en     km
en     km

អង្គការ​ចំនួន​៣ ​សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច​ ជួយ​ដល់​កុមារ​ ស្ដ្រី​រង​គ្រោះ​ និង​ជន​ងាយ​រង​គ្រោះ​

Share

ភ្នំពេញ​ ៖​ អង្គការ​ចំនួន​ ៣​ បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​សង្គមកិច្ច​ ក្រោម​ទំហំ​ទឹកប្រាក់​ចំនួន​ជាង​២​លាន​ដុល្លារ​ សម្រាប់​គម្រោង​ ៣​ឆ្នាំ​ ក្នុង​ការ​ជួយ​ដល់​កុមារ​ ស្ដ្រី​រង​គ្រោះ​ និង​ជន​ងាយ​រង​គ្រោះ​។​ ​រដ្ឋមន្ដ្រីក្រសួង​សង្គមកិច្ច​ បង្ហាញ​ការ​សាទរ​ និង​អះអាង​ថា​ រដ្ឋាភិបាល​ស្វាគមន៍​គ្រប់​បណ្ដា​អង្គការ​ទាំងអស់​ ដែល​មាន​បំណង​ចូលរួម​ជួយ​ដល់​កម្ពុជា​ ពិសេស​លើ​កិច្ចការ​សង្គមកិច្ច​។​ អង្គការ​ទាំង​៣​នេះ​ រំពឹង​ថា​ នឹង​អាច​អនុវត្ដ​គម្រោង​នេះ​ដោយ​ជោគជ័យ​ ក្នុង​ការ​ជួយ​កុមារ​រង​គ្រោះ​ ស្ដ្រី​រង​គ្រោះ​ និង​ជន​ងាយ​រង​គ្រោះ​។​

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​លម្អិត​ ៖

 

​កាលពី​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​អង្គការ​ចំនួន​៣​ ស្ដី​ពី​ការ​សហការ​ផ្ដល់​ការ​គាំទ្រ​ ជួយ​ដល់​កុមារ​រង​គ្រោះ​ ស្ដ្រី​រង​គ្រោះ​ និង​ជន​ងាយ​រង​គ្រោះ​ នៅ​ទូ​ទាំង​ប្រទេស​។​ អង្គការ​ទាំង​ ៣​នេះ​ គឺ​មាន​ទំហំ​ទឹកប្រាក់​សរុប​ ចំនួន​ជាង​ ២​លាន​ដុល្លារ​ ដើម្បី​ធ្វើ​កិច្ចការ​នេះ​ រយៈពេល​ ៣​ឆ្នាំ​។​

​អង្គការ​សង្គម​ស៊ី​វិល​ទាំង​ ៣​នេះ​ រួម​មាន​ អង្គការ​ហូល​ថ៍​ដើម្បី​សុខុមាលភាព​ អង្គការ​ពន្លឺ​កម្ពុជា​ និង​អង្គការ​ជំហាន​ដំបូង​កម្ពុជា​។​ ទំហំ​ទឹកប្រាក់​ដែល​អង្គការ​ទាំង​បី​នេះ​មាន​ មាន​ផ្សេងៗ​គ្នា​ ប៉ុន្ដែ​គឺ​សម្រាប់​គម្រោង​ រយៈពេល​បី​ឆ្នាំ​ដូច​គ្នា​។​ អង្គការ​ហូល​ថ៍​ដើម្បី​សុខុមាលភាព​ គឺ​មាន​ទឹកប្រាក់​ចំនួន​ ៣៦​ម៉ឺន​ដុល្លារ​ អង្គការ​ពន្លឺ​កម្ពុជា​ ៧​ ៩​ ១១៦៨​ដុល្លារ​ និង​អង្គការ​ជំហាន​ដំបូង​កម្ពុជា​ គឺ​មាន​ទឹកប្រាក់​ប្រមាណ​ជា​ ៨​ ៥​ ៤៨៣១​ដុល្លារ​។​

