en     km
en     km

អ្នកវិភាគថាតម្លៃការទូតកម្ពុជាធ្លាក់ចុះហើយចាញ់ប្រៀបCNRPតែមន្ត្រីរដ្ឋាភិបាលថាការវាយតម្លៃគ្មានមូលដ្ឋាន

Share

ភ្នំពេញ៖ មេដឹកនាំកម្ពុជាមកពីគណបក្សប្រជាជនកម្ពុជា ដែលទទួលបានអាសន្នៈក្នុងរដ្ឋសភា១០០ភាគរយ គឺសម្ដេច ហ៊ុន សែន បានខិតខំជាខ្លាំងក្នុងការបង្ហាញមុខមាត់លើវេទិកាអន្តរជាតិធំៗ ក្នុងគោលបំណងរកភាពស្របច្បាប់ឱ្យកម្ពុជា។

យ៉ាងណាមិញ អ្នកវិភាគនយោបាយ យល់ឃើញថា ទោះជានាយករដ្ឋមន្ត្រីធ្វើបែបនេះក្ដី ក៏មិនអាចធ្វើឱ្យសហគមអន្តរជាតិធំៗ ទទួលស្គាល់រដ្ឋាភិបាលថ្មីនេះឡើយ ដោយហេតុថាសហគមន៍អន្តរជាតិទាំងនោះ នៅតែគាំទ្រថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិដែលនេះគឺជាការចាញ់ប្រៀបការទូតនឹងអតីតបក្សប្រឆាំងCNRP។ តែ បែបនេះក្ដី អ្នកនាំពាក្សរាជរដ្ឋាភិបាលលោកផៃ ស៊ីផានបានច្រានចោលការវាយតម្លៃរបស់អ្នកវិភាគរូបនេះ។

លោក សោម លាភ រាយការណ៍៖  

 

រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចហ៊ុន សែន នាពេលនេះបាន នឹងកំពុងខិតខំទាក់ទាញសហគមន៍អន្តរជាតិមួយចំនួនត្រឡប់មកជួយធ្វើឱ្យការដឹកនាំនៅកម្ពុជាមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

កម្ពុជាត្រូវបានដឹកនាំដោយសម្ដេច ហ៊ុន សែន ជិត៤០ឆ្នាំហើយ ដោយរាប់នៅក្នុងអាណត្តិទី៦ នេះ ។តែអាណត្តិថ្មីនេះ មានប្រទេសជាច្រើនមិនទទួលស្គាល់រដ្ឋាភិបាលដែលបានមកពីការការបោះឆ្នោតសភាកាលពីថ្ងៃទី ២៩ កក្កដាកន្លងទៅទេ។

ក្រោយការសម្រេចបង្កើតក្បាលម៉ាស៊ីនដឹកនាំកម្ពុជារួចរាល់មក ថ្នាក់ដឹកនាំកម្ពុជាបានជីកកកាយឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិឃើញថា កម្ពុជាជាប្រទេសមួយប្រជាធិបតេយ្យពេញលេញ មាននយោបាយដឹកនាំប្រទេសយ៉ាងច្បាស់លាស់។

នាយករដ្ឋមន្ត្រីកម្ពុជា តែងតែបង្ហាញអំពីសមិទ្ធិផលដែលបានមកពីការដឹកនាំរបស់ខ្លួន ក្នុងន័យបង្ហាញថា មានតែរាជរដ្ឋាភិបាលមកពីគណបក្សប្រជាជននោះទេដែលអាចដឹកនាំកម្ពុជាបានល្អប្រសើរនិងប្រកបដោយសន្តិភាព។     

យ៉ាងណាមិញ សម្ដេច ហ៊ុន សែន បានបង្ហាញអំនួតថា សម្ដេចជាអ្នកដើរឈានមុខគេជានិច្ចក្នុងរឿងនយោបាយ ហើយសម្ដេចភាពមមារញឹកធ្វើកិច្ចការផ្សេងៗដើម្បីប្រទេសជាតិជាច្រើន។

តួយ៉ាង ប្រធានគណបក្សប្រជាជនកម្ពុជារូបនេះបានចូលរួមក្នុងវេទិការអន្តរជាតិជាច្រើន។ នៅគ្រប់វេទិកាអន្តរជាតិទាំងអស់ថ្នាក់ដឹកនាំបក្សកាន់អំណាចបានថ្លែងពីកាតព្វកិច្ចរបស់ខ្លួនធ្វើឱ្យមានសន្តិភាព និងការអភិវឌ្ឍប្រទេស ហើយសន្យាថា នឹងធ្វើឱ្យប្រសើរឡើងនូវការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទោះជាគ្មានវត្តមានបក្សប្រឆាំងនៅក្នុងសភានីតិកាលទី៦ក៏ដោយ។

ទោះបីជាបែបនេះក្ដី សម្រាប់អ្នកវិភាគនយោបាយ និងកិច្ចការសង្គម លោក សាស្ត្រាចារ្យ ឯមសុវណ្ណារ៉ា មើលឃើញថា ទោះជាបក្សកាន់អំណាចខិតខំយ៉ាងនេះក្ដី ក៏មិនអាចធ្វើឱ្យតម្លៃខ្លួនលើឆាកអន្តរជាតិមានភាពល្អប្រសើរឡើយ។

