en     km
en     km

អង្គការ​ Central​ ៖​ ការ​រៀបចំផ្ទះ​ស្នាក់​នៅ​បណ្ដោះអាសន្ន​ សម្រាប់​ពលករ​ខែ្ម​រ​នៅ​ថៃ​គឺ​ល្អ​ តែ​ចង់​ឲ្យ​មាន​គាំទ្រ​ទាំងស្រុង​

Share

​ភ្នំពេញ​ ៖​ នាយក​ប្រតិបត្ដិ​អង្គការ​ Central​ យល់​ថា​ ជា​ចំណុច​ល្អ​ដែល​រដ្ឋមន្ដ្រី​ស្នើ​ឲ្យ​រៀបចំផ្ទះ​ស្នាក់​នៅ​បណ្ដោះអាសន្ន​សម្រាប់​ពលករ​កម្ពុជា​នៅ​ថៃ​ អំឡុង​ពេល​ដែល​ប្ដូរ​ការងារ​ និង​រង់ចាំ​ដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​ថៅកែ​និយោជក​។​ តែ​លោក​ចង់​ឲ្យ​គាំទ្រ​ទាំង​ទាំង​ការ​ស្នាក់​នៅ​ និង​ម្ហូបអាហារ​។

​លោក​ លៀ​ស៊ី​ណា​ រាយការណ៍​ព័ត៌មាន​នេះ​ ៖

​ជំនួប​រវាង​រដ្ឋមន្ដ្រីក្រសួង​ការងារ​ ជាមួយ​សមាគម​ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជា​ (MAC)​ សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា​ (ACRA)​ និង​សមាគម​ទំនាក់ទំនង​កម្ពុជា​-​ថៃ​ (TCRA)​ គឺ​ដើម្បី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ ស្ដី​ពី​ “​ការ​សហការ​ការពារ​ពលករ​កម្ពុជា​ធ្វើការ​នៅ​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៍​”​។​ ជំនួប​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៧​ ខែវិច្ឆិកា​ នៅ​រាជធានី​ភ្នំពេញ​។​

​ក្នុង​ជំនួប​នេះ​ លោក​ អ៊ិ​ត​ សំ​ហេង​ រដ្ឋមន្ដ្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ស្នើ​ទៅ​សមាគម​បញ្ជូន​ និង​ទទួល​ពលករ​ ធ្វើការ​នៅ​ថៃ​ រៀបចំផ្ទះ​ស្នាក់​បណ្ដោះអាសន្ន​ សម្រាប់​ពលករ​កម្ពុជា​នៅ​ថៃ​ បន្ទាប់​ពី​បាន​ធ្វើ​ដោយ​ជោគជ័យ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​។​

​លោក​រដ្ឋមន្ដ្រីក្រសួង​ការងារ​ បាន​ផ្ដួចផ្ដើម​រៀបចំ​ឲ្យ​មាន​កន្លែង​ស្នាក់​នៅ​បណ្ដោះអាសន្ន​សម្រាប់​ពលករ​កម្ពុជា​ ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ ក្នុងអំឡុងពេល​ដែល​ពួក​គេ​ ផ្លាស់​ប្ដូរ​ការងារ​ ឬ​ក៏​រង់ចាំ​ដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​ថៅកែ​និយោជក​។​ កន្លែង​ស្នាក់​នៅ​បណ្ដោះអាសន្ន​នេះ​ មិនមែន​ត្រឹមតែ​ជា​កន្លែង​ស្នាក់​នៅ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ក៏​ជា​កន្លែង​ប្រឹក្សា​យោបល់​សម្រាប់​ពលករ​ផង​ដែរ​។​ ចាប់តាំងពី​កន្លែង​ស្នាក់​នៅ​បណ្ដោះអាសន្ន​នេះ​បាន​បង្កើត​ឡើង​ គឺ​បាន​សម្រួល​យ៉ាងច្រើន​ដល់​ពលករ​កម្ពុជា​នៅ​ប្រទេស​កូរ៉េ​។​ ក្រោយ​ពី​ការ​មើលឃើញ​ ផល​វិជ្ជមាន​ដូចនេះ​ទើប​លោក​រដ្ឋមន្ដ្រី​ មាន​បំណង​ចង់​ឲ្យ​កន្លែង​ស្នាក់​នៅ​បណ្ដោះអាសន្ន​បែប​នេះ​ នៅ​ប្រទេស​ថៃ​ដែរ​ ៖«​កន្លែង​ស្នាក់​នៅ​បណ្ដោះអាសន្ន​នេះ​ គេ​អាច​មក​ស្នាក់​នៅ​ គេ​អាច​មក​ទទួល​ប្រឹក្សា​យោបល់​ ហើយ​ក៏​អាច​ទទួល​ឱកាស​ដើម្បី​ស្វែងរក​ការងារ​ថ្មី​ដែល​ខ្លួន​ពេញចិត្ដ​។​ ជា​ជាង​ការ​ដែល​ឲ្យ​បងប្អូន​យើង​ចេញ​មក​ហើយ​ ទៅ​នៅ​ត្រង់នេះ​ ត្រង់នោះ​ ដែល​មិន​ច្បាស់លាស់​។​ បាទ​នេះ​គឺជា​បទ​ពិសោធន៍​មួយ​ដែល​យើង​ធ្វើ​បាន​ជោគជ័យ​នៅ​សាធារណរដ្ឋ​កូរ៉េ​»​។​

