិបត្តិការបើកម្ពុជាដើរដល់ចំណុចនេះ។
សភាអឺរ៉ុបបានព្រមានអំពីការផ្តល់ជំនួយអភិវឌ្ឍន៍និងពាណិជ្ជកម្មជាមួយប្រទេសកម្ពុជាអំពីស្ថានភាពរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរខ្លាំងនិងអំពាវនាវឲ្យដោះលែងលោក កឹម សុខា និងកុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ។ ជាមួយគ្នានេះ សមជិកព្រឹទ្ធសភាអាមេរិកក៏បានព្រមានអំពីការបិទទិដ្ឋការមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាចូលទឹកដីអាមេរិកដោយទុកឱសាវាទឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោក កឹម សុខា មុនថ្ងៃទី ៩ ខែវិច្ឆិកា។ចំណែកប្រទេសជប៉ុនដែលជួយអភិវឌ្ឍន៍សេដ្ឋកិច្វកម្ពូជាយ៉ាងខ្លាំងក៏បានសម្ដែងការព្រួយបារម្ភរឿងនេះដែរ។
ត្រង់នេះសាររបស់សម្ដេចហ៊ុនសែនហាក់មិនបាននិយាយយោងទៅលើសម្ពាធអន្ដរជាតិដែលកំពុងគាបសង្កត់ហើយគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជាបើសង្គ្រោះជាតិត្រុវបានរំលាយនោះទេ។
លោក ម៉ៅ មុនីវណ្ណ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនហ៊ានសន្និដ្ឋានចំពោះប្រសាសន៍របស់សម្តេច ហ៊ុន ហ៊ាន ភ្នាល់ដាក់ជីវិត បើគណបក្សប្រឆាំងមិនត្រូវបានរំលាយនោះទេ។ប៉ុន្តែលោកយល់ថា គណបក្សនយោបាយគួរជជែកគ្នាដោះស្រាយបញ្ហាវិនយោបាយ ដើម្បីប្រយោជន៍ប្រទេសជាតិ។
«ខ្ញុំមិនអាចធ្វើការសន្និដ្ឋានបានទេព្រោះសម្តេច មានប្រសាសន៍បែបនេះហើយ ខ្ញុំយល់ឃើញថាបើអ្នកនយោបាយគិតពីផលប្រយោជន៍ជាតិជាធំយើងគួរជួបពិភាក្សាគ្នា ជជែកគ្នាដោះស្រាយបញ្ហាជាតិធំៗកុំឲ្យរុញស្រុកយើងថយក្រោយវិញ វិលទៅរកទស្សវត្តន៍ឆ្នាំ១៩៨០។»
លោក ម៉ៅ មុនីវណ្ណ បញ្ជាក់ថា ចំពោះមេធាវីគ្រោងនឹងប្តឹងដកសិទ្ធិធ្វើនយោបាយរបស់គណៈកម្មាធិការអចិន្ត្រៃយ៍និងគណៈកម្មានាយករបស់គណបក្សសង្គ្រោះជាតិរយពេល៥ឆ្នាំគឺជាសិទិ្ធរបស់ក្រុមមេធាវីទាំងនោះ។
តែយ៉ាងនេះក្ដីសម្តេច ហ៊ុន សែន សន្យារក្សាតំណែងជាក្រុមប្រឹក្សាឃុំសង្គាត់ដដែល ប្រសិនបើលាលែងពី គណបក្សសង្គ្រោះជាតិមកចុះចូលជាគណបក្សកាន់អំណាច។
បើគិតត្រឹមថ្ងៃទី ៣ វិច្ឆិកា រហូងមកដល់ថ្ងៃទី៤ ខែវិច្ឆិកានេះ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ប្រមាណ៥៦នាក់បានដើរចេញពីគណបក្សសង្គ្រោះជាតិមកប្រកបជីវិតនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើតាម fresh news។
អ្នកសង្កេតការណ៍កិច្ចការបោះឆ្នោតនៅកម្ពុជាកន្លងមកបានព្រមានដែលថាបើគណបក្សសង្គ្រោះជាតិត្រូវបានរំលាយមែននោះដំណើរការបោះឆ្នោតព្រឹទ្ធិសភាក្ដីឬរដ្ឋសភាក្ដីមិនមានតំលៃឆ្លុះបញ្ចាំងតាមឆន្ទៈរបស់អ្នក បោះឆ្នោតនោះទេ ហើយធ្វើអោយប៉ះពាល់ដល់គុណភាពនៃលទ្ធផលបោះឆ្នោតនាំអោយសហគមន៍អន្ដរជាតិ ដកសហប្រតិបត្តិការមួយចំនួនជាមួយនឹងប្រទេសកម្ពុជា។
កម្ពុជានឹងមានការបោះឆ្នោតសំខាន់ពីរនៅពេលខាងមុខនេះគឺការបោះឆ្នោតព្រឹទ្ធិសភានៅថ្ងៃ២៤កុម្ភៈ ដោយអង្គបោះឆ្នោតចេញពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែលទើបជាប់ឆ្នោតកាលពីថ្ងៃទី៤មិថុនាឆ្នាំ២០១៧។
ការបោះឆ្នោតសភានិតិការទី៦នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩កក្កដាឆ្នាំ២០១៨។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅថាគ.ជ.ប បច្ចុប្បន្នក្រោមការកែទម្រង់ថ្មីនេះកំពុងស្ថិតនៅក្រោមការផ្ដល់ជំនួយទាំងហិរញ្ញវត្ថុ និង បច្ចេកទេសយ៉ាងច្រើនពីសហភាពអឺរ៉ុប ជប៉ុន និងសហរដ្ឋអាមេរិក។
សហគមន៍អន្ដរជាតិទាំង៣នេះបានសរសើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនាដោយចាត់ទុកថាធ្វើឡើងដោយភាពត្រឹមត្រូវនិងយុត្តិធម៌ ខណៈការបោះឆ្នោតពេលនោះមានគណបក្សសង្គ្រោះជាតិចូលរួម៕