en     km
en     km

ស្ដ្រី ១១នាក់ក្នុងចំណោមបុរស ៣០នាក់ប្រឈមនឹងអត់ការងារប្រសិនកាសែត Cambodia Daily ត្រូវបិទ

Share

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០១៧​ខាង​មុ​នេះ​ គឺជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ឱសានវាទ​ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា​ដែល​កំណត់​ឲ្កា​សែត​ ខេ​ម​បូ​ឌា​ ដេ​លី​ បង់ពន្ធ​សង​រដ្ឋ​ ទំហំ​ទឹកប្រាក់​ជាង​ ៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

បុគ្គលិកកាសែត The Cambodia Daily

កាសែត​ Cambodia​ Daily​ បាន​ចាប់ផ្ដើម​ ដំណើរការ​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​តាំង​តែ​ពី​ឆ្នាំ​ ១៩៩៣​ គិត​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈពេល​ជាង​ ២០​ឆ្នាំ​ហើយ​។​ ​បច្ចុប្បន្ន​នេះ​ស្ថាប័ន​កាសែត​ ខេ​ម​បូ​ឌា​ ដេ​លី​ មាន​បុគ្គលិក​បម្រើ​ការ​ចំនួន​ ៣០​នាក់​ ដោយ​រាប់​បញ្ចូល​ទាំង​បុគ្គលិក​បរទេស​ និង​ខ្មែរ​ រួម​ជាមួយនឹង​អ្នក​ហាត់​ការ​។​ ក្នុង​ចំណោម​បុគ្គលិក​ទាំង​ ៣០​នាក់​នេះ​ មាន​បុគ្គលិក​ស្ដ្រី​ចំនួន​ ១១​នាក់​។​ ពួក​គេ​សុទ្ធសឹងតែ​ប្រឈម​នឹង​ការ​បាត់បង់​ការងារ​ ប្រសិនបើ​រាជរដ្ឋាភិបាល​ពិតជា​បិទ​ស្ថាប័ន​មួយ​នេះ​ពិតមែន​។​
​កញ្ញា​ ឡេ​ង​ ឡែ​ន​ បុគ្គលិក​របស់​កាសែត​​ Cambodia​ Daily​ បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​ស្ដ្រី​ដឹង​ថា​ ជា​ធម្មតា​មិន​ថា​អ្នក​ណា​ទេ​ ប្រសិនបើ​បាត់បង់​ការងារ​ ក្នុង​រយៈពេល​ដ៏​ប្រថុចញ៉ុច​បែប​នេះ​ ច្បាស់​ណាស់​នឹង​ជួប​ផល​លំបាក​ទាំង​ផ្លូវ​អារម្មណ៍​ និង​ផ្នែក​សេដ្ឋកិច្ច​។​ សម្រាប់​កញ្ញា​ផ្ទាល់​ខណៈ​នេះ​មិន​ទាន់​បាន​រៀបចំ​គម្រោង​ថា​នឹង​ធ្វើ​អ្វី​បន្ដ​ទៀត​ទេ​ ព្រោះ​កញ្ញា​មាន​សុទិដ្ឋិនិយម​ថា​ ស្ថាប័ន​កាសែត​​ Cambodia​ Daily​ នឹង​ទទួល​បាន​ដំណោះស្រាយ​សម​ស្រប​មួយ​ដើម្បី​អាច​បន្ដ​ដំណើរការ​ទៅ​មុខ​ទៀត​។​ កញ្ញា​ ឡេ​ង​ ឡែ​ន​៖«​បង​ចង់​បន្ដ​អាជីពរ​បស់បង​នៅ​ ដេ​លី​ហ្នឹង​បន្ដ​ទៀត​ដោយសារ​ ដេ​លី​ ជ្រើសរើស​អ្នកកាសែត​មិន​ប្រកាន់​ប្រុស​ស្រី​ទេ​ ផ្ដល់​ឱកាស​ស្មើគ្នា​មិន​ថា​អ្នកកាសែត​ស្រី​ ឬ​ប្រុស​ អ​ញ្ចឹ​ង​បង​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា​កន្លែង​បង​នៅ​បន្ដ​ទៀត​»​។​

