en     km
en     km

ស្ថាប័នពាក់ព័ន្ធពិភាក្សារកគន្លឹះកាត់បន្ថយការស្លាប់កម្មករកាត់ដេរពេលធ្វើដំណើរតាមរថយន្ត

Share

ភ្នំពេញ៖ ស្ថាប័នពាក់ព័ន្ធមួយចំនួនដែលធ្វើការទាក់ទិនបញ្ហាគ្រោះថ្នាក់ចរាចរណ៍ រួមមានទាំងស្ថាប័នរដ្ឋ សង្គមស៊ីវិល និងវិស័យឯកជន បានជជែកគ្នាយ៉ាងសស្រាក់សស្រាំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ពិសេសបញ្ហាស្លាប់និងរបួសរបស់កម្មករកាត់ដេរក្នុងឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ពេលជិះរថយន្តមកធ្វើការ។

ការពិភាក្សានេះធ្វើឡើងក្នុងកិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាស រវាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអង្គការសង្គមស៊ីវិល និងវិស័យឯកជន នៅក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី១៣ ខែសីហា នេះ។

កិច្ចប្រជុំនៅក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងកិច្ចពិភាក្សានោះលោក គឹម បញ្ញា ប្រធាន​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា(AIP) លើកឡើងថា​ ​ដើម្បីអាចកាត់បន្ថយបានអត្រាគ្រោះថ្នាក់ចរាចរណ៍លើកម្មករកាត់ដេរពេលធ្វើដំណើរ អង្គការAIP បានជំរុញទៅកាន់ភាគីរោងចក្រត្រូវសហការជាមួយអ្នកបើកបរ កុំច្នៃរថយន្តដឹកកម្មករលើសចំណុះនិងបញ្ហាមួយចំនួនទៀត។ ជាលទ្ធផលលោកសង្កេតឃើញថា មានរោងចក្រមួយចំនួននៅតំបន់សេដ្ឋកិច្ចពិសេស7&G នៅកោះកុង និងកំពង់ចាម បានអនុវត្តតាមការចង់បានរបស់ថៅកែរោងចក្រ​ស្របតាមគោលគារណ៍សុវត្ថិភាពដឹកជញ្ជូន។

មួយវិញទៀត មានរោងចក្រមួយចំនួនបានរឹតបណ្តឹងឱ្យកម្មករ និយោជក ដែលធ្វើដំណើរដោយម៉ូតូត្រូវពាក់មួកសុវត្ថិភាពជាប្រចាំពេលមកធ្វើការ និងចេញទៅផ្ទះ។ ជាងនេះទៀត ថៅកែរោងចក្រខ្លះបានបញ្ជាឱ្យអ្នកបើកយករថយន្តមកទុកក្នុងរោងចក្រ និងបានត្រួតពិនិត្យគ្រឿងម៉ាស៊ីនរថយន្តទៀតផង ដើម្បីបង្ការឧបទ្ទេវហេតុដែលកើតមានឡើងជាយថាហេតុ។

កាលពីពេលថ្មីៗនេះ មានគ្រោះថ្នាក់ចរាចរណ៍ចំនួនពីរករណីជាប់ៗគ្នា កើតឡើងលើកម្មករ កម្មាការិនីកាត់ដេរសំលៀកបំពាក់ ក្នុងខេត្តស្វាយរៀង ដែលបណ្តាលឱ្យមានអ្នកស្លាប់២នាក់ និងរងរបួសជិត១០០នាក់។

ទាក់ទងនឹងបញ្ហានេះលោកស្រី មឹន មាណវី រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ក្រសួង ស្ថាប័នពាក់ព័ន្ធបានខិតខំធ្វើការងារយ៉ាងខ្លាំងជាមួយបញ្ហាសុវត្ថិភាពកម្មករពេលធ្វើដំណើរនេះ។​ លោកស្រីបន្តថា ក្រសួង និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធបានប្រឹងប្រែងសហការ អប់រំដល់ខាងថៅកែរោងចក្រ និងអ្នកបើកបរ ត្រូវមានទំនួញខុសត្រូវខ្ពស់លើសុវត្ថិភាពកម្មករ។ ក្រសួង និងអង្គការដៃគូបានផលិតភាពយន្តខ្លី ដែលផ្តល់សារអប់រំទាក់ទិនការដឹកកម្មករលើសចំណុះនេះ។

មន្រ្តីរដ្ឋ សង្គមស៊ីវិល និងវិស័យឯកជន សហការគ្នារកដំណោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍។

លោកស្រី រដ្ឋលេខាធិការក្រសួងសាធារណការឱ្យដឹងទៀតថា បច្ចុប្បន្នមានការផ្លាស់ប្តូរជាវិជ្ជមានលើឥរិយាបថរបស់ម្ចាស់រថយន្តដែលតែងតែដឹកកម្មករលើសចំណុះប្រមាណ ២០%ហើយ។ លោកស្រីថា បញ្ហាការដឹកកម្មករលើសចំណុះនេះ ត្រូវការពេលវេលា និងអ្នកពាក់ព័ន្ធចូលរួមឱ្យបានសកម្ម ទាំងស្ថាប័នរដ្ឋ សង្គមស៊ីវិល និងវិស័យឯកជន។  

របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) នៃ​ក្រសួង​ការងារឱ្យដឹង​ថា ក្នុងឆ្នាំ ២០១៨ មានគ្រោះ​ថ្នាក់​ផ្លូវគោកកើត​ឡើង​លើ​កម្មករ​និយោជិតមាន​ចំនួន ១៦៩២ ករណី មាន​ជន​រង​គ្រោះ ១ ៨៩៤ នាក់។ ចំណែកអ្នក​ស្លាប់​មានចំនួន ៤០ នាក់ និង​របួស​ធ្ងន់ ៣៤៩ នាក់ របួស​ស្រាល ១ ៥០៥ នាក់។

មូល​ហេតុ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍លើ​កម្មករ​និយោជិត​ក្នុង​ឆ្នាំ ២០១៨ ​ដោយសារ​ការបើកបរ​ហួស​ល្បឿន​កំណត់ ៤០%​ ការ​ជែង ២៤% ​មិន​គោរព​សិទ្ធិ​អាទិភាព​ ១៧%​ និង​បច្ចេកទេស​យានយន្ត ១៨%៕

Share

Image
Image
Image