en     km
en     km

អង្គការ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅ​ឋាន​ បើក​វគ្គ​បណ្ដុះ​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ ពី​សិទ្ធិ​មនុស្ស​ និង​ការ​តស៊ូ​មតិ​

Share

​ភ្នំពេញ​ ៖​ អង្គការ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅ​ឋាន​ នៅ​ថ្ងៃ​ទី​១៣​ ខែមិថុនា​ នេះ​ បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​មួយ​ សម្រាប់​ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​មួយ​ចំនួន​ ដែល​រង​ផល​ប៉ះពាល់​ដល់​លំនៅ​ឋាន​របស់​ពួក​គាត់​ នា​ពេល​កន្លង​មក​។​ វគ្គ​បណ្ដុះបណ្ដាល​ អង្គការ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅ​ឋាន​ រំពឹង​ថា​ ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ទាំងនេះ​ នឹង​យល់​កាន់តែ​ច្បាស់​ពី​សិទ្ធិ​មនុស្ស​ និង​ការ​តស៊ូ​មតិ​ ខណៈ​មានការ​រំលោភ​យក​ដី​លំនៅ​ឋាន​របស់​ពួក​គាត់​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​ ៖​

 

​វគ្គ​បណ្ដុះបណ្ដាល​នេះ​ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ ១៥​នាក់​ មក​ពី​សហគមន៍​ ដែល​ធ្លាប់​មាន​ទំនាស់​ដីធ្លី​មួយ​ចំនួន​ដូច​ជា​ សហគមន៍​ផ្លូវ​រថភ្លើង​ សហគមន៍​បុរី​សន្ដិភាព​ និង​អតីត​សហគមន៍​តំបន់​បឹង​កក់​។​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​មន្ដ្រី​របស់​អង្គការ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅ​ឋាន​។​

​លោក​ រស់​ រក្សា​ មន្ដ្រី​របស់​អង្គការ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅ​ឋាន​ បាន​ប្រាប់​វិទ្យុ​ស្ដ្រី​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ១៣​ ខែមិថុនា​ នេះ​ថា​ ការ​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​ អង្គការ​របស់​លោក​ ចង់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ ឬ​ក៏​ពលរដ្ឋ​ដែល​រង​គ្រោះ​ព្រោះ​បញ្ហា​ដីធ្លី​ យល់​ដឹង​កាន់តែ​ច្បាស់​អំពី​សិទ្ធិ​ ការ​បញ្ចេញមតិ​ និង​ការ​តស៊ូ​មតិ​ផ្សេងៗ​ ដើម្បី​ទទួល​បាន​ដំណោះស្រាយ​ត្រឹមត្រូវ​សម្រាប់​ពួក​គាត់​ ៖«​អ​ញ្ចឹ​ង​ច្បាប់​ដែល​យើង​លើក​ឡើង​ក្នុង​ការ​បណ្ដុះបណ្ដាល​គាត់​ អំពី​សិទ្ធិ​មនុស្ស​ សិទ្ធិ​លំនៅ​ឋាន​ ការ​បញ្ចេញមតិ​ លំនៅ​ឋាន​សមរម្យ​អី​អ​ញ្ចឹ​ង​ទៅ​ណា​បង​ ហើយ​និង​ច្បាប់រដ្ឋធម្មនុញ្ញ​ដែល​គាំទ្រ​ដល់​ប្រជាពលរដ្ឋ​»​។​

​សម្រាប់​មន្ដ្រី​របស់​អង្គការ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅ​ឋាន​រូប​នេះ​ បង្ហាញ​ក្ដី​រំពឹង​ថា​ ក្រោយ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​នេះ​ ប្រជាពលរដ្ឋ​ដែល​ចូលរួម​ នឹង​កាន់តែ​យល់​ច្បាស់​អំពី​សិទ្ធិ​របស់​ខ្លួន​ និង​ទទួល​បាន​ចំណេះដឹង​ក្នុង​ការ​រក​វិធី​ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ប្រឈម​ ពិសេស​គឺ​តាម​ផ្លូវច្បាប់​។​

