en     km
en     km

សម្តេច ហ៊ុន សែន ចេញបញ្ជា​ឲ្យ​ចាត់វិធានការជាបន្ទាន់ចំពោះ​អ្នក​បញ្ចេញ​កេរខ្មាស​លក់​អនឡាញ

Share

ភ្នំពេញ៖ បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប ការធ្វើជំនួញអាជីវកម្មគឺកាន់តែមានភាពងាយស្រួល និងកើនឡើង។ ក្នុងនោះបណ្តេញសង្គមក៏ជាប្រភពមួយដែលអាចឲ្យមនុស្សជាតិទាំងអស់នៅលើពិភពលោក អាចបង្កើតអាជីវកម្មផ្ទាល់ខ្លួនបាន។ ដោយឡែកថ្វីត្បិតតែមានភាពគាប់ប្រសើរយ៉ាងនេះក្តី ក៏នៅតែមានចំណុចអវិជ្ជមានមួយចំនួនផងដែរ ទាក់ទងទៅនឹងការធ្វើអាជីវកម្មONLINEនេះ តួយ៉ាងនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្នមានស្រ្តីខ្មែរមួយចំនួនបានស្លៀកពាក់ស៊ិចស៊ីជ្រួលហួស ​បញ្ចេញ​អស់​កេរខ្មាសក្នុងបំណងទាក់ទាញចំនួនអ្នកទស្សនា ដែល​សកម្មភាព​ទាំងនោះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ​។ ស្របពេលជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យចាត់វិធានការជាបន្ទាន់ចំពោះអ្នកទាំងនោះ។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា រាយការណ៍ពីព័ត៌មាននេះ៖

​ថ្លែង​ទៅកាន់​មន្ត្រី​ជាច្រើន​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​ស្ត្រី​នៅ​វិមាន​សន្តិភាព​កាល​ព្រឹក​ថ្ងៃច័ន្ទ ទី ១៧ ខែ​កុម្ភៈ​ ឆ្នាំ២០២០នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបញ្ជា​ឲ្យ​ចាត់វិធានការ​ចំពោះ​ការ «Live» លក់​ផលិតផល​តាម Facebook ដែល​បញ្ចេញ​អស់​កេរខ្មាសដើម្បីទាក់ចំនួនអ្នកចូលមើល ដែល​សកម្មភាព​ទាំងនោះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ​។

សម្តេច ហ៊ុន សែន បាន​សរសេរ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់សម្តេចថា សម្តេច​បាន​បង្គាប់​ឲ្យ​ក្រសួងមហាផ្ទៃ​ធ្វើ​ការងារ​ក្នុង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​ពិនិត្យមើល និង​ចាត់វិធានការ​លើ​វីដេអូ​អាសអាភាស​របស់​ស្ត្រី​ខ្មែរ​មួយចំនួន​ដែល​បាន​ថត និង​បែកធ្លាយ​ដោយ​ខ្លួនឯង ដែល​មាន​តាម​វេបសាយ​មួយចំនួន​។ បញ្ហា​នេះ​បាន​ពិតជា​មានការ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស និង​សីលធម៌​របស់​ស្ត្រី​ខ្មែរ ហើយ​ណាមួយ​កម្ពុជា​ក៏​គ្មាន​ច្បាប់​ឲ្យ​ធ្វើ​បែបដែរ​។

សម្តេច​បាន​ព្រមានថា សម្តេចនឹង​ចាត់វិធានការ​អ្នក​ដែល​ផ្សព្វផ្សាយ​លក់​ផលិតផល​តាម​អនឡាញ​មួយចំនួន​ដែល​បាន​ស្លៀកពាក់​សិចស៊ី​ជ្រុលនិយម ហើយ​ធ្វើការ​ផ្សព្វផ្សាយ​ (Live) លក់​ផលិតផល​របស់ខ្លួននៅ​លើ​បណ្តាញ​សង្គម​ផ្សេងៗ ដែល​នេះ​ក៏​ជា​ការប៉ះពាល់​ដល់​តម្លៃ សីលធម៌ និង​កិត្តិយស​ថ្លៃថ្នូររបស់ស្ត្រី​កម្ពុជា​ផងដែរ​។

ការលើកឡើងបែបនេះរបស់សម្តេចនាយករដ្ឋមន្ត្រី គឺដោយសារតែកាលពីពេលកន្លងមកនេះ ការលក់ផលិតផលតាមអនឡាញលើបណ្តាញសង្គមFACEBOOKជាពិសេសផលិតផលថែរក្សាសម្រស់ ឬកែសម្ផស្សជាដើម ដែលនៅពេលនេះគឺកំពុងមានប្រជាប្រិយភាព និងសម្ទុះខ្លាំងឡើង​អម​ជាមួយ​នឹង​អ្នកលក់​តាម​អនឡាញ​ទាំងនោះ បាន​ទាក់ទាញ​អ្នកទស្សនា​តាមរយៈ​ការបង្ហាញ​ភាព​សិចស៊ី​ខ្លាំង ដោយ​ការ​ស្លៀកពាក់​មិនសូវ​មាន​ការបិទបាំង​ជាដើម​។

លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​បាន​ថ្លែង​សាទរប្រាប់សារព័ត៌មានក្នុងស្រុក​ចំពោះ​គោលការណ៍​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​ក្រសួង​​ប្រៃសណីយ៍​បិទ​ចំពោះ​ការ Live លក់​ផលិតផល​តាម​អនឡាញ​បញ្ចេញ​អស់​កេរ​ខ្មាស​ស្ត្រី​នេះ​។

លោក​ថ្លែងបន្តថា​៖ «​ជាក់ស្ដែង​បច្ចុប្បន្ន​មាន​ករណី​យក​កេរខ្មាស​​ភាព​សិចស៊ី​ជ្រុលនិយម​មក​ធ្វើ​ជា​ដើមទុន​ទាក់ទាញ​លើ​អាជីវកម្ម​ដោយ​គ្មាន​ក្រមសីលធម៌ និង​កំពុង​បាន​ពង្រីក​ឥទ្ធិពល​ឲ្យ​មាន​បាតុភាព​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វប្បធម៌​របស់​ខ្មែរ​ដែល​គួរ​មាន​វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត​»​។

លោក មាស សុភ័ណ្ឌ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បានលើក​ឡើង​ជារួម​បន្ទាប់ពី​ទទួល​បាន​បទបញ្ជា​ថ្មី​នេះ ក្រសួង​ព័ត៌មាន​កំពុង​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ដាក់ចេញ​វិធានការ​ជាក់លាក់​រួមគ្នា​ណាមួយ​ក្នុង​ការទប់ស្កាត់​ការផ្សាយ «Live» លក់​ផលិតផល​តាម​ Facebook ដែល​បញ្ចេញ​អស់​កេរខ្មាស​នេះ​។

លោក​បញ្ជាក់ថា​៖ «​នេះ​ជា​ការពិត​ក្រសួង​ព័ត៌មាន​កំពុងតែ​​រួមគ្នា​ ដើម្បី​អនុវត្ត​នូវ​បទបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ​ផងដែរ ព្រោះតែ​កិច្ច​នេះ​ត្រូវការ​ក្រសួង​ពាក់ព័ន្ធ​ច្រើន​ចូលរួម ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ​ថា តើ​គួរ​អនុវត្ត​ដោយ​របៀប​ណា​?»៕

អត្ថបទដោយកញ្ញា អ៊ុំ ច័ន្ទលក្ខិណា

Share

Image
Image
Image