en     km
en     km

សហជីព​គាំទ្រ​ក្រសួង​ការងារ​លុប​ចោល​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​នីតិវិធី​ជម្រះក្ដី​វិវាទ​ការងារ​

Share

ភ្នំពេញ​ ៖​ ប្រធាន​សហជីព​គាំទ្រ​ ក្រសួង​ការងារ​ដែល​សម្រេច​លុប​ចោល​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​នីតិវិធី​ជម្រះក្ដី​វិវាទ​ការងារ​ស្រប​តាម​សំណើ​របស់​ក្រុម​អ្នកបញ្ជា​ទិញ​។​ លើស​ពី​នេះ​សហជីព​ចង់​ឲ្យ​ក្រសួង​ពិចារណា​ឡើង​វិញ​ផង​ដែរ​ ជុំវិញ​ច្បាប់​សហជីព​។​


សេចក្ដីព្រាងច្បាប់​ស្ដី​ពី​នីតិវិធី​ជម្រះក្ដី​វិវាទ​ការងារ​ ត្រូវ​បាន​សម្រេច​លុប​ទាំងស្រុង​។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​រដ្ឋមន្ដ្រីក្រសួង​ការងារ​ ដែល​ប្រាប់​ទៅ​តំណាង​អ្នកបញ្ជា​ទិញ​ធំៗ​ ពី​កម្ពុជា​ កាលពី​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៧​។​

​រដ្ឋមន្ដ្រីក្រសួង​ការងារ​លោក​ អ៊ិ​ត​ សំ​ហេង​ ឲ្យ​ដឹង​ថា​ កន្លង​មក​ក្រសួង​ការងារ​បាន​រៀបចំ​សេចក្ដីព្រាងច្បាប់​មួយ​ស្ដី​ពី​នីតិវិធី​ជម្រះក្ដី​វិវាទ​ការងារ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង​ឲ្យ​បាន​ទាន់​ពេលវេលា​ ហើយ​រំពឹង​ថា​នឹង​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​ក្រោយ​នោះ​ គឺ​នៅ​ពេល​នេះ​ក្រសួង​ការងារ​បាន​សម្រេច​លុប​ចោល​វិញ​ បន្ទាប់​ពី​ក្រសួង​បាន​ពី​ភា​ក្សា​ជាមួយ​ដៃគូ​ សហការ​ជា​ច្រើន​លើក​ ច្រើន​សារ​រួច​មក​ជុំវិញ​សេចក្ដីព្រាងច្បាប់​នេះ​។​

​លោក​រដ្ឋមន្ដ្រី​បន្ដ​ថា​ គ្រប់​ភាគី​សហការ​សុទ្ធតែ​យល់​ឃើញ​ថា​ ច្បាប់​ថ្មី​នេះ​មិន​មាន​អ្វី​ថ្មី​ លើស​ពី​យន្ដការ​ចាស់​ដែល​ក្រសួង​ការងារ​ ធ្លាប់​បាន​អនុវត្ដ​ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​ជូន​កម្មករ​ កម្មការិនី​ និយោជិត​ និង​ថៅកែ​ និយោជក​នោះ​ទេ​។​ លោក​ អ៊ិ​ត​ សំ​ហេង​ ៖«​អ​ញ្ចឹ​ង​ទេ​ក្រសួង​ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​សម្រេច​ថា​ មិន​រៀបចំ​ច្បាប់​នេះ​ទៀត​ទេ​ ដក​ច្បាប់​នេះ​ចេញ​ដើម្បី​ចៀសវាង​នូវ​កង្វល់​អ្វី​ផ្សេងៗ​»​។​

រដ្ឋមន្រ្ដីក្រសួងការងារ លោក អ៊ិត សំហេង

 

បន្ថែម​ពី​នេះ​លោក​រដ្ឋមន្ដ្រី​បញ្ជាក់​ថា​ ក្រសួង​នឹង​នៅ​តែ​រក្សា​យន្ដការ​ដោះស្រាយ​វិវាទ​ការងារ​ជូន​កម្មករ​ កម្មការិនី​ ដែល​មាន​ស្រាប់​គឺ​តាម​រយៈ​ក្រសួង​ការងារ​ និង​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​។​

