en     km
en     km

អ្នកស្រី សៀង សុខច័ន្ទ៖ពិការភាពមិនមែនជាឧបសគ្គនៃការងារដើម្បីជីវិតនោះទេ(មានសំឡេង)

Share

ជីវៈព័ត៌មាន៖ មនុស្សជោគជ័យដោយសារការព្យាយាម ។ ស្រ្ដីម្នាក់បានចែករំលែកពីបទពិសោធន៍ក្នុងជីវិតពិតរបស់នាងតាម រយៈជីវះព័ត៌មានមួយដែលនិយាយពីពិការភាពមិនមែនជាឧបសគ្គ។ចង់ដឹងថាតើ ស្រ្ដីម្នាក់នោះមានជីវិតតស៊ូបែបណាខ្លះ ទម្រាំបានជោគជ័យជាប្រធានអង្គការ ខណៈនាងធ្លាក់ខ្លួនពិកាខុសពីមនុស្សធម្មតា?

ជូនជីវៈព័ត៌មានដោយកញ្ញា ជុំ ជោគជាតា !

ឱពុកនិងកូនប្រុសម្នាក់របសអ្នកស្រី សៀង សុខច័ន្ទ

សំឡេង៖

 

អង្គុយលើរទេះរុញ សម្បុរស្រអែម រាងស្គម​ នោះគឺអ្នកស្រី សៀង សុខច័ន្ទ។

« អ្នកពិការគាត់មានការលំបាក តែគាត់ចង់មានសិទ្ធិ និងមានឱកាសស្មើអ្នកជាដែរ គាត់ចង់ចូលរួមនៅក្នុងសង្គម គាត់ចង់ទៅរៀន គាត់ចង់ធ្វើការងារ គាត់ចង់ដឹងព័ត៌មានជាច្រើន »។

ការលើកឡើងរបស់អ្នកស្រី សៀង សុខច័ន្ទ ធ្វើឡើងនៅក្នុងវេទិកាមួយដែលនិយាយអំពីការរួមចំណែករបស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ភាពថ្លៃថ្នូររបស់ស្រ្ដី និងក្មេងស្រី រៀបចំឡើងដោយអង្គការអភិវឌ្ឍន៍អន្ដរជាតិ (ADD) នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ វិច្ឆិកា កន្លងទៅ ។

នៅក្នុងវេទិការនេះ អ្នកស្រីបានបង្ហាញថា ស្រ្ដី និងក្មេងស្រីពិការពិតចង់បានការយកចិត្តទុកដាក់ពីក្រុមគ្រួសារ និង សហគមន៍។

ជីវៈប្រវត្តិរបស់ អ្នកស្រី សៀង សុខច័ន្ទ

អ្នកស្រី សៀង សុខច័ន្ទ កើតនៅក្នុងគ្រួសារមួយដែលក្រីក្របំផុត មានឱពុកម្ដាយ និងមានបងប្អូន ៦នាក់ ។អ្នកស្រីមានស្រុកកំណើតនៅក្នុងខេត្តបាត់ដំបង។

អ្នកស្រីរស់នៅក្នុងគ្រួសារដែលក្រីក្រហើយ ថែមទាំងមានឱពុកម្ដាយឈ្លោះគ្នារាល់ថ្ងៃទៀត។

អ្នកស្រី សៀង សុខច័ន្ទ ៖«និងមានបងប្អូន ៦នាក់ ស្រី៣ ប្រុស៣នាក់ ហើយឱពុកម្ដាយខ្ញុំគឺគាត់តែងតែឈ្លោះទាស់ទែងគ្នាហើយ ចឹងទៅខ្ញុំនៅក្មេងមានបញ្ហាផ្លូវចិត្ដ »។

ដោយសារជីវភាពក្រីក្រ និងឱពុកម្ដាយចេះតែឈ្លោះគ្នា អ្នកស្រី សុខច័ន្ទ ក៏ចាប់ផ្ដើមដើររកលុយរៀនដោយខ្លួនឯងតាំងពីក្មេង។

អ្នកស្រី សៀង សុខច័ន្ទ៖« ដោយសារមានវិបត្តិក្រកហើយ ឱពុកម្ដាយឈ្លោះគ្នាទៀត ចឹងនៅពេលដែលខ្ញុំទៅសាលារៀនអីគឺពិបាក ដោយខ្ញុំធ្វើការលក់នំ និងធ្វើការងារអីផ្សេងទៀតដើម្បីរកលុយទៅរៀន»។

