សម្ដេចហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងក្រសួងការបរទេស បានថ្លែង និងចេញសេចក្ដីថ្លែងការណ៍បន្ដបន្ទាប់គ្នា អំពីជនបរទេសដែលគ្មានទិដ្ឋាការនឹង មិនអនុញ្ញាតឱ្យចូលកម្ពុជា ជាពិសេសជនបរទេសដែលមានចេតនានយោបាយមិនល្អ ក្នុងដំណើរហែហមមាតុភូមិនិវត្តន៍របស់លោកសមរង្ស៊ីមេដឹកនាំអតីតគណបក្ស សង្គ្រោះជាតិ។
អ្នកវិភាគថាបក្សកាន់អំណាចប្រហែលជ្រើសរើសវិធានការបែបនេះ ប្រសើរជាងទប់ ស្កាត់ដោយផ្ទាល់។តែបែបនេះតម្លៃការទូតកម្ពុជានឹងកាន់តែធ្លាក់ ចុះថែមទៀត។
ដោយឡែក អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សថា ទង្វើរបស់រដ្ឋាភិបាល គឺជាការប៉ះ ពាល់សិទ្ធិនយោបាយ និងស៊ីវិល។
កញ្ញា ឆោម ពៅនិកា រាយការណ៍ពីព័ត៌មាននេះ៖
នៅឯប្រទេសស្វីស កាលពីថ្ងៃទី៤ កក្កដា សម្ដេចហ៊ុនសែន បានថ្លែងតបនឹងព័ត៌មាន ជុំវិញរឿងរ៉ាវមាតុភូមិនិវត្តន៍របស់លោកសមរង្ស៊ីដែលមេដឹកនាំកម្ពុជារូបនេះថា នឹងមាន ការចាប់ខ្លួនទណ្ឌិតនេះតាមដីកាតុលាការ។ តែសម្រាប់ជនបរទេសណាគ្មាន ទិដ្ឋាការន ោះគ្មានផ្លូវអនុញ្ញាតឱ្យជាន់ដែនដីកម្ពុជាឡើយ។
ទោះបីយ៉ាងណាក៏ដោយ ព័ត៌មានពីចលនាសង្គ្រោះជាតិ CNRM ឱ្យដឹងថា យ៉ាងតិចណាស់មានជនបរទេសដែលជាអ្នកនយោបាយមកពីប្រទេសផ្សេងៗគ្នា អាចមានលើសពី១០ រូបឡើងទៅ នឹងរួមដំណើរជាមួយមេដឹកនាំនៃអតីតគណបក្ស សង្គ្រោះជាតិ គឺ លោកសមរង្ស៊ី និងសមាជិកអចិន្រ្ដៃយ៍បក្សនេះ។
អ្នកនយោបាយបរទេសទាំងនោះ ដែលប្រកាសជារួមនឹង គណបក្សសង្គ្រោះជាតិ មាន សមាជិកសភាអឺរ៉ុបចំនួន១០រូប ប្រធានអង្គការចលនាសេរីនិយមអន្ដរជាតិលោកស្រី Hakima El Haite ព្រមទាំងមេដឹកនាំនៃបក្សប្រជាធិបតេយ្យសេរីនិយមមកពីអង់គ្លេស ហូឡង់ កាណាដា ម៉ារ៉ុក និងអាហ្វ្រិកខាងត្បូង បានបង្ហាញជំហរគាំទ្រ និងការប្ដេជ្ញាចិត្តអមដំណើរលោក សម រង្ស៊ី ។
លោកសមរង្ស៊ីបាននិរទេសខ្លួនទៅប្រទេសបារាំងខណៈលោកនៅ ប្រទេសកូរ៉េ ខាងត្បូង កាលពីឆ្នាំ ២០១៦បន្ទាប់ពីតុលាការកម្ពុជាដែលក្រុមប្រឆាំងចោទថា មិនមានភាពឯករាជ្យបានចេញដីកាចាប់ខ្លួនលោកក្នុងសំណុំរឿង ចាស់បរិហារ កេរ្តិ៍លោកហោណាំហុង អតីតរដ្ឋមន្ត្រីការបរទេស។