​លោក​ រស់​ រក្សា​ បន្ដ​ទៀត​ថា​ តាម​ការ​សង្កេត​របស់​អង្គការ​លោក​ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ ទំនាស់​ដីធ្លី​ពាក់ព័ន្ធ​សិទ្ធិ​លំនៅ​ឋាន​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ហាក់​ពុំ​សូវ​កើត​ឡើងជា​ដុំ​ធុំ​នោះ​ទេ​។​ ក៏​ប៉ុន្ដែ​លោក​សង្កត់ធ្ងន់​ថា​ បញ្ហា​ទំនាស់​ដីធ្លី​ដែល​ធ្លាប់​កើត​មាន​យូរ​មក​ហើយ​ គឺ​មិន​ទាន់​បាន​ដោះស្រាយ​ចប់​នៅឡើយ​ទេ​។​ លោក​សំណូមពរ​ សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ បង្កើន​សកម្មភាព​ការងារ​ ដោះស្រាយ​ឲ្យ​បាន​លឿន​ ពាក់ព័ន្ធ​បញ្ហា​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ ៖«​ជា​សំណូមពរ​របស់ខ្ញុំ​ ខ្ញុំ​ចង់​ឲ្យ​រដ្ឋាភិបាល​ គាត់​ចុះ​ទៅ​សិក្សា​ អំពី​ផល​ប៉ះពាល់​ ក៏​ដូច​ជា​បញ្ហា​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ​មួយៗ​ឲ្យ​បាន​ស៊ីជម្រៅ​។​ ចុះ​ធ្វើការ​សហការ​ ក្នុង​ការ​រក​ប្រធាន​ការ​ ឬ​ក៏​ការ​ចរចា​គ្នា​ឲ្យ​បាន​ច្បាស់លាស់​។​ ចំពោះ​រឿង​ដំណោះស្រាយ​ មាន​តែ​ខាង​អ្នក​ដោះស្រាយ​ និង​ជន​រង​គ្រោះ​ទេ​ អ​ញ្ចឹ​ង​ណា​។​ អ្វី​ដែល​ខ្ញុំ​ចង់​មើលឃើញ​គឺ​រូបភាព​ហ្នឹង​ គឺ​ការ​ចរចា​យកចិត្ដទុកដាក់​បន្ថែម​ពី​រដ្ឋាភិបាល​ ទៅ​លើ​ជន​រង​គ្រោះ​»​។​

​បើ​ទោះបីជា​ទំនាស់​ដីធ្លី​ក្នុង​រាជធានី​ភ្នំពេញ​ ហាក់​មិនសូវ​កក្រើក​ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ក្ដី​ ក៏​ប៉ុន្ដែ​ទំនាក់​ដីធ្លី​នៅ​តាម​បណ្ដា​ខេត្ដ​មួយ​ចំនួន​ ក៏​នៅ​តែ​មាន​ ហើយ​ករណី​ខ្លះ​បាន​ឈាន​ដល់​ការ​ផ្ទុះ​ការ​តវ៉ា​ខ្លាំង​ថែម​ទៀត​ រហូត​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ដ​មួយ​ចំនួន​បាន​នាំ​គ្នា​ ចូល​មក​ក្នុង​រាជធានី​ ដើម្បី​សុំ​កិច្ច​អន្ដរាគមន៍​ ពី​ប្រមុខ​ដឹកនាំ​កំពូល​រាជរដ្ឋាភិបាល​កម្ពុជា​។​ តែ​យ៉ាងណា​ គេ​ក៏​បានឃើញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ដ​មួយ​ចំនួន​ ។​ ជុំវិញ​បញ្ហា​ដីធ្លី​នេះ​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ ដែល​ធ្វើ​ការងារ​ខាង​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ យល់​ថា​ រដ្ឋាភិបាល​គួរ​មានការ​ព​ន្លឿ​ន​ ក្នុង​ការ​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ ដែល​មាន​បញ្ហា​ដីធ្លី​ មិន​ថា​ បញ្ហា​ទើប​និង​កើត​ ឬ​ក៏​បញ្ហា​ដែល​អូស​បន្លា​យមក​ជា​ហូរ​ហើយ​នោះ​ទេ​៕

Share

Image
Image
Image