មូលហេតុនាំឱ្យអ្នកស្រីសៀង​ សុខច័ន្ទក្លាយជាជនពិការ

ក្នុងទឹកមុខរលីងរលោង អ្នកស្រី សៀង​ សុខច័ន្ទ បានបង្ហើបដល់ចំនុចដែលធ្វើអោយអ្នកស្រីក្លាយជាមនុស្សពិការ។

អ្នកស្រី សៀង ​សុខច័ន្ទ៖«រហូតដល់ឆ្នាំ ១៩៩៤ គឺ ខ្ញុំបានទៅជួយយកឥវ៉ាន់យាយខ្ញុំពីផ្សារ ​នៅពេលនោះម៉ោងប្រហែលជា ៥ល្ងាច ខ្ញុំបានដើរទៅយកឥវ៉ាន់យាយខ្ញុំពីផ្សារ ហើយថ្ងៃនោះគឺភ្លៀងធ្លាក់ខ្លាំងមែនទែន ពេលនោះគឺភ្លៀងខ្លាំង ដល់ពេលេរាំងភ្លៀងខ្ញុំក៏បានឱនរើសស្បែកជើងដើម្បីដើរទៅផ្ទះជាមួយយាយ តែនៅពេលដែលខ្ញុំឱនរើសស្បែកជើងឆ្លងថ្នល់ទៅផ្ទះ ដូចមាន គេវ៉ៃពីខ្ញុំក្រោយចឹង។ ពេលនោះខ្ញុំក៏បានធ្លាក់ខ្លួនពិការ ហើយអត់ធ្វើអីកើតទាំអស់»

អ្នកស្រី សៀង សុខច័ន្ទ បានធ្លាក់ខ្លួនពិការឆ្អឹងខ្នង អង្គុយលើរទេះរុញ នៅពេលអ្នកស្រី មានអាយុ ១១ឆ្នាំ។ ពិការភាពរបស់ អ្នកស្រី សៀង សុខច័ន្ទ ដោយសារគ្រាប់កាំភ្លើងហើរកាត់ប៉ះចំឆ្អឹងខ្នងពីក្រោយ។

អ្នកស្រីធ្លាក់ខ្លួនពិការហើយម្ដាយស្លាប់ចោលទៀត

ទឹកមុខក្រៀមក្រំ អ្នកស្រី សៀង សុខច័ន្ទ បាននិយាយថា នៅពេលដែលអ្នកស្រីធ្លាក់ខ្លួនពិការ ឱពុកក៏បោះបង់អ្នកស្រីចោល។ តែក្នុងខណៈដែល ឱពុកបានបោះបង់ចោល តែនៅមានម្ដាយដែលមិនព្រមបោះបង់អ្នកស្រីចោលទេ។

អ្នកស្រី សៀង សុខច័ន្ទ៖«នៅពេលនោះឱពុកខ្ញុំបានពិភាក្សាជាមួយពេទ្យ អោយចាក់ថ្នាំកុំទុកអោយខ្ញុំរស់ដោយវេទនា តែម្ដាយខ្ញុំគាត់ថា មិនអាចទេ ទោះកូនម៉េចក៏ដោយគឺគាត់នៅមើលថែ ចាំគាត់ស្លាប់សិនធ្វើអីធ្វើទៅ »។

ដោយការមើលថែពីម្ដាយធ្វើឱ្យ អ្នកស្រី សៀង សុខច័ន្ទមានកម្លាំងចិត្តតស៊ូរស់បន្ដទៀតដោយសង្ឃឹមថាថ្ងៃណាមួយអ្នកស្រីនឹងដើររួចវិញ ។តែជាការសោកស្ដាយ ក្ដីសង្ឃឹមក៏រលាយបាត់ គឺម្ដាយជាទីស្រឡាញ់ ក៏លាអ្នកស្រីអស់ពេលជួបគ្នាមកដល់សព្វថ្ងៃនេះ។

អ្នកស្រី សៀង សុខច័ន្ទ ៖«រហូតដល់ម្ដាយខ្ញុំត្រូវខ្យល់គរស្លាប់កូនខ្ចីឆ្លងទន្លេ ចឹងអត់មានអ្នកមើលថែទាំខ្ញុំ ទេ »។

ក្នុងស្ថានភាពពិការបាក់ឆ្អឹងខ្នងមិនអាចកំរើកជើងបានដែលធ្វើអោយអ្នកស្រី អង្គុយលើរទេះរុញរហូត បូករួមទាំងម្ដាយទើប តែស្លាប់ទៀត អ្នកស្រីដូចជានឹកមិនឃើញថាមានវិធីណាដែលអាចជួយអោយអ្នកស្រីដើរបានដូចដើម នឹងទៅរៀនដូចមុននោះទេ។