​យោង​តាម​ការ​ផ្ដល់​ព័ត៌មាន​តាម​រយៈ​ Email​ ពីនិពន្ធ​នាយក​របស់​កាសែត​ Cambodia​ Daily​ លោកស្រី​ Jodie​ DeJonge​ បាន​ឆ្លើយ​ថា​ នេះ​គឺជា​សេណា​រី​យ៉ូ​ ដ៏​អាក្រក់​បំផុត​សម្រាប់​ស្ថាប័ន​កាសែត​ កាសែត​ ខេ​ម​បូ​ឌា​ ដេ​លី​ ។​ នៅ​ពេល​នេះ​ លោកស្រី​កំពុង​តែ​រវល់​ជា​ខ្លាំង​ក្នុង​ការ​រៀបចំ​ឯកសារ​ ដើម្បី​ធ្វើ​យ៉ាងណា​ការពារ​ស្ថាប័ន​កាសែត​វ័យ​ចំណាស់​មួយ​នេះ​។​ ជាង​នេះ​លោកស្រី​បន្ដ​ទៀត​ថា​ លោកស្រី​ក៏​កំពុង​ដាក់​សំណើ​ទៅ​កាន់​នាយកដ្ឋាន​ពន្ធដារ​ ដើម្បី​សុំ​បញ្ឈប់​ការ​លេច​ធ្លាយ​ព័ត៌មាន​ទាក់ទិន​នឹង​ប្រាក់​ពន្ធ​ទៅ​កាន់​អង្គភាព​ព័ត៌មាន​ Fresh​ News​ ជា​បន្ដ​ទៀត​។​  លើស​ពី​នេះ​លោកស្រី​ក៏​បាន​ដាក់​សំណើ​ទៅ​កាន់​អគ្គនាយក​ដ្ឋា​ពន្ធដារ​ សុំ​ឲ្យ​វាយតម្លៃ​ពន្ធ​ដោយ​យុត្ដិធម៌​ និង​មាន​តម្លាភាព​ដោយ​ផ្អែក​លើស​វន​កម្ម​ជាក់ស្ដែង​ ដោយ​មិន​ត្រូវ​ប្រើ​ច្បាប់​ពន្ធដារ​ ដើម្បី​ប្រឆាំង​នឹង​ស្ថាប័ន​ព័ត៌មាន​ឡើយ​។​


​ក្រោយ​ពី​ទទួល​ដំណឹង​ជា​ហូរហែ​ ទាក់ទិន​និង​ការ​ដាក់​ឱសានវាទ​ ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​កំណត់ពេល​ត្រឹម​ថ្ងៃ​ទី​០៤​ កញ្ញា​ ដើម្បី​ឲ្យ​កាសែត​ ខេ​ម​បូ​ឌា​ ដេ​លី​ ទូទាត់​ប្រាក់​ពន្ធ​ដ៏​ច្រើន​ស​ន្ទឹ​ក​សន្ធាប់​ ដែល​ស្ថាប័ន​ជាតិ​មួយ​នេះ​អះអាង​ថា​ កាសែត​ Cambodia​ Daily​ មិន​បាន​បង់​តាំងពី​ឆ្នាំ​២០០៧​មក​នោះ​ បុគ្គលិក​មួយ​រូប​ទៀត​របស់​កាសែត​ Cambodia​ Daily​ មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ ព្រោះតែ​លោក​មិន​ធ្លាប់​គិត​ថា​ នឹង​មានរឿង​ស្មាន​មិន​ដល់​ដូចនេះ​កើតឡើង​នោះ​ទេ​។​

​បុរស​វ័យ​ ៤០​ឆ្នាំ​ដែល​សុំ​មិន​បញ្ចេ​ឈ្មោះ​ម្នាក់​ ជា​បុគ្គលិក​កាសែត​ ខេ​ម​បូ​ឌា​ ដេ​លី​ បាន​និយាយ​ថា​ លោក​គឺជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ នៃ​គ្រួសារ​ទាំងមូល​ ដែល​មាន​ប្រពន្ធ​ និង​កូន​តូចៗ​ចំនួន​ពីរ​នាក់​ កំពុង​ពេញវ័យ​សិក្សា​ លោក​នឹង​ប្រឈម​ការ​លំបាក​ក្នុង​ការ​ជួយ​ផ្គត់ផ្គង់​គ្រួសារ​ប្រសិនបើ​កាសែត​ ខេ​ម​បូ​ឌា​ ដេ​លី​ ត្រូវ​បិទ​។​ បុគ្គលិក​ដេលី​៖«​ប្រ​សិន​កាសែត​ ដេ​លី​ ត្រូវ​បិទ​មែន​ផល​ប៉ះពាល់​ជា​ចម្បង​ យើង​ត្រូវ​បាន​បង់​ការងារ​ ហើយ​ផល​ប៉​ពាល់​មួយទៀត​យើង​នឹង​បាត់បង់​ចំណូល​សម្រាប់​ក្រុម​គ្រួសារ​យើង​ ហើយ​វា​ជា​ការ​ពិបាក​ក្នុង​ពេល​ភ្លាមៗ​យើង​រក​ការងារ​ថ្មី​ឬ​មួយ​ការងារ​ណាមួយ​ដើម្បី​ដោះស្រាយ​ជីវភាព​យើង​»​។​