​លោក​ វង់​ សូត្រ​ រដ្ឋមន្ដ្រី​ ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ និង​យុវ​នីតិសម្បទា​ មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​នេះ​ថា​ រហូត​មក​ដល់​ពេល​នេះ​ ក្រសួង​បាន​សហការ​ជាមួយ​បណ្ដា​អង្គការ​សង្គម​ស៊ី​វិល​ ទាំង​ជាតិ​ និង​អន្ដរជាតិ​ បានជា​ច្រើន​បន្ដបន្ទាប់​។​ លោក​បន្ដ​ថា​ ដៃគូ​អភិវឌ្ឍន៍​ គឺជា​ចំណែក​មួយ​ដ៏​សំខាន់​ដើម្បី​ជួយ​ឲ្យ​កម្ពុជា​ធ្វើ​ដំណើរ​ឆ្ពោះទៅ​មុខ​ និង​ជា​ពិសេស​ការ​ជួយ​ដល់​កុមារ​រង​គ្រោះ​ ស្ដ្រី​រង​គ្រោះ​ និង​ជន​ងាយ​រង​គ្រោះ​គ្រប់​រូប​។​ តែ​យ៉ា​ណា​លោក​រដ្ឋមន្ដ្រី​ សង្កត់ធ្ងន់​ថា​ រាល់​ការ​មក​ជួយ​ដល់​កម្ពុជា​ ទាំង​អង្គការ​ជាតិ​ និង​អន្ដរជាតិ​ ត្រូវ​តែ​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ច្បាប់​របស់​កម្ពុជា​ ហើយ​ពិសេស​ គឺ​មិន​ត្រូវ​ យក​កិច្ច​សង្គមកិច្ច​ទៅ​លាយឡំ​ និង​រឿង​នយោបាយ​នោះ​ទេ​ ៖«​ដូច្នេះ​ក្នុង​នាម​ក្រសួង​សង្គមកិច្ច​ដែល​ជា​ម្ចាស់ផ្ទះ​យើង​រីករាយ​ ទទួល​ស្វាគមន៍​រាក់ទាក់​ខាង​ដៃគូ​អភិវឌ្ឍន៍​ អង្គការ​អភិវឌ្ឍន៍​ដើម្បី​មក​ជួយ​នូវ​ការ​លំបាក​របស់​យើងខ្ញុំ​។​ ឬ​បំពេញបន្ថែម​ទៀត​នូវ​សេវា​ដែល​ល្អ​ឲ្យ​កាន់តែ​ល្អ​ថែម​ទៀត​នៅ​ក្នុង​វិស័យ​សង្គមកិច្ច​របស់​យើងខ្ញុំ​»​។​

​ជាមួយ​គ្នា​នេះ​ លោក​ ហាច​ ហ៊ាន​ អនុរដ្ឋលេខាធិការ​ ក្រសួង​សង្គមកិច្ច​ បាន​ស្នើ​ឲ្យ​ក្រុមការងារ​ក្រសួង​ និង​អង្គការ​ ដែល​សហការ​នា​ពេល​នេះ​រួម​គ្នា​ ដើម្បី​ធ្វើ​ការងារ​ជួយ​ដល់​ការ​អប់រំ​ ការ​សិក្សា​ និង​អភិវឌ្ឍន៍​កុមារ​ងាយ​រង​គ្រោះ​នៅ​កម្ពុជា​ ជា​ពិសេស​នៅ​តំបន់​ដាច់​ស្រយាល​ និង​ជួយ​ដល់​ កុមារ​កំព្រា​ កុមារ​ក្រីក្រ​ និង​កុមារ​ដែល​រង​គ្រោះ​ ដោយសារ​អំពើ​ហិង្សា​។​ សម្រាប់​ក្រសួង​សង្គមកិច្ច​វិញ​ គឺ​នៅ​តែ​ស្វាគមន៍​ជា​និច្ច​ ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ និង​អង្គការ​នានា​ ដើម្បី​ជួយ​ដល់​ជន​រង​គ្រោះជា​កុមារ​ និង​ស្ដ្រី​ នៅ​កម្ពុជា​ ឲ្យ​មាន​ជីវភាព​ និង​ជីវិត​រស់នៅ​ល្អ​ប្រសើរ​ថែម​មួយ​កម្រិត​ទៀត​។​ លោក​លើក​ឡើង​ទៀត​ថា​ ការ​ចុះហត្ថលេខា​ ជាមួយ​អង្គការ​ចំនួន​៣​នេះ​ គោលដៅ​សំខាន់​ គឺ​ផ្តោត​លើ​ការងារ​ជួយ​ឧបត្ថម្ភ​ផ្នែក​អប់រំ​សុខុមាលភាព​ និង​ជីវភាព​រស់នៅ​របស់​កុមារ​ ជន​រង​គ្រោះ​ និង​ជន​ងាយ​រង​គ្រោះ​។​ លោក​បាន​ស្នើ​ឲ្យ​ក្រុមការងារ​ទាំងអស់​ធ្វើ​ការងារ​នេះ​ ដោយ​ភាព​ស្មោះត្រង់​ ដើម្បី​ជួយ​ដល់​សង្គម​កម្ពុជា​ ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។​