គិតមដល់ពេលនេះ មេបក្សប្រឆាំងរូបនេះ រងបទចោទជិត១០ករណី ក្នុងនោះប្ដឹង ដោយ សម្ដេចហ៊ុនសែន ដែលជាមេដឹកនាំមានឥទ្ធិពលជាងគេ នៅកម្ពុជា។ឥឡូវនេះ លោករងបទចោទមួយករណីទៀត ដែលប្ដឹងដោយសម្ដេចសខេង រដ្ឋមន្ត្រីក្រសួង មហាផ្ទៃក្នុងករណីចោទថាលោកញុះញុងឱ្យមានការបែកបាក់ផ្ទៃក្នុងគណបក្ស ប្រជាជនកម្ពុជា។ យ៉ាងណា លោកសមរង្ស៊ី មេដឹកនាំបក្សប្រឆាំង មានប្រជាប្រិយភាព ជាងគេនេះ ប្រកាសទាត់ចោលរាល់ការចោទប្រកាន់រូបលោកឡើងតុលាការព្រោះតែ លោកចាត់ទុកតុលាការកម្ពុជា ជារបស់បក្សកាន់អំណាច។
ពេលវេលាចូលកម្ពុជាកាន់តែច្បាស់
ទំព័រហ្វេសប៊ុករបស់ លោកអេងឆៃអ៊ាង អនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិបាន បង្ហោះសារកាលពីថ្មីៗនេះថា លោកសមរង្ស៊ី និង ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនឹង ធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាយ៉ាងពិតប្រាកដហើយយ៉ាងយូរក្នុងអំឡុងខែកញ្ញា ។
ស្របពេល លោកសមរង្ស៊ី ប្រកាសវិលចូលកម្ពុជាវិញ លោកបានអំពាវនាវឱ្យ ប្រជាពលរដ្ឋក្នុង និង ក្រៅស្រុក គាំទ្រគណបក្សសង្គ្រោះជាតិធ្វើការចែកចាយ ខិត្តប័ណ្ណរបស់លោក ដែលមានសរសេរនូវការអនុវត្តគោលនយោបាយ៧ចំនុច។
គោលនយោបាយទាំង៧នោះគឺរួមមាន៖
-លោកមកស្ដារលទ្ធិប្រជាធិបតេយ្យនិង សេរីភាពប្រជាពលរដ្ឋកម្ពុជា ។
-លោកមករក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលជារបស់សហភាពអឺរ៉ុប ។
-លោកមកដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃ ។
-មកលុបបំបាត់អំពើពុករលួយ ។
-មកដោះស្រាយបញ្ហាបំណុល។
– មកស្ដារប្រព័ន្ធតុលាការកម្ពុជា និង ជាចុងក្រោយមកការពារផលប្រយោជន៍និង សេចក្ដីថ្លៃថ្នូរប្រជាពលរដ្ឋខ្មែរ។
យ៉ាងណាស្របពេលលេចលឺព័ត៌មាននៃចំនួនមន្រ្ដីជាន់ខ្ពស់បរទេសច្រើនរូបនឹងមកជា មួយនឹងលោកសមរង្ស៊ី ប្រការនេះធ្វើឱ្យមានការឆ្លើយតបពីសម្ដេចហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយបានលើកឡើងករណីនេះ។
សម្ដេចបានថ្លែងដូច្នេះថា៖
«សម្រាប់អ្នកដែលមានដីកាចាប់ខ្លួន គឺត្រូវតែចាប់បញ្ចូលក្នុងពន្ធនាគារ នៅពេលណាដែលមានវត្តមាននៅកម្ពុជា ។ចំណែកឯជនបរទេសដែលអមដំណើរជាមួយដោយមិនមានទិដ្ឋាការអនុញ្ញាតនោះ គឺមិនអនុញ្ញាតឱ្យចូលមកកម្ពុជាដាច់ខាត»។