លោកថា អ្វីដែលនាំឱ្យតម្លៃការទូតកម្ពុជាធ្លាក់ចុះលើឆាកអន្តរជាតិដោយសារ តែសហគមន៍អន្តរជាតិធំៗដូចជា សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងសហភាពអន្តរសភាIPU នៅតែទទួលស្គាល់ភាពស្របច្បាប់របស់CNRP។ ក្នុងន័យនេះ លោកគិតថា សហភាពអន្តរសភា មិនបានទទួលស្គាល់សមាជិករដ្ឋសភាចំនួន ១២៥ អាសន្នៈដែលបានពីការបោះឆ្នោតសភានីតិកាលទី៦នោះទេ តែសហភាពអន្តរសភានេះបែជាទទួលស្គាល់តែសម្លេងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានមកពីការបោះឆ្នោតកាលពីឆ្នាំ២០១៣ទៅវិញ។

បើតាមអ្នកវិភាគរូបនេះ កម្រិតការទូតរបស់បក្សកាន់អំណាចហាក់ចាញ់ប្រៀប ការទូតរបស់អតីតបក្សសង្រ្គោះជាតិCNRP ។

ពាក់ព័ន្ធនឹងការអញ្ជើញឱ្យមន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិឱ្យចូលរួមក្នុងកិច្ចប្រជុំក្នុងសហភាពអន្តរសភាIPUបែបនេះ លោក ឯម សុវណ្ណរ៉ា បង្ហាញការអង្គេតរបស់ខ្លួនថា តំណាងគណបក្សប្រជាជនកម្ពុជា បានលក់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។

លោក ឯម សុវណ្ណរ៉ា បង្ហាញពីទិដ្ឋភាពមួយចំនួនដែលធ្វើឱ្យកម្ពុជាបាក់មុខបាក់មាត់នៅលើឆាកអន្តរជាតិ។ ជាក់ស្ដែង ករណីទាស់គ្នារវាងលោកឈាង វុន​ ជាមួយលោកស្រីមួ សុខហួរ, ករណីប្រជាពលរដ្ឋគាំទ្រ និងពលរដ្ឋធ្វើបាតុកម្មចំពោះវត្តមានរបស់នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងមានវត្តមានរបស់លោក សម រង្ស៊ីថ្លែងសន្ទរកថាក្នុងកិច្ចប្រជុំអន្តរជាតិធំៗ។

តែផ្ទុយទៅវិញ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក​ផៃ ស៊ីផាន បានប្រាប់វិទ្យុស្រ្តី សហភាពអន្តរសភា មិនបានទទួលស្គាល់លោកសម រង្ស៊ីក្នុងនាមជាតំណាងឱ្យកម្ពុជានោះទេ ពោល គឺស្ថាប័ននេះទទួលស្គាល់សម្ដេចហ៊ុនសែនតែប៉ុណ្ណោះ។ លោកបន្ថែមថា លោក សម រង្ស៊ីចូលរួមនោះក្នុងនាមជាដើមបណ្ដឹងដែលទទួលការស៊ើបសួរពីសហភាពអន្តរសភាតែប៉ុណ្ណោះ។

លោក​ថា កម្រិតការទូតកម្ពុជាមិនធ្លាក់ចុះធ្ងនធ្ងរនោះទេ។អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា ការវាយតម្លៃថា តម្លៃទូតកម្ពុជាមានការធ្លាក់ចុះគឺជាការវាយតម្លៃខុស។

ស្របគ្នានេះដែរ សភាកម្ពុជាដែលមានលោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា បានអញ្ជើញចូលរួមមហាសន្និបាតលើកទី១៣៩ របស់សហភាពអន្ដរសភា IPU បានថ្លែងក្នុងមហាសន្និបាតនោះថា កម្ពុជាគោរពយ៉ាងមុតមាំនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ ហើយកម្ពុជារដ្ឋមួយមានឯករាជ្យពេញលេញ។

លោក ស្រីអនុប្រធារដ្ឋសភាទី២នេះបានលើកដំកើងការបោះឆ្នោតកាលពីខែកក្កដាថាជាការបោះឆ្នោតសេរី និងយុត្តិធម៌ ពោលគឺអនុញ្ញាតឲ្យប្រជាពលរដ្ឋជ្រើសរើសមេដឹកនាំរបស់ខ្លួនតាមបំណងប្រាថ្នា។

ជាងនេះទៀត លោកស្រី ឃួន សុដារី បានសង្កត់ធ្ងន់ថា កម្ពុជាមានច្បាប់របស់ខ្លួនសម្រាប់គ្រប់គ្រងរដ្ឋមួយនេះ ឬគេអាចម្យ៉ាងទៀតបានថា ជាប្រទេសនីតិរដ្ឋ។

យ៉ាងណាក៏ដោយ លោកស្រី ឃួន សុដាវី បន្ថែមទៀតថា សភាកម្ពុជាមានជំហរជាស្រេចដើម្បីបំពេញការងារបន្ថែមលើក្របខ័ណ្ឌច្បាប់ និងសហការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញឲ្យ​ទទួលបានសន្តិភាព និងការអភិវឌ្ឍប្រកបដោយជោគជ័យ ក្នុងយុគសម័យការបង្កើតនូវអ្វីថ្មីៗ រួមទាំងការផ្លាស់ប្តូរបច្ចេកវិទ្យា។

តែសម្រាប់អ្នកវិភាគ ឯមសុវណ្ណារ៉ា បារម្ភថែមទៀតថា តំម្លៃការទូតកម្ពុជានឹងបន្តធ្លាក់ បើសហភាពអឺរ៉ុប អនុវត្តការដកឬព្យួរការអនុគ្រោះពន្ធពីកម្ពុជានៅឆ្នាំក្រោយនេះ៕

Share

Image
Image
Image