​ចំពោះ​ផល​ប៉ះពាល​មិនមែន​មាន​តែ​បុរស​រូប​នេះ​ទេ​ នៅ​មាន​បុគ្គលិក​ជា​ច្រើន​នាក់​ទៀត​ក្នុង​ស្ថាប័ន​កាសែត​ កាសែត​ ខេ​ម​បូ​ឌា​ ដេ​លី​ ដែល​ភាគច្រើន​ពួក​គេ​សុទ្ធសឹងតែ​ជា​មេ​គ្រួសារ​ មាន​ កូន​ ប្រពន្ធ​ក្នុង​បន្ទុក​។​
​ដំណឹង​ស្ដី​ពី​ ឱសានវាទ​ ថ្ងៃ​ទី​០៤​ កញ្ញា​ ដែល​អាជ្ញាធរ​ពន្ធដារ​កម្ពុជា​ នឹង​រឹបអូស​ទ្រព្យសម្បត្ដិ​ស្ថាប័ន​កាសែត​ ខេ​ម​បូ​ឌា​ ដេ​លី​ ក្នុង​ករណី​មិន​អាច​បង់ពន្ធ​ជូន​រដ្ឋ​ទាន់​ពេលវេលា​នូវ​ទឹកប្រាក់​ជាង​ ៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ និង​អ្នកលេង​បណ្ដាញ​សង្គម​ផង​ដែរ​ បាន​ប្រកាស​រៃ​អង្គាសប្រាក់​ដើម្បី​ជួយ​បង់ពន្ធ​ឲ្យ​ស្ថាប័ន​កាសែត​វ័យ​ចំណាស់​មួយ​នេះ​ដើម្បី​ឲ្យ​គេច​ផុត​ពី​ការ​បិទ​។​ ប៉ុន្ដែ​ស្ថាប័ន​កាសែត​ ខេ​ម​បូ​ឌា​ ដេ​លី​ នៅ​តែ​បង្ហាញ​ជំហរ​របស់​ខ្លួន​ថា​ រាជរដ្ឋាភិបាល​កំពុង​តែ​គំរាម​បិទ​ស្ថាប័ន​មួយ​នេះ​ ដោយ​ប្រើប្រាស់​វិ​ក្ក័​យ​ប​ត្រ​ពន្ធ​មួយ​ដែល​មិន​ត្រឹមត្រូវ​តាម​បញ្ជី​ត្រួតពិនិត្យ​របស់​ស្ថាប័ន​ខ្លួន​ឡើយ​ខណៈ​ស្ថាប័ន​សារព័ត៌មាន​មួយ​នេះ​ ក៏​មិន​ព្រម​ទទួល​ប្រាក់​ដែល​បាន​ពី​ការ​រៃ​អង្គាស​ណាមួយ​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទិន​ទៅ​នឹង​វិវាទ​ពន្ធ​នេះ​ដូច​គ្នា​ដែរ​។

​លោក​ស្រិ​ ធីតា​ ឃឹះ​ នាយិកា​អង្គការ​សីល​ការ​ដែល​ធ្វើការ​ងារ​លើក​ស្ទូ​យ​សិទ្ធិ​ស្ដ្រី​ បង្ហាញ​ចំណា​ច់​អារម្មណ៍​ថា​ ក្នុង​ករណី​នេះ​បើ​កាសែត​ ខេ​ម​បូ​ឌា​ ដេ​លី​ ត្រូវ​បិទ​មែន​ ជា​ការ​ពិត​បុគ្គលិក​ទាំងអស់​នឹង​ត្រូវ​អត់​ការងារ​ធ្វើ​ ហើយ​បើ​បុគ្គលិក​នោះ​មានកូន​ ប្រពន្ធ​ ស្វាមី​ ឬ​ក៏​ឪពុក​ ម្ដាយ​ ក្នុង​បន្ទុក​ទៀត​ វា​នឹង​រឹតតែ​ធ្វើ​ឲ្យ​ពួក​គេ​លំបាក​ទ្វេ​ដង​ ខណៈ​បាត់បង់​ការងារ​ដែល​មិន​នឹក​ស្មាន​ដល់​ដូចនេះ​។​ លោកស្រី​ ធីតា​ ឃឹះ​ ៖«​ខ្ញុំ​គិត​ថា​ បាត់​ការងារ​ធ្វើ​សម្រាប់​មនុស្ស​ប៉ុណ្ណឹង​នាក់​គឺជា​រឿង​ធ្ងន់ធ្ងរ​ហើយ​ ហើយ​រឹតតែ​ធ្ងន់ធ្ងរ​ទៀត​បើ​គិត​ទាំង​គ្រួសារ​ ប្រពន្ធ​ កូន​ ចៅ​ទៀត​វា​គុណ​ នឹង​២​ គុណ​នឹង​៣​ ទៀត​ ​»​។