អ្នកស្រី សៀង សុខច័ន្ទ ៖ « ខ្ញុំខ្វះភាពកក់ក្ដៅពីឱពុកម្ដាយពីបងប្អូនខ្ញុំធ្លាក់ខ្លួនអង្គុយលើរទេះរុញហើយណាមួយទៀតខ្ញុំចង់ទៅរៀនមែនទែន ក៏ប៉ុន្ដែខ្ញុំអត់បានទៅរៀនទេ ដោយសារតែសាលារៀនអត់មានជម្រាល ហើយខ្ញុំអង្គុយលើរទេះរុញ »។

រាល់ហេតុការណ៍ដែលបានកើតឡើងផ្ទួនៗធ្វើអោយអ្នកស្រីពិបាកទទួលយក។ ភ្លាមៗនោះ អ្នកស្រីបានចោទសួរខ្លួនឯង និងអ្នកចូលរួមនៅក្នុងកម្មវិធីថា តើនេះមកពីកម្មពៀរអ្នកស្រីតើមែនទេ ។

អ្នកស្រី សៀង សុខច័ន្ទ ៖«ចឹងខ្ញុំមានការពិបាកខ្លាំងមែនទែនគឺអត់មាននរណាជួយបានទេ ខ្ញុំមានការឈឺចាប់មួយផ្នែកទៀត ហើយអ្នកខ្លះគិតថា មកពីកម្មពៀរបើជាយើងធ្លាក់ខ្លួនពិការចឹង តែខ្ញុំគិតថា មិនមែនមកពីកម្មពៀរទេ ពីព្រោះខ្ញុំកើតមកជើងជាល្អទេ តែដោយសារសង្គមបច្ចុប្បន្នបានធ្វើអោយខ្ញុំធ្លាក់ខ្លួនពិការ»។

ពាក្យកម្មពៀរដែលអ្នកស្រីបានលើកឡើងជាសំណួរនៅក្នុងវេទិកានេះគឺជាពាក្យមួយដែលអ្នកស្រី បានលឺជារឿយៗជុំវិញខ្លួន។

អ្នកស្រី សៀង សុខច័ន្ទ៖ «ចឹងខ្ញុំមានការឈឺចាប់មែនទែន ជុំវិញខ្លួនខ្ញុំមានការរើសអើង​ មិនថា ក្រុមគ្រួសារ មិនថា មិត្តភក្ដិ មិនថាអ្នកដទៃ ជិតខាង គឺគេមើលមកខ្ញុំអត់អាចធ្វើអ្វីបានទាំងអស់។ ចឹងខ្ញុំនឹកនៅក្នុងចិត្ដខ្ញុំ គឺខ្ញុំត្រូវតែរៀនអ្វីមួយ ​ឬធ្វើអ្វីមួយដែលអាចចិញ្ចឹមខ្លួនខ្ញុំបាន »។

ក្នុងគ្រាលំបាកជាច្រើន​ និងធ្លាក់ខ្លួនពិការ អ្នកស្រីក៏បានបញ្ឈប់ការសិក្សានៅ ឆ្នាំ ១៩៩៤។ កាលនោះ អ្នកស្រី រៀនបានថ្នាក់ទី    ៧ ។ អ្នកស្រី ឱ្យដឹងបន្ថែមថា មកដល់ឆ្នាំ ១៩៩៩ អ្នកស្រីបានមករៀនជំនាញកាត់ដេរនៅភ្នំពេញ។

អ្នកស្រី សៀង សុខច័ន្ទ៖«ខ្ញុំបានមករៀនវគ្គជំនាញកាត់ដេរ នៅភ្នំពេញថ្មី។ ពេលនោះគឺខ្ញុំមិនមានការឧបត្ថម្ភពីក្រុមគ្រួសារទេ ហើយខ្ញុំបានតាំងចិត្តប្រាប់ខ្លួន​ឯងថា ទោះបីខ្ញុំស្លាប់ ឬក៏ខ្ញុំរស់ វាជាខ្សែជីវិតខ្ញុំគឺ ខ្ញុំត្រូវខំអោយអស់លទ្ធភាព »។

