en     km
en     km

អ្នកនយោបាយខ្មែរខ្វែងគំនិតគ្នាផ្ញើសាររំលែកទុក្ខជូនគ្រួសារសពវេជ្ជបណ្ឌិត Beat Richner

Share

ភ្នំពេញ៖ អ្នកនយោបាយខ្មែរល្បីឈ្មោះពីររូបផ្ញើសាររំលែកទុកជូនគ្រួសារសពនៃវេជ្ជបណ្ឌិត Beat Richner ដែលជួយសង្រ្គោះកុមារកម្ពុជាច្រើននាក់ ។ប៉ុន្តែ សារលិខិតរបស់អ្នកនយោបាយខ្មែរពីររូប គឺសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន និង លោក សមរង្ស៊ី មេដឹកនាំបក្សប្រឆាំង មានអត្ថន័យខុសគ្នា។ សម្ដេច ហ៊ុន សែន សន្យាបន្តបំណងលោក Beat Richner តែលោក សម រង្ស៊ី ថា មន្ទីរពេទ្យនៅកម្ពុជារយីករយាកណាស់។

ភ្លាមៗក្រោយពីទទួលបានដំណឹងមរណភាពរបស់ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាលោកវេជ្ជបណ្ឌិត Beat Richner សម្តេច ហ៊ុន សែន មានក្តីក្តុកក្តួលយ៉ាងខ្លាំង ដែលសម្ដេចថា មរណភាពរបស់លោកវេជ្ជបណ្ឌិតនេះ គឺជាការបាត់បង់ជនដ៏មហិមាមួយរូប ដែលប្តូរផ្តាច់មិនគិតពីខ្លួនឯងក្នុងការ ជួយសង្គ្រោះកុមារ និងស្ត្រីកម្ពុជារាប់លាននាក់។

សម្ដេច ហ៊ុន សែន បង្ហាញការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់នេះ។ យ៉ាងណា​ សម្ដេចបានប្ដេជ្ញាតាមរយៈលិខិតរបស់សម្ដេចអំពីមរណភាពរបស់លោក Beat Richner ផ្ញើទៅប្រធានាធិបតីនៃសហព័ន្ធស្វីសថា លោកនឹងបន្តគោលបំណងរបស់លោក Beat Richner ឱ្យខានតែបានក្នុងការបន្តសង្គ្រោះជីវិតកុមារកម្ពុជាបន្តទៅទៀត។

សម្តេច ហ៊ុន សែន បានបន្តថា ក្នុងនាមតំណាងឱ្យពលរដ្ឋកម្ពុជាសូមសម្ដែងនូវសមានទុក្ខដោយស្មោះស្ម័គ្រដល់គ្រួសារសពដែលបាត់បង់សមាជិកជាទីស្រឡាញ់របស់ខ្លួន ហើយសូមបួងសួងឲ្យព្រលឹងរបស់លោកវេជ្ជបណ្ឌិតបានទៅកាន់សុគតិភព។

ដោយឡែក លោក សម រង្ស៊ី អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិបានសរសេរលើទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី ១១ កញ្ញា ម្សិលមិញក្នុងន័យបន្ដុះបង្អាប់ប្រព័ន្ធសុខាភិបាលនៅកម្ពុជា ខណៈលោកលើកសរសើមន្ទីរពេទ្យគន្ធរបុប្ផារបស់លោក Beat Richner។

លោក សម រង្ស៊ី សរសេរក្នុងន័យថា ប្រជារាស្ត្រខ្មែរទាំងអស់ សូមចូលរួមកាន់មរណទុក្ខមរណភាពលោកវេជ្ជបណ្ឌិត Beat Richner។

លោកវេជ្ជបណ្ឌិត Richner បានសង្គ្រោះជីវិតកុមារា កុមារីខ្មែររាប់លាននាក់មកពីគ្រួសារក្រីក្រ តាមរយៈមន្ទីរពេទ្យដ៏ទំនើបរបស់លោកដែលលោកបានបង្កើតនិងគ្រប់គ្រង ២៥ឆ្នាំមកហើយ ក្នុងស្មារតីមនុស្សធម៌សុទ្ធសាធ និងពិតប្រាកដ។

លោកបន្ថែមថា លោក Beat Richner និងសហការីរបស់លោកមានសមត្ថភាព ភាពសុចរិតស្អាតស្អំ ការយកចិត្តទុកដាក់ដោយស្មោះ និងការគ្រប់គ្រងប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

ជាការចូលរួមចំណែកក្នុងការបង្ហាញនូវការរលឹកដឹងគុណដល់លោកវេជ្ជបណ្ឌិត Beat Richnerជាងចម្លាក់ដ៏ល្បីឈ្មោះ លោក សៀន កាម៉ង់ដង់ ដែលបានធ្វើសំណាក់លោកបណ្ឌិត កែម ឡី ដោយពុំគិតថ្លៃឈ្នួល ឥឡូវនេះ លោកកំពុងធ្វើរូបវីរៈជនសង្គ្រោះកុមារកម្ពុជារាប់លាននាក់មួយទៀត គឺលោកវេជ្ជបណ្ឌិត Beat Richner ដោយពុំគិតថ្លៃឈ្នួលម្ដងទៀត។

សូមបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Beat Richner ជាប្រធាន​មូលនិធិ និង​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា បាន​ទ​ទូល​មរណភាព​ក្នុង​អាយុ​ ៧១​ឆ្នាំ​នៅ​ក្រុង​ហ្សួ​រិច ប្រទេស​ស្វី​ស នា​ម៉ោង ​២ និង​៤៥​នាទី ថ្ងៃទី​៩ ខែកញ្ញា​។

លោក Beat Richner មានគុណបំណាច់យ៉ាងធំធេងក្នុងការចូលរួមចំណែកជួយស្រោចស្រង់ និងសង្គ្រោះជីវិតក្មេងតូចៗក្រីក្រ ដោយផ្ដល់សេវាកម្មពិនិត្យសុខភាព និងព្យាបាលជម្ងឺដោយមិនគិតថ្លៃ អមជាមួយការមើលថែយ៉ាងដិតដល់អ្នកជម្ងឺ ហើយជាធនធានរបស់លោកវេជ្ជបណ្ឌិតផ្ទាល់៕

Share

Image
Image
Image