en     km
en     km

សម្ព័ន្ធ​បងប្អូន​ស្រី​ ៖​ ស្ដ្រី​ និង​កុមារី​ គឺជា​ក្រុម​មួយ​ងាយ​រង​ហិង្សា​ផ្លូវភេទ​ជា​រៀងរាល់ថ្ងៃ​

Share

​ភ្នំពេញ​ ៖​ សម្ព័ន្ធ​បងប្អូន​ស្រី​ ដែល​ជា​បណ្ដុំ​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​៤​ ធ្វើការ​ងារ​លើក​ស្ទួយ​សិទ្ធិ​ស្ដ្រី​ បាន​បង្ហាញ​ពី​ការ​រក​ឃើញ​របស់​ខ្លួន​បន្ទាប់​ពី​បាន​សិក្សា​តាមដាន​ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​បង្ហាញ​ថា​ ស្ដ្រី​ និង​កុមារី​ គឺជា​ក្រុម​ងាយ​ទទួល​រង​អំពើ​ហិង្សា​ផ្លូវភេទ​ជា​រៀងរាល់ថ្ងៃ​ ដូច​ជា​ការ​ចាប់រំលោភ​ផ្លូវភេទ​ ការ​បៀតបៀន​កេ​រិ៍្ដ​ភេទ​លើ​ស្ដ្រី​ និង​កុមារី​ កើតឡើង​នៅ​គ្រប់​ទីកន្លែង​ ដោយ​មិន​ថា​ពេល​យប់​ ឬ​ពេល​ថ្ងៃ​នោះ​ទេ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ព័ត៌មាន​នេះ​ ៖​

 

​សម្ព័ន្ធ​បងប្អូន​ស្រី​ បាន​រៀបចំ​សិក្ខា​ពិគ្រោះ​យោបល់​មួយ​ស្ដី​ពី​ ការ​បង្ហាញ​របាយការណ៍​សិក្សា​តាមដាន​បឋម​ អំពី​ “​ហិង្សា​ផ្លូវភេទ​លើ​ស្ដ្រី​ និង​កុមារី​”​ កាលពី​ថ្ងៃ​ទី​០៦​ ខែកក្កដា​ ឆ្នាំ​២០១៨​ ដោយ​ដាក់​បង្ហាញ​របាយការណ៍​ ស្ថិតិ​រយៈពេល​ ០៦​ ខែ​ ចាប់ពី​ខែតុលា​ ឆ្នាំ​២០១៧​ រហូត​ដល់​ខែមីនា​ ឆ្នាំ​២០១៨​។​

​តាម​រយៈ​របាយការណ៍​បឋម​នេះ​ បាន​បញ្ជាក់​ថា​ ក្នុង​មួយ​ថ្ងៃ​មាន​ករណី​ហិង្សា​ផ្លូវភេទ​កើតឡើង​យ៉ាងតិច​ ១​ករណី​ ហើយ​វា​បាន​កើតឡើង​ទៅ​លើ​អ​និ​តិ​ជន​ភាគច្រើន​ ក្រោម​អាយុ​ ១៥​ឆ្នាំ​។​ បន្ថែម​ពី​នេះ​ជនល្មើស​ សុទ្ធតែ​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​ជន​រង​គ្រោះ​ ដែល​ពួក​គេ​ ជា​ សាច់ញាតិ​ មិត្ដភក្ដិ​ ឬ​ក៏​ជា​គូសង្សា​ជាដើម​។​ ការ​អះអាង​របស់​សម្ព័ន្ធ​បងប្អូន​ស្រី​ដូចនេះ​ គឺ​យោង​ទៅ​តាម​ការ​ចុះ​ផ្សាយ​ដោយ​ទំព័រ​កាសែត​ ដែល​តែងតែ​ផ្សព្វផ្សាយ​ពី​ករណី​ហិង្សា​ផ្លូវភេទ​ លើ​ស្ដ្រី​ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ និង​របាយការណ៍​មួយ​ចំនួន​ពី​អង្គការ​ដៃគូ​។​

​លោកស្រី​ ចាន់​ សោ​ភ័​ណ្ឌ​ អ្នកសម្របសម្រួល​ តស៊ូ​មតិ​ និង​យុទ្ធនាការ​ បណ្ដាញ​ការងារ​ស្ដ្រី​រួបរួម​គ្នា​ ហៅ​កាត់​ថា​ WNU​ បាន​បញ្ជាក់​ក្នុង​សិក្ខាសាលា​នេះ​ថា​ ស្ដ្រី​ និង​កុមារី​ ត្រូវ​បាន​រង​ហិង្សា​ផ្លូវភេទ​រហូត​ដល់​ ១៩៩​ករណី​ ក្នុង​រយៈពេល​ ៦​ខែ​។​ លោកស្រី​បន្ដ​ទៀត​ថា​ ក្នុង​ចំណោម​ការ​រក​ឃើញ​នេះ​ មាន​ទាំង​ករណី​ចាប់រំលោភ​សម្លាប់​ និង​ករណីរ​លោភ​បូក​ជាដើម​។​

