ភ្នំពេញ៖ សិក្ខាសាលាយុវជនស្តីពីកីឡា ស្នេហា និងការអប់រំសតវត្សទី ២១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០១៦ ខាងមុខនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពយុវជនឲ្យមានទំនុកចិត្តលើខ្លួនឯងនិងស្គាល់ខ្លួនឯងកាន់តែច្បាស់ក្នុងការសម្រេចចិត្តផ្សេងៗ ទាំងនៅក្នុងសេចក្តីស្នេហា ការសិក្សាជាដើម។
សិក្ខាសាលាយុវជននេះ នឹងប្រព្រឹត្តទៅនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ( សាខាវិមានឯករាជ្យ ) ដោយមានការចូលរួមចែករម្លែកបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើនរូប មានដូចជាលោកស្រី ប៉ែន បុប្ផា គ្រូបណ្ដុះបណ្ដាល OPERACY, លោក ហឿន សំនៀង នាយករងខុទ្ទកាល័យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, លោក កុលផេង វឌ្ឍនា អ្នកនិពន្ធ, កញ្ញា នាង សុវ៉ាតនា ឌីជេវិទ្យុក្នុងកម្មវិធីដោះស្រាយវិបត្តិស្នេហា និងកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា។
សំបុត្រចូលរួមកម្មវិធីតម្លៃ ៤០០០រៀល សិស្ស និស្សិត និងយុវជន អាចរកទិញសំបុត្របានតាមសាកលវិទ្យាល័យមួយចំនួនដូចជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យកម្ពុជា សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា សាកលវិទ្យាល័យជាតិគ្រប់គ្រង និងតាមអនឡាញ។ ព័ត៌មានបន្ថែម ០១៦ ៧៨ ១៩ ៦៧ / ០៩៦ ៩៤ ៩៩ ០០៩។
សិក្ខាសាលាយុវជនស្តីពីកីឡា ស្នេហា និងការអប់រំសតវត្សទី ២១ រៀបចំឡើងដោយក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គម ដែលជាបណ្តាញយុវជនស្ម័គ្រចិត្តបានប្រមូលផ្តុំគ្នាជាក្រុមនិស្សិតដែលមកពីសាកលវិទ្យាល័យផ្សេងៗចាប់បង្កើតឡើងនៅឆ្នាំ២០១៤ ។