​ចំពោះ​ករណី​នេះ​ នាយក​ប្រតិបត្ដិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​ សិទ្ធ​មនុស្ស​ ហៅ​កាត់​ថា​ (Central)​ យល់​ថា​ ជា​រឿង​ដែល​ល្អ​ក្នុង​ការ​ជួយ​ដល់​ពលករ​កម្ពុជា​នៅ​ថៃ​។​ តែ​លោក​គិត​ថា​ កន្លែង​នោះ​គួរតែ​រៀបចំ​ឲ្យ​បាន​សម​ស្រប​តាម​ស្ដង់ដារ​ ដោយ​ដាក់​ឲ្យ​បាន​ដាច់​ដោយឡែក​ពី​គ្នា​រវាង​ស្ដ្រី​ និង​បុស​ ឬ​ក៏​គូ​ស្វាមី​ លើស​ពី​នេះ​បន្ទប់ទឹក​គួរតែ​មាន​ដាច់​ឡោ​យ​ឡែក​។​ ជាង​នេះ​លោក​គិត​ថា​ ក៏​គួរតែ​មានការ​គាំទ្រ​ផ្នែក​ម្ហូបអាហារ​ផង​ ៖«​មួយទៀត​ហ្នឹង​គឺ​រឿង​ស្បៀងអាហារ​សំខាន់​ណាស់​។​ បើសិន​អត់​មាន​ស្បៀងអាហារ​ឬ​ក៏​ការ​គាំពារ​ផ្នែក​សង្គម​អី​មួយ​ចំនួន​ដល់​គាត់​ទៀត​ក៏​មិន​ទាន់​គ្រប់គ្រាន់​ដែរ​ និយាយ​ឲ្យ​ខ្លី​ទៅ​មិន​គួរ​មាន​តែ​ទីតាំង​មួយ​មុខ​ទេ​ គឺ​ត្រូវ​តែ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​អី​ថែម​ទៀត​»​។​

​បន្ថែម​លើ​នេះ​លោក​ថា​ បើ​ក្នុង​ករណី​ដែល​តម្រូវ​ឲ្យ​មានការ​បង់​ថវិការ​អំឡុង​ស្នាក់​នៅផ្ទះ​ស្នាក់​បណ្ដោះអាសន្ន​ លោក​យល់​ថា​ គួរតែ​មានការ​បង់​តិច​តូច​ប៉ុណ្ណោះ​ ដើម្បី​ជា​ការ​សម្រួល​កាន់តែ​ច្រើន​ទៀត​ដល់​ការ​ចំណាយ​របស់​ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ​។​

​តាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្ដ្រី​ បញ្ជាក់​ថា​ ផ្ទះ​ស្នាក់​នៅ​បណ្ដោះ​អាស​ន្នេះ​អាច​នឹង​បង្កើត​នៅ​តំបន់​មួយ​មាន​ ២​ ឬ​ក៏​ ៣​កន្លែង​ តាម​ស្ថានភាព​ជាក់ស្ដែង​។​ លោក​ថា​ អាច​ជ្ញា​ធរ​នឹង​ជូនដំណឹង​ទៅ​ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ​ឲ្យ​បានដឹង​ ប្រ​សិន​កន្លែង​ស្នាក់​បណ្ដោះអាសន្ន​នេះ​ មាននៅ​តំបន់​ណា​។​