​អ្នកសម្របសម្រួល​តស៊ូ​មតិ​ និង​យុទ្ធនាការ​បណ្ដាញ​ការងារ​ស្ដ្រី​រួបរួម​គ្នា​ បញ្ជាក់​ទៀត​ថា​ ក្នុង​ចំណោម​រាជធានី​ ខេត្ដ​ ទាំង​ ២៥​ គឺ​មាន​តែ​ខេត្ដរតនៈគិរី​ មួយ​ប៉ុណ្ណោះ​ ដែល​មាន​ករណី​រំលោភ​ហើយ​សម្លាប់​ច្រើន​ជាង​ខេត្ត​ដទៃ​ ដោយឡែក​គឺ​មិន​ការ​រាយការណ៍​ពី​ខេត្ត​មណ្ឌល​គី​រី​នោះ​ទេ​។​ ចំពោះ​ករណី​ហិង្សា​ផ្លូវភេទ​នេះ​គឺ​ភាគច្រើន​កើតឡើង​នៅផ្ទះ​ ហើយ​កើតឡើង​មិន​ថា​ ពេល​ណា​ នោះ​ទេ​ ៖«​ចាស​ យើង​មើលឃើញ​ថា​ ករណី​ហិង្សា​ផ្លូវភេទ​នេះ​ គឺ​កើតឡើង​គ្រប់ពេលវេលា​។​ ចាស​ គឺ​អត់​ចាំបាច់​ពេល​យប់​ពេល​ថ្ងៃ​អី​ទេ​ បើ​ថា​ គាត់​ចង់​រំលោភ​គឺ​គាត់​ធ្វើ​សកម្មភាព​តែ​ម្ដង​»​។​

​តាម​រយៈ​របាយការណ៍​នេះ​ លោកស្រី​ ចាន់​ សោ​ភ័​ណ្ឌ​ កត់សម្គាល់​ឃើញ​ថា​ ក្មេង​ស្រី​ ក្រោម​អាយុ​ ១៥​ឆ្នាំ​ ត្រូវ​បាន​រំលោភ​បំពាន​ផ្លូវភេទ​និង​រំលោភ​សម្លាប់​ជា​ច្រើន​ករណី​ ដែល​ជា​រឿង​មិនល្អ​ ហើយ​ក៏​នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​អនាគត​ នៃ​ការ​ចង​ចាំ​របស់​ក្មេង​ស្រី​ផង​ដែរ​។​

​យ៉ាងណា​របាយការណ៍​នេះ​ គឺ​មិន​ទាន់​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅឡើយ​ទេ​ ដោយ​ត្រូវ​រង់ចាំ​ការ​ពិភាក្សា​បន្ថែម​ទៀត​ ជាមួយ​អង្គការ​ជា​ដៃគូរ​ ដែល​ធ្វើ​ការងារ​លើកកម្ពស់​ស្ដ្រី​មួយ​ចំនួន​ទៀត​។​

​សូម​ជម្រាប​ថា​ ហិង្សា​ គឺជា​អំពើ​ដែល​ខុស​នឹង​ច្បាប់​ បើ​ទោះជា​ជន​រង​គ្រោះ​មិន​ប្ដឹង​ ជនល្មើស​ក៏​ត្រូវ​តែ​ទទួលទោស​។​ យោង​តាម​ច្បាប់​ស្ដី​ពី​ការ​រំលោភ​ផ្លូវភេទ​ ត្រង់​មាត្រា​ ៣៩​ ជន​ដែល​ប្រព្រឹត្ដ​ការ​ចាប់​ ឬ​ បង្ខំ​រំលោភ​ផ្លូវភេទ​ ត្រូវ​ផ្ដន្ទាទោស​ពី​ ៥​ឆ្នាំ​ ទៅ​ដល់​ ១០​។​ ជន​ប្រព្រឹត្ដ​ ការ​ចាប់រំលោភ​ ហើយ​សម្លាប់​ ដោយ​គ្មាន​ចេតនា​ នៅ​ក្នុង​ច្បាប់​ត្រង់​មាត្រា​ ២៤៤​ ត្រូវ​ផ​ន្ទា​ទោស​ពី​ ១៥​ ទៅ​ ៣០​ឆ្នាំ​ តែ​ចំពោះ​ករណី​រំលោភ​សម្លាប់​ដោយ​ចេតនា​ ជន​ប្រព្រឹត្ដ​ត្រូវ​ផ្ដន្ទាទោស​ ដាក់គុក​អស់​មួយ​ជីវិត​ ស្រប​ទៅ​តាម​មាត្រា​ ២០៥​ ។​ ដោយឡែក​ចំពោះ​ករណី​បៀតបៀន​កេ​រិ៍្ដ​ភេទ​ ត្រូវ​ផ្ដន្ទាទោស​ពី​ ១​ឆ្នាំ​ ទៅ​ ៣​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ២​ ទៅ​ ៦​លាន​រៀល​ ដែល​មាន​ចែង​ក្នុង​មាត្រា​ ២៤៦៕

Share

Image
Image
Image