ប្រៀបដូចជាការបន្ទរពីក្រោយ ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី៦កក្កដា ស្រាប់តែចេញសេចក្ដីថ្លែងការណ៍មួយ ដោយផ្ដើមសេចក្ដី ថា រាជរដ្ឋាភិបាលកម្ពុជាចាត់ ទុកថាជារឿងដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលសមាជិកសភាអឺរ៉ុបមកអមនឹងទណ្ឌិតរត់គេចខ្លួនម្នាក់ ដែលមិនដឹងថាមកចំពេលណាឱ្យប្រាកដ។សេចក្ដីថ្លែងការណ៍របស់ ក្រសួងការបរទេស ប្រកាសថា បើសិនណាមានការអនុវត្តបែបនឹងពិតមែន កម្ពុជា នឹងអនុវត្ត សន្ធិសញ្ញាស្ដីពីទីក្រុងវីយ៉ែនឆ្នាំស្ដីពីទំនាក់ទំនងការទូតត្រង់អភ័យឯកសិទ្ធិ និង បុព្វសិទ្ធិរបស់មន្រ្ដីទូត គឺត្រូវគោរពរាល់សេចក្ដីសម្រេចរបស់រដ្ឋជាម្ចាស់ផ្ទះ និង មិនឱ្យមានការលូកដៃចូលផ្ទៃក្នុងម្ចាស់ផ្ទះឡើយ។បើមិនដូច្នេះទេ ក្រសួងថា នេះជាទង្វើគ្មានលក្ខណៈការទូត ដោយបង្កប់ នូវចេតនាឧបាយកលនយោបាយ ដែលជា មធ្យោបាយមិនល្អមកលើកម្ពុជា។ ក្នុងន័យនេះ កម្ពុជានឹងអនុវត្តច្បាប់ អន្ដោប្រវេសន៍កម្ពុជា ឆ្នាំ១៩៩៤ ដែលដាក់បង្ខំលើជនបរទេសគឺមិនអនុញតិអោយចូលកម្ពុជាឡើយបើកម្ពុជាមិនផ្ដល់លក្ខណៈគ្រប់គ្រាន់អោយនោះ។
តើអ្នកជំនាញសិទ្ធិមនុស្ស និងអ្នកវិភាគ យល់ដូចម្ដេច ចំពោះវិធានការរារាំង បិទទិដ្ឋាការជនបរទេសមាន ឥទ្ធិពលខាងនយោបាយមិនអោយចូលកម្ពុជា?
មន្រ្ដីជាន់ខ្ពស់អង្គការសិទ្ធិមនុស្ស លីកាដូ លោក អ៊ំ សំអាត បានប្រាប់វិទ្យុស្រ្ដីកាល ពីថ្ងៃទី៨កក្កដាថា បើសិនណាមិនមានមូលហេតុច្បាស់លាស់ជាអំណះអំណាង ក្នុងរឿងនេះទេ កម្ពុជានឹងធ្វើឱ្យល្អក់កករតម្លៃការទូតមិនខាន។ លោកបានដាក់ជំនឿថា ឋានៈជា មន្រ្ដីការទូត សមាជិកសហភាពអឺរ៉ុបទាំងអស់នេះ គេមិននឹងធ្វើរឿងដែលប៉ះព ាល់ដល់ប្រទេសណាមួយនោះទេ។ លោកថា រដ្ឋាភិបាលមិនគួរព្រួយបារម្ភជ្រុលហ ួសហេតុ ហើយមានវិធានការមែន គឺជា ប៉ះពាល់សិទ្ធិមនុស្សជាសកល និងសិទិ្ធនយោបាយ។
«បើយើងនិយាយអំពីបញ្ហាសិទ្ធិមនុស្សជាអន្ដរជាតិ វាមានផ្លូវរដ្ឋ និង ផ្លូវទូត ក៏ដូចជា ផ្លូវទស្សនកិច្ចក្រៅផ្លូវរដ្ឋ។ អ៊ីចឹងពលរដ្ឋទាំងអស់នៅក្នុងពិភពលោក គេអាច ស្នើសុំទិដ្ឋាការទៅប្រទេសណាមួយក៏បានដែរ បើសិនជាគេមិនដែលមានការប្រព្រឹត្ត បទល្មើសអ្វីមួយនៅក្នុងប្រទេសដែលគេសុំទិដ្ឋាការហ្នឹងទៅ បើយើងមិនផ្ដល់ ទិដ្ឋាការឱ្យគេទេ វានឹងប៉ះពាល់សិទ្ធិជាសកលរបស់មនុស្ស ដែលមនុស្សទាំងអស់ មានទំនាក់ទំនងនឹងគ្នា មានសិទ្ធិដើរហើរ ឬក៏ទៅទស្សនកិច្ចប្រទេសណាមួយ តាមផ្លូវរដ្ឋក្ដី ក្រៅផ្លូវរដ្ឋក្ដី»។