ពីអ្នកជំនាញកាត់ដេរក្លាយជាប្រធានអង្គការ

ជំនាញកាត់ដេរនាំឱ្យអ្នកស្រីលេចមុខមាត់ជាសាធារណៈហើយហ៊ានស្វែងរការងារធ្វើ ។

អ្នកស្រី សៀង សុខច័ន្ទ៖«ដល់ពេលក្រោយមកទៅខ្ញុំអាចមានជំនាញហ្នឹង តែខ្ញុំខ្វះទីផ្សារ ខ្ញុំដើរសុំរកការងារគេធ្វើ មិនថារោងចក្រ មិនថា បណ្ដាអង្គការ គឺគេអត់យកខ្ញុំទេ។  គេថា យើងជិះរទេះចឹងពិបាកចេញចូល ព្រោះអីសូម្បីនៅពេលដែលខ្ញុំទៅរៀនដេរ គ្រូក៏គាត់អត់ចង់យកដែរ»។

មកដល់ឆ្នាំ ២០០៧ អ្នកស្រី សៀង សុខច័ន្ទ ក៍បានចូលរួមជាមួយអ្នកពិការដូចគ្នានៅក្នុងអង្គការសហព័ន្ធកីឡាបាល់ទះកម្ពុជា( CNVLD) តាមរយៈការប្រកួតកីឡាប្រណាំងរទេះរុញ។

អ្នកស្រី សៀង សុខច័ន្ទ ៖«រយៈពេលក្រោយមកខ្ញុំចេះតែដើររកការងារធ្វើ ហើយការងារគេអត់យកទៀត ខ្ញុំពិបាកដែរ ពេលខ្លះខ្ញុំអស់សង្ឃឹមដែរ ។ តែក្រោយមកខ្ញុំមានការប្រជុំក្រុម និងបង្កើតក្រុមជួយខ្លួនឯង ជាមួយនិងមិត្តភក្ដិ ដល់ពេល ឆ្នាំ២០០៧ មានអង្គការ CNVLD អង្គការសហព័ន្ធខាងកីឡានៅភ្នំពេញគាត់ចុះមករើសកីឡាករប្រណាំងរទេះមារ៉ាតុន ហើយពេលនោះខ្ញុំក៏ចុះឈ្មោះចូលរួមជាមួយនិងគេ »។

អ្នកស្រី សៀង សុខច័ន្ទ បាន ឱ្យដឹងបន្ថែមថា នៅពេលដែលអ្នកស្រីបានធ្វើការងារជាមួយអង្គការ CNVLD អ្នកស្រីក៏បានគេលើកអោយក្លាយជាប្រធានអង្គការនេះ។

អ្នកស្រី សៀង សុខច័ន្ទ៖«ខ្ញុំចេះតែជារួមប្រជុំ និងចូលរួមជាមួយគេទៅ ដល់ពេលឆ្នាំ២០០៧ មានអង្គការសហព័ន្ធខាងកីឡានៅភ្នំពេញ គេចុះមករើសកីឡាករស្រីៗ ៤ទៅ៥នាក់ ទៅប្រកួតកីឡាមារ៉ាតុន ហើយពេលនោះខ្ញុំក៏ជាប់ »។

ដោយមានការជួយជ្រោមជ្រែងនិងផ្ដល់ឱកាសពីអង្គការ CNVLD អ្នកស្រី ក៏បានចូលរួមក្នុងការងារសង្គមជាច្រើន ។

អ្នកស្រី សៀង​ សុខច័ន្ទ៖«ដល់ពេលខ្ញុំនៅហ្នឹងទៅ អង្គការក៏ឃើញបទពិសោធន៍ និងជីវិតរបស់ខ្ញុំដែលពិបាក ។គាត់លើកទឹកចិត្ត និងជួយខ្ញុំ ជ្រោមជ្រែងខ្ញុំ អោយខ្ញុំចូលរួមប្រជុំថ្នាក់ជាតិច្រើននៅភ្នំពេញ ខ្ញុំក៏មានការយល់ដឹងបន្ថែមម្ដងបន្ថិចៗ ក្រោយមកខ្ញុំក៏បានបង្កើតក្រុមកីឡាបាល់បោះមួយសម្រាប់ស្រីពិការមួយចំនួនដែលមានគ្នាជាង៣០នាក់ ហើយនៅពេលនោះគេខ្ញុំត្រូវបានគេរើសអោយធ្វើប្រធាន»។