​ជាមួយ​គ្នា​នោះ​ លោក​បាន​ស្នើ​ដល់​អង្គការ​ទាំង​៣​នេះ​ ត្រូវ​ប្រើប្រាស់​ថវិកា​ទាំងនេះ​ឲ្យ​ចំ​ទិស​ដៅ​ដល់​ជន​រង​គ្រោះ​ និង​ងាយ​រង​គ្រោះ​ផ្ទាល់​ ឲ្យ​បាន​ច្រើន​ជាង​ការ​ចំណាយ​ផ្នែក​រដ្ឋបាល​។​ ជាង​នេះ​លោក​ថា​ អង្គការ​ទាំង​ ៣​នេះ​ ត្រូវ​អនុវត្ត​គោរព​ទៅ​តាម​ការ​ចុះ​កិច្ចព្រមព្រៀង​ មាន​ភាព​ស្មោះត្រង់​ក្នុង​ការ​ជួយ​សង្គម​កម្ពុជា​យ៉ាង​ពិតប្រាកដ​។​

​ជុំវិញ​ការ​សហការ​នេះ​ សម្រាប់​លោកស្រី​ ធីតា​ ឃឹះ​ នាយិកា​អង្គការ​សីល​ការ​ ដែល​ជា​ស្ដ្រី​ឈានមុខ​ក្នុង​ការ​ទាមទារ​ឲ្យ​មាន​បេក្ខភាព​ស្ដ្រី​ក្នុង​វិស័យ​នយោបាយ​ មាន​ប្រសាសន៍​ថា​ បើ​ទោះជា​លោកស្រី​ហាក់​មិនសូវ​បានដឹង​ច្បាស់​ពី​គម្រោង​សហការ​រវាង​អង្គការ​សង្គម​ស៊ី​វិល​ និង​រដ្ឋាភិបាល​ក៏​ប​ដោយ​ ក៏​ប៉ុន្ដែ​លោកស្រី​គិត​ថា​ អាច​ល្អ​ប្រសិនបើ​គម្រោង​នោះ​អនុវត្ដ​ទៅ​បាន​ល្អ​ ហើយ​គ្មាន​ការ​ចូល​កកូរកកាយ​ពី​រដ្ឋាភិបាល​។​