​ជុំវិញ​ការ​ទម្លាក់​ចោល​នូវ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​នីតិវិធី​ជម្រះក្ដី​វិវាទ​ការងារ​នេះ​ ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក​ អាត់​ ធន់​ បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​នៅ​ថ្ងៃ​ទី​១៧​ តុលា​នេះ​ ថា​ លោក​គាំទ្រ​ការ​លុប​ចោល​នេះ​ ដោយ​លោក​សង្កត់ធ្ងន់​ថា​ មួយ​រយៈ​ចុង​ក្រោយ​នេះ​មានការ​បង្កើត​ច្បាប់​ថ្មីៗ​ជា​ច្រើន​ដែល​មើលទៅ​ហាក់ជា​ការ​បន្ថយ​សិទ្ធិ​សហជីព​ឯករាជ្យ​ ការ​ដាក់​ទណ្ឌកម្ម​ និង​បង្ក​ជា​ភាព​ស្មុ​ក​ស្មាញ​ដល់​គូភាគី​។​ លោក​ អាត់​ ធន់​ ៖«​ខ្ញុំ​គាំទ្រ​លើ​ការ​ទម្លាក់​ចោល​ហ្នឹង​ ព្រោះ​មួយ​រយៈ​ក្រោយ​នេះ​ គឺ​ឃើញ​ច្បាប់​ថ្មីៗ​តាក់តែង​ឡើង​ វា​មានការ​បន្ថយ​សិទ្ធិ​សហជីព​ឯករាជ្យ​ និង​ការ​ដោះ​ទណ្ឌកម្ម​ ហើយ​និង​ភាព​ស្មុ​ក​ស្មាញ​លើ​គូភាគី​ហ្នឹង​ច្រើន​»​។​

តែ​យ៉ាងណា​ប្រធាន​សហជីព​រូប​នេះ​ ក៏​ចង់​ឲ្យ​ក្រសួង​ការងារ​ពិចារណា​លើ​ច្បាប់​សហជីព​ឡើង​វិញ​ផង​ដែរ​ បើ​ទោះជា​ច្បាប់​នោះ​បាន​ចូល​ជា​ធរមាន​រួច​ហើយ​ក៏​ដោយ​។​

​ចំណែក​លោក​ ម៉ា​ន់​ សេ​ហាក់​ អនុប្រធាន​សហជីព​សេរី​កម្មករ​ បាន​ឲ្យ​ដឹង​ថា​ លោក​មិន​ចាប់អារម្មណ៍​លើ​ការ​បង្កើត​ច្បាប់​នេះនោះ​ទេ​ បើ​ទោះជា​បន្ដ​ ឬ​ក៏​បញ្ចប់​ក៏​ដោយ​។​ លោក​មើលឃើញ​ថា​ បើ​ទោះជា​មានច្បាប់​ច្រើន​ជាង​នេះ​ទៀត​ក៏​ដោយ​ ក៏​មិន​អាច​ធ្វើ​ឲ្យ​កម្មករ​ និយោជិត​ សុខ​ស្រួល​នោះ​ដែរ​ ដរាបណា​ការ​អនុវត្ដ​ច្បាប់​ដោយ​មន្ដ្រី​របស់​ក្រសួង​មិន​មាន​ភាព​ស្មើគ្នា​រវាង​កម្មករ​ និង​អ្នកមាន​អំណាច​មួយ​ចំនួន​។​