អ្នកស្រីបានក្លាយជាប្រធានអង្គការវេទិកាស្រ្ដីពិការខេត្តបាត់ដំបងនៅឆ្នាំ២០១៣។ ក្នុងឋានៈជាប្រធានអង្គការនៅពេលនេះ គឺអ្នកស្រីមានភារកិច្ចសំខាន់ ដូចជា ជួយរកការងារ និងជួយបណ្ដុះបណ្ដាលជំនាញ និងការផ្ដល់ប្រឹក្សាយោបល់ដល់ស្រ្ដីពិការ។ ក្នុងតួនាទីការងារទាំងអស់នេះដែរ អ្នកស្រី មានបំណងមួយ គឺ ចង់អោយស្រ្ដីពិការទាំងអស់រឹងមាំ និងមានការងាររស់នៅដោយសមរម្យនៅក្នុងសង្គម។

អ្នកស្រី សៀង សុខច័ន្ទ៖«និយាយទៅខ្ញុំបេជ្ញាចិត្តថា គ្រាន់តែខ្ញុំចង់ឃើញថាស្រ្ដីពិការគាត់មានភាពក្លាហាន ហើយគាត់ជៀសផុតពីការលំបាក គាត់មានមុខរបរ គាត់មានការងាររស់នៅសមរម្យ ហើយជៀសផុតពីការរើសអើង»។

អាពាហ៍ពិពាហ៍ក៏នាំឱ្យអ្នកស្រីឈឺចាប់ដែរ

អ្នកស្រីបានរៀបការជាជាមួយនិងបុរសម្នាក់នៅឆ្នាំ ២០០២ ។ ប្រវត្តិស្នេហារបស់អ្នកស្រីនិងបុរសម្នាក់នោះ ឃើញថា អ្នកស្រី សៀងសុខច័ន្ទក៏ជួបនឹងក្ដីឈឺចាប់ខ្លាំងណាស់ដែរ។

អ្នកស្រី សៀង សុខច័ន្ទ៖« ប្ដីតែងគិតថា ខ្ញុំពិការចឹងពេលកើតកូនមកពិការដែរហើយ គាត់អត់ចង់អោយមានទេ ។នៅពេលដែលខ្ញុំទម្ងន់ចឹង ម្ដាយក្មេកខ្ញុំគាត់គិតថា ពិការចឹងធ្វើអីអត់កើត ហើយណាមួយទៀតពិបាកចិញ្ចឹម វេទនា ហើយខ្លាចកូនកើតមកពិការដែរ គាត់តែងតែព្យាយាមបំបែកបាក់ប្ដីអោយទៅការប្រពន្ធមួយទៀតចឹង យើងក៏បានលែងលះគ្នាដោយសាររាល់ថ្ងៃនេះខ្ញុំចិញ្ចឹមកូនពីតែម្នាក់ឯង »។

មកដល់ឆ្នាំ២០០៤ អ្នកស្រី និងស្វាមីក៏បានបែកបាក់គ្នា។ការបែកបាក់គ្នារវាងអ្នកស្រី និងស្វាមីនៅពេលនោះបានបន្សល់កូនប្រុសម្នាក់។

សរុបសេចក្ដីទៅកត្តាដែលជម្រុញអោយអ្នកស្រីជោគជ័យមកដល់ថ្ងៃនេះដោយសារតែការមើលងាយ និងការរិះគន់ពីដទៃ។        អ្នកស្រីថា ពិការភាពមិនមែនជាឧបសគ្គនៃការងារដើម្បីជីវិតនោះទេ ។

អ្នកស្រី សៀង សុខ ច័ន្ទ៖ « និយាយទៅការបាក់ទឹកចិត្តវាសំខាន់ ហើយពិបាកខ្លាំងមែនទែន សម្រាប់ខ្ញុំពេលដែលខ្ញុំបាក់ទឹកចិត្ត ដែលអ្នកខ្លះគិតថា ជាកម្មពៀរ ដែលយើងពិការចឹង ខ្ញុំគិតថា បើសិនខ្ញុំជាកម្មពៀរដូចអ្នកទាំងអស់គ្នានិយាយមែន ចឹងសូមអោយខ្ញុំទទួលត្រឹមប៉ុនណឹងចុះ កុំអោយខ្ញុំទទួលទៅបន្ដទៀត ព្រោះខ្ញុំអត់ចង់ជួបលក្ខណៈបែបនេះទេ ។ តែខ្ញុំគិតថា សំខាន់ជាងគេ អ្នកដែលគាត់មើលងាយយើង ឬក៏គាត់វាយតម្លៃយើង ចឹងខ្លួនយើងផ្ទាល់យើងត្រូវខំប្រឹង ដើម្បីអោយពួកគាត់ដឹងថា ពួកយើងពិការ ពិការមែន តែនៅក្នុងចិត្តយើងអត់ពិការទេ យើងត្រូវតែវាអោយបាន »៕

 

 

 

 

 

Share

Image
Image
Image