​​នាយិកា​អង្គការ​សីល​កា​បន្ថែម​ទៀត​ថា​ ការ​បាត់បង់​ការងារ​ក្នុង​ពេល​ដ៏​ខ្លី​ដូចនេះ​ ប្រសិនបើ​ពួក​គេ​កំពុង​មាន​ជីវភាព​មិនល្អ​ប្រសើរ​ទៀត​នោះ​ វា​ច្បាស់​ណាស់​នឹង​បង្ក​ឲ្យ​អ្នក​ទាំងនោះ​ប្រឈម​នឹង​បញ្ហា​រង​សម្ពាធ​ផ្លូវចិត្ដ​។​ លោកស្រី​ ធីតា​ ឃឹះ​ យល់​ថា​ ពិតជា​មិន​ខុស​ទេ​ចំពោះ​ការ​អនុវត្ដ​ច្បាប់​ ក៏​ប៉ុន្ដែ​រាល់​ការ​អនុវត្ដ​ច្បាប់​គួរ​ណា​តែ​ធ្វើ​ឲ្យ​បាន​សម​ស្រប​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​។​ លោកស្រី​ ធីតា​ ឃឹះ​៖«​ខ្ញុំ​យល់​ថា​ ការ​ធ្វើ​តាម​ផ្លូវច្បាប់​អ​ញ្ចឹ​ង​ផ្លូវច្បាប់​តម្រូវ​យ៉ាងម៉េច​យើង​គួរតែ​ធ្វើ​អ​ញ្ចឹ​ង​ ហើយ​ចំពោះ​ការ​ចាត់វិធានការ​គួរ​ណា​តែ​មានការ​ធ្វើ​វិសោធនកម្ម​ត្រឹមត្រូវ​ ដល់​យើង​ចេញ​ជា​លិខិត​អ​ញ្ចឹ​ង​ដូច​ជា​មិន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​ទេ​»​។​

​ទាក់ទិន​នឹង​ប្រាក់​ពន្ធ​ដែល​រាជរដ្ឋាភិបាល​អះអាង​ថា​ កាសែត​ ខេ​ម​បូ​ឌា​ ដេ​លី​  ពិតជា​មិន​បាន​បង់ពន្ធ​ជួន​រដ្ឋ​នោះ​ ក្រៅ​តែ​ពី​អគ្គនាយករ​ដ្ឋា​ន​ពន្ធដារ​ មន្ដ្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ សូ​ម្បី​មន្ដ្រី​តែ​សម្ដេច​ ហ៊ុន​ សែន​ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ក៏​ប្រតិកម្ម​លើ​កាសែត​វ័យ​ចំណាស់​មួយ​នេះ​ដែរ​ ដោយ​លោក​ប្រើ​សម្ដី​ធ្ងន់ៗ​ ហៅ​កាសែត​ ខេ​ម​បូ​ឌា​ ដេ​លី​ ថា​ “​មេចោរ​”​ ហើយ​បើ​បញ្ជា​ឲ្យ​បង់ពន្ធ​ បើ​មិន​ដូច្នេះ​ទេ​ “​វេច​បង្វិច​ចាកចេញ​ទៅ​”​។​  តែ​យ៉ាងណា​ក្រៅពី​កាសែត​ ខេ​ម​បូ​ឌា​ ដេ​លី​ ដែល​ប្រឈម​ការ​បិទ​ និង​រឹបអូស​ទ្រព្យសម្បត្ដិ​នា​ពេល​នេះ​  វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ ហៅ​កាត់​ថា​ NDI​ ក៏ត្រូវ​បាន​បញ្ជា​ឱ្យ​បិទ​ការិយាល័យផងដែរ​​ក្រោយការ​ជូនដំណឹង​របស់​ក្រសួងការបរទេស​កម្ពុជា​ ដោយ​ទុក​ពេល​ត្រឹមតែ​ ៧​ថ្ងៃ​ប៉ុណ្ណោះ​ គិត​ចាប់ពី​ថ្ងៃ​ទី​២៣​ ខែសីហា​៕

Share

Image
Image
Image