​លោក​ ម៉ា​ន់​ សេង​ហាក់​ យល់​ថា​ អ្វី​ដែល​ក្រសួង​ការងារ​គួរ​ធ្វើ​ គឺ​ពិចារណា​ឡើង​វិញ​ជុំវិញ​ច្បាប់​ស្ដី​ពី​សហជីព​ព្រោះ​វា​បាន​បង្ក​ភាព​ចម្រូងចម្រាស់​ជា​ច្រើន​សម្រាប់​ការ​ដោះស្រាយ​វិវាទ​ការងារ​ជួន​ កម្មករ​ កម្មការិនី​ និយោជិត​ ហើយ​ជា​ពិសេស​ គឺ​ក្រសួង​ការងារ​ គួរ​លុប​បំបាត់​កិច្ចសន្យាការងារ​រយៈពេល​ខ្លី​។​ លោក​ ម៉ា​ន់​ សេង​ហាក់​ ៖«​អ​ញ្ចឹ​ង​ហើយ​យើង​ចង់​ឲ្យ​រដ្ឋមន្ដ្រី​ពិនិត្យ​ឡើង​វិញ​ និង​លុប​បំបាត់​កិច្ចសន្យា​ខ្លី​ហ្នឹង​តែ​ម្ដង​»​។​

​ដោយឡែក​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​លោក​ ហ្វា​ សាលី​ មិន​បាន​បង្ហាញ​ក្ដី​សាទរ​ ឬ​ក៏​យ៉ាងណា​នោះ​ទេ​ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា​ សេចក្ដីព្រាងច្បាប់​ស្ដី​ពី​នីតិវិធី​ជម្រះក្ដី​វិវាទ​ការងារ​នេះ​ ពិត​មិន​គួរ​មាន​នោះ​ទេ​ ព្រោះ​ច្បាប់​ថ្មី​មួយ​នេះ​គឺ​មាន​ចែង​រួច​ទៅ​ហើយ​នៅ​ក្នុង​ច្បាប់​ស្ដី​ពី​ការងារ​ឆ្នាំ​ ១៩៩៧​។​

​លោក​ ហ្វា​ សាលី​ យល់​ថា​ អ្វី​ដែល​ក្រសួង​គួរតែ​ធ្វើ​នោះ​គឺ​ការ​ពង្រឹង​ការ​អនុវត្ដ​ការងារ​ បម្រើ​ដល់​ផលប្រយោជន៍​ កម្មករ​ កម្ម​កា​រិ​រ​នី​ ទើប​ជា​ការ​ប្រសើរ​។​ លោក​ ហ្វា​ សាលី​ ៖«​បាទ​យើង​មាន​រួច​ហើយ​ចាំបាច់​មាន​ធ្វើ​អី​ទៀត​ សំខាន់​នោះ​គឺ​ពង្រឹង​មន្ដ្រី​វិវាទ​ការងារ​ទាំងអស់​ អធិការកិច្ច​ ទាំងអស់​ហ្នឹង​ ពន្យល់​គាត់​ឲ្យ​កាត់​រឹងប៉ឹង​ឡើង​ ហើយ​ឲ្យ​គាត់​ស្វះស្វែង​ធ្វើ​ម៉េច​ដោះស្រាយ​ឲ្យ​គ្រប់​នីតិវិធី​ទាំងអស់​ ជួន​ដល់​កម្មករ​ និយោជិត​ ទើបបាន​វា​ល្អ​»​។​

ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​ មាន​ស្ថាប័ន​ចំនួន​ពីរ​ ដែល​ដោះស្រាយ​វិវាទ​ការងារ​រួម​គ្នា​ជូន​ កម្មករ​ កម្មការិនី​ និយោជិត​ និង​ថៅកែ​ និយោជក​។​ ស្ថាប័ន​ចម្បង​គេ​គឺ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដែល​មាន​សមត្ថកិច្ច​ដោះស្រាយ​វិវាទ​ការងារ​ជូន​កម្មករ​ និយោជិត​ និង​ថៅកែ​។​ ក៏​ប៉ុន្ដែ​ក្នុង​ករណី​ដែល​ កម្មករ​ និយោជិត​ និង​ថៅកែ​ និយោជក​ មិន​ព្រម​សះជា​ និង​គ្នា​ត្រឹម​ក្រសួង​ការងារ​នោះ​ គឺ​ពួក​គេ​នឹង​ត្រូវ​បញ្ជូន​បន្ដ​ទៅ​កាន់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ត្រីភាគី​ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​របស់​ពួក​គេ​៕

Share

Image
Image
Image