​ជាង​នេះ​លោកស្រី​គិត​ថា​ ប្រសិនបើ​ថវិកា​ទាំងនោះ​ជា​របស់​រដ្ឋាភិបាល​ អាច​ល្អ​ជាង​របស់​អង្គការ​សង្គម​ស៊ី​វិល​ ៖«​យើង​ដឹង​ហើយ​ថា​ ធនធាន​ដែល​បាន​ហ្នឹង​មកពីណា​ តែ​បើជា​របស់​រដ្ឋាភិបាល​គឺជា​រឿង​មួយ​ល្អ​ ពីព្រោះ​វា​មាន​ចីរភាព​សម្រាប់​កម្មវិធី​ដែល​ជួយ​ហ្នឹង​ណា​។​ ព្រោះ​ការងារ​ខាង​ផ្នែក​សេវា​គឺជា​តួនាទី​កាត​ព្វ​របស់​រដ្ឋាភិបាល​។​ សង្គម​ស៊ី​វិល​មែនទែន​ទៅ​ តួនាទី​ត្រឹមតែ​អ្នក​ចាប់ផ្ដើម​ជួយ​ជំរុញ​និង​ផ្ដល់​ព័ត៌មាន​ត្រឡប់​»​។​

​ដូច​គ្នា​ដែរ​លោកស្រី​ រស់​ សុភាព​ នាយិកា​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ ហៅ​កាត់​ថា​ GAD/C​ យល់​ឃើញ​ថា​ ក្នុង​ករណី​ដែល​អនុវត្ដ​គម្រោង​បែប​នេះ​គឺជា​រឿង​ដែ​អាច​មាន​ប្រសិទ្ធិ​ភាព​ ហើយ​ផលប្រយោជន៍​គឺ​អាច​នឹង​បាន​ដល់​ដៃ​ កុមារ​ ស្ដ្រី​រង​គ្រោះ​ និង​ជន​ងាយ​រង​គ្រោះ​។​

​បច្ចុប្បន្ន​នេះ​លោកស្រី​ សុភាព​ នៅ​តែ​មាន​កង្វល់​ជា​ខ្លាំង​នៅឡើយ​ពី​បញ្ហា​ការ​ប្រើ​ហិង្សា​លើ​កុមារ​ លើ​ស្ដ្រី​ ទាំង​ផ្លូវ​កាយ​ និង​ផ្លូវភេទ​។​ លោក​ចង់​បានឃើញ​រដ្ឋាភិបាល​ អនុវត្ដ​ជាក់ស្ដែង​នូវ​យន្ដការ​ដែល​មាននៅ​ក្នុង​ការ​ជួយ​ដល់​ស្ដ្រី​ កុមារ​ ដែល​រង​គ្រោះ​ព្រោះ​ហិង្សា​ ហើយ​ផ្ដល់​យុត្ដិធម៌​សម្រាប់​ពួក​គាត់​ ៖«​ជា​រៀងរាល់ថ្ងៃ​អំពើ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​កុមារ​ ហើយ​និង​សម្លាប់​ហ្នឹង​វា​ហាក់ដូចជា​ សាហាវ​ដែរ​ ប៉ុន្ដែ​ជា​ទូទៅ​យើង​អត់​សូវ​បាន​ដោះស្រាយ​ឲ្យ​មាន​យុត្ដិធម៌​ដល់​ជន​រង​គ្រោះ​ និង​គ្រួសារ​ ទេ​ហើយ​កើត​មាននៅ​តែ​កើត​មាន​អ​ញ្ចឹ​ង​»​។​

​យ៉ាងណា​ក្នុង​ឱកាស​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​សង្គមកិច្ច​នោះ​ តំណាង​អង្គការ​ទាំង​៣​នោះ​ បាន​ប្ដេជ្ញា​ថា​ ខ្លួន​នឹង​ខិតខំ​ធ្វើ​យ៉ាងណា​ជួយ​ដល់​កុមារ​ និង​ស្ត្រី​រង​គ្រោះ​ និ​ងាយ​រង​គ្រោះ​នៅ​កម្ពុជា​ ឲ្យ​បាន​ច្រើន​បំផុត​។​ អង្គការ​ទាំង​៣​ រំពឹង​ថា​ នឹង​បន្ត​ការ​សហការ​ ជាមួយ​ក្រសួង​ឲ្យ​បាន​ល្អ​ថែម​ទៀត​ ហើយនឹង​យក​ថវិកា​ទាំងនោះ​ ទៅ​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត​៕

Share

Image
Image
Image