លោកអ៊ំសំអាត ពន្យល់ថាការបិទទិដ្ឋាការ លើបុគ្គលសាមញ្ញណាម្នាក់ នឹងមិនជាបញ្ហាធ្ងន់ធ្ងរ តែបើកាលណាបិទទិដ្ឋាការលើមន្រ្ដីជាក្រុមបរទេស ជាពិសេសមន្រ្ដីការទូត និងសមាជិកសភាប្រទេសផ្សេងៗដែលពួកគាត់មកដោយ មាន បំពេញបេសកកម្មពិសេសណាមួយ គឺពិតជាប៉ះពាល់តម្លៃនៃទំនាក់ទំនងប្រទេស នោះជាសកល ។
សម្រាប់លោក ឯមសុវណ្ណារ៉ា សាស្រ្ដាចារ្យវិទ្យាសាស្រ្ដនយោបាយ និង ជាអ្នកវិភាគជើងចាស់មួយរូប យល់ឃើញថា ការព្រមានពីការបិទទិដ្ឋាការ របស់រដ្ឋសាម៉ីកម្ពុជានេះ គឺរដ្ឋាភិបាលកម្ពុជាខ្លាចមើលឃើញ នូវគ្រោះធំជាផលមិនល្ អដល់ខ្លួន។
លោកយល់ថា វិធានការនេះ ទំនងកម្ពុជានឹង ប្រកាន់យក ព្រោះមិនចង់ឃើញ អ្នកនយោបាយបរទេសនោះ ជាន់ដីកម្ពុជានាំអោយកើតមានស្ថានភាពណា មួយចំណេញដល់ បក្សប្រឆាំងក្រោមការដឹកនាំរបស់លោកសមរង្ស៊ី។
«រដ្ឋមួយៗមានសមត្ថកិច្ច ឃាត់មិនឱ្យមានទិដ្ឋាការ ចឹងបរទេសចូលម៉េចបាន ហ្នឹងជា ហេតុផលមួយ វិធានការណ៍ទប់ស្កាត់ ឬគេហៅថា បំបែកកម្លាំងគាំទ្ររបស់អ្នក នយោបាយបក្សប្រឆាំង លោកសមរង្ស៊ី ចឹងជនបរទេសដែលមកហ្នឹងគេអាច កាត់បន្ថយបាន ប្រសិនបើឱ្យចូលក្នុងស្រុកកម្ពុជា ហើយយើងចាប់ខ្លួនវាអាច ធ្វើឱ្យអារិភាពស្រួចស្រាលជាងនេះ ចឹងឃាត់ខ្លួនមិនឱ្យចូលមិនឱ្យមានអារិភាពខ្លាំង»។
យ៉ាងណាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ធ្លាប់បានអះអាងប្រាប់វិទ្យស្រ្ដីថា រឿង EBA គឺកម្ពុជាមិនឱ្យបរទេសយកជំនួយដូរអធិបតេយ្យឡើយ និង ជាងនេះទៅទៀត កម្ពុជានឹងមិនឱ្យកើតមានឡើយនូវរូបភាពឡានដោតទង់ជាតិបរទេសជិះឆ្វេងឆ្វាចកាងលើទឹកដីកម្ពុជាធ្វើដូចជាកម្ពុជាក្រោមចំណុះនោះ។
តែសម្រាប់លោកឯមសុវណ្ណារ៉ា យល់ថា បើស្ថានភាពអាក្រក់ណាមួយ ប៉ះពាល់វត្តមានអ្នកនយោបាយបរទេស ដែលនឹងមកការពារលោកសមរង្ស៊ី គឺតំលៃការទូតកម្ពុជាលើឆាកអន្តរជាតិ កាន់តែធ្លាក់ចុះ នាំអោយ អ្នកនយោបាយ បរទេសនោះ ជំរុញឱ្យមានការពិនិត្យឡើងវិញ នូវកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា១៩៩១ដែលជំរុញកម្ពុជា អនុវត្តអោយបាននូវការគោរពសិទ្ធិមនុស្ស និងប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យមួយពិតប្រាកដ៕