​លោក​ អ៊ិ​ត​ សំ​ហេង​ បន្ដ​ថា​ គិត​មក​ដល់​ពេល​នេះ​ពលករ​កម្ពុជា​មាន​ចំនួន​ប្រមាណ​ជា​ ១​លាន​ ៨​ម៉ឺន​នាក់​ គឺ​សុទ្ធតែ​បាន​ទទួល​ភាព​ស្របច្បាប់​ជា​ពលករ​បរទេស​។​ តែ​យ៉ាងណា​លោក​គិត​ថា​ ក៏​អាច​មាន​ចំនួន​តិច​តូច​ទៀត​ ដែល​មិន​ទាន់​បាន​ទទួល​ភាព​ស្របច្បាប់​។​ ករណី​នេះ​ លោក​រដ្ឋមន្ដ្រី​ សំណូមពរ​ថា​ ពលករ​កម្ពុជា​ដែល​ដឹង​ថា​ ខ្លួន​កំពុងធ្វើការ​ដោយ​ខុសច្បាប់​ ឬ​ក៏​ផុត​សុពលភាព​ការងារ​ ឬ​លិខិតឆ្លងដែន​ ត្រូវ​រួសរាន់​ផ្ដល់​ដំណឹង​មក​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីនោះ​ ដើម្បី​គេច​ផុត​ពី​ការ​ចាត់វិធានការ​ផ្លូវច្បាប់​ពី​អាជ្ញាធរ​ថៃ​ ៖«​នៅ​ក្នុង​ករណី​ដែល​រក​ឃើញ​ ឬ​ក៏​បងប្អូន​ដឹង​ថា​ ខ្លួនឯង​ហ្នឹង​វា​ហួសពេល​វេលា​នៃ​លិខិតឆ្លងដែន​ ហួសពេល​វេលា​នៃ​ការ​ស្នាក់​នៅ​នៃ​ការ​ធ្វើ​ការងារ​ហ្នឹង​ ហើយ​មិន​ទាន់​បាន​ធ្វើ​ឯកសារ​ឡើង​វិញ​ គឺ​សុំ​ឲ្យ​ជូនដំណឹង​ទៅ​ស្ថានទូត​ភ្លាម​ ហើយ​ស្ថានទូត​នឹង​ចាត់​មន្ដ្រី​ឲ្យ​ចុះ​ទៅ​ដើម្បី​នឹង​ចេញ​លិខិត​ធ្វើ​ដំណើរ​បណ្ដោះអាសន្ន​។​ ភាគី​ថៃ​បាន​ព្រមព្រៀង​ចំណុច​នេះ​សម្រួល​សម្រាប់​បងប្អូន​ពលករ​យើង​ មិន​ឲ្យ​មានការ​ចាត់វិធានការ​ផ្លូវច្បាប់​អី​ចំពោះ​ករណី​នេះ​ទេ​»​។​

​រដ្ឋមន្ដ្រីក្រសួង​ការងារ​ អះអាង​ថា​ រដ្ឋាភិបាល​កំពុង​រៀបចំ​យន្ដការ​ជា​ច្រើន​ដើម្បី​ធ្វើ​យ៉ាងណា​ការពារ​ពលរដ្ឋ​ខ្មែរ​ ដែល​កំពុងធ្វើការ​នៅ​ក្រៅប្រទេស​ ឲ្យ​បាន​ទទួលផល​ប្រយោជន៍​ និង​គេ​ផុត​ពិការ​កេ​ញ​ប្រវ័ញ្ច​។​ លោក​សង្កត់ធ្ងន់​ថា​ ការ​ចុះ​អនុស្សរណៈ​ ស្ដី​ពី​ “​ការ​សហការ​ការពារ​ពលករ​កម្ពុជា​ធ្វើការ​នៅ​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៍​”​នេះ​ គឺជា​យន្ដការ​ថ្មី​មួយទៀត​ ក្នុង​ការ​ការពារ​ដល់​ពលករ​កម្ពុជា​ ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​បន្ថែម​លើ​កិច្ច​ការពារ​ ដែល​មាន​នា​ពេល​បច្ចុប្បន្ន​ ព្រមទាំង​រួមចំណែក​ជួយ​ដល់ករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ ឲ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ឡើង​ ប្រកបដោយ​ប្រសិទ្ធភាព​ និង​ប្រសិទ្ធ​ផល​ខ្ពស់​។​ ជាង​នេះ​លោក​ក៏​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​សមាគម​ទាំង​បី​ ដែល​នឹង​រៀបចំ​ផ្ដល់​ជូន​សេវាកម្ម​ធានា​រ៉ាប់រង​ដល់​ពលករ​កម្ពុជា​ លើ​ការ​ធានា​គ្រោះថ្នាក់​ការងារ​ និង​អាយុជីវិត​ ដែល​ស្រប​តាម​អនុសាសន៍​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​៕

Share

Image
Image
Image